Category Archives: នាទីសុខភាព

លំហូរ​ចេញ​នៃ​អ្នក​ជំងឺ​ខ្មែរ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​និង​លទ្ធភាព​ទប់ស្កាត់.

Advertisements

ប្រភព  RFI    (http://www.khmer.rfi.fr/maux_de_ventre)

សរីរាង្គ​ក្នុង​ពោះ​របស់​មនុស្ស

សរីរាង្គ​ក្នុង​ពោះ​របស់​មនុស្ស

(Photo: dr)

ឈឺ​ពោះ​​ ជា​អាការៈ​មួយ​ដែល​កើត​ឡើង​ជាញឹក​ញាប់​ ចំពោះ​​មនុស្ស​ ទូទៅ។ ប៉ុន្តែ​អាការៈ​ខ្លះ​អាច​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ និង​ដល់​ជីវិត​ផង មាន​ជា​អាទិ៍​ឈឺ​ពោះ​ ព្រោះ​មាន​ពោះ​វៀន​ដុះ​ខ្នែង ឈឺ​ពោះ​ព្រោះ​​​​ស្ទះពោះវៀន ។ល។ និង​។ល។​ ជំងឺ​ចុក​ពោះ មាន​បុព្វហេតុ​ណាស់ ប៉ុន្តែ​គ្រោះ​ថ្នាក់​ធំ​ និង​បន្ទាន់​ ដែល​ត្រូវ​រួស​រាន់​ទៅ​រក​ គ្រូពេទ្យ គឺ​នៅ​ពេល​ដែល​ឈឺ​ពោះ​នៅ​ផ្នែក​ខាង​ក្រោម​-​ស្តាំ ​ ពោះ​រឹង មាន​ ភ្ជាប់​ដោយ​អាការៈ​ក្អួត ក្តៅ​ខ្លួន និង​ទល់​លាមក។

សូម​ស្តាប់​បទ​សម្ភាសន៍​រប​ស់ អៀង សុខម៉ិញ ជាមួយ​លោក​វេជ្ជបណ្ឌិត ឡោ គីមសុង។

ពាក្យគន្លឹះ : សុខភាព

ប្រភព RFI   (http://www.khmer.rfi.fr/mauvaises-conditions-de-soins-dans-des-hopitaux-cambodgiens)

នៅ​កម្ពុជា​បច្ចុប្បន្ន​ សុខភាព​សាធារណៈ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ ដែល​បង្ក​គ្រោះថ្នាក់​ធំធេង​សម្រាប់​សង្គម។​នៅ​​ពេល​​មាន​​ជំងឺ​​ម្តងៗ​​ ប្រជាពល​រដ្ឋ​​ខ្មែរ​អ្នកក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ ​ប្រទេស​ កំពុង​ប្រឈម​បញ្ហា​មិន​ប្រាកដ​ប្រជា​នៃ​សុខាភិបាល​ក្នុង​ស្រុក។ ​តម្លៃ​ខ្ពស់,​ការ​ព្យាបាល​មិន​សូវ​មាន​ប្រសិទ្ធិភាពនិង​ភាព​​អនាធិបតេយ្យ​ នៅ​ក្នុង​ការ​ឃោសនា​និង​ដាក់​លក់​ថ្នាំ​ពេទ្យ​ ឬ​ផលិតផល​ទាក់ទង​នឹង​សុខភាព​កំពុង​កើត​មាន​ពេញ​បន្ទុក។​ ក្រៅ​ពី​នោះ​ គ្រូពេទ្យ​មួយចំនួន​បាន​សម្លឹង​ឃើញ​ប្រាក់​ជាធំ ​ដោយ​បំភ្លេច​ចោល​ក្រមសីលធម៌​វិជ្ជាជីវៈ។​ទាំងនេះ​ជា​គ្រោះថ្នាក់​ធំធេង​ សម្រាប់​សង្គម​កម្ពុជា។

នៅ​ពេល​ដែល​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ ​គ្រួសារ​អ្នក​មាន​លទ្ធភាព​បាន​ស្វែង​រក​​ជា​បឋម​ការ​ចាក​ចេញ​ទៅ​ព្យាបាល​នៅ ​ក្រៅ​ប្រទេស​ ដូច​ជា​សាំងហ្គាពួរ​ ថៃ ​ឬ​វៀតណាម​ ទៅ​តាម​លទ្ធភាព​ធនធាន​ដែល​ខ្លួន​មាន។ ​និន្នាការ​ដែល​នៅ​តែ​បន្ត​កើត​ឡើងនិង​កើន​ឡើង​កាន់​តែ​ខ្លាំង​នេះ​បាន​ បង្ហាញ​ពី​ការ​បាត់បង់​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​វិស័យ​សុខាភិបាល​ ក្នុង​ស្រុក។ ​ប៉ុន្តែ ​គ្រួសារ​អ្នកក្រីក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រត់​រក​មណ្ឌល​សុខភាព ​មន្ទីរពេទ្យ​រដ្ឋ​ ឬ​ក៏​មន្ទីរ​ពហុព្យាបាល​ឯកជន​ក្នុង​ស្រុក​នោះ​ឡើយ។ ​បញ្ហា​ដែល​កំពុង​ចោទ​ឡើង​ក្នុង​វិស័យ​សុខា​ភិបាល​​កម្ពុជា​បច្ចុប្បន្ន​គឺ ​ទី១៖ ​គុណភាព​នៃ​ការព្យាបាល​មិន​សូវ​ល្អ ​តែ​តម្លៃ​ខ្ពស់ ​ទី២៖ ​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​គ្រូពេទ្យ ​និង​ទី៣៖ ​ភាព​អនាធិបតេយ្យ​ក្នុង​ការឃោសនា​ផលិតផល​ដែល​ទាក់ទង​នឹង​សុខភាព​ រួមទាំង​ថ្នាំ​ពេទ្យ​មួយចំនួន​ផង។

ជាការពិត​ណាស់ ​បញ្ហា​នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​ច្រើន​យ៉ាង​ ដូចជា​គ្រូពេទ្យ​ជាច្រើន​នៅ​មាន​កម្រិត​ជំនាញ​ទាប ​សីលធម៌​គ្រូពេទ្យ​ធ្លាក់​ចុះ​ដោយសារ​គ្រូពេទ្យ​មួយ​ចំនួន​ហាក់​ដូចជា​មើល​ ឃើញ​ប្រាក់​ជាធំ ​រីឯ​ការ​គ្រប់គ្រង​វិស័យ​សុខាភិបាល​នៅ​ធូរ​រលុង​ដែល​បង្កើត​ឲ្យ​មាន​ភាព​ អនាធិបតេយ្យ​ក្នុង​ការ​ឃោសនា​អំពី​សេវាកម្ម​សុខាភិបាល ​និង​ផលិតផល​សុខភាព​ខុស​ពី​ការពិត។​ ដើម្បី​ប្រាក់​ គ្រូពេទ្យ​ខ្លះ​បាន​បង្ខំចិត្ត​ព្យាបាល​ជំងឺ​ដើម្បី​ទាក់ទាញ​អតិថិជន​ ដូចជា​ប្រើ​ថ្នាំ​ហួស​កម្រិត​ដើម្បី​ឲ្យ​អ្នក​ជំងឺ​ឆាប់​ជា​ដោយ​មិន​បាន​គិត ​ពី​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។​ គ្រូពេទ្យ​ខ្លះ​ឲ្យ​ថ្នាំ​ទៅ​អ្នក​ជំងឺ ​ជាពិសេស​ជំងឺ​កុមារ​តែម្តង​ ដោយ​លាយ​ថ្នាំ​រួច​ជាស្រេច​ដើម្បី​កុំ​ឲ្យ​អតិថិជន​ចំណាំ​បាន​ថា​ជា​ ថ្នាំអ្វី? ​គ្រូពេទ្យ​ខ្លះ​ទៀត​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នកជំងឺ​ព្យូរ​សេរ៉ូម​ឬទទួល​ ការវះកាត់​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​សូម្បី​តែ​ស្ថានភាព​អ្នក​ ជំងឺ​មិន​ទាន់​តម្រូវ​ឲ្យ​ទទួល​ការ​វះកាត់​ក៏ដោយ។ ​មាន​កន្លែង​ព្យាបាល​ជំងឺ​ខ្លះ​ទៀត​មិន​ដាក់​ស្លាក​សញ្ញា​ត្រឹមត្រូវ​ទេ​ ពោលគឺ​អ្នក​ជំងឺ​អាច​ទៅ​ពិគ្រោះ​ជំងឺ​បាន​តាម​រយៈ​ការ​ណាត់​តាម​ទូរស័ព្ទនៅ​ កន្លែង​មួយ​ដែលហាក់​ដូច​ជា​លួច​លាក់។
ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ​ជនរងគ្រោះ​នឹង​ត្រូវ​គេ​ប្រញាយ​គ្នា​ដឹក​ទៅ​កន្លែង​សង្គ្រោះ​ដោយ​ទារ​ ប្រាក់​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​សង្គ្រាម​ដណ្តើម​ម៉ូយ​របស់​រថយន្ត​សង្គ្រោះ​ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច​ រយៈ​ពេល​ចុងក្រោយ​នេះ​បន្ទាប់​ពី​មាន​ចំណាត់ការ​ពី​ក្រសួង​សុខាភិបាល។ ងាក​ទៅ​មើល​កន្លែង​លក់​ថ្នាំ​ពេទ្យ​វិញ ​មាន​ឱសថស្ថាន​ជាច្រើន​កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​ ឱសថស្ថាន​​ខ្លះ​ទៀត​គ្មាន​ឱសថការី​ជា​អ្នក​ឈរ​លក់​ថ្នាំ​ពិតប្រាកដ​ឡើយ។

​នៅ​កម្ពុជា​ មនុស្ស​ទូទៅ​អាច​ទិញ​ថ្នាំ​ពេទ្យ​បាន​តាម​ចិត្ត​ចង់​ ឬ​ក៏​អ្នកលក់​ថ្នាំ​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​ផ្សំ​ថ្នាំ​ឲ្យ​អ្នកជំងឺ​ដោយ​​ ខ្លួនឯង​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា។ ​ផលិតផល​ថ្នាំពេទ្យ ​ឬ​ផលិតផល​ដែល​ទាក់​ទង​​​នឹង​សុខភាព​ត្រូវ​បាន​គេ​ឃោសនា ​និង​ដាក់លក់​តាម​ទំនើង​ចិត្ត។ ​តើ​ទាំង​នេះ​មិន​មែន​ជា​ភាព​អនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​ទេឬ? ​និយាយ​បែប​នេះ ​គេ​ក៏​មិន​ត្រូវ​ភ្លេច​គ្រូពេទ្យ​ខ្លះ​ដែល​បាន​ខិតខំ​គោរព​ក្រមសីលធម៌ ​និង​បាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​លើក​កម្ពស់​វិស័យ​សុខាភិបាល​នោះ​ដែរ។ ​អ្នក​ទាំងនោះ​គួរ​តែ​ទទួល​បាន​ការគោរព ​និង​លើក​ទឹកចិត្ត។
យ៉ាងណា​ក៏ដោយ​ ក្រសួង​សុខាភិបាល​គួរ​គ្រប់គ្រង​វិស័យ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​សព្វថ្ងៃ។

ក្រៅពី​ការ​បង្កើន​គុណភាព​សុខាភិបាល,​ ការ​ពង្រឹង​សីលធម៌​គ្រូពេទ្យ ​និង​ធ្វើ​ឲ្យ​សុខាភិបាល​មាន​តម្លៃ​ថោក​សម្រាប់​ជនក្រីក្រ​គឺជា​រឿង​សំខាន់ ​និង​ត្រូវ​ចាត់​វិធានការ​ជាបន្ទាន់។​ បន្ទាប់​មក​ទៀត ​ការ​គ្រប់គ្រង​អាជីវកម្ម​ថ្នាំពេទ្យ ​និង​ផលិតផល​ទាក់ទង​នឹង​សុខភាព​គឺជា​រឿង​ចាំបាច់​មិន​អាច​ខាន​បាន​ពីព្រោះ​ ថា​ ភាព​អនាធិបតេយ្យ​ក្នុង​វិស័យ​នេះ​ក៏​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដែរ​ក្នុង​ ការ​បំផ្លាញ​ថវិកា​គ្រួសារ​របស់​ពលរដ្ឋខ្មែរ​ដោយសារ​តែ​ការ​ជឿ​ទៅលើ​ការ​ ឃោសនា​មិន​សមហេតុផល។ ​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​គឺជា​ គ្រោះថ្នាក់​ធំធេង​សម្រាប់​សុខភាព​សាធារណៈ ​ក៏ដូច​ជា​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​កម្ពុជា​ទាំង​មូល៕

ពាក្យគន្លឹះ : កម្ពុជា

ប្រភព៖ RFI​​ ​ (http://www.khmer.rfi.fr/features/info/)

ស្រែអំបិល​នៅ​ប្រទេស​កម្ពុជា

ស្រែអំបិល​នៅ​ប្រទេស​កម្ពុជា

©ញឹម​ សុផល

អំបិល គឺ​ជា​សារធាតុ​ចាំ​បាច់​ម្យ៉ាង​ដែល​សរីរាង្គ​កាយ​ត្រូវ​ការ​ជា​ចាំ​ចាច់​ ដើម្បី​ទ្រទ្រង់​ជីវិត។ ប៉ុន្តែការ​ប្រើ​ប្រាស់​សារធាតុ​ប្រៃ​ជ្រុល​ហួស​ហេតុ​ពេក​ ក៏​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា លោក​វេជ្ជបណ្ឌិត​ ទូច ឃុន ដែល​បាន​ទទួល​សិក្សា​ផ្នែក​អាហារូបត្ថម្ភ​ ពី​ប្រទេស​បារាំង បាន​ណែនាំ​​មិន​ឲ្យ​ធ្វើ​ម្ហូប​អាហារ​ដាក់​អំបិល​ផង ទឹក​ត្រី​ផង លាយ​ជាមួយ​ប្រហុក​ទៀត​ នៅ​ក្នុង​សម្ល​តែ​មួយ​។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ដើម្បី​កាន់​តែ​ជ្រាប​ច្បាស់​អំពី​រង្វាស់​រង្វាល់​នៃ​សេចក្តី​ត្រូវការ​អំបិល​នៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​ម្នាក់ៗ។

ប្រភព៖ RFI​​  (http://www.khmer.rfi.fr/Interview%20prevention%20diabet)

អាការៈ​សញ្ញា​បួន​យ៉ាង​ដែល​សំគាល់​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម

អាការៈ​សញ្ញា​បួន​យ៉ាង​ដែល​សំគាល់​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម

© CDA

នា​ឱកាស​ទិវាប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម  លោកវេជ្ជបណ្ឌិត កើកគី លីម ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​អាការៈ​សញ្ញា និង​អំពី​វិធីការពារ​​ជំងឺ​ទឹក​ នោម​ផ្អែម។

ការ​​​ធ្វើ​តេស្ត​ ដោយ​ប្រើ​ម៉ាស៊ីន​តូ​ចមួយ​ចុច​ម្រាម​ដៃ​ដើម្បី​​យក​ដំណក់​ឈាម​មក​ធ្វើ​វិភាគ​ រក​ជំងឺ​ អាច​ធ្វើ​ទៅ​បាន​ នៅ​​តាម​មន្ទីរ​ពិសោធន៍ ឬ​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​នោម​ផ្អែម សំរាប់បណ្តា​ជន​ទូទៅ មិន​ថា​អ្នក​​មាន​កើត​ជំងឺ​​ទឹក​នោម​ផ្អែម​ហើយ អ្នក​មិន​ទាន់​មាន​ជំងឺ​ទេ។

សម្រាប់​សមាគមជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា​ក៏​ដូច​ជា​សមាគម​ផ្សេងៗ​ទៀត​ក្នុង​លោក​ដែរ កម្មវត្ថុ​ចំបង​ គឺ​ការ​ស្វែង​រក​ជួយ​សង្គ្រោះ​អ្នក​ដែល​​មិន​ទាន់​កើត​ និង​អ្នក​ដែល​ប្រុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះ​បើ​ក្នុង​ករណី​សង្ស័យ គួរ​តែ​រួស​រាន់​នាំ​គ្នា​ទៅ​ពិគ្រោះ និង​ជួប​គ្រូពេទ្យ​ដើម្បី​វិភាគ​។

អាការៈ​សំខាន់​បួន​យ៉ាង​សំរាប់​សំគាល់​ជំងឺ​ទឹក​នោម​ផ្អែម ៖

–          នោម​ច្រើន
–          ស្រេក​ទឹក
–          ចុះ​ស្គម
–          អស់​កម្លាំង

ដូច​ពាក្យ​ចាស់​លោក​ថា “ការពារ​ប្រសើរ​ជាង​ព្យាបាល” ! ប្រសិន​បើ​យើង​មាន​ការ​ប្រយុង​ប្រយ័ត្ន និង​ចេះ​​ការពារ​ជាមុន នោះ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ នឹង​ក្រ​កើត​មាន​ចំពោះ​ខ្លួន​យើង។ ការពារ​ដែល​មិន​មែន​មាន​ន័យ​ថា​ការ​ពារ​មិន​ឲ្យ​កើត​ទេ តែ​គឺ​ឲ្យ​ក្រ​មាន​ជំងឺ​ទឹក​នោមផ្អែម និង​ការពារ​កុំ​ឲ្យ​ជំងឺ​នេះ​ធ្លាក់​ដុន​ដាប​ខ្លាំង បំផ្លាញ​សុខភាព​និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​ឆាប់​រហ័ស​ពេក។

ដំបូន្មាន​សំខាន់ៗ សំរាប់​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម ៖
–          ធ្វើ​កីឡា។ គួរ​ធ្វើ​លំហាត់​ដើរ ពី ៤៥ ទៅ​៥០ នាទី យ៉ាង​ហោច​ណាស់ បីដង​ក្នុងមួយ​សប្តាហ៍។
–          ការ​បរិភោគ​ត្រឹម​ត្រូវ។ ​បាយ សូម​ពិសា​ឲ្យ​ល្មម ជាពិសេស​ចំពោះ​អ្នក​ដែលមិន​សូវ​បញ្ចេញ​កម្លាំង​កាយ។ ពិសា​បន្លែ​ផ្លែឈើ ឲ្យ​បាន​ច្រើន។ សូមកុំ​ខ្លាច​​ផ្លែឈើ​ដែលមានជាតិ​ផ្អែម​នោះ​ឲ្យ​សោះ​ លើក​លែង​តែ​អ្នក​ជំងឺ​ដែល​ធ្លាក់​ដល់​ដំណាក់​កាលចាក់​Insuline ។
–          ទទួល​ដំណេក​ឲ្យ​បាន​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
–          បង្រៀន​ចិត្ត​កុំ​ឲ្យ​មានកំហឹង និង​កើត​ទុក ធ្លាក់​ទឹក​ចិត្ត (Depression)

ដើម្បី​បុព្វហេតុ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា លោក លោកកើកគី​ លីម ជា​ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា សូម​អំពាវ​នាវ​ដល់​បណ្តា​ជន​គ្រប់​រូបដែល​មាន​សទ្ធាជ្រះ​ថ្លា ​ឲ្យ​ជួយ​គាំទ្រ​សមាគម​តាម​លទ្ធភាព​ ​តាម​រយៈ​ការ​ឧបត្ថម្ភ​ផ្ទាល់​ដល់​សមាគម និង​តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់​តែ​ម្តង៕

ពាក្យគន្លឹះ : កម្ពុជា – សុខភាព

ប្រភព៖ RFI​​​ ​

(http://www.khmer.rfi.fr/Interview%20with%20Lor%20Kim%20Song%20%3A%20 Formol)

គេ​អាច​ដាក់​Formol លើ​បន្លែឬ​សាច់ ដើម្បី​ឲ្យ​នៅ​ស្រស់​ល្អបាន​យូរ

គេ​អាច​ដាក់​Formol លើ​បន្លែឬ​សាច់ ដើម្បី​ឲ្យ​នៅ​ស្រស់​ល្អបាន​យូរ

©ម៉េងហួរ/RFI

សារធាតុ​គីមី ត្រូវ​បាន​គេ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ចំណី​អាហារ និង​បន្លែ​ផ្លែ​ឈើ នា​រយៈ​ពេល​ចុង​ក្រោយ។ សារធាតុ​គីមី ដែល​ពេល​ខ្លះ​ ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​អាហារ ប៉ុន្តែ​ពេល​ខ្លះ​ទៀត​វា​បាន​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់សុខភាព​ និង​ដល់​អាយុ​ជីវិត។ សុវត្ថិភាព​ចំណី​អាហារ​ដែល​កំពុង​ចោទ​ខ្លាំង​នៅ​ក្នុង​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ដោយ​ហេតុ​ថា​ថ្នាំ​គីមី​ក្នុង​អាហារ​មាន​ច្រើន​ប្រភេទ នៅថ្ងៃ​នេះ​លោក​វេជ្ជបណ្ឌិត ឡោ គីមសុង គ្រូពេទ្យ​ជំងឺ​ទូទៅ​នៅ​ប្រទេស​បារាំង សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​ សារធាតុ​ ហ្វ័រម៉ុល (Formol) ដែល​គេជួប​ប្រទះ​ញឹកញាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

ពាក្យគន្លឹះ : កម្ពុជា – ចំណីអាហារ – សុខភាព

ប្រភព៖ RFI ​

(http://www.khmer.rfi.fr/cambodia/20111228-bienfaits_des_fruits_et_des_legumes )

ដល់​រដូវផ្លៃ​ឈើ​អី សូម​ទទួល​ទាន​ផ្លៃ​នោះ​ទើប​ប្រសើរ

ដល់​រដូវផ្លៃ​ឈើ​អី សូម​ទទួល​ទាន​ផ្លៃ​នោះ​ទើប​ប្រសើរ

REUTERS/David Gray

គ្រូពេទ្យ​និង​អ្នក​ឯកទេស​ចំណីអាហារ​តែង​ណែ​នាំ​ឲ្យ​បរិភោគ​បន្លែ​និង​ ផ្លែឈើ ឲ្យ​បានច្រើន​-​ឲ្យ​បាន​ប្រាំ​មុខ​ក្នុង​មួយ​ថ្ងៃ ទើប​មាន​សុខភាព​ល្អ។ តើ​បន្លែផ្លែឈើ​មាន​សារៈ​ប្រយោជន៍​យ៉ាង​ណា​ខ្លះ ចំពោះ​សុខភាព​?

ពាក្យគន្លឹះ : សុខភាព

ប្រភព៖ RFI   (http://www.khmer.rfi.fr/condom )

កាលពី​ថ្ងៃ​ទី​១០​មិថុនា២០១១ អង្គកា​សហ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​​ថា អំពី​ប្រសិទ្ធិភាព​នៃ​ស្រោម​អនាម័យ​ ក្នុង​ការ​ទប់​ស្កាត់​ជំងឹ​ស៊ីដា ឬ​អេសដ៍ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​នៅ​ថ្ងៃពុធ​​សប្តាហ៍​នេះ យើង​សូម​ចាក់​ផ្សាយ​ឡើង​វិញ​ ឯកសារ​ស្រាវជ្រាវ​របស់ អៀង សុខម៉ិញ ពន្យល់​បង្ហាញ​ពី​ប្រវត្តិ និង​គុណប្រយោជន៍​របស់​ស្រោម​អនាម័យ ក្នុង​ការការពារ​ជំងឺ​កាម​រោគ និង​ពន្យារ​កំណើត ក៏​ដូចជា​ដំបូន្មាន​ខ្លះ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ។

ស្រោម​អនាម័យ បាន​ក្លាយ​ជា​វត្ថុ​មួយ​ដែល​សង្គម​ត្រូវ​ការ ដាក់​លក់​ទិញ​ដូរ យក​ដើរ​​តាម​ខ្លួន ឬ ទិញ​ដាក់​ក្នុង​ទូរ​ជា​ប្រចាំ ឬ ក៏​រហូត​ដល់​មាន​ការ​ចែក​ចាយ​តាម​ផ្លូវ។​ អ្នក​ខ្លះ​ពិបាក​ខ្វល់ខ្វាយ អៀន​ប្រៀន​នឹង​រៀបចំ​ទុក​ដាក់​ តែ​វត្ថុ​មួយ​នេះ​នឹង​ធ្វើ​ម្នាក់​ទៀត​មាន​ទំនុក​ចិត្ត។ គ្មាន​អ្វី​គួរ​ឲ្យ​អៀន​ខ្មាស​នឹង​និយាយ ឬ យក​តាម​ខ្លួន​ទេ។ ត្រូវ​តែ​ពាក់​វា​គ្រប់​រដូវ​មិន​ថា ខែ​ប្រាំង ខែ​វស្សា ថ្ងៃ​ឬ​យប់ ត្រជាក់​ឬ​ក្តៅ​ទេ ពីព្រោះ​វា​អាច​បញ្ជៀស​ចៃដន្យ​អាក្រក់​បាន​ច្រើន​ណាស់។

ប្រវត្តិ​នែ​ស្រោម​អនាម័យ

Préservatif ឬ ខុនដុម ឬ ស្រោមអនាម័យ ឬ អាវ​ភ្លៀង ឈ្មោះ​ហៅ​របស់​វា​មាន​ច្រើន​ណាស់ ខុស​ប្លែក​ពី​គ្នា​គួរ​ឲ្យ​ចង់​អស់​សំណើច ទៅ​តាម​ភាសា និង​វប្បធម៌​និមួយៗ និង​ទៅ​តាម​សម័យកាល ដូច្នេះ​បើ​លោក​អ្នក​អាច​បង្កើត​ឈ្មោះ​ឲ្យ​មួយ​បន្ថែម​ទៀត​បាន​រឹត​តែ​ ប្រសើរ។
មុន​នឹង​ផ្តើម​ជំរាប​ជូន​ប្រិយមិត្ត​ពី​សារៈប្រយោជន៍ មុខងារ និង​ប្រសិទ្ធភាព​របស់​ស្រោម​អនាម័យ នាងខ្ញុំ​សូម​អនុញ្ញាត​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​កកើត​របស់​វា​ជា​មុន​សិន។ នៅ​ប្រទេស​កម្ពុជា​យើង ស្រោម​អនាម័យ​ជា​ពាក្យ​ថ្មី ជា​ពាក្យ​ដែល​បណ្តាជន​ទូទៅ មិន​សូវ​ចូលចិត្ត​លើក​មក​និយាយ ឬ​ពិភាក្សា​គ្នា​ដោយ​ចំហ​ទេ ព្រោះ​ជា​ការ​ខ្មាស​អៀន វា​ធ្វើ​ឲ្យ​គេ​គិត​ដល់​ផ្លូវ​តណ្ហា។ គេ​បាន​ឮ និង ស្គាល់​កាន់​តែ​ច្បាស់​ពី​ស្រោម​អនាម័យ ដោយសារ​ការ​វាយ​លុក​នៃ​ជំងឹ​ស៊ីដា ឬ អេសដ៍ តែ​តាម​ការ​ពិត ស្រោម​អនាម័យ​មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មក​ហើយ។ ស្រោម​អនាម័យ​មាន​អាយុ​តាំង​ពី ៣ ពាន់​ឆ្នាំ មុន​គ្រឹស្ត​សករាជ។ ដើម្បី​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កាម​រោគ ទាហាន​​អេហ្ស៊ីប​បាន​ប្រើប្រាស់​ស្រោម​ការពារ ធ្វើ​អំពី​ពោះវៀន​សត្វ​ជាម ឬ អំពី​ប្លោក​នោម​ជ្រូក។ ក្រោយៗ​មក មាន​ស្រោម​អនាម័យ​ខ្លះ ផលិត​ពី​ក្រដាស​សូត្រ – ក្រណាត់​សូត្រ ឬ ក្រណាត់​វឺឡួរ ហើយ​ក៏​បាន​ក្លាយ​ជា​មធ្យោបាយ​ការពារ កុំ​ឲ្យ​មាន​កូន​ទៀតផង។ ប៉ុន្តែ​ជា​ញឹកញាប់ គេ​តែ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ស្រោម​ការពារ​នេះ​ទេ ដោយ​សំអាង​ថា​ជា​ការ​បង្អាក់ ទប់​ស្កាត់​កំណើត​មនុស្ស។

ស្រោម​អនាម័យ អំពី​កៅស៊ូ ត្រូវ​បាន​ក្រុម​ហ៊ុនផលិត​កង់​ឡាន Goodyear Tire & Rubber​ អាមេរិក រក​ឃើញ​ជា​លើក​ទី​មួយ ដោយ​លោក Goodyear នៅ​ឆ្នាំ ១៨៨០។ គឺ ៤០ ឆ្នាំ​ក្រោយ​ការ​រក​ឃើញ​បំរើ​បំរាស់​ជ័រ​កៅស៊ូ។ ស្រោម​អនាម័យ​នោះ ដែល​អាច​លាង​យក​មក​ប្រើ​ប្រាស់​ជា​ថ្មី​បាន​ទៀត ព្រោះ​មាន​ការ​ធានា​រយៈ​ពេល ៥​ឆ្នាំ។ ប៉ុន្តែ​ទើប​តែ​នៅ​មុន​សង្គ្រាម​លោក​លើក​ទី​ពីរ​ប៉ុណ្ណោះ ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​សំរេច​ផលិត​ស្រោម​អនាម័យ​ធ្វើ​ពី​កៅស៊ូ ប្រកប​ដោយ​គុណភាព ដែល​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ។

មុខងារ​ និង​របៀប​ប្រើ

ស្រោម ​អនាម័យ​មាន​ពីរ​ប្រភេទ មួយ​សំរាប់​បុរស និង មួយ​ទៀត​សំរាប់​ស្រ្តី។ ស្រោម​អនាម័យ​បុរស វា​ជា​ស្រទាប់​ការពារ​ស្តើង ទន់​យឺត មិន​ជ្រាប​ឈាម និង វត្ថុ​រាវ​ចេញ​ពី​អង្គកាយ មាន​កង​នៅ​ខាង​ដើម ឯ​ខាង​ចុង​មាន​ថ្នក់​បិទ​ជិត សំរាប់​យក​ទៅ​បំពាក់​លើ​លិង្គ​បុរស​នៅ​ពេល​បះ​ខឹង និង​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​កាម​បុរស​អាច​ហូរ​ចូល​ក្នុង​ប្រដាប់​ភេទ​ ស្រ្តី​បាន​ក្នុង​ពេល​រួម​សេពសន្ថវៈ ។​ ចំពោះ​ស្រោម​អនាម័យ​ស្ត្រី ទើប​តែ​នឹង​មាន​ចរាចរ​ទូទៅ​នៅ​ទស្សវត្ស​​ឆ្នាំ ៩០​នេះ​ទេ ប៉ុន្តែ​ជា​ស្រោមអនាម័យ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ក្នុង​ការពារ​ជំងឺ​ឆ្លង​តាម​ផ្លូវ​ភេទ​ជាពិសេស ជំងឺ​ស៊ីដា។

ជា​ស្រោម ​ដែល​មាន​កង​ទន់​ពីរ​ទាំង​ចុង​ទាំង​ដើម កង​ខាង​ដើម​ធំ​អាច​គ្រប​ស្រោប​ប្រដាប់​ភេទ​ខាង​ក្រៅ​របស់​ស្ត្រី​ទាំងមូល​ បាន ចំណែក​ផ្នែក​ខាង​ក្នុង​បិទ​ជិត​តែ​មាន​កង​ដែរ។ ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ស្រោម​អនាម័យ​ស្ត្រី​ថ្មី ធ្វើ​ពី​ហ្សែល លាប។ ហ្សែល​នេះ​នៅ​ពេល​ត្រូវ​កំដៅ​ខ្លួន​មនុស្ស​ក៏​ឡើង​រឹង​លែង​ជ្រាប​វត្ថុ​រាវ។ ស្រោម​អនាម័យ​ទាំងពីរ​មាន​នាទី​ដូច​គ្នា គឺ​សំរាប់​ពន្យា​កំណើត និង សំរាប់​ការពារ​អ្នក​ពាក់ និង​ដៃគូ ពី​ជំងឺ​ឆ្លង​កាម​រោគ​ប្រកប​ដោយ​ប្រសិទ្ធិភាព។

ប្រសិទ្ធិភាព​ដែល​ ទាមទារ​ជា​ចាំ​បាច់​ការ​ប្រើប្រាស់ ត្រឹមត្រូវ​បំផុត​ក្នុង​ពេល​ប្រព្រឹត្ត​កាម​គុណ។ ការ​សិក្សា​ជាច្រើន តែង​បង្ហាញ​ថា​ស្រោម​អនាម័យ​ពុំ​មាន​ប្រសិទ្ធភាព ១០០% ទេ ប៉ុន្តែ​ការ​ខ្វះ​និង​បាត់បង់​ប្រសិទ្ធិភាព បើ​តាម​ការ​សិក្សា​ដដែល គឺ​ជា​ទូទៅ​បណ្តាល​មកពី​ការ​ធ្វេស​ប្រហែស និង​ពុំ​ចេះ​ពាក់​ស្រោម​ឲ្យ​បាន​ត្រឹមត្រូវ។ ក្រៅពី​ការ​ពាក់​ស្រោម​មិន​ត្រឹមត្រូវ​ នៅ​មាន​បញ្ហា​ដែល​ជួប​ប្រទះ​ញឹកញាប់​ដែរ​នោះ គឺ​ស្រោម​ដាច់ រហែក ទោះ​ជា​ការ​រហែក​នោះ​តូច​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ​ក៏ដោយ ក៏​អាច​ធ្វើ​ឲ្យ​វត្ថុ​រាវ​អាច​ជ្រាប​ចេញ​បាន​ដែរ។ ពុំ​សូវ​មាន​ជាតិ​រំអិល ជាពិសេស​ចំពោះ​អ្នក​ដែល​ចូលចិត្ត​រួម​ភេទ​តាម​ផ្លូវ​លាមក ស្រោម​អនាម័យ​ធំ​ជ្រុល ឬ តូច​ជ្រុល ដែល​ធ្វើ​ឲ្យ​ងាយ​របូត ឬ ប្រេះ​បែក សុទ្ធសឹង​ជាមូលហេតុ​ដែល​នាំ​ឲ្យ​ស្រោម​អនាម័យ​បាត់បង់​ប្រសិទ្ធភាព​របស់​ ខ្លួម។ ការ​ប្រើ​ប្រាស់ ស្រោម​អនាម័យ​ពីរ​ជាន់​គឺ​គ្មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​បង្ក​ជា​ផលវិបាក បង្កើន​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ជាពិសេស​ប្រឈម​នឹង​ជំងឺ​ស៊ីដា។

ស្រោម​អនាម័យ​ និង​ការ​រួម​ភេទ

ថ្វីដ្បិត ​តែ​មាន​នាម​ជា​ស្រោម​អនាម័យ​បុរស តែ​ស្រោម​អនាម័យ​នេះ​មិនមែន មាន​ប្រវត្តិ​សំរាប់​តែ​បុរស​ទេ។ នេះ​ជា​គំនិត​ផ្ទុយ​ស្រលះ បុរស​និង​ស្ត្រី ត្រូវ​តែ​ចាប់​អារម្មណ៍​នឹង​ស្រោម​អនាម័យ​នេះ​ទាំងអស់​គ្នា។ ព្រោះ​បើ​តាម​ការ​សិក្សា យុវជន យុវនារី សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ស៊ីដា ជំងឺ​កាម​រោគ​ដូចគ្នា (ចំពោះ​ជំងឺ​ស៊ីដា ស្រ្តី រង​គ្រោះ​ខ្លាំង​ជាង​បុរស​ដល់​ទៅ ៨​ដង) ស្ត្រី​ប្រាថ្នា​ប្រើ​ស្រោម​អនាម័យ​ដើម្បី​សុវត្ថិភាព​ខ្លួន​ឯង​ផ្ទាល់​ផង និង ដើម្បី​សុវត្ថិភាព​ដៃ​គូ​ស្នេហា​ផង។ សំរាប់​ស្ត្រី​ភាគ​ច្រើន ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ គឺ​ក្លាយ​ជា​លក្ខខណ្ឌ មុន​ពេល​រួម​ដំណេក។

ទាក់ទង​នឹង​សំនួរ​ថា​តើ​ការ​ពាក់​ស្រោម​អនាម័យ ឬ មិន​ពាក់​ស្រោម​ពេល​រួមរក្ស ​ដៃ​គូ​ស្នេហា​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​ឬ​ទេ ? បើ​តាម​លោក វេជ្ជបណ្ឌិត Eric Chevallier លោក​សារភាព​ថា​វា​មិន​ដូច​គ្នា​ទេ ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​ស្ត្រី​បុរស ចំណង់​របស់​ស្ត្រី​ឬ បុរស មិនមែន​ស្ថិត​នៅ​លើ​តែ​ពាក្យ​រួមរក្ស​ប៉ុណ្ណោះ​ទេ វា​មាន​ច្រើន​លើស​ពី​នេះ​ទៅ​ទៀត។ ហើយ​ស្រោម​អនាម័យ មិនមែន​ជា​អ្នក​បង្អាក់ សំរើប និង​ចំណង់​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ​បើ​គេ​បាន​យល់​ពី​សារៈប្រយោជន៍ និង​តួ​នាទី ការពារ​របស់​ស្រោម​អនាម័យ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​តែ​មួយ​ផ្តោត​ទៅ​លើ​ស្នេហា​របស់​អ្នក ចំណែក​ដៃគូ​អ្នក គាត់​លែង​គិត​ពី​គ្រោះថ្នាក់​ដែល​អាច​ចូល​លង​ដោយសារ​បញ្ហា​ផ្លូវ​ភេទ​ទៀត​ ហើយ។

អត្រា​នៃ​ការ​ប្រើប្រាស់

ក្នុង​មួយ​ ឆ្នាំៗ មាន​ស្រោម​អនាម័យ​ចំនួន​ជាង ១ពាន់​លាន​ដែល​លក់​ដាច់​នៅ​ទី​ផ្សារ។ ដៃ​គូ​ស្នេហា​ជប៉ុន​ចំនួន ៧០% ពាក់​ស្រោម​អនាម័យ ចំណែក​នៅ​ប្រទេស​អង់គ្លេស​មាន​តែ ប្រមាណ ៤០%​ប៉ុណ្ណោះ ហើយ​អាមេរិក និង បារាំង សុទ្ធ​សឹង​ជា​ប្រទេស​ជឿនលឿន​ដែល​មាន​បំរើ​បំរាស់​ស្រោម​អនាម័យ​តិចតួច​ជាង​ គេ ការ​វិល​ត្រលប់​មក​ចាប់​អារម្មណ៍​ជា​ថ្មី​នឹង​ស្រោម​អនាម័យ​ដូច​ខ្ញុំ​បាន​ ជំរាប​ជូន ពី​ខាង​ដើម​រួច​មក​ហើយ គឺ ការ​រីក​រាលដាល​នៃ​ជំងឺ​ស៊ីដា នា​ទស្សវត្ស​ឆ្នាំ​៨០។ រហូត​មក​ទល់​ពេល​នេះ ម៉ោង​នេះ ស្រោម​អនាម័យ​ជា​មធ្យោបាយ​តែ​មួយ​គត់ សំរាប់​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​ស៊ីដា តាម​រយៈ​ការ​រួម​ភេទ៕

ពាក្យគន្លឹះ : សុខភាព

​ដោយ អៀង សុខម៉ិញ​​

ដុំពោះក្នុង​កន្យោម​ពង ដែល​មាន​ពាក្យ​បច្ចេកទេស ជាភាសា​បារាំង​ “Kyste de l’ovaire” ​ ជា​ដុំ​សាច់​ដែល​មាន​កើត​ជា​ញឹកញាប់ លើ​ស្ត្រី​គ្រប់​វ័យ និង​ដោយ​គ្មាន​មូលហេតុ​។ ជាទូទៅ​គ្មាន​រោគ​សញ្ញា​អ្វី​បង្ហាញ​ជា​មុនឡើយ​។ មាន​តែ​​ការតាម​ដាន​​ពិនិត្យ​មើល​តាម​ប្រព័ន្ធ​អេកូសាស្ត្រ​ទេ ទើប​អាច​​រក​ឃើញ​​ និង​ធានាបាន​​ថា​ ដុំ​ពោះ​នោះ​គ្មាន​លក្ខណៈ​វិវឌ្ឍន៍​ទៅ​រក​ជំងឺ​មហារីក។

បទ​អន្តរាគមន៍របស់​​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សៀង ថារិទ្ធ ឯកទេស​រោគស្ត្រី​ និង​សម្ភព និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្រុង​ភ្នំពេញ។

ប្រភព៖ RFI   (http://www.khmer.rfi.fr/society-culture/20100707 )

សើច​ច្រើន​ចម្រើន​អាយុ ! នេះ​មិនមែន​ជា​ពាក្យ​កំប្លែងទេ តែ​ពាក្យ​ពិត ហើយ​ពេល​នេះ​គេ​បាន​រក​ឃើញ​​​គុណ​ប្រយោជន៍​ជា​ច្រើន​​នៃ​សំណើច​ចំពោះ​ សុខភាព។ គុណ​ប្រយោជន៍​នេះ ​ត្រូវ​បាន​​ទទួល​ស្គាល់​​ដោយ​វិទ្យាសាស្ត្រ​ទៀត​ផង។ សំណើច​ មិន​ត្រឹម​តែ​មាន​តួនាទី​សំខាន់​មួយ​សម្រាប់​រស់​នៅ​សង្គម​នោះ​ទេ។ សំណើច ការ​កំផ្លុក​កំប្លែង​ រីករាយ ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ខ្លួន​ប្រាណ និង​ជា​ពិសេស​ដល់​ខួរ​ក្បាល​ផង។
សូម​ស្តាប់​​ការ​ពន្យល់​របស់​អៀង សុខម៉ិញ ដោយ​មាន​អន្តរាគមន៍​ពីវេជ្ជបណ្ឌិត​Daniel Sibony គ្រូពេទ្យ​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ និង​ជា​អ្នក​និពន្ធ​សៀវភៅ Les sens du rire អត្ថន័យ​នៃ​សំណើច។

សំណើច​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ជា​អនេក ចំពោះ​សុខភាព។ បើ​ចុះ​ធ្វើ​ជា​បញ្ជី​ឈ្មោះ​នោះ​វា​នឹង​វែង​អន្លាយ​តែ​ម្តង។

សំណើច​ ភាព​កំប្លែង​រីករាយ​ អាច​កាត់​បន្ថយ​​អារម្មណ៍​នៃ​ការ​ឈឺចុក​ចាប់ ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន ថាមពល​ សម្រួលតួនាទី​របស់​វិញ្ញាណ​ឲ្យ​ឆាប់​ចេះ​ឆាប់​ដឹង។ សំណើច​អាច ការពារ​គ្រោះ​កើត​ជំងឺ​សសែឈាម​ និង​នាំឲ្យ​មាន​អារម្មណ៍​ភ្លឺ​ថា បណ្តេញ​ភាព​ស្មុគស្មាញ Stress កាត់​បន្ថយ​​អារម្មណ៍​មួរហ្មង និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ល។ និង​។ល។ ដោយ​មិន​ភ្លេច​ទេ​តួនាទី​នៃ​ការ​សើច​នៅ​ក្នុង​សង្គម។  អារម្មណ៍​និង​ភាព​រីករាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ល្អ​​នៅ ជាមួយ​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​រស់​នៅ។

អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​​ដែល​បាន​ផ្តោត​ការ​​សិក្សា​សំណើច​ទៅ​លើ​ការ​​ព្យាបាល​ជំងឺ​ បាន​ប្រកាស​ថា​​ ប្រសិន​បើ​គេចេះ​​ប្រើ​សំណើច ការ​សើច​អាច​ជា​ជំនួយ​ដ៏​ប្រសិទ្ធ​មួយ​ក្នុង​ការ​ព្យាបាល​ ពី​ព្រោះ​ម្យ៉ាង​សំណើច​អាច​បន្ធូរ​អារម្មណ៍​ ដែល​នេះ ជា​វិធី​សាស្ត្រ​មួយ​ប្រហាក់​ប្រហែល​នឹង​ការ​ធ្វើ​លំហាត់​ផ្លូវ​ដង្ហើម នៃ​ការ​ធ្វើYoga។ ម្យ៉ាង​មួយ​ទៀត សំណើច​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រក្សា​លំនឹង​របស់​អារម្មណ៍។ សូម​ចង​ចាំ​ថា​ ខួរ​ក្បាល​មនុស្ស​ត្រូវ​ការ​សំណើច​ជា​រឿយៗ ….
 

សំណើច​មាន​ប្រយោជន៍​សម្រាប់​សុខភាពរាងកាយ​និង​ផ្លូវចិត្ត

ជាការពិត​ណាស់ ដែល​ថា​សំណើច​ នាំ​មក​នូវ​សុខភាព​ល្អ។ ក្រុម​អ្នក​ឯកទេស​ផ្នែក​សំណើច​កំប្លែង បាន​ធ្វើ​ការ​ពិសោធន៍​ដោយ​ផ្ទាល់ នៅ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​កំប្លែង​សើច​សប្បាយ​ ឃើញ​ថា​សំណើច​​ ធ្វើ​ឲ្យ អ័រមូន​ និង អង់ដ័កហ្វីន មនុស្ស​មាន​លក្ខណៈប្រសើរ។ ការ​គិត​សុញ មិន​ចេះ​សើច​រីករាយ ហើយ​ចេះ​តែ​សើច​សប្បាយ​តែ​សំបក​ក្រៅ ​ មិន​ផុស​ចេញ​ពី​ទឹក​ពិត​ ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​ណាស់។

ប៉ុន្តែ​សួរ​ថា សំណើច ដូច​គ្នា​ដែរ​ឬទេ ?

សំណើច​ប្រែ​ប្រួល​ទៅ​តាម​វប្បធ៌ម សង្គម​ និង​​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ប៉ុន្តែការ​ញញឹម​ និង​ការ​សើច​ជា​កាយ​វិការ​របស់​មនុស្ស​ទូទៅ មិន​ថា​ជាតិ​ណា​សាសន៍​ណា ក្រ​ឬ​មាន​នោះ​ទេ។ ជា​ញ្ញាណ​​សាកល​ ! ទោះ​បី​ជា​គេ​មិន​និយាយ​ភាសា​ដូចគ្នា​ក៏​ដោយ ​ក៏​គេ​អាច​យល់​គ្នា​បាន​តាម​រយៈ​សំណើច​ដែរ។
សំណើច​ជា​កាយ​វិការ ជា​សកម្ម​ភាព​មនុស្ស ដែល​ផុះ​ចេញ​ដោយ​ឯងៗ និង​មាន​​ទំនាក់​ទំនង​ជាមួយ​នឹង​អារម្មណ៍​ពីរ។ ជា​ការ​បញ្ចេញ​អារម្មណ៍។ ជា​ការ​គេច​ចេញ​ពី​អារម្មណ៍​ ​ធុន​ ថប់​​ បារម្ភ​ ការ​ប៉ះ​ទង្គិច ។ល។

សើច ក៏​ជា​ការ​ចំអក​ឲ្យ​ខ្លួន​ឯង។ ការ​ចំអក​ឲ្យ​ខ្លួន​ឯង​នេះ​វា​រឹត​តែ​ងាយ​ធ្វើ​ទៅ​ទៀត​ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​នៅ​ចំពោះ​មុខ​យើង ពី​ព្រោះ​នេះ​ជា​ការ​ចំអក​ឲ្យ​ខ្លួន​​ឯង​តាម​រយៈ​ការ​​ចំអក​ឲ្យ​មនុស្ស​ម្នាក់​ទៀត។ ទាំង​នេះ​គឺ​ដើម្បី​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​ថា​ ការ​សើច​គឺ​ជា​ចំណង​​នៃ​ភាព​រីករាយ​ ​ភាព​​សុខសាន្ត​របស់​មនុស្ស។ ប្រសិន​បើ​កំពុង​មាន​ទុក្ខព្រួយ​​ នឹង​ផ្តើម​បាន​ប្រសើរ​ឡើង​ នៅ​ពេល​គេ​បាន​ផ្ទុះ​សំណើច​នេះ​ឯង។

អ្នក​ឯកទេស​ខាង​សំណើច បាន​អះអាង​ថា សំណើច​ជា​ចំណង​ដែល​មិន​អាច​ផ្តាច់​បាន​ពី​សុខភាព។ សំណើច​ជា​អ្នក​រក្សា​លំនឹង​របស់​មនុស្ស​ទូទៅ។ ប៉ុន្តែ​និន្នាការ​នៃ​សំណើច តែង​ថយ​ចុះ​ទៅ​តាម​វ័យ តើ​នេះ​មក​ពី​មូល​ហេតុ​អ្វី ?! មនុស្ស​ចាស់​ទៅ​ភ្លេច​សើច​ឬ​យ៉ាង​ណា ?

ពិបាក​កំណត់​ណាស់​បញ្ហា​នេះ ព្រោះ​ថា​នៅ​ក្នុង​សង្គម​បារាំង ឬ​សង្គម​នៃ​ប្រទេស​ជឿន​លឿន មនុស្ស​ចាស់​ច្រើន​រស់​នៅ​ដាច់​ដោយ​ឡែក ឬ ឯកា។ ការ​សើច​សប្បាយ​ត្រូវ​ការ​មាន​មនុស្ស​​ច្រើន​នៅ​ជិត​ជុំ​ ឬ​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​មនុស្ស​ពីរ​នាក់​គ្រាន់​នឹង​ឆ្លើយ​ឆ្លង​គ្នា ទើប​អាច​មាន​ការ​ផ្ទុះ​សំណើច​ឡើង​បាន។
ម្យ៉ាង​វិញ​ទៀត អ្នក​​ខ្លះ​ គេ​មិន​ត្រូវ​ការ​លេង​សើច​អ្វី​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ការងារ។ គេ​អាច​វាយ​តម្លែ​ថា​ជាមនុស្ស​មិន​សូវ​ម៉ឺងម៉ាត់ ។ល។ ជា​ពិសេស​នៅ​តាម​ទីក្រុង​ធំៗ នៅ​តាម​ប្រទេស​ដែល​មាន​ទីផ្សារ​ការងារ​ចង្អៀត ប្រទេស​ជឿន​លឿន។ ជាក់​ស្តែ​ង​នៅ​ប្រទេស​ជប៉ុន គេត្រូវ​បង្ខំចិត្ត​បង្កើត​មុខវិជ្ជា​សើច​ នៅ​ក្នុង​វិញ្ញាសារ​ប្រឡង​បាកឌុប។ ពួក​គេ​ត្រូវ​រៀន​សើច រៀន​ពី​ការ​របៀប​របប​នៃ​​សំណើច នៃ​ការ​សើច រៀន​ញញឹម​ឡើង​វិញ។ គួរ​ឲ្យ​ហួស​ចិត្ត​ទេ !!!

ថ្មីៗ​នេះ អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិក​ទើប​បាន​ចេញ​ផ្សាយ​​លទ្ធផល​នៃ​ការ​សិក្សា​របស់​គាត់​ថា សំណើច មាន​ប្រសិទ្ធិភាព​ដូចជា​ប្រភេទ​គ្រឿង​ញៀន​ខ្លះ​។ លោក​ហ៊ាន​សន្និដ្ឋាន​បែប​នេះ ដោយ​សំអាង​លើ​​ការ​ថត​​ខួរ​ក្បាល​តាម​ប្រព័ន្ធ​ម៉ាញ៉េទិក IRM បាន​បង្ហាញ​ថា​បើ​មនុស្ស​សើច​ ឬ​ជួ​ប​នឹង​ភាព​កំប្លុក​កំប្លែង នោះ​ខួរក្បាល​ផ្នែក​ខាង​ឆ្វេង ដែល​ប្រព័ន្ធ​ប្រសាទ​នៃ​អារម្មណ៍​រីករាយ​នឹង​មាន​សកម្មភាព​ភ្លាម។ ប្រព័ន្ធ​ប្រសាទ​ផ្នែក​​​ខាង​ឆ្វេង​នេះ មាន​សកម្មភាព គឺ​មាន​ន័យ​ថា​វា​ជា​ការ​បើក​ផ្លូវ​​ដល់​សារធាតុ​ម្យ៉ាង​នៃ​ប្រព័ន្ធ​ប្រសាទ ទៅ​ជួយ​សម្រួល​​សម្ពាធ​ឈាម។ ពេល​នេះ​ អ្នក​ស្រាវ​ជ្រាវ​​វេជ្ជសាស្ត្រទំនង​ជាកំពុង​គិត​ពី​របក​គំហើញ​​ថ្មី​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។
 

នៅ​ប្រទេស​ជឿន​លឿន មាន​ជា​អាទិ៍​ប្រទេស​បារាំង ការ​សើច​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត ឬខូច​ទឹក​ចិត្ត។ ការ​កំប្លុក​កំប្លែង គឺ​ជា​ជំនួយ​ដ៏​សំខាន់​មួយ​ក្នុង​ការ​​​ព្យាបាល​ជំងឺ​ ជាពិសេស​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ចំពោះ​មុខ​កុមារ​កំពុង​យំ ព្រោះ​ខ្លាច​ម្ជុល បើ​មាន​អ្នក​កំប្លែង​ម្នាក់​ធ្វើ​ថ្លុក​ នៅ​ពី​មុខកុមារ​នោះ​នឹង​ភ្លេច​ឈឺ​ជា​មិន​ខាន។ ដូច្នេះ​ សូម​ចង​ចាំ​ថា បើ​មាន​ឱកាស​គួរ​តែ​សើច​សប្បាយ​រីក​រាយ​ ឲ្យ​ថ្លា​បេះដូង​ កុំ​រង់​ចាំ​ទាល់​តែ​មាន​រោគា​ព្យាធិ​ហើយ បាន​ប្រឹង​សើច​ជា​ក្រោយ​អី ឲ្យ​សោះ៕

ពាក្យគន្លឹះ : សុខភាព

ប្រភព៖  RFI   (http://www.khmer.rfi.fr/Paracetamol_surdosage )

ឈឺ​ក្បាល ឈឺ​ខ្នង ឈឺ​ពោះ ឈឺ​ធ្មេញ ចុក​ដៃ​ជើង ក្តៅ​ខ្លួន គ្រុន រងា​ស្រៀវ​ស្រាញ ចង់​ផ្តាសាយ ។ល។ និង​។ល។ នៅ​ពេល​មាន​អាការៈ​ទាំង​អស់​នេះ​ភ្លាម ជន​គ្រប់​រូប​តែង​​នឹក​ឃើញ​ភ្លាម​ដល់​ថ្នាំ ប៉ារ៉ាសេតាម៉ុល គ្រប់ៗគ្នា។ ជា​ការ​ពិត​ណាស់​ ព្រោះ​នេះ​ជា​ប្រសិទ្ធិភាព​ដំបូង ដែល​ក្រុម​វេជ្ជសាស្ត្រ​បង្កើត​​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ឡើង​ ក្នុង​បំណង​ចង់​​បំបាត់​ការ​ឈឺចាប់។ ប៉ុន្តែ​គ្រប់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​​ផល​ប៉ះពាល់​បន្ទាប់​បន្សំ ខ្លះ​ច្រើន​ ខ្លះ​តិច ទៅ​តាម​ប្រភេទ​ថ្នាំ និង​ទៅ​តាម​បុគ្គល​អ្នក​ទទួល​ទាន។

ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី ពពួក​ថ្នាំ​ Paracétamol និង​គ្រោះ​ថ្នាក់​​នៃ​ការ​ប្រើ​ប្រាស់​ហួស​កំរិត សូម​ស្តាប់​ អៀង សុខម៉ិញ និង​បទ​អន្តរាគមន៍​របស់ អ្នកស្រី ​ឱសថការី ឃុន វ៉ារី នៅ​ក្រុង Torcy ជាយ​ក្រុង​ប៉ារីស និង​ជា​ប្រធានកិត្តិយស​សមាគម​ឱសថការិនី និង​ឱសថនិស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។

ស្លាក​សញ្ញា​ឱសថស្ថាន​ មាន​ដាក់​សញ្ញា​លេខ​បូក ព័ទ្ធ​ដោយ​សត្វ​ពស់ មិន​មែន​ជា​ជ្រើសរើស​​ដោយ​ចៃដន្យ​ទេ។ ស្លាក​សញ្ញា​នេះ​មាន​អត្ថន័យ​កប់​ជ្រៅ យ៉ាង​គ្រប់​គ្រាន់​សំរាប់​ពន្យល់​ជន​ទូទៅ​ថា ​ឱសថ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​រោគា​បានផង ប៉ុន្តែ​ក៏​អាច​សម្លាប់​ជីវិត​មនុស្សបាន​ផង ដូច​​​ពិស​​​ពស់ដូច្នោះ។

យ៉ាង​ណាមិញ ថ្នាំ​ប៉ារ៉ាសេតាម៉ុល ដែល​ជា​ឱសថ​សាមញ្ញ គ្រប់​គ្នា​ស្គាល់​ច្បាស់ និង​អាច​រក​ទិញ​បាន​យ៉ាង​ងាយ​ នៅ​តាម​ឱសថស្ថាន មិន​ថា​តូច​ឬ​ធំ ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏​បាន​នេះ មិន​មែន​គ្មាន​ផ្តល់​ផល​វិបាក​ និង​គ្រោះ​ថ្នាក់​ទេ។

ការ​ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល លើ​ស​ពី​​កំរិត​កំណត់ អាច​បង្ក​គ្រោះ​ថ្នាក់​ និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ថ្លើម។ មាន​ការសិក្សា​ច្រើន​ណាស់ ដែល​អាច​បញ្ជាក់​អំពី​ផល​ប៉ះពាល់​នេះ។

–          នៅ​សហរដ្ឋ​អាមេរិក ៖ របាយការណ៍​វេជ្ជសាស្ត្រ​ កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​ មាន​ប្រជាជន​អាមេរិក ប្រមាណ​ជាង​ ៧៨០០០ នាក់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ព្រោះ​តែ​បាន​ទទួល​ទាន​ថ្នាំ​ពពួក​ប៉ារ៉ាសេតាម៉ុល ច្រើន​ហួស​កំរិតកំណត់។
–          នៅ​ចុង​ខែ​វិច្ឆិកា​នេះ ការ​សិក្សា​រយៈ​ពេល​បី​ឆ្នាំ​ របស់​អង់គ្លេស ទើប​បាន​បញ្ជាក់​បន្ថែម​​ឲ្យ​កាន់​តែ​ច្បាស់ទៀត​ ​​អំពី​ការ​បំពុល​ថ្លើម ក្នុង​ករណី​លេប​ថ្នាំ​​ពពួក​ប៉ារ៉ាសេតាម៉ុល​ ច្រើន​ជ្រុល​ហួស​​ហេតុ។
–          ចំណែក​នៅ​ប្រទេស​បារាំ​ង​វិញ ក្រុម​គ្រូពេទ្យ​ឯកទេសខាង​រោគ​​ថ្លើម​និងពោះវៀន​ បាន​រំលឹក​ថា​ពពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​នេះ​ត្រូវ​បាន​បណ្តា​ជន​បារាំង​ប្រើ​យ៉ាង​ពោរពាស។ អ្នក​ជំងឺ​ដែល​ត្រូវ​បញ្ជូន​មក​ពេទ្យ ដើម្បី ធ្វើ​ការ​វះកាត់​ប្តូរ​ថ្លើម​ ជាង​ពាក់​កណ្តាល​ គឺ​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល រហូត​ថ្លើម​ពុល​លែង​ធ្វើ​ការ​កើត៕

ពាក្យគន្លឹះ : សុខភាព