ម្ភៃប្រាំបី ធ្នូ ទិវានក្ខត្តប្ញក្ស ញញឹមទាំងព្រឹក ថ្ងៃទទួលសញ្ញាបត្រ

បទពាក្យ ៨

មិគសិរ ជំនោរ ព្រឹកព្រលឹម
ភក្រ្តញញឹម ត្រេកអរ រីករាយក្រៃ
ម្ភៃប្រាំបី ខែធ្នូ ក្តីស្រមៃ
ដែលជាថ្ងៃ ទទួល សញ្ញាបត្រ។

យុវជន និស្សិត យុវតី
ទាំងប្រុសស្រី អបអរ មិនស្ងៀមស្ងាត់
នៅកោះពេជ្រ វាយោ បក់រសាត់
ពពកផាត់ នាំមក ជំនួបគ្នា។

ឆ្នាំពីរពាន់ ដប់ប្រាំ នក្ខត្តប្ញក្ស
នាពេលព្រឹក រំលឹក ថ្ងៃទិវា
សែនសាទរ អំណរ មិត្តមីងមា
ជាវេលា រំភើប ឥតឧបមា។

មួកអាវខោ សំពត់ តុបតែងកាយ
មិត្តទាំងឡាយ ជួបជុំ សាស្រ្តាចារ្យ
អ្នកខ្លះមក ជាមួយ មិត្តម៉ាក់ប៉ា
មានបាច់ផ្កា ក្រពុំ គួរស្នេហ៍ស្និទ្ធ។

ក្រោយពីពេល សម្តេច តេជោថ្លែង
ស្តីតាក់តែង ខ្លឹមសារ យ៉ាងជាប់ចិត្ត
ជ័យលាភី សប្បាយ ថតរូបផ្តិត
ខ្លះកៀកកិត ភឿនភក្រ្ត មិត្តភក្តី។

មួយឆ្នាំម្តង ជាថ្ងៃ ឱឡារិក
មិនជាញឹក ជុំជួប មិត្តប្រុសស្រី
គិតនាំគ្នា កំសាន្ត ស្តាប់តន្រ្តី
ដល់រាត្រី អាធ្រាត្រ គិតបែកគ្នា។

រូបភាពបន្ថែមប្រភពពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Posted on ខែធ្នូ 29, 2015, in កំណាព្យ. Bookmark the permalink. Comments Off on ម្ភៃប្រាំបី ធ្នូ ទិវានក្ខត្តប្ញក្ស ញញឹមទាំងព្រឹក ថ្ងៃទទួលសញ្ញាបត្រ.

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: