បណ្ណសារចំណាត់ក្រុម៖ ខ្មែរក្រហម

ប្រភព៖  RFI (http://www.khmer.rfi.fr/la-pertetuite-pour-le-khmer-rouge-Duch)

កម្ពុជា -
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 កុម្ភៈ 2012 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 កុម្ភៈ 2012

កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​

កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​

© Reuters

ឌុច​ មេគុក​ស២១​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្រោមរបប​ខ្មែរក្រហម​ ​ ដែល​នៅទីនោះ​ ​ មាន​មនុស្ស​ប្រមាណ​១៥ ០០០នាក់​ ​ បានត្រូវ​មេគុក​ឌុច​ធ្វើទណ្ឌកម្ម​និង​សម្លាប់យ៉ាង​ឃោរឃៅ។​ នៅ​ថ្ងៃសុក្រ​ទី៣កុម្ភៈ​នេះ​ ​ តុលាការ​កំពូល​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​កាត់ទោស​ឲ្យ​ឌុច​ជាប់គុក​មួយជីវិត។

សេចក្តីរាយការណ៍របស់​ សៀក សារិន

03/02/2012 by សៀក សារិន

ឌុច​ដែលជា​អតីត​មេគុក​ទួលស្លែង​ឬ​ស២១​ដែលជា​ពន្ធនាគារ​ដ៏ធំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​ ក្រោមរបប​ខ្មែរក្រហម​ (​ឆ្នាំ១៩៧៥-១៩៧៩​) ​ ​បានត្រូវ​គេចាប់​ខ្លួន​នៅឆ្នាំ១៩៩៩​ ពោលគឺ​២០ឆ្នាំ​ក្រោយពី​របប​ខ្មែរក្រហម​ដ៏សាហាវ​ឃោរឃៅ​បាន​ដួលរលំ។​ កាំង​ ហ្គេចអ៊ាវ​ហៅឌុច​ក៏​បាន​ត្រូវ​តុលាការ​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ​កាត់ទោស​ជាលើក​ដំបូង​ឲ្យ​ “ជាប់គុក​៣០ឆ្នាំ​”​ នៅ​ខែកក្កដា​ឆ្នាំ២០១០​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

បន្ទាប់មក​ ​ ឌុច​និង​មេធាវី​ក៏​បាន​ប្តឹង​តវ៉ា​ទៅ​សាលា​កំពូល​សុំ​រួចខ្លួន​ពី​ពន្ធនាគារ​ ​ ដោយ​អះ អាង ថា​ ​ ខ្លួន​ពុំមែន​ជា​មេដឹកនាំ​ធំដុំ​នៅក្នុង​របប​ខ្មែរក្រហម​ ​ ហើយគ្មាន​តួនាទី​អ្វី​សំខាន់​ឡើយ។​ ទង្វើ​អ្វីៗ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ក្នុង​គុក​ទួលស្លែង​គឺ​ធ្វើតាម​តែ​ការបញ្ជា​របស់​ថ្នាក់លើ​តែ ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ ​ នៅ​ថ្ងៃសុក្រ​ទី៣កុម្ភៈ​នេះ​ តុលាការ​កំពូល​បាន​សម្រេច​កាត់ទោស​ឲ្យ​ឌុច​ “​ជាប់គុក​មួយជីវិត​”​ ទៅវិញ​ ​ ដោយ​តុលាការ​កំពូល​យល់ថា​ ​ ការ​កាត់ទោស​ជាលើក​ដំបូង​ឲ្យ​ “ជាប់គុក​៣០ឆ្នាំ​”​ជាទោស​មាន​លក្ខណៈ​ស្រាលពេក​ ​ ពុំស្មើនឹង​កម្រិត​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ដែលបាន​ប្រព្រឹត្ត​ដោយ​ កាំង​ ហ្គេចអ៊ាវ​ ហៅឌុច​ មេគុក​ទួលស្លែង​ឬស២១​ ​ ដែល​នៅទីនោះ​មាន​មនុស្ស​ប្រមាណ​១៥ ០០០នាក់​ ​ បានត្រូវ​មេគុក​ឌុច​ធ្វើទណ្ឌកម្ម​និង​សម្លាប់​យ៉ាង​ឃោរឃៅ។

ឌុច​ដែលមាន​អាយុ​៦៩ឆ្នាំ​ ​ ពាក់អាវស​ នៅពេល​ឮ​តុលាការ​កំពូល​សម្រេច​កាត់ទោស​ឲ្យ​”ជាប់គុក​មួយជីវិត​”​ ​ ពុំបាន​ចេញស្ដី​អ្វីឡើយ​។​ គួរបញ្ជាក់ថា​ ​ ការ​កាត់ទោស​ជាលើក​ដំបូង​ដោយ​តុលាការ​ឲ្យ​ឌុច​ “ជាប់គុក​៣០ឆ្នាំ​”​ ​ អាច​អនុញ្ញាត​ឲ្យ​មេគុក​ទួលស្លែង​ហៅឌុច​រួចខ្លួន​ចេញពី​ពន្ធនាគារ​ក្នុងរយៈ​ពេល​១៨ឆ្នាំ​ខាងមុខ​ នៅពេល​ដែល​ឌុច​មាន​អាយុ​៨៧ឆ្នាំ​ ​ ដោយហេតុថា​ ឌុច​បាន​ត្រូវ​គេចាប់​ឃុំឃាំង​អស់​រយៈកាល​១២ឆ្នាំ​រួចមកហើយ។

នេះ​ក៏ជា​កត្តា​មួយ​នាំឲ្យ​តុលាការ​កំពូល​សម្រេច​កាត់ទោស​ឲ្យឌុច​ “ជាប់គុក​មួយជីវិត​” ។​ ហើយម្យ៉ាងទៀត​ ​ ការកាត់ទោស​ជាលើក​ដំបូង​ឲ្យ​ឌុច​ “ជាប់គុក​៣០ឆ្នាំ​”​ នៅ​ខែកក្កដា​ឆ្នាំ២០១០​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ ជាការ​កាត់ទោស​មាន​លក្ខណៈ​ស្រាលពេក​ ​ ពុំសមស្រប​នឹង​ទម្ងន់​នៃ​ឧក្រិដ្ឋកម្ម​ដែលបាន​ប្រព្រឹត្ត​ដោយ​មេគុក​ទួលស្លែង​ហៅឌុច​ឡើយ៕

ប្រភព៖ RFI   (http://www.khmer.rfi.fr/total-dissolution-of-khmer-rouge)

រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ផ្តួលរំលំ នៅ​ឆ្នាំ១៩៧៩។ ប៉ុន្តែ ដោយ​មាន​ការ​គាំទ្រ​ពីសំណាក់​ប្រទេស​មួយចំនួន ដូចជា អាមេរិក ចិន និង​ថៃ ជាដើម ខ្មែរក្រហម​បាន​បន្ត​ជីវិត​នយោបាយ និង​យោធា​របស់ខ្លួន​តទៅទៀត។ ប្រមាណ​២០ឆ្នាំ​ក្រោយមក ទើប​អង្គការចាត់តាំង​ខ្មែរក្រហម ទាំង​ខាង​យោធា និង​ខាង​នយោបាយ ត្រូវ​រលំរលាយ​ជាស្ថាពរ។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

នៅចុងទសវត្សរ៍ឆ្នាំ៨០ សង្រ្គាមត្រជាក់បានចាប់ផ្តើមថមថយបន្តិចម្តងៗ។ ក្រោយពី​មាន​នយោបាយ​កំណែទ្រមង់ “Perestroika” របស់លោកប្រធានាធិបតីសហភាពសូវៀត Mikhaïl Gorbatchev សហភាពសូវៀតក៏បានដួលរលំ នៅចុងឆ្នាំ១៩៩១។

ចំណែកប្រទេសចិនវិញ ដោយមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក៏បាន​ចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចរបស់ខ្លួនដែរ គឺបោះបង់សេដ្ឋកិច្ចផែនការ ហើយ​បែរ​មក​ចាប់យកនយោបាយសេដ្ឋកិច្ចទីផ្សារសេរីវិញ។

នៅប្រទេសថៃ មេដឹកនាំយោធាចាប់ផ្តើមថមថយឥទ្ធិពល ឯអ្នកនយោបាយស៊ីវិល​ចាប់ផ្តើម​មាន​អំណាចខ្លាំងឡើងៗ។ អ្នកនយោបាយស៊ីវិលថៃ ដែលភាគច្រើនផ្តោតចិត្ត​ទៅលើ​ផ្នែក​ជំនួញ​នោះ ចង់ឲ្យវិវាទយោធាក្នុងតំបន់បញ្ចប់ឆាប់ៗ ហើយមិនចង់ឃើញថៃបន្តគាំទ្រ​ខ្មែរ​ក្រហម និង​ប្រជែង​ជាមួយវៀតណាមរហូតនោះទេ។

វៀតណាមវិញ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ហើយជំនួយពីសហភាពសូវៀតក៏ត្រូវបាន​កាត់បន្ថយ​ទៀតនោះ ក៏ចាប់ផ្តើមមានការខ្វះខាតធនធានក្នុងការរក្សាទ័ពនៅលើទឹកដីកម្ពុជា។

កត្តាទាំងនេះហើយដែលជំរុញឲ្យភាគីជម្លោះចាប់ផ្តើមងាកមករកការចរចាវិញម្តង ដើម្បីបញ្ចប់​ជម្លោះរ៉ាំរ៉ៃ នៅកម្ពុជា។ ម្យ៉ាងទៀត នៅពេលនោះ គេសង្កេតឃើញមានប្រទេសមួយចំនួន ដូចជា បារាំង អូស្រ្តាលី និងឥណ្ឌូណេស៊ី ជាដើម បានចូលធ្វើអន្តរាគមន៍ បញ្ចុះបញ្ចូលចិន និង​អាមេរិក ឲ្យបញ្ចប់ជម្លោះនៅកម្ពុជា។

វៀតណាមដកទ័ពពីកម្ពុជា

នៅខែកញ្ញា ឆ្នាំ១៩៨៩ កងទ័ពវៀតណាមក៏បានដកចេញពីកម្ពុជា។ ឯរដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយប្តូរឈ្មោះ​មកជា “រដ្ឋកម្ពុជា” វិញ ដើម្បីបញ្ជាក់ពីការងាកចេញពីឥទ្ធិពលកុម្មុយនិស្តវៀតណាម។

ចំណែកពួកខ្មែរក្រហមវិញ ដោយជំនួយផ្នែកយោធាពីសំណាក់អាមេរិក ចិន និងថៃ ត្រូវ​កាត់បន្ថយ​នោះ ក៏បានចាប់ផ្តើមវាតទីដណ្ដើមកាន់កាប់ទឹកដីកម្ពុជា នៅប៉ែកខាងលិច និង​ពាយ័ព្យ ដែល​ជា​ទីកន្លែង​សម្បូរ​ព្រៃឈើ និងត្បូងមានតម្លៃ។ ដោយការលក់ព្រៃឈើ និង​ត្បូង​ទៅឲ្យឈ្មួញថៃ ពួក​ខ្មែរក្រហម​ក៏​ចាប់​រស់​ដោយខ្លួនឯងបាន ដោយមិនពឹងជំនួយបរទេស។

ពួកខ្មែរក្រហមបានរំពឹងថា នៅពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា រដ្ឋាភិបាល​ក្រុង​ភ្នំពេញនឹងធ្លាក់ចុះទន់ខ្សោយ។ ក៏ប៉ុន្តែ ផ្ទុយស្រឡះទៅវិញ រដ្ឋកម្ពុជាបែរជាមានកម្លាំង​ខ្លាំង​ឡើង។ នយោបាយសេដ្ឋកិច្ចទីផ្សារសេរី និងសិទ្ធិសេរីភាពខាងការគោរពសាសនា ដែល​រដ្ឋកម្ពុជា​បាន​ចែង​ នៅក្នុង​រដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួនបានទាក់ទាញការគាំទ្រពីសំណាក់​ប្រជាជន​កម្ពុជា។

នៅក្នុងអំឡុងពេលនោះ កម្លាំងទ័ពខ្មែរក្រហម និងកម្លាំងទ័ពរដ្ឋកម្ពុជាមានកម្លាំង​ប្រហាក់ប្រហែល​គ្នា ហើយតែងតែប៉ះប្រយុទ្ធគ្នាជាញឹកញាប់ក្នុងសមរភូមិ។

ខ្មែរក្រហមចុះកិច្ចព្រមព្រៀងក្រុងប៉ារីស

ក្នុងពេលជាមួយគ្នា កិច្ចចរចាចតុភាគី ពោលគឺរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​សង្រ្គោះ​ប្រជាពលរដ្ឋ​ខ្មែររបស់លោកតា សឺន សាន និងខ្មែរក្រហម កំពុងប្រព្រឹត្តធ្វើ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី និង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នៅក្នុង​ការចរចា​ក្រៅផ្លូវការ លើកទីពីរ ដែល​ធ្វើ​នៅ​ហ្សាការតា នៅ​ថ្ងៃទី៩ និងទី១០ កញ្ញា ឆ្នាំ១៩៩០ ភាគីជម្លោះ​បានព្រមព្រៀងគ្នាបង្កើត “ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់” ដោយមាន សម្តេច នរោត្តម សីហនុ ជាប្រធាន និង​មាន​សមាជិកចំនួន១២រូប (៦រូប មកពីភាគីរដ្ឋកម្ពុជា និង​៦រូប មកពី​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី)។ ភាគីនីមួយៗ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី បញ្ជូន​តំណាង​របស់ខ្លួន​ពីររូប​មកធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិនេះ ក្នុងនោះ៖

  • តំណាងហ្វ៊ុនស៊ិនប៉ិច មានសម្តេច នរោត្តម រណឫទ្ធិ និង លោកចៅសែនកុសល ឈុំ
  • តំណាងរណសិរ្សសង្រ្គោះប្រជាពលរដ្ឋខ្មែរ មាន លោកតាសឺន សាន និងលោកអៀង ម៉ូលី
  • តំណាងខ្មែរក្រហម មាន ខៀវ សំផន និង សុន សេន

ចំណែកតំណាងទាំង៦ មកពីភាគីរដ្ឋកម្ពុជាវិញ រួមមាន លោកហ៊ុន សែន ហោ ណាំហុង ទៀ បាញ់ ចែម ស្ងួន គង់ សំអុល និង ស៊ិន សុង។

ភាគីទាំងបួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងសន្និសីទអន្តរជាតិ ដែល​បាន​រៀបចំធ្វើ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ខ្មែរក្រហមដកខ្លួនពីកិច្ចព្រមព្រៀងក្រុងប៉ារីស

ក្រោយពីចុះកិច្ចព្រមព្រៀងក្រុងប៉ារីស ភាគីកម្ពុជាប្រជាធិបតេយ្យ (ឬខ្មែរក្រហម) ក៏បាន​ប្រែក្លាយខ្លួន​ទៅជា គណបក្សកម្ពុជាប្រជាធិបតេយ្យ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោត ដែលត្រូវរៀបចំធ្វើ នៅខែឧសភា ឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អ.ស.ប.។ ក៏ប៉ុន្តែ ក្រោយមក ខ្មែរក្រហម​បាន​ប្រកាស​ធ្វើពហិការ​ឈប់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​វិញ ព្រមទាំង​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៀតផង ដោយ​អះអាង​ថា កងទ័ព​វៀតណាម​នៅ​មិនទាន់​បាន​ដកចេញ​អស់​ពី​កម្ពុជា​នៅឡើយ។ ក៏ប៉ុន្តែ មូលហេតុពិត ប្រហែលជា​ខ្មែរក្រហម​មិនមាន​ជំនឿ​លើ​ខ្លួនឯង​ថា​នឹង​អាច​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នេះ ជាពិសេស ក្រោយពី​មើលឃើញ​ព្រឹត្តិការណ៍​បះបោរ​ប្រឆាំង​នឹង ខៀវ សំផន និង សុន សេន ពេល​ដែល​ពួកគេ​បាន​ធ្វើដំណើរ​ចូលមក​ភ្នំពេញ កាលពី​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ១៩៩១ ដើម្បី​បំពេញ​មុខងារ​ជា​សមាជិក​ក្រុមប្រឹក្សាជាតិ​ជាន់ខ្ពស់។

បើទោះជាក្នុងហេតុផលណាមួយក៏ដោយ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស បាន​ធ្វើឲ្យ​ខ្មែរក្រហមក្លាយទៅជាក្រុមឧទ្ទាមក្រៅច្បាប់។ សហគមន៍​អន្តរជាតិ​លែង​ទទួលស្គាល់​ខ្មែរក្រហម​ជា​រដ្ឋាភិបាល​និរទេស​ដូចមុន​ទៀតហើយ។

មេដឹកនាំខ្មែរក្រហម​ចុះចូលជាមួយរដ្ឋាភិបាល

នៅឆ្នាំ១៩៩៦ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរក្រហម បានចុះចូលជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាថ្នូរនឹងការលើកលែងទោស ពីព្រះមហាក្សត្រខ្មែរ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត បានបញ្ជាឲ្យគេសម្លាប់សុន សេន ព្រមទាំង​ក្រុមគ្រួសារ ដោយចោទថា សុន សេន បានព្យាយាមចរចាសុំចុះចូលជាមួយរដ្ឋាភិបាលដូច អៀង សារី ដែរ។ ក្រោយពីបានសម្លាប់ សុន សេន រួចហើយ ប៉ុល ពត បានព្យាយាមរត់​គេចខ្លួន​ចេញទៅក្រៅប្រទេស ប៉ុន្តែ ត្រូវបានទាហានខ្មែរក្រហមក្រោមបញ្ជារបស់តាម៉ុក ចាប់ខ្លួន។ នៅឆ្នាំ១៩៩៨ មេដឹកនាំ​ជាន់ខ្ពស់​ពីររូប​ទៀត​របស់ខ្មែរក្រហម គឺ ខៀវ សំផន អតីត​ប្រមុខរដ្ឋ និង នួន ជា អតីតប្រធានរដ្ឋសភា និង​ជា​អនុលេខាបក្សកុម្មុយនិស្តកម្ពុជា ក៏បាន​ចុះចូល​​ជាមួយ​រដ្ឋាភិបាលដែរ។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ ប៉ុល ពត ក៏បានស្លាប់បាត់ទៅទៀត ដែល​ធ្វើឲ្យ​ខ្មែរក្រហម​នៅសល់​តែ​មេដឹកនាំម្នាក់ប៉ុណ្ណោះ គឺ តាម៉ុក។ នៅខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ដែលជា​មេដឹកនាំ​ចុងក្រោយ​របស់ខ្មែរក្រហម ក៏ត្រូវបានទាហានរដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​យកទៅ​ដាក់ឃុំ​នៅ​ភ្នំពេញ។ ពេលនោះហើយដែលអង្គការចាត់តាំងខ្មែរក្រហម ទាំងខាងយោធា និង​ខាង​នយោបាយ​ត្រូវបាន​រលំរលាយ​ជា​ស្ថាពរ។

មេដឹកនាំខ្មែរក្រហមប្រឈមមុខនឹងការកាត់ទោស

នៅពេលនេះ ជាង៣០ឆ្នាំ ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ អតីត​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរក្រហមកំពុងប្រឈមមុខនឹងការកាត់ទោសចំពោះបទឧក្រិដ្ឋ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ក្នុងពេល​កាន់អំណាច។ អៀង សារី និងខៀវ សំផន បាន​ទទួលស្គាល់​ថា ក្នុងពេល​ដែល​ពួកគេ​កាន់អំណាច គឺពិតជាមានការសម្លាប់រង្គាលមែន ក៏ប៉ុន្តែ នៅក្នុង​តុលាការ មិនមាន​អ្នកណាម្នាក់​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ទទួលខុសត្រូវលើបទឧក្រិដ្ឋនេះ​ទេ ដោយ​ម្នាក់ៗ​ព្យាយាម​ឆ្លើយដោះសារថា មិនបានដឹងរឿង ឬមិនមានអំណាច។

ចំណែកនួន ជា វិញ ដែលជាមនុស្សមានអំណាចទីពីរ បន្ទាប់ពី ប៉ុល ពត មិនត្រឹមតែមិន​ទទួលស្គាល់​កំហុសរបស់ខ្លួននោះទេ តែថែមទាំងអះអាង នៅក្នុងអង្គសវនាការថា ខ្មែរក្រហម គឺ​ជា​អ្នកស្នេហាជាតិ លះបង់សាច់ញាតិ ប្តូរជីវិត ដើម្បីការពារប្រទេស​ពី​ការ​ឈ្លានពាន​របស់​វៀតណាម។

ជាទូទៅ គេសង្កេតឃើញថា នៅពេលនិយាយដល់ការសម្លាប់រង្គាលប្រជាជនកម្ពុជា ក្នុង​សម័យ​កម្ពុជាប្រជាធិបតេយ្យ មេដឹកនាំខ្មែរក្រហមស្ទើរតែទាំងអស់ នាំគ្នា​ឆ្លើយ​ទម្លាក់កំហុស​ទៅលើ​អ្នកដទៃ ជាពិសេស ទៅលើវៀតណាម និងទៅលើ ប៉ុល ពត ដែល​បាន​ស្លាប់​បាត់​ទៅហើយ៕

ប្រភព៖ RFI  (http://www.khmer.rfi.fr/)

រយៈពេល​៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែល​ខ្មែរក្រហម​កាន់អំណាច​នៅ​កម្ពុជា ​ប្រជាជន​កម្ពុជា​ ប្រមាណ​ជិត​២លាន​នាក់ បាន​បាត់បង់​ជីវិត។ ក៏ប៉ុន្តែ នៅក្នុង​បរិបទ​នៃ​សង្រ្គាម​ត្រជាក់ ដែល​មាន​ការ​ប្រឈមមុខ​គ្នា​យ៉ាង​ក្តៅគគុក​រវាង​ប្លុក​សេរី និង​ប្លុក កុម្មុយនិស្ត បទឧក្រិដ្ឋ​របស់​ខ្មែរក្រហម​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បំភ្លេច​ចោល​ បិទភ្នែក ធ្វើ​មិនដឹង មិនឮ អស់​រយៈពេល​ជិត​៣០ឆ្នាំ។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

នៅដើមឆ្នាំ១៩៧៩ នៅពេល​ដែល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សង្រ្គោះ​ជាតិ​កម្ពុជា ​បាន​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ (របប​ខ្មែរក្រហម) ពិភពលោក​ទាំងមូល​ក៏បាន​ដឹង​ អំពី​ការ​សម្លាប់​រង្គាល ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​​លើ​ប្រជាជន​កម្ពុជា នៅក្នុង​ពេល​ដែល​ពួកគេ​កាន់អំណាច។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​ក៏ដោយ សហគមន៍​អន្តរជាតិ​មិនត្រឹមតែ​មិនបាន​ថ្កោលទោស​ខ្មែរ​ក្រហម​នោះទេ តែ​ថែមទាំង​បាន​គាំទ្រ​ពួកនេះ​ទៀតផង។ នេះ​ក៏ដោយសារតែ ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ជាពិសេស អាមេរិក និង​ចិន បាន​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​វៀតណាម​ នៅ​កម្ពុជា។ វៀតណាម គឺ​ជា​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ដែល​ជា​គូប្រជែង​របស់​អាមេរិក និង​ចិន។

នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ត្រជាក់ ប្រទេស​មហាអំណាច​នាំគ្នា​គិតតែ​ពី​ការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា ដោយ​យក​ប្រទេស​តូចតាច​មក​ធ្វើ​ជា​ឈ្នាន់។ ​ឯ​រឿង​ទុក្ខសោក​វេទនា​របស់​ប្រជាជន​តូចតាច និង​រឿង​ស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះនោះ មិនជា​រឿង​សំខាន់​ទេ សម្រាប់​ប្រទេស​មហាអំណាច​ទាំងអស់នេះ។

ការផ្តួចផ្តើមគំនិត ក្នុងការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​កើតចេញ​ដំបូង​គេ ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​១៩៧៩ តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​បើក​សវនាការ​ជំនុំជម្រះ​ដោយ​កំបាំងមុខ លើ​ សាឡុត ស ហៅ ប៉ុល ពត នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ និង អៀង សារី ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស។ មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងពីរ​រូប​នេះ ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

ក៏ប៉ុន្តែ ការ​កាត់ទោស​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​ច្រានចោល ក្នុង​ហេតុផល​ថា តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា មិនមែន​ជា​តុលាការ​ឯករាជ ព្រោះ​កម្ពុជា​​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​វៀតណាម។

នៅឆ្នាំ១៩៧៩ គណៈកម្មការ​សិទ្ធិ​មនុស្ស​អ.ស.ប. បាន​បដិសេធ​មិន​ពិនិត្យ​របាយការណ៍​មួយ​របស់​សកម្មជន​សិទ្ធិ​មនុស្ស ដែល​មាន​ចែង​ពី​ភស្តុតាង​ និង​សក្ខីកម្ម ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរ​ក្រហម។ ចាប់ពី​ពេល​នោះ​មក រាល់​ការ​ព្យាយាម​របស់​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ដែល​បាន​រួចជីវិត​ពី​របប​ខ្មែរ​ក្រហម ក្នុង​ការ​នាំយក​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស ត្រូវ​បាន​រាំងខ្ទប់​ដោយ​អ.ស.ប. ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ក្នុងការ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម​នៅ​កម្ពុជា។

មេដឹកនាំ​ខ្មែរ​ក្រហម​ក៏​បន្ត​រស់នៅ​ដោយ​សេរី រួចផុត​ពី​រាល់​ការចោទប្រកាន់​ទាំងអស់។ មិនតែប៉ុណ្ណោះ ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​នោះ ថែមទាំង​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​តំណាង​ខ្មែរ ដែល​ជា​ជន​រងគ្រោះ ប្រចាំ​នៅអ.ស.ប.​​ទៀតផង។

រហូត​ដល់​ថ្ងៃទី២៣ ខែ​សីហា ឆ្នាំ​១៩៩១ នៅពេល​ដែល​កិច្ចចរចា​ស្វែងរក​សន្តិភាព កំពុង​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​ប៉ារីស ទើប​អនុគណៈកម្មការ​អ.ស.ប.​ទទួលបន្ទុក​សិទ្ធិ​មនុស្ស ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស អនុម័ត​សេចក្តី​សម្រេច​​មួយ ទទួលស្គាល់​ជា​លើក​ដំបូង​បំផុត​ថា​​ ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ពិត​ជា​កើតមាន​មែន នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម។

ក៏ប៉ុន្តែ នៅពេលនោះ បើ​ទោះជា​អាមេរិក និង​ចិន​​បាន​កាត់បន្ថយ​ការ​គាំទ្រ​លើ​ខ្មែរក្រហម​ហើយ​ក៏ដោយ តែ​ខ្មែរក្រហម គឺ​ជា​ភាគី​ដ៏​សំខាន់​មួយ ក្នុង​កិច្ចចរចា​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា។ ហេតុនេះហើយ​បានជា​​រាល់​លទ្ធភាព​ក្នុងការ​នាំយក​មេដឹកនាំ​ខ្មែរក្រហម​ទៅ​កាត់ទោស​ នៅ​តុលាការ​អន្តរជាតិ​នៅតែ​ត្រូវបាន​គេ​ច្រានចោល​ដដែល។ សូម្បី​តែ​ពាក្យ​ “អំពើ​ប្រល័យ​ពូជសាសន៍” និង​ពាក្យថា “ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ” ក៏​ត្រូវបាន​គេ​បដិសេធ​មិនយក​មក​ប្រើ​ដែរ នៅក្នុង​រាល់​ឯកសារ​ផ្លូវការ ដូចជា នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ជាដើម ពាក្យថា “អំពើ​ប្រល័យ​ពូជសាសន៍” និង “ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ” ត្រូវបាន​ជំនួស​មកវិញ​ដោយ​ពាក្យ “នយោបាយ និង​សកម្មភាព​ពី​អតីតកាល”។

រហូតដល់ខែមិថុនា ឆ្នាំ១៩៩៧ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​អគ្គលេខាធិការ​អ.ស.ប. កូហ្វ៊ី​ អាណាន់ (Kofi Annan) ស្នើសុំ​ឲ្យ​អ.ស.ប.​​ជួយ​ដល់​កម្ពុជា ក្នុង​ការ​បង្កើត​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។

នៅពេលនោះ អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី​ខ្មែរក្រហម​ ដែល​ត្រូវបាន​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​កាត់ទោស​ប្រហារ​ជីវិត កាលពី​ខែ​សីហា ឆ្នាំ​១៩៧៩ បាន​ចុះចូល​ជាមួយ​ រដ្ឋាភិបាល ហើយ​ថែមទាំង​ត្រូវបាន​ព្រះមហាក្សត្រ នរោត្តម សីហនុ លើកលែងទោស​ទៀតផង។

នៅចុងឆ្នាំ១៩៩៧ មហាសន្និបាត​អ.ស.ប.​ បាន​អនុម័ត​ទទួលយក​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​តុលាការ​ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម។ ក៏ប៉ុន្តែ ភាព​មិនចុះសម្រុងគ្នា​​ រវាង​អ.ស.ប.​ និង​​រាជរដ្ឋាភិបាល​កម្ពុជា ជុំវិញ​រចនាសម្ព័ន្ធ​​របស់​តុលាការ និង​បញ្ហា​លើកលែងទោស​ អៀង សារី បាន​ធ្វើឲ្យ​កិច្ចចរចា​បង្កើត​តុលាការ​កាត់ទោស​ខ្មែរក្រហម​ត្រូវ​ជាប់គាំង​ជាច្រើន​លើក ហើយ​បាន​អូសបន្លាយ​ពេល​រហូត​ដល់ទៅ​​៦ឆ្នាំ ទើប​​បង្កើត​បាន​ជា​តុលាការ​កូនកាត់​មួយ​ឡើង នៅ​ឆ្នាំ២០០៤៕

ប្រភព៖ RFI  (http://www.khmer.rfi.fr/cambodia/20100522)

លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

© RFI

ភ្ញៀវ​ប្រចាំ​សប្តាហ៍​របស់ ហ្សង់-ហ្វ្រង់ស័រ ​តាន់ គឺ​លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ក្នុង​សប្តាហ៍​នេះ ជួន​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រារព្ធ​ទិវា​ចងចាំ​របប​ប្រល័យ​ពូជ​សាសន៍ ខ្មែរ​ក្រហម ហ្សង់-ហ្វ្រង់ស័រ តាន់ ​បាន​សម្ភាស​លោក ឆាង យុ ដើម្បី​យល់​ដឹង​ពី​សកម្មភាព​របស់​លោក​ក្នុង​ការ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សង្គម​ ខ្មែរ​បច្ចុប្បន្ន​ចេះ​ចង​ចាំ​របប​យង់​ឃ្នង​របស់ ប៉ុល ពត។

ប្រភព៖ RFI  (http://www.khmer.rfi.fr/khmer-rouge-came-to-power-1975 )

ពួក​ខ្មែរ​ក្រហម​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​បាន​មួយ​ផ្នែក​ធំ តាំងពីឆ្នាំ១៩៧៣។ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​បាន​ប្រមូល​ផ្តុំ​កម្លាំង​មក​ការពារ​ទីក្រុង​ភ្នំពេញ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ចុង​ក្រោយ។ ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម ហើយ​របប​សាធារណរដ្ឋ​ខ្មែរ​ក៏​បាន​ដួលរលំ​ជា​ស្ថាពរ។ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

របប​លន់​ នល់​សល់​តែ​ក្រុង​ភ្នំពេញ

នៅក្នុងអំឡុងខែមិថុនា ឆ្នាំ​១៩៧៤ មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិភាក្សា​អំពី​ផែនការ​វាយលុក​ចូល​ទីក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ ផ្លូវ​ចេញ​ចូល​ក្រុង​ភ្នំពេញ​ត្រូវ​បាន​កាត់​ផ្តាច់​អស់​ទៅ​ហើយ។ ​ការ​ដឹក​ជញ្ជូន​ចេញ​ចូល​ក្រុង​ភ្នំពេញ​អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ប៉ុណ្ណោះ។ នៅ​ដើម​ឆ្នាំ​១៩៧៥ ចរាចរណ៍​តាម​ផ្លូវ​ទឹក​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​​ទៀត ដោយ​ពួក​ខ្មែរ​ក្រហម​បាន​ដាក់​ពង្រាយ​មីន​ប្រឆាំង​នាវា នៅ​តាម​​ដង​ទន្លេ​មេគង្គ។ ការ​ដឹកជញ្ជូន​ស្បៀង​ចូល​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ផ្គត់ផ្គង់​​ប្រជាជន​​ដល់​ទៅ​ប្រមាណ​២លាន​នាក់ អាច​ធ្វើ​ទៅ​បាន​តែ​តាម​ផ្លូវ​អាកាស​ប៉ុណ្ណោះ។

ដោយមើលឃើញនូវលក្ខខណ្ឌ​ដែល​មាន​អំណោយផល​បែប​នេះ សាឡុត ស ក៏​បាន​បញ្ជា​ទៅ​គ្រប់​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​ឲ្យ​​ប្រុងប្រៀប​បើក​ការ​វាយលុក ដើម្បី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ។ ក្នុង​ពេល​ជាមួយ​គ្នា​គណៈ​កម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​ក៏​បាន​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​អំពី​ផែនការ​ដែល​ត្រូវ​ធ្វើ​ ក្រោយ​ពី​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ​បាន​ហើយ។ នៅ​ពេល​នោះ​ហើយ ដែល​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​សម្រេច​ថា​នឹង​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ និង​ក្រុង​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​លន់ នល់។ ​សម្រាប់​ពួក​ខ្មែរ​ក្រហម អ្នកណា​ក៏​ដោយ​ដែល​មិន​បាន​ចូលរួម​ធ្វើ​បដិវត្តន៍​​ជាមួយ​ពួក​គេ ត្រូវ​ចាត់​ទុក​ថា​ជា “ខ្មាំង” ទាំង​អស់។
 
“ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី”

សេនាប្រមុខ​លន់ នល់ ប្រធានាធិបតី​សាធារណរដ្ឋ​ខ្មែរ

(រូបថតឯកសារ)

ឥស្សរជន​៧រូប ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ​រួម​មាន លន់ នល់ ស៊ីសុវត្ថិ សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez លន់ ណុន (ប្អូន​ប្រុស​របស់​លន់ នល់) និង ឡុង បូរ៉េត ត្រូវ​បាន​រដ្ឋាភិបាលរួបរួមជាតិកម្ពុជា​​​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​ក្បត់ជាតិ។

នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហាន​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ធ្វើការ​បាញ់​ផ្លោង​លើ​ព្រលាន​យន្តហោះ​ក្រុង​​​ភ្នំពេញ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ​ចូល​ក្រុង​ភ្នំពេញ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ទៀត។

នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែល​បាន​ឡើង​មក​ជំនួស​តំណែង លោក Richard Nixon កាល​ពី​ខែ​សីហា ឆ្នាំ១៩៧៤ បាន​ព្យាយាម​ស្នើ​សុំ​ឲ្យ​សភា​អាមេរិក​​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​លន់ នល់។ ក៏ប៉ុន្តែ សភា​អាមេរិក​បដិសេធ។

ថ្ងៃទី១២ មេសា មន្រ្តី និង​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ក៏​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ឧទ្ធម្ភាគចក្រ​។ ចំណែក លន់ នល់ និង​ក្រុម​​គ្រួសារ​វិញ បាន​ចាក​ចេញ​ពី​ភ្នំពេញ​តាំង​ពី​ថ្ងៃទី១ មេសា ម្ល៉េះ។

ថ្ងៃទី១៣ មេសា ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង​បាន​ធ្លាក់​​ក្នុង​ដៃ​ទាហាន​ខ្មែរ​ក្រហម។ ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ទាហាន​ខ្មែរ​ក្រហម​នៅ​ប៉ែក​ខាង​កើត​ក៏​ដណ្តើម​កាន់​កាប់​បាន​ក្រុង​តាខ្មៅ។ ខ្សែ​ក្រវ៉ាត់​ការពារ​ក្រុង​ភ្នំពេញ​ក៏​បាន​ដួល​រលំ។

យោងតាមលោកស្រី Elizabeth Beckher នៅ​ថ្ងៃ​ទី១៦ មេសា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ទ័លច្រក ក៏​បាន​ផ្ញើទូរលេខ​មួយ​ច្បាប់​ថ្វាយ​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ ជា​ថ្នូរ​នឹង​ការ​ថ្វាយ​អំណាច​​​ដល់​ព្រះអង្គ​វិញ។ ប៉ុន្តែ សំណើ​​នេះ​​ត្រូវ​បាន​សម្តេច នរោត្តម សីហនុ ច្រាន​ចោល។
 
១៧​មេសា មហា​ជោគជ័យ ប្រជា​ប្រុស​ស្រី​ចាកក្រុង​ចូល​ស្រែ​

នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណ​ជា​ម៉ោង ៨ និង​៣០នាទី មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច ក្នុង​គម្រោង​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​តាម​ឧទ្ធម្ភាគចក្រ។ ប៉ុន្តែ មាន​តែ​មេដឹកនាំ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ដែល​បាន​រត់​ចេញ​ពី​ទីក្រុង​ភ្នំពេញ​រួច។ មេដឹកនាំ​មួយ​ចំនួន​ធំ ក្នុង​នោះ​រួម​មាន​ទាំង​នាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផង​ដែរ​នោះ ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​ចាប់​ខ្លួន និង​សម្លាប់​ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែល​បាន​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស ក៏​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​ចោល នៅ​ថ្ងៃ​នោះ​ដែរ។

នៅម៉ោងប្រមាណ​១១ ព្រឹក​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ ទាហាន​ខ្មែរ​ក្រហម បាន​ធ្វើ​ដំណើរ​​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ក្រោម​ការ​អបអរសាទរ​ពី​សំណាក់​ប្រជាជន​​ដែល​រស់​នៅ​ទីនោះ។ ក៏ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អំណរ​នឹង​ជ័យជំនះ អំណរ​​នឹង​​​ក្តី​សង្ឃឹម​ថា​ ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​នេះ ក៏​បាន​រលាយ​បាត់បង់​ទៅវិញ​ ក្រោយ​ពេល​ដែល​ទាហាន​ខ្មែរ​ក្រហម​ចាប់​ផ្តើម​បង្ខំ​ឲ្យ​ប្រជាជន​ចាក​ចេញ​ភ្លាមៗ​ពី​ទីក្រុង​ភ្នំពេញ។ អ្នក​ដែល​ចចេស​មិន​ព្រម​ធ្វើ​តាម ត្រូវ​ទាហាន​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ចោល។

ថ្ងៃ​១៧ មេសា ១៩៧៥ របបសាធារណរដ្ឋខ្មែរ​ត្រូវ​បាន​ដួល​រលំ​ជា​ស្ថាពរ ជំនួស​មក​វិញ​ដោយ​របប​ថ្មី​មួយ​ទៀត ដឹកនាំ​ដោយបក្ស​កុម្មុយនិស្ត​កម្ពុជា ឬ​ខ្មែរ​ក្រហម។
 
ផែនការ៨ចំណុច​ មហារុងរឿង​ មហាលោតផ្លោះ!

សាឡុត ស ហៅ ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

(រូបថតឯកសារ)

យោងតាមលោក Raoul Jennar នៅ​ចន្លោះ​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ ឧសភា ឆ្នាំ​១៩៧៥ ប៉ុល ពត និង នួន ជា បាន​ប្រកាស​ឲ្យ​ដឹង​នូវ​គោល​នយោបាយ​សំខាន់ៗ​ចំនួន​៨ចំណុច នៃ​របប​គ្រប់គ្រង​ថ្មី​នេះ។ គោលនយោបាយ​ទាំង​នោះ​រួម​មាន៖

១-ជម្លៀសប្រជាជន​ចេញ​ពី​ទីក្រុង ហើយ​ប្រជាជន​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​រំដោះ​មុនថ្ងៃ១៧ មេសា ដែលគេឲ្យ​ឈ្មោះថា“ប្រជាជន​ចាស់” និង​ប្រជាជន​ដែល​ទើប​តែ​ជម្លៀស​ចេញ​ពី​ទីក្រុង ក្រោយ​ថ្ងៃ​១៧ មេសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”

២-លុបបំបាត់​ចោល​ទាំងស្រុង​​​នូវសេដ្ឋកិច្ច​ទីផ្សារសេរី។

៣-លុបបំបាត់ចោល​នូវ​ការ​ចាយ​លុយ។

៤-ព្រះសង្ឃ​ទាំងអស់​ត្រូវ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ។

៥-សម្លាប់ចោលទាំងអស់​រាល់​មន្រ្តី​ដែល​ធ្វើ​ការ​ឲ្យ​របប​លន់ នល់។

៦-បង្កើត​ជា​សហករណ៍​នៅ​ទូទាំង​ប្រទេស។

៧-បណ្តេញជនជាតិ​វៀតណាម​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។

៨-ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ជា​ពិសេស ព្រំដែន​វៀតណាម។

១៩៧៥-១៩៧៦៖ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា

ចាប់ពីចូលបានកាន់អំណាច នៅ​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ហៅ​ខ្លួន​ឯង​ថា​ជា“រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដដែល ក៏​ប៉ុន្តែ អំណាច​ពិត​ប្រាកដ​មិន​មែន​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ទេ គឺ​ស្ថិត​ក្នុង​ដៃ​ពួក​ខ្មែរ​ក្រហម​តែ​ម្នាក់​ឯង។

យោងតាមសៀវភៅរ​​បស់​លោក Raoul Jennar ដែល​មាន​ចំណង​ជើង​ថា Les Clés du Cambodge គិតត្រឹម​ខែ​មេសា ឆ្នាំ​១៩៧៥ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា មាន​រចនាសម្ព័ន្ធ​ដូច​តទៅ៖
 
ប្រមុខរដ្ឋ
សម្តេច នរោត្តម សីហនុ
 
នាយករដ្ឋមន្រ្តី
ប៉ែន នុត
 
ឧបនាយករដ្ឋមន្រ្តី
ខៀវ សំផន (អគ្គមេបញ្ជាការកងទ័ព)
អៀង សារី (កិច្ចការបរទេស)
សុន សេន (ការពារជាតិ)
 
រដ្ឋមន្រ្តី
គាត ឈន់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​គណៈប្រធានរដ្ឋ
ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ពត៌មាន
កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
អៀង ធីរិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​យុវជន
នរោត្តម ភូរិសារា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
ទូច ភឿន រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន
ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
ហ៊ូ យន់ ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ

ដោយ​ជំទាស់​នឹង​នយោបាយ​មួយ​ចំនួន​របស់​បក្ស ដូច​ជា​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង ការ​លុប​បំបាត់​ការ​ចាយ​លុយ និង​ការ​ធ្វើ​សង្រ្គាម​ជាមួយ​វៀតណាម​ជាដើម ហ៊ូ យន់​ ក៏​បាន​លា​លែង​ចេញ​ពី​តំណែង​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​១៩៧៥។ ចាប់​ពី​ពេល​នោះ​មក ហ៊ូ​ យន់ ក៏​បាន​បាត់​ខ្លួន​រហូត។

ក្រោយពីទាហានខ្មែរក្រហម​ដណ្តើម​កាន់កាប់​បាន​ទីក្រុង​ភ្នំពេញ​ហើយ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ មិន​បាន​យាង​ចូល​មក​កម្ពុជា​ភ្លាមៗ​ទេ។ យោង​តាម​លោក Raoul Jennar នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​បាន​បញ្ជូន​មនុស្ស​ពីរ​នាក់​គឺ សារិន ឆាក និង​ជួន ប្រាសិទ្ធ ឲ្យ​ទៅ​យាង​សម្តេច នរោត្តម សីហនុ ដែល​កំពុង​គង់​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង ឲ្យ​យាង​ចូល​មក​ក្នុង​ប្រទេស​វិញ។ ក៏ប៉ុន្តែ ព្រះអង្គ​បាន​បដិសេធ។ មួយ​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ខ្មែរ​ក្រហម​បាន​បញ្ជូន​មនុស្ស​ពីរ​នាក់​ទៀត គឺ​ខៀវ សំផន និង​ប៉ែន នុត ឲ្យ​ទៅ​ព្យុងយ៉ាង​ ដើម្បី​យាង​សម្តេច នរោត្តម សីហនុ ម្តង​ទៀត។ លើក​នេះ​ព្រះអង្គ​ក៏​បាន​យល់​ព្រម។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ សម្តេច នរោត្តម សីហនុ បាន​យាង​មក​ដល់​ទីក្រុង​ភ្នំពេញ ហើយ​ព្រះអង្គ​បាន​យាង​ធ្វើ​ជា​អធិបតី​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្រ្តី​ ក្នុង​ឋានៈ​​ជា​ប្រមុខ​រដ្ឋ។
 
១៩៧៦៖ កម្ពុជា​ប្រជាធិបតេយ្យ

នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​មាន​២១​មាត្រា ចែក​ចេញ​ជា ១៦​ជំពូក ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ។ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​មក​ជា “កម្ពុជា​ប្រជាធិបតេយ្យ”វិញ។ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ក៏​បាន​ចែង​ផង​ដែរ អំពី​ការ​បង្កើត​សភា​តំណាង​ប្រជាជន ដែល​មាន​ចំនួន​២៥០​អាសនៈ។ ក្នុង​នោះ​រួម​មាន ១៥០អាសនៈ​តំណាង​ឲ្យ​វណ្ណៈ​កសិករ ៥០​អាសនៈ​តំណាង​ឲ្យ​វណ្ណៈ​កម្មករ និង​៥០​អាសនៈ​ទៀត​តំណាង​ឲ្យ​កងទ័ព​បដិវត្តន៍​កម្ពុជា។

ទង់ជាតិ និង​សញ្ញាជាតិ នៃ​កម្ពុជា​ប្រជាធិបតេយ្យ

ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ មាន​ផ្ទៃ​ពណ៌​ក្រហម និង​មាន​រូប​ប្រាសាទ​កំពូល​បី​ពណ៌​លឿង នៅ​ចំ​កណ្តាល។

សញ្ញាជាតិមានវាលស្រែ និង​ប្រព័ន្ធ​ប្រឡាយ​ទឹក​ជា​និមិត្តរូប​នៃ​កសិកម្ម​ជឿន​លឿន មាន​រោងចក្រ​ជា​និមិត្តរូប​នៃ​ឧស្សាហកម្ម មាន​កម្រង​កួរ​ស្រូវ​ជា​ស្នែង​ក្របី​ព័ទ្ធ​ពី​ក្រៅ ហើយ​មាន​អក្សរ “កម្ពុជា​ប្រជាធិបតេយ្យ” នៅ​ពី​ក្រោម។

ចម្រៀងជាតិថ្មី និពន្ធ​ផ្ទាល់​ដោយ ប៉ុល ពត មាន​ចំណង​ជើង​ថា “១៧​មេសា​មហា​ជោគជ័យ”
 
សម្តេ​ច នរោត្តម សីហនុ លាលែង​ពី​តំណែង​ប្រមុខ​រដ្ឋ

នៅដើមខែមីនា ឆ្នាំ១៩៧៦ សម្តេច នរោត្តម សីហនុ បាន​សុំ​លា​លែង​ពី​តំណែង​ជា​ប្រមុខ​រដ្ឋ ក្នុង​ហេតុផល​ថា​មក​ពី​ព្រះអង្គ​មាន​បញ្ហា​សុខភាព។

នៅថ្ងៃទី១១ ខែមីនា គណៈ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនិស្ត​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​សុំ​លាលែង​នេះ។ គណៈអចិន្ត្រៃយ៍​បាន​ព្រមព្រៀង​ទទួល​យក​សំណើ​សុំ​លាលែងរ​បស់​សម្តេច នរោត្តម សីហនុ ប៉ុន្តែ​ហាម​ឃាត់​ព្រះអង្គ​មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស មិនឲ្យ​ធ្វើ​សេចក្តី​ថ្លែងការណ៍ ឬ​ជួប​ពិភាក្សា​ជាមួយ​អង្គទូត​បរទេស​ណា​មួយ​ឡើយ។ ព្រះអង្គ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុង​វាំង រហូត​ដល់​ខែ​មករា ឆ្នាំ​១៩៧៩។

ថ្ងៃទី២០ មីនា ការ​បោះឆ្នោត​ជាតិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​ប្រជាជន។ សាឡុត ស ក្នុង​ឈ្មោះ​ថ្មី​ថា ប៉ុល ពត បាន​ជាប់​ឆ្នោត​ជា​តំណាង​កម្មករ​ចំការ​កៅស៊ូ។

ប៉ែន នុត ដែល​ជា​នាយក​រដ្ឋមន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា បាន​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​១៩៧៦។ រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ក៏​បាន​បាត់​ឈ្មោះ​ពី​ពេល​នោះ​មក។

សភាតំណាងប្រជាជនកម្ពុជា បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ដំបូង និង​ជា​សម័យ​ប្រជុំ​តែ​ម្តង​​គត់ នៅ​ថ្ងៃ​ទី​១១ ដល់​១៣ ខែ​មេសា ឆ្នាំ​១៩៧៦។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ សភា​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ទទួល​យក​ជា​ផ្លូវការនូវ​ការ​ចូល​និវត្តន៍​របស់​សម្តេច នរោត្តម សីហនុ ហើយ​តែង​តាំង​ខៀវ សំផន ជា​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​ព្រះអង្គ។ ថ្ងៃទី១៤ ខែ​មេសា រដ្ឋាភិបាល​ថ្មី​មួយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​បង្កើត​ឡើង៕

ការបោសសម្អាតភូមិភាគបូព៌ា​បណ្តាល​ឲ្យ​មាន​ការ​បែកបាក់​​យ៉ាងខ្លាំង ក្នុង​ចំណោម​​កងទ័ព​ខ្មែរក្រហម។ នោះហើយ​ដែល​ជា​ចំណុច​ចាប់ផ្តើម នៃ​​ការ​ដួលរលំ​នៃ​របប​​កម្ពុជា​ប្រជាធិបតេយ្យ។

បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា

នៅក្នុងពេល​ដែល​សង្រ្គាម​ជាមួយ​វៀតណាម កំពុងតែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​យ៉ាងខ្លាំង​ដែរ។

ការអនុវត្ត​នយោបាយ​ឃោរឃៅ​លើ​ប្រជាជន​ខ្លួនឯង បណ្តាលឲ្យ​កម្ពុជា​ប្រជាធិបតេយ្យ​ក្លាយជា​របប​មួយ ដែល​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ទាល់តែសោះ។ លើសពីនេះ​ទៅទៀត កងទ័ព​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ដែល​ជា​ខែល​ការពារ​ទប់ទល់​នឹង​វៀតណាម​នោះ ក៏ត្រូវ ប៉ុល ពត កម្ចាត់​ឲ្យ​ខ្ចាត់ខ្ចាយ​អស់ដែរ។ ខ្លះ​ត្រូវ​គេ​យក​ទៅសម្លាប់។ ខ្លះទៀត​បាន​រត់​គេច​ចេញ​ទៅ​ប្រទេស​វៀតណាម រង់ចាំ​តែ​ឱកាស​ ដើម្ប​វាយបក​មក​លើ ប៉ុល ពត វិញ។

ដើម្បីទប់ទល់​ជាមួយ​នឹង​វៀតណាម ជម្រើស​របស់​មេដឹកនាំ​ខ្មែរក្រហម គឺ​ស្វះស្វែង​រក​ការគាំទ្រ​ពីសំណាក់​សហគមន៍​អន្តរជាតិ។ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​តែងតែ​អះអាង​ពី​នយោបាយ​ឯករាជ្យ ម្ចាស់ការ មិនពឹង​បរទេស ហើយ​ផ្តាច់ខ្លួន​ចេញពី​ពិភព​ខាងក្រៅ​នោះ ក៏​បាន​ចាប់ផ្តើម​បើកទ្វារ​ចំហ​ឡើងវិញ ទទួល​បរទេស​ឲ្យ​ចូលមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។ ប៉ុល ពត ដែល​ជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​អាថ៌កំបាំង​នោះ ក៏បាន​សុខចិត្ត​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​មកពី​ប្រទេស​លោកខាងលិច។

ទាក់ទង​នឹង​នយោបាយ​ក្នុងប្រទេស​វិញ ការ​ធ្វើទុក្ខ​បុកម្នេញ​ដល់​ប្រជាជន​ថ្មី (ឬ​ប្រជាជន​១៧មេសា) ក៏​ហាក់ដូចជា​ថយចុះ​វិញ​បន្តិច។ មេដឹកនាំ​ខ្មែរក្រហម​ថែមទាំង​បាន​ប្រកាស​បើក​ឲ្យមាន​សាលា​បឋមសិក្សា​ឡើងវិញ​ទៀតផង។

ចំពោះ​បញ្ញវន្ត​ខ្មែរ ដែល​ត្រូវបាន អៀង សារី និង ជួន ប្រាសិទ្ធិ បញ្ឆោត​ឲ្យ​ចូល​មក​កម្ពុជា ហើយ​យក​ទៅដាក់​ក្នុង​ជំរំ​លត់ដំ​នោះ​ ក៏​ពួក​មេដឹកនាំ​ខ្មែរក្រហម​ចាប់ផ្តើម​យកចិត្ត​វិញ​ដែរ។ អៀង សារី បាន​បញ្ជា​ឲ្យគេ​រៀបចំ​បណ្ណាល័យ ដែល​មាន​សៀវភៅ​សរសេរ​ជា​ភាសា​បរទេស នៅក្នុង​ជំរំ​លត់ដំ​។ ​ការងារ​ក្នុង​ជំរំ​ក៏ត្រូវ​កាត់បន្ថយ​ ហើយ​ចំណីអាហារ​ក៏​​ផ្តល់​ឲ្យ​ច្រើន​ជាងមុន។

នៅខែតុលា ឆ្នាំ១៩៧៨ អៀង សារី បាន​ធ្វើដំណើរ​ចេញទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត​អ.ស.ប.។ ឆ្លៀតក្នុង​ឱកាស​នោះ អៀង សារី បាន​ព្យាយាម​ផ្សព្វផ្សាយ​អំពី​មុខមាត់​ថ្មី នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​​ពី​សំណាក់​សហគមន៍​អន្តរជាតិ ក្នុងការ​ទប់ទល់​នឹង​វៀតណាម។

អៀង សារី ថែម​ទាំង​បាន​អញ្ជើញ​​​អគ្គលេខាធិការ​អ.ស.ប. ឲ្យទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ទៀតផង ដើម្បី​ត្រួតពិនិត្យ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដោយ​លោក​អគ្គលេខាធិការ​អ.ស.ប.​ បដិសេធ​ការ​អញ្ជើញ​នេះ អៀង សារី ក៏បាន​ងាក​ទៅ​អញ្ជើញ​អ្នក​សារព័ត៌មាន​បរទេស​វិញ។

ក៏ប៉ុន្តែ ក្នុងពេល​ដែល​ខ្មែរក្រហម​ចាប់ផ្តើម​បើកចំហ​នយោបាយ​ទៅកាន់​សហគមន៍​អន្តរជាតិ និង​បន្ធូរបន្ថយ​ការធ្វើទុក្ខ​បុកម្នេញ​ប្រជាជន​ ការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​មិនត្រូវបាន​បន្ធូរដៃ​នោះទេ។ មេដឹកនាំ​ខ្មែរក្រហម​ ចាប់តាំង​ពី​លេខា និង​កម្មាភិបាល​ភូមិភាគ រហូតដល់​រដ្ឋមន្រ្តី ត្រូវបាន​ចាប់ខ្លួន​ និង​សម្លាប់​ជា​បន្តបន្ទាប់។

នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិភាគ​បូព៌ា ដែល​បាន​រត់ទៅ​ប្រទេស​វៀតណាម គេចពី​ការ​តាម​សម្លាប់​ពីសំណាក់​ ប៉ុល ពត នោះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​បង្កើតជា​រណសិរ្ស​មួយ ដែល​មាន​ឈ្មោះ​ថា “រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា” ដែល​មាន លោក​ហេង សំរិន ជា​ប្រធាន។ រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ក្លាយជា “គណបក្ស​ប្រជាជន​កម្ពុជា” តែងតែ​អះអាង​ថា​ខ្លួន​គឺ​ជា​អ្នក​ស្នងមរតក នៃ​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បាន​បង្កើតឡើង កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្រោយពី​បាន​បែកចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

គួរ​រំឭក​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នេះ ត្រូវបាន​ប្តូរឈ្មោះ​ទៅជា បក្ស​ពលករ​កម្ពុជា កាលពី​ឆ្នាំ១៩៦៣ ក្រោយពេល​ដែល សាឡុត ស (ហៅ​ ប៉ុល ពត) បាន​ឡើង​កាន់តំណែង​ជា​លេខាបក្ស និង​បន្ទាប់មក ប្តូរ​ទៅជា បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​ជា​បក្ស​កាន់អំណាច​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

គ្រាន់តែ​បង្កើតឡើង​ភ្លាម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ក៏​ទទួលបាន​នូវ​ការ​គាំទ្រ​ភ្លាមៗ​ពី​សំណាក់​ប្រទេស​វៀតណាម ប្រទេស​ឡាវ និង​សហភាព​សូវៀត។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​ក៏បាន​បើក​ប្រតិបត្តិការ​វាយលុក​លើ​កងទ័ព​ខ្មែរក្រហម ដោយយក​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ធ្វើជា​ខែល​ ដើម្បី​ការពារ​កុំឲ្យ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា ខ្លួន​ឈ្លានពាន​កម្ពុជា។ តាមពិត ក្នុងប្រតិបត្តិការ​វាយលុក​លើ​របបខ្មែរក្រហម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា​មាន​កងទ័ព​តែ​ប្រមាណ ២ម៉ឺននាក់​ប៉ុណ្ណោះ ចំណែកឯ​វៀតណាម​វិញ មាន​កងទ័ព​ដល់ទៅ​ប្រមាណ​១០ ម៉ឺននាក់ ដោយ​រួមមាន​ទាំង​កង​រថក្រោះ និង​យន្តហោះ​ចម្បាំង​ផង។ ប្រតិបត្តិការ​យោធា​នេះ​ទៀតសោត ត្រូវ​ស្ថិតក្រោម​បញ្ជា​អគ្គបញ្ជាការ​កងទ័ព​ជើងគោក​វៀតណាម គឺលោក វ៉ាន់ ទៀន ហ្ស៊ុង (Van Tien Dung)។

កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា បាន​ដាក់​ផែនការ​វាយលុក ចេញពី​ចំណុច​សំខាន់​ពីរ គឺ ទីមួយ ចេញពី​ខេត្ត​តៃនិញ ប្រទេស​វៀតណាម វាយលុក​ចូល​ទៅ​ខេត្ត​ក្រចេះ រួច​ចាក់ចុះ​តាម​ខេត្ត​កំពង់ចាម តម្រង់​ទៅ​ភ្នំពេញ។ ទីពីរ ចេញពី​កំពង់ផែ ហា ទៀង ប្រទេស​វៀតណាម វាយលុក​ឆ្ពោះទៅកាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ រួច​ចាក់ចុះ​តាម​ខេត្ត​តាកែវ តម្រង់​ទៅ​ជួបនឹង​ក្រុម​ទីមួយ នៅ​ភ្នំពេញ។

នៅ​កន្លែងណា ដែល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​វាយលុក​ទៅដល់ ពួកគេ​ត្រូវបាន​ប្រជាជន​កម្ពុជា​ទទួល​អបអរសាទរ ក្នុងឋានៈ​ជា​កងទ័ព​រំដោះ។ ចំណែក​កងទ័ព​ខ្មែរក្រហម​វិញ ត្រូវ​ទទួល​បរាជ័យ បាក់ទ័ព​រត់​ខ្ចាត់ខ្ចាយគ្នា​ជាបន្តបន្ទាប់។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​មកពី​តៃនិញ​បាន​វាយចូល​កាន់កាប់​ខេត្ត​ក្រចេះ។

ថ្ងៃទី២ មករា ១៩៧៩ កងកុម្ម៉ង់ដូ​វៀតណាម​បាន​វាយឆ្មក់​ចូល​ក្នុង​ក្រុង​ភ្នំពេញ ក្នុង​គោលដៅ​រំដោះ​សម្តេច នរោត្តម សីហនុ ពី​ព្រះបរមរាជវាំង។ ក៏ប៉ុន្តែ បេសកកម្មនេះ​ត្រូវ​ទទួល​បរាជ័យ ដោយសារ​តែ​ពួក​ខ្មែរក្រហម​បាន​ជន្លៀស​ព្រះអង្គ ចេញពី​ភ្នំពេញ តាំងពី​ថ្ងៃទី១ មករា​ម្ល៉េះ ដោយ​នាំយក​ទៅ​ខេត្ត​បាត់ដំបង និង​បន្ទាប់មក ទៅ​ស៊ីសុផុន។

នៅថ្ងៃទី៣ មករា នៅពេល​ដែល​កងទ័ព​វៀតណាម​វាយលុក​ចូលដល់​ខេត្ត​ស្ទឹងត្រែង អៀង សារី បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​បើក​កិច្ចប្រជុំ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​វៀតណាម។

មួយថ្ងៃ​ក្រោយមក​ទៀត ពោលគឺ នៅ​ថ្ងៃទី៤ មករា តំបន់​ត្រើយ​ខាងកើត​ទន្លេ​មេគង្គ​ទាំងមូល ត្រូវធ្លាក់​ក្នុងដៃ​កងទ័ព​វៀតណាម។ នៅថ្ងៃទី៥ មករា កងទ័ព​វៀតណាម​បានវាយចូល​ដល់​កំពង់ចម្លង​អ្នកលឿង ចំណែក​មួយក្រុម​ទៀត ដែល​មកពី​ហាទៀង ក៏បាន​វាយលុក​ចូល​ដល់​ខេត្ត​តាកែវ។

នៅឯ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា បាន​បើកធ្វើ​មហាសន្និបាត​មួយ ហើយ​សម្រេច​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ឡើងវិញ ដោយ​មាន លោក​ប៉ែន សុវណ្ណ ជា​អគ្គលេខា​បក្ស។

នៅថ្ងៃដដែល​នោះ សម្តេច នរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​នាំចូល​មកកាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​ព្រះអង្គ​ត្រូវបាន​គេនាំ​ទៅជួប​ជាមួយ​នឹង ប៉ុល ពត។ នៅក្នុង​ជំនួបនោះ ប៉ុល ពត បាន​ស្នើសុំ​ឲ្យ​សម្តេច នរោត្តម សីហនុ ចេញមុខ​ធ្វើជា​តំណាង​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​វៀតណាម។ ព្រះអង្គ​បាន​យល់ព្រម​នឹងការ​ស្នើសុំ​នេះ ហើយ​បាន​ចាកចេញ​ពី​ភ្នំពេញ នៅ​ថ្ងៃទី៦ មករា ឆ្ពោះទៅ​ប្រទេស​ចិន ហើយ​បាន​បើកធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​មាន​រយៈពេល​ដល់ទៅ​៦ម៉ោង នៅ​ទីក្រុង​ប៉េកាំង។ ចេញពី​ប៉េកាំង ព្រះអង្គ​បាន​បន្តដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អ.ស.ប. ក្នុង​ឋានៈ​ជា​តំណាង​កម្ពុជា​ប្រជាធិបតេយ្យ។

នៅឯ​ប្រទេស​កម្ពុជា​ឯណោះវិញ នៅ​ព្រឹកព្រលឹម​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ព​កម្មាភិបាល និង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ចុងក្រោយ​គេ ក៏​បាន​ចាកចេញ​ពី​ភ្នំពេញ តាម​រថភ្លើង ឆ្ពោះទៅ​ទិស​ពាយ័ព្យ។ ប៉ុន្មាន​ម៉ោង​ក្រោយមក កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​បាន​វាយចូល​ដល់​ទីក្រុង​ភ្នំពេញ ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​អាយុ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏បាន​ដួលរលំ​ជា​ស្ថាពរ៕

ប្រភព៖ RFI   (http://www.khmer.rfi.fr/)

ក្រោយពី​ការ​ចរចា​យ៉ាង​ស្វិតស្វាញ ឆ្លងកាត់​ការ​ជាប់គាំង​ជាច្រើន​លើក​ច្រើន​សា ទីបំផុត តុលាការ​ខ្មែរក្រហម​បាន​ចាប់ផ្តើម​កើត​រូបរាង​ជាផ្លូវការ នៅឆ្នាំ២០០៤។ តើ​តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បទឧក្រិដ្ឋ​ណាខ្លះ? ហើយ​មាន​រចនាសម្ព័ន្ធ​ដូចម្តេចខ្លះ?

តុលាការខ្មែរក្រហម​ មាន​ឈ្មោះ​ជាផ្លូវការ​ថា “អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ជំនុំជម្រះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ”។ តុលាការនេះ ក៏​តែងតែ​ត្រូវបាន​គេ​ហៅ​ផងដែរ​ថា​ជា “តុលាការ​កូនកាត់” ពីព្រោះ​វា​មិនចំ​ជា​តុលាការ​ជាតិ ហើយ​មិនចំ​ជា​តុលាការ​អន្តរជាតិ។ ច្បាប់​ដែល​គេ​យក​មក​អនុវត្ត គឺជា​ច្បាប់​ព្រហ្មទណ្ឌ​ជាតិ​របស់​កម្ពុជា​ផង និង​ច្បាប់​អន្តរជាតិ​ផង។ ចៅក្រម​វិញ​ក៏មាន​សមាសភាព​ចម្រុះ​កម្ពុជា និង​អន្តរជាតិ​ដែរ។

តើ​តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បុគ្គល​ណាខ្លះ? ហើយ​ចំពោះ​បទឧក្រិដ្ឋ​អ្វីខ្លះ?

ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​បាន​កម្រិត​ដែនកំណត់​នៃ​សមត្ថកិច្ច​​របស់​តុលាការ​នេះ ទាំង​សមត្ថកិច្ច​ទាក់ទង​នឹង​ប្រភេទ​នៃ​បទឧក្រិដ្ឋ ទាំង​កាលវេលា​ដែល​បទឧក្រិដ្ឋ​ត្រូវបាន​ប្រព្រឹត្ត និង​ទាំង​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនេះ។

គេអាច​ចែក​បទឧក្រិដ្ឋ ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​ខ្មែរក្រហម​ជាពីរ​ប្រភេទ គឺ​បទឧក្រិដ្ឋ​ថ្នាក់​ជាតិ និង​បទឧក្រិដ្ឋ​អន្តរជាតិ។

បទឧក្រិដ្ឋ​ថ្នាក់​ជាតិ គឺ​សំដៅ​លើ​រាល់​បទឧក្រិដ្ឋ​ទាំងឡាយណា ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ១៩៥៦ រួមមាន បទ​មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​បំពាន​លើ​សាសនា។ ចំណែក​បទឧក្រិដ្ឋ​អន្តរជាតិ រួមមាន៖

  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ ឆ្នាំ១៩៤៨។
  • ឧក្រិដ្ឋកម្មសង្រ្គាម ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ទាំងបួន ដែល​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ១៩៤៩ នៅ​ទីក្រុង​ហ្សឺណែវ។
  • ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមាន​ចែង​ក្នុង​អនុសញ្ញា​ក្រុងរ៉ូម ឆ្នាំ១៩៩៨ ស្តីពី​ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
  • បទឧក្រិដ្ឋ​បំផ្លិចបំផ្លាញ​សម្បត្តិវប្បធម៌​ក្នុងពេល​មាន​ជម្លោះ​ប្រដាប់អាវុធ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ក្រុងឡាអេ ឆ្នាំ១៩៥៤។
  • បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មន្រ្តី​ការទូត ដែល​ទទួលបាន​នូវ​ការ​ការពារ​ពី​សំណាក់​អនុសញ្ញា​ក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត។

ក៏ប៉ុន្តែ បទឧក្រិដ្ឋ​ទាំងប៉ុន្មាន​ខាងលើ​នេះ ចូលក្នុង​ដែនសមត្ថកិច្ច​របស់​តុលាការ​ខ្មែរក្រហម លុះត្រា​តែ​បទឧក្រិដ្ឋ​ទាំងនេះ​ត្រូវបាន​ប្រព្រឹត្ត​ ក្នុងចន្លោះ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ពោលគឺ​ ក្នុង​ចន្លោះពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច​នៅ​កម្ពុជា។

បុគ្គល​ដែល​អាច​នឹងត្រូវ​នាំយក​មក​កាត់ទោស​ ដោយ​តុលាការ​ខ្មែរក្រហមនេះ​មាន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ៖

  • ទីមួយ មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ៖ សំដៅ​ទៅលើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងឡាយណា ដែល​បាន​កាន់តំណែង​កំពូលៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដូចជា ខៀវ សំផន (អតីតប្រមុខរដ្ឋ) នួន ជា (អតីត​ប្រធាន​រដ្ឋសភា) អៀង សារី (អតីតឧបនាយករដ្ឋមន្រ្តី) និង អៀង ធីរិទ្ធិ (អតីតរដ្ឋមន្រ្តី) ជាដើម ដែល​ពេលនេះ ត្រូវបាន​តុលាការ​ខ្មែរក្រហម​កំពុង​ធ្វើការ​ជំនុំជម្រះ។
  • ទីពីរ ជនទាំងឡាយណា ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​រាល់​ឧក្រិដ្ឋកម្ម​ទាំងប៉ុន្មាន​ខាងលើ៖ សំដៅ​ទៅលើ​ជនទាំងឡាយណា ដែល​ថ្វីដ្បិតតែ​មិនបាន​កាន់​តំណែង​កំពូល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏ពិតមែន ក៏ប៉ុន្តែ មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ ដែល​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​អំឡុងពេលនោះ។ រហូត​មកទល់​ពេលនេះ បុគ្គល​ដែល​ស្ថិតក្នុង​ប្រភេទ​ទីពីរ​នេះ ហើយ​ដែល​ត្រូវ​តុលាការ​ខ្មែរក្រហម​យក​មក​កាត់ទោស គឺ មានតែ​ កាំង ហ្កិចអៀវ ហៅ ឌុច អតីត​មេគុក​ទួលស្លែង​ មួយ​ប៉ុណ្ណោះ។

ការកំណត់ថា បុគ្គលណា​ស្ថិតក្នុង​ចំណោម​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​បុគ្គលណា​ស្ថិតក្នុង​ចំណោម​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​យក​មក​ជំនុំជម្រះ​​នោះ គឺ​ជា​សិទ្ធិ​សម្រេច​របស់​សហព្រះរាជអាជ្ញា​​នៃ​តុលាការ​ខ្មែរក្រហម។

រចនាសម្ព័ន្ធ​តុលាការ​ខ្មែរក្រហម គឺ​យកតាម​លំនាំ​រចនាសម្ព័ន្ធ​តុលាការ​កម្ពុជា ដោយមាន​ព្រះរាជអាជ្ញា​ផង និង​ចៅក្រម​ស៊ើបអង្កេត​ផង។ ក៏ប៉ុន្តែ ខុសប្លែក​ពី​រចនាសម្ព័ន្ធ​តុលាការ​ធម្មតា ដែល​មាន​បី​ថ្នាក់ តុលាការ​ខ្មែរក្រហម មានតែ​ពីរថ្នាក់​ប៉ុណ្ណោះ គឺ​សាលាដំបូង និង​តុលាការ​កំពូល ដោយ​មិនមាន​សាលាឧទ្ធរណ៍​នោះទេ។

ចំពោះ​ចៅក្រម​វិញ តាំងពី​ស្ថាប័នអយ្យការ រហូតដល់​តុលាការ​កំពូល មាន​សមាសភាព​ចម្រុះ​ជា​ចៅក្រម​ខ្មែរ​ផង និង​ចៅក្រម​អន្តរជាតិ​ផង ដោយ​ចៅក្រម​ខ្មែរ​មានចំនួន​ច្រើនជាង​ចៅក្រម​បរទេស។

សហព្រះរាជអាជ្ញា​មាន​ពីរ​រូប គឺ​មួយរូប​ជា​ព្រះរាជអាជ្ញា​កម្ពុជា និង​មួយរូប​ទៀត ជា​ព្រះរាជអាជ្ញា​បរទេស។ សហចៅក្រម​ស៊ើបអង្កេត​ក៏មាន​ពីររូប​ដូចគ្នា​នេះ​ដែរ។

នៅសាលាដំបូង ចៅក្រម​មាន​៥រូប រួមមាន​ចៅក្រម​ខ្មែរ​៣រូប មួយរូប​ធ្វើ​ជា​ប្រធាន និង ចៅក្រម​បរទេស​ពីរ​រូប។

នៅ​តុលាការ​កំពូល មាន​ចៅក្រម​៧រូប រួមមាន ចៅក្រម​ខ្មែរ​៤រូប មួយរូប​ធ្វើ​ជា​ប្រធាន និង​ចៅក្រម​បរទេស​៣រូប។

បើ​នៅ​គ្រប់​ជាន់ថ្នាក់ សុទ្ធតែ​មាន​ចៅក្រម​ច្រើននាក់ និង​មាន​សមាសភាព​ចម្រុះ​បែបនេះ តើ​ការ​សម្រេចសេចក្តី​ត្រូវ​ធ្វើឡើង​ដោយ​របៀបណា?

ថ្វីដ្បិតតែ តុលាការ​ខ្មែរក្រហម អនុវត្ត​ច្បាប់​ជាតិ​ផង និង​អន្តរជាតិ​ផង ហើយ​ចៅក្រម​ក៏​មាន​សមាសភាព​ចម្រុះ​ជាតិសាសន៍​ទៀត ក៏ប៉ុន្តែ នីតិវិធី​តុលាការ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ច្រើន​ទៅនឹង​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា។

ចំណុចចាប់ផ្តើម​នៃនីតិវិធី ​គឺ​ចេញពី​សហព្រះរាជអាជ្ញា ដែល​មានសិទ្ធិ​សម្រេច​កំណត់​ជនសង្ស័យ ដើម្បី​បើកផ្លូវ​ឲ្យមាន​ការ​ស៊ើបអង្កេត។ សំណួរ​ចោទឡើង​ថា ចុះបើ​សហព្រះរាជអាជ្ញា​ទាំងពីរ​រូបនេះ​មាន​យោបល់​​ផ្ទុយគ្នា តើ​គេត្រូវ​ដោះស្រាយ​វិវាទនេះ​ដោយ​របៀបណា?

មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការ​បង្កើត​តុលាការ​ខ្មែរក្រហម​ចែងថា នៅក្នុង​ករណី​ដែល​សហព្រះរាជអាជ្ញា​មាន​យោបល់​ខ្វែងគ្នា សហព្រះរាជអាជ្ញា​ទាំងពីរ ឬ​សហព្រះរាជអាជ្ញា​ណាមួយ​ក៏បាន​ដែរ អាច​ដាក់ពាក្យ​ប្តឹងទាស់​ទៅ​អង្គបុរេជំនុំជម្រះ​ដើម្បី​សម្រេចសេចក្តី។ បណ្តឹងទាស់​នេះ​ត្រូវ​ដាក់ជូន​ទៅ​អង្គបុរេជំនុំជម្រះ​ក្នុង​រយៈពេល​យ៉ាងយូរ ៣០ថ្ងៃ ចាប់​ពី​ពេល​មាន​យោបល់​ផ្ទុយគ្នា បើមិនដូច្នោះទេ មានន័យ​ថា សហព្រះរាជអាជ្ញា​ទាំងពីរ​មាន​យោបល់​ស្របគ្នា ហើយ​នីតិវិធី​ដែល​កំពុង​ដំណើរការ​នឹង​ត្រូវ​បន្តធ្វើ​តទៅមុខ​ទៀត។

អង្គបុរេជំនុំជម្រះ​មាន​ចៅក្រម​៥រូប រួមមាន ចៅក្រម​ខ្មែរ​៣រូប មួយរូប​ជា​ប្រធាន និង​ចៅក្រម​បរទេស​២រូប។ រាល់​សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ​នេះ​អាច​ធ្វើទៅបាន​លុះត្រាតែ​មាន​សំឡេងគាំទ្រ​យ៉ាងតិច​៤សំឡេង។ សេចក្តីសម្រេច​របស់​អង្គបុរេជំនុំជម្រះ គឺជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ពោលគឺ គូវិវាទ​មិនអាច​ប្តឹង​ឧទ្ធរណ៍​ជំទាស់នឹង​សេចក្តីសម្រេច​របស់​អង្គបុរេ​ជំនុំជម្រះ​បានទេ។

ក្នុងករណី​ដែល​អង្គបុរេជំនុំជម្រះ​មិនអាច​រក​សំឡេង​គាំទ្រ​គ្រប់៤​សំឡេង​ទេ​នោះ ការ​ស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើបន្ត។ ឧបមាថា សហព្រះរាជអាជ្ញា​មាន​យោបល់​ផ្ទុយគ្នា​ក្នុង​ការកំណត់​ជនសង្ស័យ​ឈ្មោះ “ក” ដោយ​ព្រះរាជអាជ្ញា​មួយរូប​ថា ត្រូវធ្វើការ​ចោទប្រកាន់​​ ឯមួយទៀត​​មិនយល់​ស្រប។ សហព្រះរាជអាជ្ញា​​ដែល​មិនយល់ស្រប​​ប្តឹងទាស់ទៅ​អង្គ​បុរេជំនុំជម្រះ ដើម្បី​ដោះស្រាយ​វិវាទ​នេះ ក៏ប៉ុន្តែ អង្គបុរេជំនុំជម្រះ​ក៏​មិនអាច​រក​សំឡេង​ភាគច្រើន​ ដើម្បី​សម្រេចសេចក្តី​បាន។ ក្នុងករណីនេះ ការ​ចោទប្រកាន់​លើ​បុគ្គល “ក” នឹង​ត្រូវ​បន្តធ្វើ។

នៅពេលដែល​សហព្រះរាជអាជ្ញា​សម្រេច​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​បាន​ធ្វើ​ការ​ស៊ើបអង្កេតបឋម​រួច​ហើយ សហព្រះរាជអាជ្ញា​អាច​បញ្ជូន​សំណុំរឿងនេះ ទៅឲ្យ​សហចៅក្រម​ស៊ើបអង្កេត តាមរយៈដីកា​សន្និដ្ឋាន​បញ្ជូនរឿង​ឲ្យ​ស៊ើបសួរ។ គឺ​សហចៅក្រម​ស៊ើបអង្កេត​នេះឯង​ ដែលជាអ្នកមាន​អំណាច​សម្រេច​ថា​ តើ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ទៅលើ​ជនសង្ស័យ​នេះដែរទេ។ ការសម្រេចនេះ​អាច​ធ្វើ​ទៅ​បាន​ លុះត្រាតែមាន​ការឯកភាពគ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប។ ក្នុងករណី​ដែល​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប​មាន​យោបល់​ផ្ទុយគ្នា គេ​អាច​ប្តឹង​ទៅ​អង្គបុរេជំនុំជម្រះ​បាន ពោលគឺ​ អនុវត្តតាម​នីតិវិធី ដូចគ្នា​ទាំងស្រុង​នឹង​ករណី​ខ្វែងគំនិតគ្នា​រវាង​សហព្រះរាជអាជ្ញា។

និយាយជារួម តុលាការ​ខ្មែរក្រហម​ប្រកាន់យក​នូវ​គោលការណ៍​មួយថា រាល់​ការ​ចោទប្រកាន់ ឬ​ការ​ស៊ើបអង្កេត ដែល​កំពុង​ដំណើរការ​ ត្រូវតែ​បន្តទៅមុខ​ជាប់រហូត។ គេអាច​បញ្ឈប់​នីតិវិធី​នេះបាន លុះត្រាតែ​មាន​ការព្រមព្រៀង​ពី​សហព្រះរាជអាជ្ញាទាំងពីរ​រូប ឬ​សហចៅក្រម​ស៊ើបអង្កេត​ទាំងពីររូប​ឬ​ក៏​ត្រូវ​មានសំឡេង​​ភាគច្រើន នៅក្នុងអង្គបុរេជំនុំជម្រះ។ ការអនុវត្តន៍​យក​គោលការណ៍បែបនេះ គឺដើម្បីចៀសវាង​ការជាប់គាំង​ក្នុង​នីតិវិធី​តុលាការ។

នៅក្នុងដំណើរការស៊ើបអង្កេត សហចៅក្រម​ស៊ើបអង្កេត​​មានសិទ្ធិ​ក្នុងការ​ចេញដីកា​នាំខ្លួន​ជនសង្ស័យ ដើម្បី​មកសាកសួរ និង​អាច​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​បាន ប្រសិនបើ​មានការ​ចាំបាច់។ ជនជាប់សង្ស័យ​អាច​ប្តឹងជំទាស់​នឹង​សេចក្តីសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ ទៅ​អង្គបុរេជំនុំជម្រះ​បាន ដូចដែល​យើង​បានឃើញ កាំង ហ្កិចអៀវ ហៅ ឌុច ខៀវ សំផន នួន ជា អៀង សារី និង អៀង ធីរិទ្ធិ ធ្លាប់បាន​ធ្វើ​កន្លងមក​ហើយ។

នៅចុងបញ្ចប់​នៃ​ការ​ស៊ើបអង្កេត ប្រសិនបើ​សហចៅក្រម​ស៊ើបអង្កេត​មិនអាច​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទេនោះ សហចៅក្រម​នឹង​ចេញ​ដីកា​លើកលែង​ការ​ចោទប្រកាន់​ ហើយ​សំណុំរឿង​នឹងត្រូវ​បិទបញ្ចប់។ ក៏ប៉ុន្តែ សហព្រះរាជអាជ្ញា​អាច​ប្តឹងទាស់​នឹង​សេចក្តីសម្រេច​នេះបាន។

ក្នុងករណីផ្ទុយពីនេះវិញ ប្រសិនបើ​សហចៅក្រម​ស៊ើបអង្កេត​​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ សហចៅក្រម​នឹង​ចេញ​ដីកា​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនសង្ស័យ ចំពោះ​បទល្មើស​ណាមួយ​ជាក់លាក់ ហើយ​បញ្ជូន​សំណុំរឿង​នេះ​ទៅឲ្យ​ចៅក្រម​សាលាដំបូង​ជា​អ្នក​បើក​សវនាការ​ជំនុំជម្រះ។

គឺ​ចៅក្រម​សាលា​ដំបូង​នេះហើយ ដែល​មាន​សិទ្ធិសម្រេច​ថា តើ​ជនជាប់ចោទ​ពិតជា​មានទោស ដូច​ការ​ចោទប្រកាន់​ដែរ​ឬ​ទេ។ រាល់​សេចក្តីសម្រេច​របស់​សាលាដំបូង​អាច​ធ្វើទៅ​បាន ​លុះត្រាតែ​មាន​សំឡេង​គាំទ្រ​យ៉ាងតិច ៤សំឡេង ក្នុង​ចំណោម​ចៅក្រម​ទាំង៥រូប។ នេះ​មានន័យ​ថា បើទោះជា​ចៅក្រមខ្មែរ​មាន​ច្រើនជាង​ចៅក្រម​បរទេស ក៏ដោយ ក៏ប៉ុន្តែ ចៅក្រម​ខ្មែរ​តែ​ម្ខាង​មិនអាច​សម្រេចសេចក្តី​បានទេ ប្រសិនបើ​គ្មានការ​គាំទ្រ​ពី​សំណាក់​ចៅក្រម​បរទេស​យ៉ាងតិច​មួយរូប​ទេនោះ។

នីតិវិធី​នៃ​ការ​ចេញ​សេចក្តីសម្រេច​នេះ ក៏​ត្រូវអនុវត្ត​ដូចគ្នា​ដែរ ចំពោះ​តុលាការ​កំពូល។ រាល់ការ​សម្រេចសេចក្តី​នៅ​តុលាការ​កំពូល​ ត្រូវតែ​ធ្វើឡើង​តាមរយៈ​សំឡេងគាំទ្រ​យ៉ាងតិច ៥សំឡេង ក្នុង​ចំណោម​ចៅក្រម​ទាំង ៧​រូប ពោលគឺ​ ត្រូវមានការគាំទ្រ​​ពីសំណាក់​ចៅក្រម​បរទេស​យ៉ាងតិច​មួយរូប ទើប​ការ​សម្រេចសេចក្តី​នេះ​អាច​ធ្វើទៅបាន៕

ប្រភព៖ RFI  (http://www.khmer.rfi.fr/khmer-rouge-road-toward-armed-struggle )

កាលពី​សប្តាហ៍​មុន លោកអ្នកស្តាប់​បាន​ជ្រាប​រួចមក​ហើយ អំពី​ដើមកំណើត​របស់​ចលនា​កុម្មុយនិស្ត​ខ្មែរ និង​ការតស៊ូ​តាមផ្លូវ​នយោបាយ នៅកម្ពុជា។ នៅថ្ងៃ​នេះ សេង ឌីណា នឹង​រៀបរាប់​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​ជំរុញឲ្យ​ពួក​កុម្មុយនិស្ត​ខ្មែរ បោះបង់​ការ​តស៊ូ​តាមផ្លូវ​នយោបាយ ហើយ​រត់ចូលព្រៃ ធ្វើការ​តស៊ូ​ដោយ​ប្រដាប់អាវុធ​វិញ។

នៅ​ឆ្នាំ១៩៦២ មេដឹកនាំ​របស់​បក្ស​ប្រជាជន​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ក្នុងនោះ​រួមមាន​មេដឹកនាំ​សំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្ស​ពលករ​កម្ពុជា​ក៏បាន​សម្រេចចិត្ត​រំលាយ​បក្ស​ប្រជាជន​ចោល ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​កុម្មុយនិស្ត​លែងមាន​ឧបករណ៍​សម្រាប់​ធ្វើ​ការ​តស៊ូ​ផ្នែក​នយោបាយ​ទៀត។

ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើង​មកដឹកនាំបក្ស

ក្នុង​ពេល​ជាមួយ​គ្នានោះ រចនាសម្ព័ន្ធ​របស់​បក្ស​ពលករ​កម្ពុជា​បាន​ជួប​នឹង​របត់​មួយ​យ៉ាង​សំខាន់។ ទូ សាមុត ដែល​ជា​លេខាបក្ស បាន​បាត់ខ្លួន​ដោយ​មិនដឹង​មូលហេតុ។ យោងតាម​លោក Ben Kiernanសាឡុត ស និង​បក្ខពួក​ទំនងជា​មាន​ជាប់​ទាក់ទង​នឹង​ការបាត់ខ្លួន​របស់ ទូ សាមុត នេះ។ នៅក្នុង​មហាសន្និបាត​ខែ​កុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​ជំនួស ទូ សាមុត ដោយ​រំលង នួន ជា ដែលជា​អនុលេខាបក្ស។ ឯ អៀង សារី ក៏​ឡើង​ជា​មេដឹកនាំ​លំដាប់​ទី​បី​ក្នុង​បក្ស។ សោ ភឹម, វ៉ន វេត, សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុង​ចំណោម​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស។ ចំណែក​អតីត​មេដឹកនាំ​ចាស់ៗ ដូច​ជា នន សួន និង កែវ មាស ជាដើម ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​រចនាសម្ព័ន្ធ​ថ្មី​នេះ។

នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នានោះ បាតុកម្ម​ហិង្សា​មួយ​បាន​កើតឡើង​នៅ​ខេត្ត​សៀមរាប។ បាតុករ​ដែល​ជា​សិស្ស និង​និស្សិត​បាន​នាំគ្នា​រិះគន់​យ៉ាង​ខ្លាំងក្លា​ដល់​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម និង​សម្តេច នរោត្តម សីហនុ។ បាតុករ​ថែមទាំង​បាន​ដុត​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះអង្គ​ទៀត​ផង។ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ពួក​កុម្មុយនិស្ត​ថា​ជាអ្នក​នៅ​ពីក្រោយ​បាតុកម្ម​នេះ។ សម្តេច នរោត្តម សីហនុ ​ក៏​បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល​ចោល ដោយ​លើក​ហេតុផល​ថា បើ​មតិ​សាធារណៈ​គាំទ្រ​ពួក​ឆ្វេង​និយម​ដូចនេះ គួរឲ្យ​ពួក​ឆ្វេងនិយម​​មក​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​ម្តង​វិញ។ ព្រះអង្គ​បាន​ចុះផ្សាយ​បញ្ជី​ឈ្មោះ​ឥស្សរជន​នយោបាយ​ឆ្វេង​និយម ចំនួន​៣៤រូប ដែល​ព្រះអង្គ​ចង់​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ។ ក្នុង​ចំណោម​៣៤រូបនេះ ក៏​រួមមាន​ទាំង​មេដឹកនាំ​ជាន់​ខ្ពស់​របស់​បក្ស​ពលករ​កម្ពុជា​ផងដែរ។ ក៏ប៉ុន្តែ មិនមាន​អ្នកណា​ម្នាក់​ហ៊ាន​ចេញមុខ​តាម​ការអំពាវនាវ​នេះ​ទេ ដោយ​ខ្លាច​ថា​ជា​អន្ទាក់​របស់​សម្តេច នរោត្តម សីហនុ ឲ្យ​ពួកគេ​បង្ហាញ​មុខ ដើម្បី​លបសម្លាប់​ពួកគេ​ចោល។ សាឡុត ស និង អៀង សារី ក៏​រត់ចេញ​ពី​ក្រុង​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុងព្រៃ នៅក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម នៅ​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​សម្ងាត់​ថា “ការិយាល័យ១០០” ដោយ​មាន​ការ​ការពារ​ពីសំណាក់​វៀតណាម។

ទស្សនកិច្ច​របស់​សាឡុត ស នៅ​វៀតណាម​និង​ចិន
 
នៅ​អំឡុង​ចុង​ឆ្នាំ១៩៦៤ ដើម​ឆ្នាំ១៩៦៥ សាឡុត ស និង​មេដឹកនាំ​បក្ស​មួយ​ចំនួន​ទៀត បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង ចាកចេញ​ពី​ការិយាល័យ១០០ ឆ្ពោះទៅ​ទីក្រុង​ហាណូយ។ ក្រៅពី​ជួប​ជាមួយ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​នៅ​ទី​នោះ សាឡុត ស ក៏បាន​ជួប​ចរចា​ដោយ​សម្ងាត់​ជាមួយ​មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​ផង​ដែរ អំពី​ផែនការ​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គម​រាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​បាន​ជំទាស់​នឹង​ផែនការ​នេះ។

ចេញ​ពី​ក្រុង​ហាណូយ សាឡុត ស បាន​បន្ត​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង និង​ក្រុង​ព្យុងយ៉ាង​ទៀត។ ប៉ុន្តែ​ដំណើរ​នេះ​ធ្វើ​ឡើង​ដោយ​លាក់ការណ៍​បំផុត។ គេ​មិន​បាន​ដឹង​ថា​តើ សាឡុត ស បាន​ជជែក​អំពី​អ្វីខ្លះ​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​​ចិន​នោះទេ។ ប៉ុន្តែ បើ​មើល​ទៅលើ​បរិបទ​នយោបាយ​នៅ​ពេល​នោះ និង​ឥរិយាបថ​របស់ សាឡុត ស ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ គេ​អាច​សន្និដ្ឋាន​បាន​ថា ចិន​ប្រហែលជា​បាន​គាំទ្រ​នយោបាយ​របស់ សាឡុត ស ច្រើនជាង​វៀតណាម។ ចិន​ដែល​នៅ​ពេល​នោះ​កំពុង​តែ​មាន​ទំនាក់ទំនង​តានតឹង​ខ្លាំង​ជាមួយ​សហភាព​សូវៀត ​ឆ្លៀត​បង្កើន​ឥទ្ធិពល​លើ​ពួក​កុម្មុយនិស្ត​ខ្មែរ ប្រជែង​ជាមួយ​នឹង​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សូវៀត។

“បក្សពលករកម្ពុជា” ប្តូរឈ្មោះ​ទៅជា “បក្ស​កុម្មុយនិស្ត​កម្ពុជា”

ក្រោយពី សាឡុត ស ត្រឡប់​ពី​ចិន មកការិយាល័យ​១០០​វិញ បក្ស​ពលករ​កម្ពុជា​ក៏​បាន​ចាប់ផ្តើម​បង្ហាញ​នូវ​នយោបាយ​ឯករាជ​ពី​វៀតណាម​កាន់តែ​ខ្លាំងឡើងៗ។ នៅ​ខែ​កញ្ញា ឆ្នាំ១៩៦៦ បក្សពលករ​កម្ពុជា ថែមទាំង​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា “បក្ស​កុម្មុយនិស្ត​កម្ពុជា” ទៀតផង ដើម្បី​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា បក្ស​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ពេលនោះ​មានឈ្មោះ​ថា “បក្ស​ពលករ​វៀតណាម”។ ទីតាំង​ធំ​របស់​ពួក​ខ្មែរក្រហម ក៏​ត្រូវបាន​រើចេញ​ពី​ការិយាល័យ​១០០ ទៅតាំង​នៅក្នុង​ខេត្ត​រតនគិរី​វិញ ដោយ​ដាក់ឈ្មោះ​ថា “ការិយាល័យ​១០២”។

ពួក​ខ្មែរក្រហម ដែល​បាន​បោះបង់ចោល​ការ​តស៊ូ​ផ្នែក​នយោបាយ​តាំង​ពី​ឆ្នាំ១៩៦២​មក​នោះ បាន​បង្កើន​ការ​វាយប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​រដ្ឋាភិបាល​សង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួក​គេ​នៅ​មិន​ទាន់​សម្រេច​បើក​ការ​តស៊ូ​ប្រដាប់​អាវុធ​នៅ​ឡើយ​ទេ រហូតដល់​ក្រោយ​ការបះបោរ​នៅ​សំឡូត​ ទើប​ពួក​ខ្មែរក្រហម​ឈាន​ចូលដល់​ដំណាក់កាល​តស៊ូ​ប្រដាប់​អាវុធ។

ការបះបោរ​នៅ​សំឡូត

មូលហេតុ​ដែល​នាំឲ្យមាន​ការបះបោរ​នៅ​សំឡូត នៅ​ឆ្នាំ១៩៦៧ គឺ​កើត​ចេញ​ពី​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្នុង​ការ​ប្រមូល​ទិញ​ផលស្រូវ។

នៅ​ចន្លោះ​ឆ្នាំ១៩៦៥ និង​ឆ្នាំ១៩៦៦ កសិករ​ខ្មែរ​បាន​លួច​លក់​ស្រូវ​ទៅឲ្យ​កងទ័ព​វៀតណាម​ខាងជើង​ដែល​ឲ្យថ្លៃ​ខ្ពស់​ជាង​រដ្ឋាភិបាល ដែល​ជាហេតុ​នាំឲ្យ​រដ្ឋាភិបាល​បាត់បង់​ប្រាក់ចំណូល​ដែល​បាន​មកពី​ការ​នាំចេញ​ស្រូវ។

នៅ​ឆ្នាំ១៩៦៦ រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដាច់ខាត​ឲ្យ​ប្រជាកសិករ​លក់ស្រូវ​ជូនរដ្ឋ ហើយ​ថែមទាំង​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យចុះ​ទៅ​ប្រមូល​ទិញ​ស្រូវ​នៅ​តាម​ទី​ជនបទ​ទៀតផង។

នៅ​ឆ្នាំ១៩៦៧ ​លន់ នល់ ដែលជា​នាយករដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ផ្តោត​ការ​ប្រមូល​ទិញ​ស្រូវ​នៅក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ជង្រុក​ស្រូវ​យ៉ាង​ធំ​របស់​ប្រទេស​កម្ពុជា។ មិនយូរ​ប៉ុន្មាន​ការ​ប្រឈមមុខគ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល និង​ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង​ក៏បាន​កើតឡើង។ ពួក​សកម្មជន​កុម្មុយនិស្ត​ប្រចាំ​ខេត្ត​បាត់ដំបង ក៏បាន​ឆ្លៀត​ពេលនោះ ជំរុញ​ការ​បះបោរ​ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែមទៀត ដោយ​បាន​បាច​ខិត្តប័ណ្ណ​ចោទ​រដ្ឋាភិបាល​ថា ប្រមូល​ទិញ​ស្រូវ​ ដើម្បី​យក​ទៅ​លក់ឲ្យ​អាមេរិក។

នៅ​ថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរ​ដ៏​ធំ​មួយ​ក៏​បាន​កើត​ឡើង​នៅ​ស្រុក​សំឡូត ក្នុង​ខេត្ត​បាត់ដំបង។ ប្រជាជន​ប្រមាណ​២០០នាក់​​ ដោយ​មាន​កាន់​បដា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​នោះ បាន​ធ្វើ​ការ​វាយប្រហារ​លើ​ទីតាំង​រដ្ឋាភិបាល​មួយ​នៅ​សំឡូត។ ក្រុម​បះបោរ​បាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​ចំនួន​ពីរ​នាក់ ហើយ​ដណ្តើម​បាន​កាំភ្លើង​មួយ​ចំនួន​ផង។ ភាពចលាចល​នេះ​បាន​រាលដាល​ទៅ​ភូមិ​ផ្សេងៗ​ទៀត នៅ​ក្បែរ​នោះ រហូត​ដល់​មាន​ការ​បង្រ្កាប​ពី​ទាហាន​រដ្ឋាភិបាល​។ ក្រុម​បះបោរ​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន និង​វាយដំ​សួរចម្លើយ។ ចំណែក​មួយ​ចំនួន​ទៀត​បាន​រត់​គេចខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ។

នៅ​ភ្នំពេញ​ឯណោះ​វិញ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម ថា​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​បះបោរ​នៅ​សំឡូត​ ហើយ​បាន​គំរាម​ថា​នឹង​បញ្ជូន​អ្នកទាំងបីរូប​នេះ​ទៅឲ្យ​តុលាការសឹក​កាត់ទោស។ ខ្មែរ​កុម្មុយនិស្ត​ទាំង​បី​នាក់​នេះ​ក៏​បាន​លួចរត់​ចេញពី​ភ្នំពេញ​ ដើម្បី​គេចចេញ​ពី​ការ​កាត់ទោស​នេះ។ ក្រោយ​មក លន់ នល់ បាន​អះអាង​ថា អ្នកទាំងបីនាក់​នេះ​បាន​ស្លាប់​បាត់​ទៅហើយ។ ហេតុ​ដូចនេះហើយ​បាន​ជា​ពេល​ដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខ​សាជាថ្មី​នៅក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម គេ​បាន​ហៅ​អ្នក​ទាំង​បី​នាក់​នេះ​ថា​ជា “ខ្មោចទាំងបី”។

ខ្មែរក្រហម​នៅ​ពីក្រោយ​ការបះបោរ​នៅ​សំឡូត?

នៅក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “បងទី១ ប៉ុល ពត” លោក David Chandler បាន​សរសេរ​ថា ពួក​មេដឹកនាំ​ខ្មែរក្រហម​មិនមែន​ជាអ្នក​នៅ​ពីក្រោយ​អំពើ​បះបោរ​នៅ​សំឡូត​ទេ។ ពួកគេ​មិនទាំង​បានដឹង​ជាមុនផង​ថា​នឹងមាន​អំពើ​បះបោរ​បែបនេះ​កើតឡើង។ ក៏ប៉ុន្តែ ដំណឹង​អំពី​ព្រឹត្តិការណ៍​នៅ​សំឡូត​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម​មើលឃើញ​កាន់តែ​ច្បាស់​នូវ​កម្លាំង​បដិវត្តន៍​របស់​ប្រជាជន​កម្ពុជា។ បន្ថែម​ពីលើ​នេះ​ទៅទៀត ប្រតិបត្តិការ​តាម​កម្ទេច​ក្រុម​បះបោរ ពី​សំណាក់​ទាហាន​រដ្ឋាភិបាល បាន​រាលដាល​ទៅ​កន្លែង​ផ្សេងៗទៀត​ធ្វើឲ្យ​ពួក​កុម្មុយនិស្ត​លែងមាន​កន្លែងជ្រក ក្រៅតែ​ពី​រត់ចូល​ក្នុង​ព្រៃ​ធ្វើការតស៊ូ​ដោយ​ប្រដាប់​អាវុធ ដើម្បី​បន្ត​បដិវត្តន៍​របស់​ពួកគេ​តទៅ​ទៀត។

នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុម​ខ្មែរក្រហម​មួយក្រុម​បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​ទាហាន​រដ្ឋាភិបាល​មួយ​កន្លែង ស្ថិតក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង ដោយ​ដណ្តើម​បាន​កាំភ្លើង​៣២ដើម។ ពួក​ខ្មែរក្រហម​បាន​អបអរសាទ​ជោគជ័យ​របស់​ពួក​គេ ដោយ​កំណត់​យក​ថ្ងៃនោះ​ថា​ជា​ថ្ងៃចាប់ផ្តើម​ការតស៊ូ​ប្រដាប់​អាវុធ​របស់​ខ្លួន និង​ជាថ្ងៃ​បង្កើត​កងទ័ព​បដិវត្តន៍​របស់​ពួកគេ។ ក្រោយមក​ការ​វាយឆ្មក់​ស្រដៀងៗគ្នានេះ​ក៏បាន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត​ក្រៅពី​ខេត្ត​បាត់ដំបង។

ទោះជាយ៉ាងនេះ​ក៏ដោយ ចាប់​ពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១៩៧០ កងទ័ព​ខ្មែរក្រហម​គ្រាន់តែ​ជា​កងឧទ្ទាម​តូចតាច​មួយប៉ុណ្ណោះ។ អាវុធ​យុទ្ធភ័ណ្ឌ​ក៏​មិនសូវ​ជា​មាន​អ្វី​ធំដុំ​ប៉ុន្មាន​ដែរ។ ការទម្លាក់​សម្តេច នរោត្តម សីហនុ នៅ​ឆ្នាំ១៩៧០ គឺជា​របត់​ដ៏សំខាន់​មួយ​សម្រាប់​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម៕

ប្រភព៖ RFI   (http://www.khmer.rfi.fr/origin-of-cambodia-communist-party)

មុននឹង​បង្កើត​ជា​គណបក្ស​កុម្មុយនិស្ត​កម្ពុជា ចលនាកុម្មុយនិស្ត​ខ្មែរ គឺ​ជា​ផ្នែក​មួយ នៃ​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន របស់​ ហូ ជីមិញ។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុម្មុយនិស្ត​ខ្មែរ​បាន​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដោយ​បង្កើត​ជា​គណបក្ស​ខ្លួនឯង មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។

បក្សកុម្មុយនិស្ត​ឥណ្ឌូចិន
 
លទ្ធិកុម្មុយនិស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹង​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនិស្ត​មួយ​ដែរ គឺ “បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន” ដែល​​បង្កើត​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាម​លោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជា​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​ សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​ចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺន ង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា​ខ្មែរ​ឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់​ មិនមែន​ជា​មនុស្ស​កុម្មុយនិស្ត​ទេ។

បក្សប្រជាជន​បដិវត្តន៍កម្ពុជា
 
នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំង​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះ​ថា “សមាគម​ខ្មែរ​ឥស្សរៈ” ទៀតផង ជាហេតុ​នាំឲ្យ​មាន​ការ​ភាន់ច្រលំ មិនដឹង​មួយណា​ជា​ខ្មែរ​ឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ឲ្យ​ទៅជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា “បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា”។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បណ្តោះអាសន្ន​មួយ ដែល​មាន សឺន ង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូតដល់​ឆ្នាំ១៩៦០ ក្រុមខ្មែរ​កុម្មុយនិស្ត​មិន​បាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ផ្លូវការ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ដាច់ស្រឡះ​ពី បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសាខ្មែរ។

បក្សពលករកម្ពុជា

ក្រោយពី​សន្និសីទ​ក្រុងហ្សឺណែវខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​​នៅលើ​ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក៏​បែកខ្ញែក​គ្នា​ជា​បីក្រុម៖

  • មួយក្រុម ​រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។
  • ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​ នៅក្នុង​ប្រទេស​កម្ពុជា។
  • ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម​ បាន​បង្កើត​ជា​គណបក្ស​ស្របច្បាប់​មួយ ឈ្មោះ​ថា “គណបក្ស​ប្រជាជន” ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅតែ​បន្ត​ទាក់ទងគ្នា​ជា​ប្រចាំ។

ការណ៍​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​មួយប៉ែក​​រត់ទៅ​ប្រទេស​វៀតណាម និង​មួយប៉ែកទៀត​ នៅក្នុង​ប្រទេស​កម្ពុជាបែបនេះ ទំនង​​ជា​មូលហេតុ​ចម្បង​ ដែល​នាំឲ្យ​មាន​ការ​កាប់សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅអំឡុង​ឆ្នាំ១៩៧៥ ដល់​១៩៧៩ រហូតដល់​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម​ដែល​រត់ទៅ​វៀតណាម​ នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុងស្រុក ដែល​ជា​អតីត​សហការី។

នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំ​ក្រោយ​ពី​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​កម្ពុជា ​ប៉ុន្តែ បាន​ប្តូរ​ឈ្មោះ​បក្ស​ទៅជា “បក្ស​ពលករ​កម្ពុជា”​ វិញ។ បក្សថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​នេះ​ដែរ។

បក្សកុម្មុយនិស្តកម្ពុជា

នៅ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ បក្ស​កុម្មុយនិស្ត​កម្ពុជា” វិញ។

សម្រាប់​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែ​កញ្ញា ឆ្នាំ១៩៦០​ ទើប​ជា​ការ​ចាប់ផ្តើម​ពិតប្រាកដ​​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ។ ពួក​ខ្មែរក្រហម​​ធ្វើបែបនេះ ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់ស្រឡះ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​ជា​ប្រភពដើម​របស់​ខ្លួន​ ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ការតស៊ូ​​តាមផ្លូវនយោបាយ​​ក្រោមរូបភាព “បក្សប្រជាជន”

នៅ​ក្នុងការតស៊ូ​ផ្នែកនយោបាយ នៅចន្លោះ​ទសវត្សរ៍​ទី៥០ និង​៦០ ខ្មែរកុម្មុយនិស្ត​បាន​ចែកចេញ​ជា​បីក្រុម​ធំៗ៖

មួយក្រុម​បាន​ធ្វើ​សកម្មភាព​ជាចំហ ក្នុងឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន ដែល​​ពួកគេ​បាន​បង្កើត​ឡើង​ដោយស្របច្បាប់​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៥៥។ បើទោះជា​បាន​បង្កើត​បក្ស​ពលករ​​ជាផ្លូវការ នៅ​ឆ្នាំ​១៩៦០​​ហើយ​ក៏ដោយ ក៏​ប៉ុន្តែ ពួក​កុម្មុយនិស្ត​នៅតែ​​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ដោយ​ប្រើ​ឈ្មោះ​បក្ស​ប្រជាជន​ដដែល ដោយទុក​បក្ស​ពលករ​ជា​ការណ៍​សម្ងាត់។

ពួកខ្មែរកុម្មុយនិស្ត​ក្រុម​ទីពីរ ទៅ​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន អ្នកនិពន្ធ ឬ​អ្នកកាសែត​ ជាដើម ដោយ​​លាក់​មិនឲ្យ​គេដឹង​ថា​ពួកគេ​ជា​សមាជិក​របស់​​បក្ស​​កុម្មុយនិស្ត​​នោះទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​​រើស​​សមាជិក​​ថ្មី​ឲ្យចូល​​បក្ស និង​បង្កើត​ជា​សាខាបក្ស​តូចៗ​ នៅ​តាម​កន្លែង​ដែល​ពួកគេធ្វើការ។ ក្រុមនេះ​ថែមទាំង​បាន​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់ខ្លួន​ទៀតផង ដោយ​ដាក់​ឈ្មោះថា “វិទ្យាល័យ​កម្ពុជបុត្រ”។

ចំណែកក្រុមទីបី ​ពួកគេ​បាន​ប្រឡូកចូល​ធ្វើ​នយោបាយ ដោយ​ជ្រក​ក្រោម​ឈ្មោះ​ចលនា​សង្គមរាស្រ្តនិយម​របស់​សម្តេច នរោត្តម សីហនុ។

មូលហេតុនៃ​បរាជ័យ​របស់​បក្សប្រជាជន​ក្នុងការបោះឆ្នោតជាតិ

ក៏ប៉ុន្តែ នៅគ្រប់​ការ​បោះឆ្នោត​ទាំងអស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មកទៀត បក្ស​ប្រជាជន​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ដោយ​រក​មិនបាន​មួយ​អាសនៈ​ផង នៅក្នុង​សភាជាតិ។ លើកលែងតែ​ខ្មែរ​កុម្មុយនិស្ត​៣នាក់​ ដែល​បាន​ទៅ​ជ្រក​ក្រោម​ឈ្មោះ​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង៣​នាក់​នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត​ នៅ​ឆ្នាំ​១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោត​នៅឆ្នាំ​១៩៦២។

បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ អាច​បណ្តាល​មក​ពី​កត្តា​ធំៗបី៖

កត្តាទីមួយ (ដូច​ខ្ញុំ​បាន​ជម្រាបជូន​លោក​អ្នកស្តាប់​រួច​មកហើយ​ថា) ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បាន​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម។ ក្រោយ​ពេល​ដែល​បារាំង​បាន​ផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ក៏​លែង​មានន័យ​តទៅទៀត។ កុំថាឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បីតែ​ក្នុង​ចំណោម​សមាជិក​ចលនា​កម្មុយនិស្ត​ខ្មែរ​ខ្លួនឯង​ ក៏មាន​ខ្លះ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ខ្លួនឯង​ដែរ​ថា​ តើ​ពួកគេ​តស៊ូ​ដើម្បី​អ្វីទៀត បើ​ពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀតហើយ​នោះ?

កត្តាទីពីរ នៅឆ្នាំ​១៩៥៥ សៀវ ហេង ដែល​ជា​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជា​រនុកក្នុង​របស់​ចលនា​សង្គម​រាស្រ្ត​និយម ដោយនៅ​បន្ត​កាន់តំណែង​កំពូល​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល រហូតដល់​ឆ្នាំ​១៩៥៩។ យោងតាម​លោកស្រី Elizabeth Beckerក្នុង​អំឡុងពេល​នោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ចលនា​កម្មុយនិស្ត​ខ្មែរ ដែល​ជួយឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ធ្វើការ​បំបែក​សម្បុក​សម្ងាត់​របស់​ពួក​កម្មុយនិស្ត។

កត្តាទីបី ដែល​នាំឲ្យ​បក្ស​ប្រជាជន​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម។ នៅ​រាល់​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជាច្រើន​នាក់ រួមទាំង​បេក្ខជន​តំណាងរាស្រ្ត​ផង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​សមាជិក​ខ្លះទៀត​ត្រូវ​គេ​លប​ធ្វើឃាត។ រហូតដល់​មាន​ពេលខ្លះ ដូចជា នៅ​ឆ្នាំ​១៩៥៨ ជាដើម កែវ មាស ដែល​ជា​បេក្ខជន​តែមួយគត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំចិត្ត​លាក់ខ្លួន ​មិនហ៊ាន​ទាំង​ចេញមក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង។

ទោះជា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ក៏ដោយ ក្រុមខ្មែរ​កុម្មុយនិស្ត​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់ខ្លួន​តទៅទៀត។ សូម្បីតែ​ក្រោយពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ ហើយ​ក៏ដោយ ក៏​ពួក​កុម្មុយនិស្ត​បាន​សម្រេច​រក្សាទុក​បក្ស​ប្រជាជន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ម្តងទៀត​ នៅ​ឆ្នាំ១៩៦២។ រហូតដល់​ឆ្នាំ​១៩៦៧ ទើប​ពួក​ខ្មែរ​កុម្មុយនិស្ត​សម្រេចចិត្ត​ចាប់យក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ​វិញម្តង៕

ប្រភព៖ RFI (http://www.khmer.rfi.fr/khmer-rouge-after-1970-coup)

ចាប់តាំង​ពី​បាន​សម្រេច​ចិត្ត​បើក​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ នៅ​ឆ្នាំ​១៩៦៧ រហូត​មក​ទល់​នឹង​ឆ្នាំ១៩៧០ ពួក​ខ្មែរ​ក្រហម​​មាន​ទាហាន​តិចតួច​បំផុត។ ទាហាន​ទាំង​នោះ​សោត​ក៏​មិន​បាន​ទទួល​​កា​រហ្វឹកហ្វឺន និង​បំពាក់​អាវុធ​យុទ្ធភ័ណ្ឌ​អ្វី​ធំដុំ​ដែរ។ ក៏​ប៉ុន្តែ ក្រោយ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម ទៅ​ចូលរួម​ក្នុង​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​សម្តេច នរោត្តម សីហនុ ក្រោយ​ពី​ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​មក កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង និង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ផង។

ពីសត្រូវ​ក្លាយ​មក​ជា​មិត្ត

នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​សម្តេច នរោត្តម សីហនុ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត លន់ នល់ និង​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បាន​រៀបចំ​ឲ្យ​រដ្ឋសភា​ជាតិ​ធ្វើ​ការ​បោះឆ្នោត​ទម្លាក់​ព្រះអង្គ​ចេញ​ពី​តំណែង​ជា​ប្រមុខ​រដ្ឋ។

ចាក​ចេញ​ពី​ម៉ូស្គូ សម្តេច នរោត្តម សីហនុ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ក្នុង​អំឡុង​ពេល​នោះ គណៈប្រតិភូ​មួយ​ក្រុម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា ដឹកនាំ​ដោយ សាឡុត ស ដែល​ទើប​តែ​បញ្ចប់​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ក៏​កំពុង​ស្ថិត​នៅ​ក្រុង​ប៉េកាំង​ដែរ។

ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង សម្តេច នរោត្តម សីហនុ បាន​ប្រកាស​បង្កើត​ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​មួយ ហើយ​ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់​ចូល​ព្រៃ​កាន់​អាវុធ​ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប លន់ នល់។ ​ខ្មែរក្រហម ដែល​ជា​អតីត​គូ​សត្រូវ​របស់​ព្រះអង្គ​ក៏​បាន​ចូល​រួម​ក្នុង​រណសិរ្ស​រួបរួម​ជាតិ​នេះ​ដែរ។
 
ចិន​ ជើង​មួយ​ចង់​ជាន់​ទូក​ពីរ

បើ​យោងតាម​សៀវភៅ​របស់​​លោក​ស្រី Elizabeth Beckerដែល​មាន​ចំណង​ជើង​ថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិន​​បាន​សម្តែង​ការ​គាំទ្រ​ដល់​​សម្តេច នរោត្តម សីហនុ និង​ពួក​ខ្មែរ​ក្រហម​ ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា បែរ​ជា​បាន​បញ្ជូន​តំណាង​ពិសេស​របស់​ខ្លួន​ឲ្យ​មក​ចរចា​​ជាមួយ​ លន់ នល់​ទៅ​វិញ។ ​ក្នុង​ការ​ចរចា​នោះ ចិន​បាន​សន្យា​ថា​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ លន់ នល់ ប្រសិន​បើ​​គាត់​យល់​ព្រម​តាម​លក្ខខណ្ឌ​ចំនួន​បី។ ទី​មួយ អនុញ្ញាត​ឲ្យ​ចិន​ដឹក​ជញ្ជូន​សព្វាវុធ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​ឲ្យ​វៀតណាម។ ទីពីរ អនុញ្ញាត​ឲ្យ​វៀតណាម​តាំង​ទ័ព​នៅ​លើ​ទឹកដី​កម្ពុជា។ ទីបី ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ សម្តែង​ការ​គាំទ្រ​ជា​ផ្លូវការ​ដល់​ពួក​កុម្មុយនិស្ត​វៀតណាម។

ឥរិយាបថ​របស់​ចិន​នេះ​បង្ហាញ​ថា អាទិភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នោះ​គឺ​បដិវត្តន៍​របស់​ពួក​កុម្មុយនិស្ត​វៀតណាម មិន​មែន​កុម្មុយនិស្ត​ខ្មែរ​នោះ​ទេ។ ក្រុង​ប៉េកាំង​នឹង​សុខ​ចិត្ត​បោះបង់​ចោល​​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​មក​គាំទ្រ​រដ្ឋាភិបាល លន់​ នល់ វិញ ប្រសិន​បើ​រដ្ឋាភិបាល​នេះ​យល់​ព្រម​គាំទ្រ​បដិវត្តន៍​វៀតណាម។ នេះ​ក៏​ព្រោះ​តែ​ចិន​យល់​ថា ពួក​កុម្មុយនិស្ត​វៀតណាម​មាន​កម្លាំង​មាំមួន​ជាង​ពួក​កុម្មុយនិស្ត​ខ្មែរ ក្នុង​ការ​ទប់ទល់​ជាមួយ​អាមេរិក។

ក៏ប៉ុន្តែ ដោយ លន់ នល់ បដិសេធ​មិន​ទទួល​យក​លក្ខខណ្ឌ​ទាំង​បី​​ខាង​លើ​នេះ ក្រុង​ប៉េកាំង​ក៏​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ លន់​ នល់ ហើយ​ប្រកាស​ទទួល​ស្គាល់​​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា របស់​សម្តេច នរោត្តម សីហនុ ដែល​បាន​បង្កើត នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០។
 
ប្រជាប្រិយភាព​សម្តេច នរោត្តម សីហនុ ចំណេញ​ដល់​ពួក​ខ្មែរ​ក្រហម

ការ​ចូលរួម​ក្នុង រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ធ្វើ​ឲ្យ​ពួក​ខ្មែរ​ក្រហម​ទទួល​​បាន​នូវ​ផល​ចំណេញពីរ។

ទីមួយ ក្រោម​ឈ្មោះ​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ ពួក​ខ្មែរ​ក្រហម​ទទួល​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ដែល​គាំទ្រ​ព្រះអង្គ។ សាឡុត ស ដែល​ធ្លាប់​តែ​ជា​ជន​បះបោរ​មួយ​រូប​លាក់​ខ្លួន​ពី​ការ​តាម​ប្រមាញ់ពី​សំណាក់​រដ្ឋាភិបាល​នោះ បាន​ក្លាយ​ទៅ​ជា​មេ​បញ្ជាការ​កង​ទ័ព​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​នេះ។

ទីពីរ ចលនា​ខ្មែរ​ក្រហម​​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រទេស​ចិន និង​វៀតណាម​ខាង​ជើង។ គួរំឭក​ថា កាល​ពី​មុន វៀតណាម​ជួយ​ដល់​ពួក​ខ្មែរ​ក្រហម​ត្រឹម​តែ​ផ្តល់​កន្លែង​លាក់​ខ្លួន​ពី​ការ​តាម​ប្រមាញ់​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ។ តែ​ចាប់​ពី​ពេល​ខ្មែរ​ក្រហម​បាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា កងទ័ព​វៀតណាម ដែល​កាលណោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កងទ័ព​ខ្លាំង​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ថែម​ទាំង​បាន​ជួយ​ច្បាំង​នឹង​ទាហាន​លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម​ទៀត​ផង។

ក្រោយ​ពេល​ត្រឡប់​ពី​ប៉េកាំង​មក​ដល់​រតនគិរី​វិញ សាឡុត ស បាន​​សម្រេច​ប្តូរ​ស្នាក់ការកណ្តាល​បក្ស​ទៅ​កាន់​ស្រុក​​សន្ទុក ខេត្ត​កំពង់ធំ​វិញ។ ចាប់​តាំង​ពី​ពេល​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​មក ទើប​តែ​ពេល​នោះ​ទេ ដែល សាឡុត ស សម្លឹង​ឃើញ​នូវ​ឱកាស​ដែល​ខ្លួន​អាច​ដណ្តើម​កាន់​អំណាច​នៅ​កម្ពុជា​បាន។

នៅ​ចុង​ឆ្នាំ​១៩៧០ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ដែល​បាន​ភៀស​ខ្លួន​ទៅ​វៀតណាម​កាល​ពី​ឆ្នាំ១៩៥៤ ក៏​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូលរួម​ធ្វើ​បដិវត្តន៍​ជាមួយ​នឹង​ខ្មែរ​កុម្មុយនិស្ត​ក្នុង​ស្រុក។ ប៉ុន្តែ ក្រុម​ខ្មែរ​ហាណូយ​នៅ​ពេល​នោះ​មិន​ត្រូវ​បាន​គេ​ផ្តល់​តំណែង​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះ​ទេ។ តំណែង​សំខាន់ៗ​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុម​ខ្មែរ​ក្រហម​ស្និទ្ធ​នឹង សាឡុត ស ដដែល។

ទាហាន​វៀតណាម​ច្បាំង​ជំនួស​ខ្មែរ​ក្រហម

ចាប់តាំង​ពី​រដ្ឋាភិបាល​រួបរួម​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្រុង​ប៉េកាំង​មក កងទ័ព​​វៀតណាម​​បាន​ជួយ​រដ្ឋាភិបាល​នេះ​យ៉ាង​ពេញ​ទំហឹង។ យោង​តាម​លោក David Chandler ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា “បងទី១ ប៉ុល ពត” នៅ​រវាង​ឆ្នាំ​១៩៧១ ដល់​ឆ្នាំ១៩៧២ នៅ​ក្នុង​សមរភូមិ​ភាគ​ច្រើន​​គឺ​ជា​ការ​ច្បាំង​គ្នា​រវាង​កងទ័ព​វៀតណាម និង​ទាហាន​លន់ នល់។ បើ​ទោះ​ជា​មាន​ទាហាន​ខ្មែរក្រហម​ខ្លះ​នៅ​ក្នុង​នោះ​ក៏​ដោយ ក៏​ទាហាន​ទាំង​នោះ​ស្ថិត​ក្រោម​បញ្ជា​របស់​មេបញ្ជាការ​វៀតណាម​ដែរ។

ទាហាន​លន់ នល់ ​បាន​បើក​ប្រតិបត្តិការ​​យោធាធំៗ​ចំនួន​ពីរ​លើក​ ក្នុង​គោលដៅ​វាយបំបែក​សំបុក​ខ្មែរ​ក្រហម។ លើក​ទីមួយ​នៅ​ចុង​ឆ្នាំ​១៩៧០ មាន​ឈ្មោះ​ថា “ប្រតិបត្តិការ​ចេនឡា​ទី១” និង​លើក​ទីពីរ​នៅ​ខែ​សីហា ឆ្នាំ​១៩៧១ មាន​ឈ្មោះ​ថា “ប្រតិបត្តិការ​ចេនឡា​ទី២”។ ប្រតិបត្តិការ​ទាំង​ពីរ​នេះ​ត្រូវ​ទទួល​បរាជ័យ ហើយ​ទាហាន​លន់ នល់​ ក៏​បញ្ឈប់​យុទ្ធសាស្រ្ត​វាយ​លុក មក​ជា​យុទ្ធសាស្រ្ត​​ការពារ​វិញម្តង។ បរាជ័យ​នៃ​ប្រតិបត្តិការ​ទាំងពីរ​លើក​នេះ​សុទ្ធតែ​ដោយ​សារ​​តែ​ខ្មែរ​ក្រហម​​មាន​ជំនួយ​ពី​ទាហាន​វៀតណាម ដែល​គេ​ទទួល​ស្គាល់​ថា​ជា​ទាហាន​​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​តំបន់​ នៅ​ពេល​នោះ។

ដោយ​មាន​កងទ័ព​វៀតណាម​ជួយ​ច្បាំង​ជំនួស​ខ្លួន​បែប​នេះ ​ខ្មែរ​ក្រហម​ក៏​មាន​ឱកាស​ពង្រឹង​បក្ស​របស់​ខ្លួន ទាំង​ផ្នែក​យោធា និង​ផ្នែក​នយោបាយ។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក នៅ​មុន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ខ្មែរ​ក្រហម​មាន​ទ័ព​តែ​ប្រមាណ​មិន​ដល់​៣ពាន់​នាក់​ផង។ ប៉ុន្តែ មិន​ដល់​បី​ឆ្នាំ​ផង ចំនួន​នេះ​បាន​កើន​ឡើង​រហូត​ដល់​ប្រមាណ​៤ម៉ឺន​នាក់។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​ធ្វើ​ការ​ឃោសនា​ថា បដិវត្តន៍​របស់​ពួក​គេ​ គឺ​ជា​បដិវត្តន៍​ឯករាជ ម្ចាស់ការ និង​មិន​ពឹង​បរទេស។ សូម្បី​តែ​​នៅ​ក្នុង​​ឯកសារ​ស្តីពី​ប្រវត្តិ​បក្ស ក៏​ពួក​ខ្មែរ​ក្រហម​មិន​បាន​រំឭក​អំពី​ជំនួយ​របស់​វៀតណាម​ដែរ។ តែ​ធាតុ​ពិត ពួក​ខ្មែរ​ក្រហម​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វៀតណាម។
 
មិត្ត​ក្លាយ​ជា​សត្រូវ

នៅដើមឆ្នាំ១៩៧៣ សញ្ញា​នៃ​ការ​បែកបាក់​រវាង​ខ្មែរ​ក្រហម និង​ខ្មែរ​ហាណូយ​ក៏​បាន​លេច​ចេញ​ជា​រូបរាង​ច្បាស់​ឡើងៗ។ ខ្មែរ​ហាណូយ​ពីរ​រូប​គឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួម​ជា​មួយ​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ធ្វើការ​​ឲ្យ​វិទ្យុបក្ស​បាន​លាលែង​ចេញ​ពី​តំណែង។ យោង​តាម​លោក Raoul Jennar ប៉ែន សុវណ្ណ មាន​បំណង​ទៅ​បង្កើត​បក្ស​ថ្មី​​ជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាម​បាន​ជំទាស់​នឹង​ផែនការ​ណ្ណecker,ងដល់​នាំ១៩៧២នេះ។

ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មួយ​ត្រូវ​បាន​ចុះ​នៅ​ទីក្រុង​ប៉ារីស រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាមខាង​ជើង ស្តីពី​បញ្ហា​សង្រ្គាម​នៅ​ឥណ្ឌូចិន។ កិច្ច​ព្រមព្រៀង​នេះ​ក៏​តម្រូវ​ផង​ដែរ​ឲ្យ​វៀតណាម​ដក​កងទ័ព​ទាំង​អស់​ចេញ​ពី​ប្រទេស​កម្ពុជា។ វៀតណាម​បាន​ស្នើ​សុំ​ឲ្យ សាឡុត ស ទទួល​យក​​បទ​ឈប់​បាញ់​នេះ តែ សាឡុត ស បាន​បដិសេធ។ សាឡុត ស យល់​ថា ការណ៍​ដែល​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​​​អាមេរិក​បែបនេះ គឺ​ជា​អំពើ​ក្បត់​នឹង​ខ្មែរក្រហម។ សម្រាប់​ខ្មែរ​ក្រហម វៀតណាម​​បាន​ក្លាយ​ពី​មិត្ត​ ទៅ​ជា​សត្រូវ​វិញ​ម្តង។ សូម្បី​តែ​ពួក​ខ្មែរ​ហាណូយ​ក៏​ត្រូវ​បាន​បក្ស​ពួក​របស់ សាឡុត ស ចាប់​ផ្តើម​សង្ស័យ​ថា ជា​ភ្នាក់ងារ​របស់​វៀតណាម​ដែរ។ ពួក​ខ្មែរ​ហាណូយ​​​មួយ​ចំនួន ដែល​ទើប​តែ​បាន​ចូល​មក​កម្ពុជា​វិញ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​បាន​លួច​ចាក​ចេញ​ពី​កម្ពុជា​វិញ ដោយ​បន្លំ​ខ្លួន​ជាមួយ​ទាហាន​វៀតណាម។ មួយ​ចំនួន​​ទៀត ដែល​នៅ​សេសសល់​ស្ថិត​ក្រោម​ការ​តាមដាន​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ពី​សំណាក់​ពួក​ សាឡុត ស។
 
ខ្មែរ​ក្រហម​ទល់​នឹង​កងទ័ព​អាមេរិក

នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ព​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​បើក​ការ​វាយ​លុក​លើ​ទីតាំង​រដ្ឋាភិបាល​លន់ នល់ ដើម្បី​ពង្រីក​តំបន់​ដែល​ពួក​គេ​​កាន់កាប់។ កងទ័ព​អាកាស​អាមេរិក​ក៏​បាន​ចាប់​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​​​លើ​ទីតាំង​ខ្មែរ​ក្រហម។ ក្នុង​ពេល​ដែល​ប្រតិបត្តិការ​សឹក​របស់​អាមេរិក នៅ​វៀតណាម និង​ឡាវ​បាន​បញ្ចប់​អស់​ទៅ​ហើយ​នោះ ប្រទេស​កម្ពុជា​​បាន​ក្លាយ​ទៅ​ជា​ចំណុច​ស៊ីប​តែ​មួយ​គត់​របស់​យន្តហោះ​អាមេរិក​ នៅ​ឥណ្ឌូចិន។ ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​សីហា ឆ្នាំ​១៩៧៣ គ្រាប់បែក​ប្រមាណ​ជាង​៥០ម៉ឺន​តោន ត្រូវ​បាន​យន្តហោះ​អាមេរិក​ទម្លាក់​លើ​ទឹក​ដី​កម្ពុជា។ ប៉ុន្តែ ការ​ទម្លាក់​គ្រាប់បែក​នេះ ​ប៉ះ​លើ​ជន​ស៊ីវិល​ស្លូតត្រង់​ ច្រើន​ជាង​លើ​ទាហាន​ខ្មែរ​ក្រហម។

នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយ​ទទួល​រង​នូវ​សម្ពាធ​ពី​សំណាក់​សភា និង​ពី​មតិ​សាធារណៈ​អាមេរិក ប្រធានាធិបតី Richard Nixonក៏​បាន​សម្រេច​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា។
 
អាមេរិក​ដក ខ្មែរ​ក្រហម​ចូល 

ចាប់​ពី​ពេល​នោះមក សង្រ្គាម​នៅ​កម្ពុជា​ គឺ​ជា​សង្រ្គាម​រវាង​ទាហាន​ខ្មែរក្រហម​ និង​ទាហាន​លន់ នល់​សុទ្ធសាធ ដោយ​គ្មាន​ទ័ព​អាមេរិក​មក​​ចូល​ឡូកឡំ​ទៀត​ទេ។

មក​ទល់នឹងពេលនោះ កងទ័ព​ខ្មែរក្រហម​បាន​កាន់កាប់​ទឹកដី​កម្ពុជា​មួយ​ភាគ​ធំ​ទៅ​ហើយ។ សូម្បីតែ ក្រុង​ភ្នំពេញ​ក៏​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​ព័ទ្ធ​ជិត​ដែរ។ នៅ​តាម​តំបន់​ដែល​ពួក​គេ​កាន់កាប់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “តំបន់រំដោះ” ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​អនុវត្ត​នយោបាយ​បដិវត្តន៍​របស់​ពួក​គេ ដូច​ជា​ការ​បង្កើត​សហករណ៍ ការ​លុប​បំបាត់​លុយ​កាក់ និង​កម្មសិទ្ធិ​ឯកជន ​ជា​ដើម។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុង​ភ្នំពេញ​ក៏​បាន​ធ្លាក់​ក្នុង​ដៃ ទាហាន​ខ្មែរក្រហម៕

ប្រភព៖ RFI   (http://www.khmer.rfi.fr/structure-of-democratic-kampuchea)

ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ឈ្មោះ “រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា” ដែល​កាល​ណោះ មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ និង ប៉ែន នុត ជា​នាយក​រដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន​បាត់​ឈ្មោះ​ ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។

យោងតាមរដ្ឋធម្មនុញ្ញ ដែល​បាន​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​១៩៧៦ សភា​តំណាង​ប្រជាជន គឺ​ជា​អំណាច​នីតិ​បញ្ញត្តិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សមាជិក​សភា ដែល​មាន​២៥០រូប​ ត្រូវ​ជ្រើស​រើស​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សម្ងាត់ សម្រាប់​អណត្តិ​៥ឆ្នាំ។ នួន ជា គឺ​ជា​ប្រធាន និង ឈិត ជឿន ហៅ​ម៉ុក គឺ​ជា​អនុប្រធាន​ទី​មួយ។

គណៈប្រធានរដ្ឋ​ មាន​ឋានៈ​​​​ជា​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ​បាន​បន្ត​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧៦។ ក្រោយ​ពី​ព្រះអង្គ​លាលែង​ចេញ​ពី​តំណែង ខៀវ សំផន ក៏​បាន​ឡើង​កាន់​តំណែង​នេះ​ជំនួស​ព្រះអង្គ។

យោងតាមលោក Raoul Jennar រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ មាន​រចនាសម្ព័ន្ធ​​ដូច​តទៅ៖

ប្រមុខ​រដ្ឋ
ខៀវ សំផន
 
សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុ​ប្រធាន

រដ្ឋាភិបាល
ប៉ុល ពត ជា​នាយក​រដ្ឋមន្រ្តី
ឈឹម សាមោក ជា​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី

ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស
សុន សេន ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ
វន វ៉េត ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច
 
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធ​របស់ អៀង សារី) ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
យុន យ៉ាត (ប្រពន្ធ​របស់ សុន សេន) ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​អប់រំ
ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
ជួន ម៉ុម រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្រ្ត
កង ចាប រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
ចេង អន ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម
កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម
តូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ

ក៏ប៉ុន្តែ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គការ​ដែល​មាន​អំណាច​លើស​អ្វីៗ​ទាំង​អស់​នោះ គឺ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មក​ទល់​នឹង​ពេល​នោះ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ខ្លួន​ឯង​ដាក់​ឈ្មោះ​ថា “អង្គការបដិវត្តន៍” ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា “អង្គការ”

នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈ​កម្មាធិការ ​ដែល​មាន​សិទ្ធិ​អំណាច​ធំបំផុត ក្នុង​ការ​​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នានា អនុម័ត​គោល​នយោបាយ​រដ្ឋាភិបាល និង​លក្ខន្តិកៈ​ផ្សេងៗ​នោះ គឺ​គណៈ​អចិន្រ្តៃយ៍​បក្ស​ ដែល​មាន​សមាជិក​៥រូប​ គឺ​ប៉ុល ពត ជា​លេខា នួន ជា ជា​អនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជា​សមាជិក។

បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការ​ដែល​មាន​អំណាច​លំដាប់​ទីពីរ​ក្នុង​បក្ស គឺ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស។ សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​នេះ​រួម​មាន សមាជិក​ទាំង​៥រូប​នៃ​គណៈអចិន្រ្តៃយ៍ បូក​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​ទៀត​គឺ សុន សេន និង តាម៉ុក។ នៅ​ឆ្នាំ​១៩៧៧ មនុស្ស​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
 
រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត​កម្ពុជា

គណៈ​អចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខា​បក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
 
គណៈ​កម្មាធិការ​មជ្ឈិម​បក្ស (១០​រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅ​ម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក

នៅក្នុងចំណោមសមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​ដ៏​មាន​អំណាច​នេះ មាន​តែ​នួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែល​នៅ​រស់​រាន​មាន​ជីវិត​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។ អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ។ វន វ៉េត និង​ញឹម រស់ ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ចោល​នៅ​ឆ្នាំ​១៩៧៨។ សោ ភឹម បាន​សម្លាប់​ខ្លួន​ឯង​នៅ​ឆ្នាំ១៩៧៨។ សុន សេន ត្រូវ​បាន ប៉ុល ពត បញ្ជា​ឲ្យ​គេ​សម្លាប់​ចោល​ទាំង​គ្រួសារ​នៅ​ឆ្នាំ​១៩៩៧។ ក្រោយ​មក ប៉ុល ពត ខ្លួន​ឯង​ត្រូវ​បាន​ពួក​ខ្មែរក្រហម​គ្នាឯង​ចាប់​ខ្លួន​យក​មក​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​ឃាត​លើ សុន សេន នេះ។ ប៉ុល ពត បាន​ស្លាប់​ នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ ចំណែក​តាម៉ុក​វិញ ​ស្លាប់​ដោយ​ជម្ងឺ​នៅ​ឆ្នាំ​២០០៦ ក្រោយ​ពី​បាន​ជាប់​ឃុំ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា​កម្ពុជា​ អស់​រយៈពេល​ប្រមាណ​៧​ឆ្នាំ។

ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខា​បក្ស​ប្រចាំ​ភូមិភាគ​ក៏​ជា​មនុស្ស​ដែល​មាន​អំណាច​ខ្លាំង​ដែរ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ពួកខ្មែរក្រហមបានធ្វើការបែងចែក​ទឹកដី​ប្រទេស​កម្ពុជា​ជា​ភូមិភាគ​ តាំង​ពី​មុន​ឆ្នាំ​១៩៧៥​ម៉្លេះ។ ភូមិភាគ​នីមួយៗ គឺ​ជា​ការ​យក​ខេត្ត​ពីរ​ឬ​ច្រើន ឬ​កាត់​យក​ខេត្ត​នេះ​ខ្លះ ខេត្ត​នោះ​ខ្លះ មក​ដាក់​បញ្ចូល​គ្នា។ ភូមិភាគ​នីមួយៗ​ត្រូវ​បែង​ចែក​ជា​តំបន់ ហើយ​តំបន់​នីមួយៗ​ត្រូវ​បែង​ចែក​ជា​ស្រុក ឃុំ និង​សហករណ៍​បន្ត​ទៀត។

នៅតាមភូមិភាគនីមួយៗ លេខា​បក្ស​ប្រចាំ​ភូមិភាគ​គឺ​ជា​អ្នក​មាន​អំណាច​សម្រេច​លើ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​របស់​ខ្លួន។ អ្នក​ដែល​មាន​អំណាច​បន្ទាប់​ពី​ភូមិភាគ គឺ​សហករណ៍។ សហករណ៍​នីមួយៗ​ដឹកនាំ​ដោយ ប្រធាន​សហករណ៍​មួយ​រូប និង​សហការី​២រូប​ផ្សេង​ទៀត។ យោង​តាម​លោក David Chandlerសហករណ៍​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​លើ​អ្វីៗ​ទាំងអស់​​នៅ​ក្នុង​​រង្វង់​​ដែនដី​របស់​ខ្លួន ដូចជា ការ​កំណត់​របប​ចំណី​អាហារ ទំហំ​ការងារ​ដែល​​ប្រជាជន​ត្រូវបំពេញ ឬ កំណត់​ថា​កុមារ​ណា​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កង​ចល័ត ជាដើម។ល។

កម្ពុជា​ប្រជាធិបតេយ្យ​​ត្រូវ​បាន​បែង​ចែក​ជា​៧​ភូមិភាគ (ភូមិភាគ​កណ្តាល ជា​ភូមិភាគ​ទី៧ ដែល​ទើប​នឹង​បង្កើត នៅ​ឆ្នាំ​១៩៧៧) ​រួម​មាន ៣២​តំបន់។
 
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥

យោងតាមលោកស្រី Elizabeth Becker ភូមិភាគ​និរតី​គឺ​ជា​ភូមិភាគ​ធំ​ជាង​គេ មាន​ប្រជាជន​ក្រីក្រ​ជាង​គេ ប៉ុន្តែ មាន​កងទ័ព​ខ្លាំង​ជាង​គេ។ លេខា​ភូមិភាគ​និរតី គឺ​ឈិត ជឿន ហៅ​តាម៉ុក។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​កំពត និង​ខេត្ត​តាកែវ​ទាំង​មូល ស្រុក​ពីរ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គង​ពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់២៥។
 
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣

ភូមិភាគ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បាន​ធ្វើ​អត្តឃាត​ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ប៉ុល ពត បញ្ជូន​ទាហាន​ឲ្យ​មក​ចាប់​ខ្លួន​។ ភូមិភាគ​នេះ​រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ទាំង​មូល ស្រុក​ទាំងអស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខ​កំពូល។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥។
 
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០

លេខា​ភូមិភាគ​ពាយ័ព្យ​ គឺ​ញឹម រស់។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​ពោធិសាត់ និង​បាត់ដំបង​ទាំង​មូល ហើយ​ចែក​ចេញ​ជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧។
 
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣

ចាប់ពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦​ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច។ ក្រោយ​ពី កុយ ធួន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​តែង​តាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស​ កុយ ធួន។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧត្តរ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ។ ចំណែក​ភូមិភាគ​ភូមិភាគ​ឧត្តរ​ចាស់​ត្រូវ​បាន​រើ​ទីតាំង​ទៅ​តាំង​នៅ​ខេត្ត​ខេត្តសៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​វិញ។ ភូមិភាគ​ឧត្តរ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប។
 
ទី៥ ភូមិភាគ​កណ្តាល

គឺ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសព្វ ក្នុង​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និងតំបន់​៤៣។ លេខាភូមិភាគ​កណ្តាល គឺ កែ​ ពក។
 
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១

ភូមិភាគ​នេះ​ដឹកនាំ​ដោយ ជូ ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៥​តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ តំបន់១៥ និង​តំបន់​១១។
 
ទី៧ ភូមិភាគឦសាន ឬភូមិភាគ១០៨

ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់​តំណែង​ជា​លេខា​ភូមិភាគ​ឦសានរហូត​ដល់​ខែ​កញ្ញា ឆ្នាំ​១៩៧៦។ ពេល​ដែល ណៃ សារ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គុក​ទួល​ស្លែង ម៉ែន សាន ត្រូវ​បាន​តែងតាំង​ជា​លេខា​ភូមិភាគ​ជំនួសវិញ។ ភូមិភាគឦសាន​រួមមាន ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥។

នៅ​ក្នុង​របប​ខ្មែរក្រហម ​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ជា​តំបន់​ស្វយ័ត ដោយ​មិន​ចំណុះ​ឲ្យ​ភូមិភាគ​ណាមួយ។ តំបន់​ទាំង​នោះ​រួម​មាន តំបន់​សៀមរាប-ឧត្តរមានជ័យ ឬ​តំបន់១០៦ និង​តំបន់​ព្រះវិហារ ឬតំបន់១០៣ ដែល​ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឧត្តរ តំបន់​ក្រចេះ ឬ​តំបន់៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឦសាន។ តំបន់​កំពង់សោម​ក៏​ត្រូវ​បាន​ចាត់​ជា​តំបន់​ស្វយ័ត​ដែរ៕

  ប្រភព៖  RFI
   ដោយ សេង ឌីណា

នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ បទល្មើស​ព្រហ្មទណ្ឌ​មាន​តែ​មួយគត់ គឺ​ការ​ប្រឆាំង​នឹង​បដិវត្តន៍។ អ្នកណា​ដែល​ត្រូវ​ចោទប្រកាន់​ថា​ជា​អ្នក​ប្រឆាំង​នឹង​បដិវត្តន៍ ដែល​ពួក​ខ្មែរក្រហម​ហៅថា “ខ្មាំង” នោះ អ្នកនោះ​នឹងត្រូវ​គេ​យក​ទៅ​សម្លាប់​ចោល ដោយ​គ្មាន​ការ​ជំនុំជម្រះ​អ្វីទាំងអស់។

ពួក​មេដឹកនាំ​ខ្មែរក្រហម ដែល​ភ័យខ្លាច​រហូតដល់​ទៅ​ស្រមោល​ខ្លួនឯង​នោះ មើលឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ទាំងអស់​ថា​សុទ្ធតែ​ជា​ខ្មាំង រហូតដល់​សម្លាប់​គ្នាឯង​នៅក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស។

ជម្លោះ និង​ការ​កម្ចាត់​គ្នាឯង​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​ កម្ពុជា (ឬ​ខ្មែរក្រហម) ​បាន​ចាប់ផ្តើម​ឡើង តាំងពី​ពេល​ដែល​ពួកគេ​ទើបតែ​នឹង​ឡើង​មក​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥​ម្ល៉េះ។

ហ៊ូ យន់ មន្រ្តី​ជាន់ខ្ពស់​ខ្មែរ​ក្រហម និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ នៃ​រដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា បាន​បាត់ខ្លួន​ នៅ​ខែ​សីហា ឆ្នាំ១៩៧៥ ក្រោយពី​បាន​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​បក្ស​ជាច្រើនលើក​ច្រើនសា ជាពិសេស​ ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ការ​ធ្វើសង្រ្គាម​ជាមួយ​វៀតណាម។

ការបោសសម្អាត​​ភូមិភាគ​ឦសាន

ក៏ប៉ុន្តែ ប្រតិបត្តិការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស​បាន​ចាប់​កក្រើក​ខ្លាំង​ នៅខែ​កញ្ញា ឆ្នាំ១៩៧៦ ដោយ​ចាប់ផ្តើម​ពី​ភូមិភាគ​ឦសាន​ទៅ។ នៅថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ១៩៧៦ ណៃ សារ៉ាន់ ហៅ មិត្តយ៉ា លេខាបក្ស​ប្រចាំ​ភូមិភាគ​ឦសាន ត្រូវបាន​ចាប់ខ្លួន​យក​ទៅ​ដាក់ឃុំ​ នៅ​គុក​ទួលស្លែង ដោយ​ចោទ​ពីបទ​ក្បត់ជាតិ។ ប៉ុន្មានថ្ងៃ​ក្រោយមក​ទៀត កែវ មាស និង​កែវ មុន្នី ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​គ្នា​ដែរ។ យើង​សង្កេតឃើញ​ថា កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំងបីរូប​នេះ សុទ្ធសឹង​តែជា​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​បែកចេញ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។

គួរ​រំឭក​ឡើងវិញ​ថា នៅក្រោយ​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ១៩៥៣ ក្រុម​ខ្មែរ​កុម្មុយនិស្ត​បាន​បែកខ្ញែកគ្នា​ជា​បី​ក្រុម៖ មួយក្រុម​រត់ទៅ​ប្រទេស​វៀតណាម មួយក្រុម​បង្កើត​ចលនា​តស៊ូ​ដោយ​សម្ងាត់​នៅ​កម្ពុជា និង​មួយក្រុមទៀត​បង្កើត​បក្ស​នយោបាយ ដែល​មាន​ឈ្មោះ​ថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។ កែវ មុន្នី ស្ថិត​ក្នុង​ចំណោម​ខ្មែរ​កុម្មុយនិស្ត ដែល​រត់ទៅ​វៀតណាម​ជាមួយ សឺន ង៉ុកមិញ។ ណៃ សារ៉ាន់ ស្ថិតក្នុង​ចំណោម​ចលនា​តស៊ូ​សម្ងាត់ រួម​ជាមួយ ទូ សាមុត សៀវ ហេង នួន ជា និង សោ ភឹម។ ចំណែកឯ កែវ មាស ស្ថិតក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រជាជន និង​ជា​លេខាបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ប្រចាំ​ក្រុង​ភ្នំពេញ។

ដូចនេះ ការចាប់ខ្លួន ណៃ សារ៉ាន់ កែវ មុន្នី និង កែវ មាស គឺត្រូវបាន​ធ្វើឡើង ក្នុងគោលដៅ​បោសសម្អាត​ក្រុម​ដែល​គេ​សង្ស័យ​ថា​ស្និទ្ធិ​នឹង​វៀតណាម។

ជីកស្មៅ​ត្រូវ​ជីក​ទាំងឫស

ក្រោយពី​បាន​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​នៅ​ភូមិភាគ​ឦសាន​ហើយ ក្រុម ប៉ុល ពត ក៏បាន​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស រហូតដល់​ក្រុង​ភ្នំពេញ​ទៀត គឺ​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​តែម្តង។

នៅចុងឆ្នាំ​១៩៧៦ និង​ដើមឆ្នាំ​១៩៧៧ រដ្ឋមន្រ្តី​ ៣រូប ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់គ្នា គឺ​នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​ទូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ។ ក្រោមការ​ធ្វើ​ទារុណកម្ម​សួរចម្លើយ កុយ ធួន និង ទូច ភឿន បាន​សារភាព​ថា​ពួកគេ​ពិតជា​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក (សេ.អ៊ី.អា) មែន ហើយ​ថែមទាំង​បាន​បង្កើត​ខ្សែរយៈ​ក្នុង​ជួរ​កម្មាភិបាល​ខ្មែរ​ក្រហម​ទៀតផង។

ភោគ ឆាយ និង​ហ៊ូ នឹម ត្រូវបាន​ចាប់ខ្លួន ​នៅខែមីនា និង​ខែ​មេសា ឆ្នាំ​១៩៧៧។ ការ​ចាប់ខ្លួន​ចេះតែ​បន្ត​ធ្វើ ដោយ​យោងតាម​ចម្លើយ​សារភាព​ ពី​អ្នកទោស ដែល​ទទួលរង​នូវ​ទារុណកម្ម ហើយ​បង្ខំចិត្ត​ឆ្លើយដាក់​គ្នា​ពីមួយ​ទៅមួយ។ ​ឲ្យតែ​កម្មាភិបាល​ណា​ត្រូវគេ​សង្ស័យថា​ជា​ខ្មាំង​ហើយ​នោះ មិនត្រឹមតែ​បុគ្គល​នោះ​ទេ ដែល​ត្រូវ​ចាប់ខ្លួន សូម្បីតែ​សហការី និង​ក្រុមគ្រួសារ​របស់​បុគ្គល​នោះ​ក៏​ត្រូវ​ចាប់ខ្លួន​ទាំងអស់​ដែរ ក្រោម​ពាក្យស្លោក​ថា “ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫស”។

នៅក្នុង​អំឡុងពេល​នោះ ជម្លោះ​រវាង​ខ្មែរក្រហម និង​វៀតណាម បាន​រាលដាល​កាន់តែ​ខ្លាំងឡើងៗ។ នៅចុងឆ្នាំ ១៩៧៧ ក្រោយ​ពេលត្រឡប់​ពី​បំពេញទស្សនកិច្ច នៅ​ប្រទេស​ចិន​វិញ ប៉ុល ពត បាន​បញ្ជាឲ្យ​បើក​ប្រតិបត្តិការ​​យោធា​​ក្នុង​ទ្រង់ទ្រាយ​ធំមួយ ប្រឆាំង​នឹង​វៀតណាម នៅ​ព្រំដែន​ខាងកើត​កម្ពុជា។ ក៏ប៉ុន្តែ ប្រតិបត្តិការ​នេះ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ។ កងទ័ព​វៀតណាម​បាន​វាយលុក​ចូល​រហូតដល់​ទីរួមខេត្ត​ស្វាយរៀង។

នៅចំពោះមុខ​មន្រ្តី​ថ្នាក់ដឹកនាំ​បក្ស ប៉ុល ពត និង សុន សេន ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា បរាជ័យ​នៃ​ប្រតិបត្តិការ​យោធា​ប្រឆាំង​វៀតណាម​នេះ កើតឡើង​ដោយសារ​តែ​មាន​ខ្មាំង​បង្កប់ ក្នុង​ជួរ​កម្មាភិបាល​ខ្មែរ​ក្រហម​ នៅ​ភូមិភាគ​បូព៌ា។

ប៉ុល ពត ចាប់ផ្តើម​ជីករំលើងឫស​បដិវត្តន៍​របស់ខ្លួនឯង

ការបោសសម្អាត​ភូមិភាគ​បូព៌ា​ក៏បាន​ចាប់ផ្តើម​ធ្វើឡើង នៅក្នុង​អំឡុង​ចុង​ខែ​មករា និង​ខែ​កុម្ភៈ ឆ្នាំ១៩៧៨ ក្រោម​បញ្ជា​ផ្ទាល់​របស់ ប៉ុល ពត ដោយ​មាន សុន សេន ជាអ្នក​ចេញមុខ​អនុវត្តផ្ទាល់ និង​មាន​ ឌុច ជា​អ្នក​ផ្តល់​ព័ត៌មាន​ ដែលយក​បាន​ពី​ចម្លើយសារភាព​របស់​អ្នកទោស។ ក្នុងរយៈពេល​តែ​ប្រមាណ​មួយខែ​ប៉ុណ្ណោះ កម្មាភិបាល​ភូមិភាគ​បូព៌ា​ប្រមាណ​៤០០នាក់ ត្រូវបាន​ចាប់ខ្លួន​យក​ទៅដាក់​ក្នុង​គុក​ទួលស្លែង។

យោងតាម​លោកស្រី Elizabeth Becker សោ ភឹម លេខា​ភូមិភាគ​បូព៌ា​បាន​បើក​កិច្ចប្រជុំ​សម្ងាត់​មួយ​ជាមួយ​មន្រ្តី​ជំនិតៗ នៅ​ខែមីនា ឆ្នាំ១៩៧៨ ដើម្បី​ជជែក​អំពី​ការ​ចាប់ខ្លួន​កម្មាភិបាល​ភូមិភាគ​បូព៌ា​នេះ។ ពេលនោះ សោ ភឹម និង​សហការី​សុទ្ធតែ​ជឿថា អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​សុទ្ធសឹង​ជា​មនុស្ស​គ្មាន​កំហុស។ ក៏ប៉ុន្តែ សោ ភឹម នៅតែ​យល់​ថា ការ​ចាប់ខ្លួន​នេះ ប្រហែល​ជា​មកពី​មាន​ការ​ភាន់ច្រឡំ​អ្វីមួយ​ ដោយ​មិនគិត​ថា គេ​កំពុងតែ​មាន​ផែនការ​​កម្ចាត់​ខ្លួន​នោះទេ។

ទីបំផុត សោ ភឹម ត្រូវបាន​គណៈមជ្ឈិមបក្ស​កោះហៅ​ឲ្យទៅ​ប្រជុំ​នៅ​ភ្នំពេញ ដោយ​មិនមាន​បញ្ជាក់​អំពី​កម្មវត្ថុ​ច្បាស់លាស់។ សោ ភឹម បាន​ចាត់​និរសា​ម្នាក់​ឲ្យទៅ​ភ្នំពេញ ដើម្បី​សួរនាំ​​អំពី​ការប្រជុំនេះ។ ក៏ប៉ុន្តែ និរសានេះ​បាន​បាត់ខ្លួនរហូត​មិនឃើញ ត្រឡប់​មកវិញ​ទេ។ សោ ភឹម ក៏បាន​បញ្ជូន​និរសា​ឲ្យទៅ​ភ្នំពេញ​ជា​បន្តបន្ទាប់​ទៀត ប៉ុន្តែ មិនមាន​និរសា​ណាម្នាក់​វិល​ត្រឡប់​មកវិញ​នោះទេ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ គណៈមជ្ឈិមបក្ស ក៏បាន​ដាក់​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​ទៅលើ​ភូមិភាគ​បូព៌ា។ កងទ័ព​ខ្មែរក្រហម​ចំនួន​ពីរ​កង​វរសេនាធំ អម​ដោយ​កងរថក្រោះ​ផងនោះ ក៏បាន​ឆ្លង​ទន្លេ​មេគង្គ ទៅ​ត្រើយ​ខាងកើត តម្រង់​ទៅកាន់​ទីតាំង​របស់ សោ ភឹម។

មកទល់នឹងពេលនោះ សោ ភឹម នៅតែ​មិនទាន់​ជឿ​ទៀត​ថា ប៉ុល ពត ចង់​កម្ចាត់​ខ្លួនចោល។ សោ ភឹម នៅតែ​យល់ថា គាត់ និង​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​ទាំងអស់ សុទ្ធតែ​ជា​មនុស្ស​ស្មោះត្រង់​នឹង​បដិវត្តន៍ ប្តូរជីវិត​ដើម្បី​បដិវត្តន៍ គឺជា​ខ្សែក្រវ៉ាត់​ជួរមុខគេ​ក្នុង​ការ​ការពារ​ប្រទេស​ពី​ការ​វាយលុក​របស់​ វៀតណាម។ ដូចនេះ គ្មាន​ហេតុផល​អ្វី ដែល​ខ្លួន​ត្រូវ​ក្លាយ​ទៅជា​ខ្មាំង​របស់​បដិវត្តន៍​នោះទេ។ សោ ភឹម បាន​ព្យាយាម​ទាក់ទង​ទៅ​ភ្នំពេញ​ម្តងទៀត​តាម​វិទ្យុទាក់ទង ដើម្បី​សួរនាំ​អំពី​ហេតុផល។ ដោយ​មិនបាន​ទទួល​ចម្លើយ​ពី​ភ្នំពេញ សោ ភឹម ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅភ្នំពេញ ដើម្បី​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ ប៉ុល ពត។

សោ ភឹម បាន​ទាក់ទង​សុំ​ជួប​ជាមួយ ប៉ុល ពត ដោយ​សម្ងាត់។ ក៏ប៉ុន្តែ ប៉ុល ពត មិនបាន​ទៅ​ជួប សោ ភឹម ដោយ​ខ្លួនឯង​នោះទេ តែ​បែរជា​បញ្ជូន​ទាហាន​ពីរទូក​ឲ្យ​ទៅ​ចាប់ សោ ភឹម។ សោ ភឹម ដឹងខ្លួន​មុន ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង មុនពេល​ដែល​ទាហាន​ខ្មែរក្រហម​ចាប់ខ្លួន​ទៅទៀត។

ក្រោយ​ការ​ស្លាប់​របស់​ សោ ភឹម កម្មាភិបាល និង​កងទ័ព​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​បូព៌ា​រាប់ពាន់នាក់ បាន​រត់​គេចខ្លួន​ទៅក្នុង​ព្រៃ ហើយ​បន្ទាប់មក​ ​រត់​ឆ្លង​ព្រំដែន​ចូល​ទៅក្នុង​ប្រទេស​វៀតណាម។ នៅ​ខែកក្កដា ឆ្នាំ១៩៧៨ ប្រជាជន​នៅក្នុង​ភូមិភាគ​បូព៌ា​ប្រមាណ​ជាង​១ម៉ឺននាក់ ត្រូវបាន​គេ​យក​ទៅ​សម្លាប់ចោល។

វៀតណាម​បានលេស​ចូល​វាយផ្តួលរំលំ​ខ្មែរក្រហម

ការ​បោសសម្អាត​ភូមិភាគ​បូព៌ា គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ សម្រាប់​វៀតណាម​ក្នុងការ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ទីបំផុត វៀតណាម​ទទួលបាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​បំផុត។ នោះគឺ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​បទពិសោធន៍ និង​ដែល​អាច​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​រណសិរ្ស​ប្រឆាំងនឹង ប៉ុល ពត។ វៀតណាម​វាយ​ផ្តួលរំលំ ប៉ុល ពត ដោយ​យក​រណសិរ្ស​នេះ​ធ្វើជា​រនាំង ដើម្បី​បិទបាំង​កុំឲ្យ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា ខ្លួន​ឈ្លានពាន​លើ​កម្ពុជា។

ទីបំផុត អ្នក​ដែល​ត្រូវ ប៉ុល ពត ចោទប្រកាន់​ថា​ជា​ភ្នាក់ងារ​វៀតណាម​នោះ ត្រូវ ប៉ុល ពត បង្ខំ​ឲ្យ​រត់ទៅ​ប្រទេស​វៀតណាម​មែន រួចហើយ​ ក៏បែរ​មក​ប្រឆាំងនឹង ប៉ុល ពត វិញ ដោយ​មាន​ការ​គាំទ្រ​ពីសំណាក់​កងទ័ព​វៀតណាម​ផង។ នៅទីបំផុត សូម្បីតែ​សុបិន​អាក្រក់ ក៏​ប៉ុល ពត អាច​ធ្វើ​ឲ្យក្លាយ​ជា​ការពិត​បាន​ដែរ!!!

តាមដាន

Get every new post delivered to your Inbox.

Join 57 other followers