Category Archives: សេដកិច្ចអន្តរជាតិ

នយោបាយ​សេដ្ឋកិច្ច​ជប៉ុន​បង្ក​ឲ្យមាន​ការ​បារម្ភ​ខ្លាច​ផ្ទុះ “សង្រ្គាមរូបិយវត្ថុ” – ជប៉ុន – RFI.

Advertisements

“វេទិកា​សេដ្ឋកិច្ច​ពិភពលោក” បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៅ​ក្រុង Davos ប្រទេសស្វ៊ីស – រុស្ស៊ី – RFI.

​ចិន​ចាប់​​ដំណើរ​កា​រថភ្លើង​​វែង​និង​​លឿន​​ជាង​គេ​ក្នុង​ពិភព​លោក.

ក្រុមហ៊ុន​ប្រេង​BP​សង​ប្រាក់​ពិន័យ​ដ៏​មហាសាល – អាមេរិក – RFI

ក្រុមហ៊ុន​ប្រេង​BP​សង​ប្រាក់​ពិន័យ​ដ៏​មហាសាល – អាមេរិក – RFI.

ទំនិញ​ចិន​ហូរចូល​អាមេរិក​ច្រើន​ជាង​ហូរចូល​ទ្វីបអឺរ៉ុប – ចិន-អាមេរិក-អឺរ៉ុប – RFI

ទំនិញ​ចិន​ហូរចូល​អាមេរិក​ច្រើន​ជាង​ហូរចូល​ទ្វីបអឺរ៉ុប – ចិន-អាមេរិក-អឺរ៉ុប – RFI.

“សង្គ្រាម​សិទ្ធិ​មនុស្ស” ឆ្លង​ទៅ​ជា “សង្គ្រាម​សាច់” រវាង​រុស្ស៊ី និង​អាមេរិក – រុស្ស៊ី-អាមេរិក – RFI

“សង្គ្រាម​សិទ្ធិ​មនុស្ស” ឆ្លង​ទៅ​ជា “សង្គ្រាម​សាច់” រវាង​រុស្ស៊ី និង​អាមេរិក – រុស្ស៊ី-អាមេរិក – RFI.

«កម្មសិទ្ធិបញ្ញា» ប្រធានបទ​សំខាន់​នៃ​ជំនួប​ពាណិជ្ជកម្ម​​រវាងអាមេរិក ចិន – អាមេរិក-ចិន – RFI

«កម្មសិទ្ធិបញ្ញា» ប្រធានបទ​សំខាន់​នៃ​ជំនួប​ពាណិជ្ជកម្ម​​រវាងអាមេរិក ចិន – អាមេរិក-ចិន – RFI.

ប្រទេស​ម្ចាស់ជំនួយ​អំពាវនាវ​វៀតណាម​ឲ្យ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ និងសហគ្រាសរដ្ឋ – វៀតណាម – RFI

ប្រទេស​ម្ចាស់ជំនួយ​អំពាវនាវ​វៀតណាម​ឲ្យ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ និងសហគ្រាសរដ្ឋ – វៀតណាម – RFI.

តេង សៀវប៉េង (Deng Xiaoping) បិតា​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ចិន – RFI

តេង សៀវប៉េង (Deng Xiaoping) បិតា​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ចិន – RFI.

ចិន​កំពុង​ត្រៀម​ដណ្តើម​តំណែង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ពី​អាមេរិក (15)

ចិន​កំពុង​ត្រៀម​ដណ្តើម​តំណែង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ពី​អាមេរិក (15).

ធនាគារ​កណ្តាល​អឺរ៉ុប​បញ្ចុះ​អត្រា​ការប្រាក់​ទាប​បំផុត​មិនធ្លាប់​មាន – អឺរ៉ុប – RFI

ធនាគារកណ្តាលអឺរ៉ុបបញ្ចុះអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មាន – អឺរ៉ុប – RFI.

អឺរ៉ុប​ខិតខំ​ធ្វើឲ្យ​ក្រុម​ប្រទេស ​G20​ ទុកចិត្ត​លើខ្លួន​ក្នុងការ​ប្រយុទ្ធ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ – ម៉ិកស៊ិក – RFI

អឺរ៉ុបខិតខំធ្វើឲ្យក្រុមប្រទេស G20 ទុកចិត្តលើខ្លួនក្នុងការប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ច – ម៉ិកស៊ិក – RFI.

ឧនភាព​សាធារណៈ៖​ តុលាការ​គណនី​ទាញ​សញ្ញា​អាសន្ន​ – បារាំង – RFI

ឧនភាពសាធារណៈ៖ តុលាការគណនីទាញសញ្ញាអាសន្ន – បារាំង – RFI.

កិច្ចប្រជុំ​​G20 ​បាន​ចាប់​ផ្តើម​​បើក​​នៅ​ក្នុង​​ប្រទេស​មិក​ស៊ី​កូ

កិច្ចប្រជុំG20 បានចាប់ផ្តើមបើកនៅក្នុងប្រទេសមិកស៊ីកូ.

ក្រុមហ៊ុន Facebook ដែលជាបណ្តាញសង្គមតាមអ៊ីនធ័រនែតដ៏ធំបំផុតនៅលើ ពិភពលោក ទើបបានជូនដំណឹងនៅថ្ងៃសុក្រនេះអំពីការដាក់លក់ ជាសាធារណៈ ភាគហ៊ុន ៤២១ លានភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារមូលប័ត្រនៅញូវយកដោយ១ភាគ ហ៊ុនមានតម្លៃ ៣៨ ដុល្លារ។ ប្រតិបត្តិការនេះ នៅពេលចាប់ធ្វើភា្លមបានទាក់ទាញទឹកចិត្តអ្នកវិនិយោគទុនជាច្រើន ហួសពីការគ្រោងទុក។

សេចក្តីរាយការណ៍របស់ នុយ ប៊ែរណាដែត

18/05/2012 by នុយ ប៊ែរណាដែត

នៅសហរដ្ឋអាមេរិក–Facebook បណ្តាញសង្គមតាមអ៊ីនធ័រនែតដ៏ធំបំផុតនៅលើពិភពលោក បានចាប់ដាក់លក់ភាគហ៊ុន របស់ខ្លួន  ៤២១ លាន ភាគហ៊ុននៅលើទីផ្សារមូលប័ត្រនៅទីក្រុង ញូវយក ដោយ ១ភាគហ៊ុន ថ្លៃ៣៨ដុល្លារអាមេរិក ។ បណ្តាញសង្គម  Facebook ដែលត្រូវបានបង្កើតឡើងកាលពី៨ឆ្នាំមុនដោយនិស្សិតម្នាក់នៃ សាកល វិទ្យាល័យ Harvard  ឈ្មោះ Mark Zuckerberg  មកទល់ពេលនេះ  មានសមាជិករបស់ខ្លួន ប្រមាណ៩០០ លាននាក់។
នៅពេលចាប់បើកលក់ភាគហ៊ុន Facebookនៅលើទីផ្សារមូលប័ត្រភ្លាម ចំនួនអ្នកវិនិយោគទុនដែលសុំទិញភាគហ៊ុនរបស់Facebookកើនកំរិត ខ្ពស់រហូតដល់ ២៥% លើសពីការគ្រោងទុក ។ គឺជាឯតទគ្គកម្មមួយ សំរាប់ ក្រុមហ៊ុនបណ្តាញសង្គម  Facebook នេះ ព្រោះថា បើមួយភាគហ៊ុនមានតម្លៃ៣៨ដុល្លារនោះ ក្រុមហ៊ុនFacebook ដែលមានដាក់លក់៤២១ លានភាគហ៊ុននឹងមានតម្លៃភាគហ៊ុនសរុបប្រមាណ ១០៤ពាន់លានដុល្លារ ។
ដូច្នេះ ភាគហ៊ុនរបស់ Facebookនឹងមានតម្លៃ ខ្ពស់ជាង ក្រមហ៊ុន  Disney ឬ ក៏  Mc Donald’sទៅទៀត ។

បន្ទាប់ពី ការដាក់លក់ភាគហ៊ុន របស់  Facebook លោក Mark Zuckerberg ដែលជាស្ថាបនិក Facebookមានចំណែកភាគហ៊ុនរបស់ខ្លួនជិត៥៦%នៃដើមទុនក្រុមហ៊ុន។ រីឯអ្នកទិញ  ភាគហ៊ុន របស់ Facebook វិញ ជឿទុកចិត្តថាក្រុមហ៊ុន Facebook អាចនឹងរកប្រាក់ចំណូលកើនថែមទៀតរហូត ដល់ ២៧ដងនៃប្រាក់ចំណូល របស់ Facebook នៅឆ្នាំ២០១១ -ប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្ម ។  គ្រាន់តែឆ្នាំ ២០១១ ប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មនេះ  មាន ប្រមាណ ៣១៥០ លានដុល្លារ គឺប្រមាណ ៨៥% នៃ ប្រាក់ចំណូលសរុបប្រចាំឆ្នាំ។

ការជឿទុកចិត្តពេក របស់អ្នកទិញវិនិយោគទុន នៃក្រុមហ៊ុន Facebook ក៏អាចជាគ្រោះថ្នាក់ មួយដែរពីព្រោះគេនៅមិនទាន់ដឹងថាតើក្រុមហ៊ុន Facebook ត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យបា្រក់ចំណូល របស់ខ្លួនបានកើនឡើងជាលំដាប់ជាងពេលបច្ចុប្បន្ននេះ ។

រហូតមកទល់ពេលនេះ គេនៅតែមន្ទិលសង្ស័យពីប្រសិទ្ធិភាពនៃមធ្យោបាយរកប្រាក់ចំណូល បានមកពីការផ្សាយពាណិជ្ជកម្ម។ ជាក់ស្តែងក្រុមហ៊ុន Facebook បានបាត់បង់ អតិថិជនមួយរបស់ខ្លួននោះគឺ ក្រុមហ៊ុន ផលិតរថយន្ត អាមេរិក General Motor ដែល ទើបតែបានបោះបង់ចោល មធ្យោបាយផ្សាយពាណិជ្ជកម្ម នៅតាម បណ្តាញសង្គម Facebookនេះ ៕

ប្រភព៖ RFI

(http://www.khmer.rfi.fr/questions-and-answers-about-facebook-ipo)

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 02 កុម្ភៈ 2012

– ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 02 កុម្ភៈ 2012
លោក Mark Zuckerberg អគ្គនាយក និង​ជា​អ្នក​បង្កើត​ Facebook

លោក Mark Zuckerberg អគ្គនាយក និង​ជា​អ្នក​បង្កើត​ Facebook

REUTERS/Robert Galbraith/Files

កាលពីថ្ងៃ​ពុធ ១ កុម្ភៈ ម្សិលមិញ​នេះ Facebook ដែល​ជា​បណ្តាញ​សង្គម​តាម​អ៊ីនធ័រនែត​ដ៏ធំបំផុត នៅលើពិភពលោក បាន​បញ្ជូន​សំណុំឯកសារជាផ្លូវការ ទៅកាន់​គណៈកម្មការ​មូលបត្រ​អាមេរិក (SEC) ដើម្បី​សុំ​លក់​ភាគហ៊ុន នៅលើទីផ្សារ​មូលបត្រ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​ការ​​បោះជំហាន​ចូល​ទីផ្សារ​មូលបត្រ​របស់​ Facebook ។

ការពន្យល់​របស់​សេង ឌីណា

តើ​ Facebook គ្រោង​លក់​ភាគហ៊ុន​ប៉ុន្មាន?

Facebook មាន​គោលដៅ​ប្រមូល​លុយ​ឲ្យ​បាន ៥ពាន់លាន​ដុល្លារ ពី​ការ​លក់​ភាគហ៊ុន​ជាសាធារណៈ​ជាលើក​ដំបូង (Initial Public Offering) ​នេះ។ ចំនួននេះ​តិច​ជាង​ការ​រំពឹង​ទុក​ពីពេលមុន (១០ពាន់លាន​ដុល្លារ) ក៏ប៉ុន្តែ នៅតែ​ច្រើន​ជាង​​ការលក់​ភាគហ៊ុន​ដំបូង​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​ផ្សេងៗ​ទៀត នាពេល​កន្លងមក។

នៅពេល​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង កាលពី​ឆ្នាំ​២០០៤ Google លក់​បាន​តែ ១​ ៦៧០​លាន​ដុល្លារ​​ប៉ុណ្ណោះ។
 
តើ​ភាគហ៊ុន​របស់ Facebook មាន​តម្លៃ​ប៉ុន្មាន?
 
នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook មិនទាន់​បាន​កំណត់​តម្លៃ​ភាគហ៊ុន ដែល​ត្រូវ​លក់​នៅឡើយទេ។ ចំនួន​ពិតប្រាកដ នៃ​​ភាគហ៊ុន ដែល​ត្រូវ​ដាក់លក់​ជា​សាធារណៈ ក៏​ Facebook មាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​​នេះ​ដែរ។​

នៅពេលបច្ចុប្បន្ន​នេះ គេ​ប៉ាន់ប្រមាណ​ថា ភាគហ៊ុន Facebook មាន​តម្លៃ ២៩,៧៣​ដុល្លារ ក្នុង​មួយ​ហ៊ុន។ ប៉ុន្តែ អ្នកខ្លះ​បានព្យាករ​ថា ភាគហ៊ុន​នេះ​អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ៤០ដុល្លារ ក្នុងមួយ​ហ៊ុន នៅពេល​ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​មូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែ​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ។
 
នៅពេលណា ទើបគេ​អាច​​ចាប់ផ្តើម​ទិញភាគហ៊ុន​របស់ Facebook បាន?
 
កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ Facebook គ្រាន់តែ​បញ្ជូន​ឯកសារ ដើម្បី​សុំ​លក់​ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់​ចាប់ផ្តើម​លក់​ភាគហ៊ុន​នៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់​អាច​ទិញ​ភាគហ៊ុន Facebook បាន​នៅឡើយទេ នៅពេលនេះ។ គេត្រូវ​រង់ចាំ​យ៉ាងតិច ៣ខែ​ទៀត (​ក្រោយ​​ថ្ងៃ​ទី២ ឧសភា) ទើប​ Facebook ចាប់ផ្តើម​លក់​ភាគហ៊ុន​។
 
តើ Facebook មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​​ប៉ុន្មាន​ក្នុងមួយឆ្នាំៗ?
 
ចាប់ពីពេលនេះ​ទៅ ដោយ​​ Facebook ចង់​លក់​ភាគហ៊ុន​ នៅ​ក្នុង​ទីផ្សារ​មូលបត្រ Facebook មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នូវ​ស្ថានភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​ជំនួញ​របស់​ខ្លួន។

នៅ​ក្នុង​ឯកសារ ដែល​​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook បាន​បង្ហាញ​ថា៖

  • ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០១១ មាន ៣ ៧១១​​លាន​ដុល្លារ​
  • ប្រាក់​ចំណេញ​សុទ្ធ នៅ​ឆ្នាំ​២០១១ មាន ១០០០​លាន​ដុល្លារ
  • អ្នក​ប្រើប្រាស់សកម្ម​​ប្រចាំ​ខែ (Monthly active users) មាន ៨៤៥​លាន​នាក់ នៅ​ខែ​ធ្នូ ២០១១
  • អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ (Daily active users) មាន ៤៨៣លាន​នាក់

 
តើ​ប្រភពចំណូល​របស់ Facebook បាន​មក​ពីណា?
 
ប្រភពចំណូល​ធំបំផុត​របស់ Facebook គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Online advertisement)។ នៅ​ឆ្នាំ​២០១១ ប្រាក់ចំណូល ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ មាន​រហូតដល់​ទៅ ៣ ១៥០ ​​លាន​ដុល្លារ​ ពោលគឺ ប្រមាណ ៨៥% នៃ​ប្រាក់​ចំណុល​សរុប​ប្រចាំ​ឆ្នាំ។

ប្រភព​ចំណូល​ធំ​ទីពីរ គឺ​បាន​មក​ពី​​ក្រុមហ៊ុន Zynga (១២% នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​២០១១)។ Zynga គឺ​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​លើ​អ៊ីនធ័រនែត (Online Game) ដែល​​គេច្រើន​លេង​នៅលើ​ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។

តើ​ក្រុមហ៊ុន Facebook មាន​តម្លៃ​ប៉ុន្មាន?​
 
វា​​អាស្រ័យ​ទៅលើ​​តម្លៃភាគហ៊ុន Facebook ដែល​អ្នក​វិនិយោគហ៊ាន​ឲ្យ នៅពេល​ដែល​ភាគហ៊ុន​​​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹង​ថា ក្រោយ​ពេល​ចូល​ក្នុង​ទីផ្សារ​មូលបត្រ ក្រុមហ៊ុន Facebook អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ១០០ពាន់លាន​ដុល្លារ។ បើសិន​ជា​ពិតជាដូចនេះ​មែន Facebook ដែល​ទើប​នឹង​បង្កើត​បាន​ ៨​ឆ្នាំ​នេះ នឹង​មាន​តម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​ធំៗ​ និង​ចំណាស់ៗ​របស់​អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។

តើ​​អគ្គនាយក និង​ស្ថាបនិក​ Facebook (Mark Zuckerberg) មាន​ភាគហ៊ុន​ប៉ុន្មាន​?
 
លោក Mark Zuckerberg មាន​ចំណែកហ៊ុន​ ២៨,៤% ក្នុង​ក្រុមហ៊ុន​ Facebook ហើយ​ទទួល​បាន​ប្រាក់ចំណូល​ពី Facebook (ទាំង​ប្រាក់ខែ និង​ប្រាក់​ចំណូល​ផ្សេងទៀត) ចំនួន ១ ៤៩០ ០០០​ដុល្លារ (ឆ្នាំ​២០១១)។

ប្រសិន​បើ​តម្លៃ​ក្រុមហ៊ុន Facebook ពិត​ជា​កើនឡើង​រហូតដល់ ១០០ពាន់លាន​ដុល្លារ ដូច​គេ​រំពឹង​ទុកមែន ភាគហ៊ុន​របស់​លោក Mark Zuckerberg ក្នុង​ក្រុមហ៊ុន Facebook នឹង​មាន​តម្លៃ​រហូតដល់​ទៅ​ជាង ២៨ពាន់លាន​ដុល្លារ។ លោក Zuckerberg នឹង​ត្រូវក្លាយ​ជា​មហាសេដ្ឋី​ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ លំដាប់​ទី ៤ នៅ​សហរដ្ឋ​អាមេរិក និង ទី៩ នៅទូទាំង​ពិភពលោក។ សូម្បីតែ​បុគ្គលិក​របស់​ក្រុមហ៊ុន Facebook ក៏​អាច​ក្លាយ​ជា​សេដ្ឋី ដែលមាន​ទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ​ដែរ៕

ប្រភព៖ RFI   (http://www.khmer.rfi.fr/debt-of-emerging-country-attracts-investors)

នៅក្នុងពេល​ដែល​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ ដូចជា អាមេរិក និង​ប្រទេស​នៅអឺរ៉ុប ជាដើម កំពុង​ផុងខ្លួន​ក្នុង​វិបត្តិ​ប្រាក់​បំណុល អ្នកវិនិយោគ​កំពុង​តែ​ងាក​ទៅចាប់អារម្មណ៍​លើ​ការវិនិយោគ​លើមូលបត្រ​បំណុល​របស់​ប្រទេសកំពុង​អភិវឌ្ឍ​វិញ​ម្តង ជាពិសេស ប្រទេស​ដែល​កំពុង​តែ​មាន​ការ​រីកលូតលាស់​ខ្លាំង ដូចជា ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក អាហ្វ្រិក​ខាង​ត្បូង ជាដើម។

នៅពេល​បច្ចុប្បន្ន​នេះ ទីផ្សារ​មូលបត្រ​បំណុល​របស់​ប្រទេស​​​កំពុង​អភិវឌ្ឍ ដែល​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ មាន​ទំហំ​រហូតដល់​ទៅ​ប្រមាណ​ពី ១០% ទៅ ១៥% នៃ​ទីផ្សារ​ពិភពលោក ពោល​គឺ កើនឡើង​ទ្វេដង បើ​ធៀប​នឹង​កាល​ពី​​​១០ឆ្នាំ​មុន។

ស្ថាប័ន​ហិរញ្ញវត្ថុ​​ជាច្រើន​បាន​ឲ្យដឹង​ថា ចាប់តាំង​ពី​​វិបត្តិ​ប្រាក់​បំណុល​ផ្ទុះឡើង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ខ្លាំងឡើង​ថែមទៀត។ មូលហេតុ គឺ​មាន​ពីរ​ធំៗ៖ ហានិភ័យ​ទាប និង​ផលចំណេញ​ខ្ពស់។

ក្នុងពេល​ដែល​​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្មកំពុង​មាន​កំណើន​ដ៏តិចតួច (ឬ​គ្មាន​កំណើន​សោះ​នៅ​ប្រទេស​ខ្លះ) ហើយ​ត្រូវ​ខ្ចីបុល​លុយគេ ដើម្បី​​​មក​បំពេញ​ការចំណាយ​ តម្រូវ​ទៅតាម​របៀប​រស់នៅ​ហ៊ឺហា ប្រទេស​កំពុង​អភិវឌ្ឍ​វិញ មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ផង​ និង​ចាត់ចែង​ថវិកា​ជាតិ​បាន​ល្អ​ផង។

យោងតាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) ប្រាក់បំណុល​សាធារណៈ​របស់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ គិតជា​មធ្យម​ មាន​រហូតដល់​ទៅ ៩០% នៃ​ផលិតផល​ក្នុងស្រុក​សរុប។ ចំណែក​ប្រាក់​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ គឺ​មាន​ត្រឹមតែ​ ៤០%​ ប៉ុណ្ណោះ។ ប្រទេស​កំពុង​អភិវឌ្ឍ​ខ្លះ ដូចជា រុស្ស៊ី ជាដើម មាន​ប្រាក់​បំណុល​ត្រឹមតែ​ជាង ១១% ប៉ុណ្ណោះ។

ជាលទ្ធផល ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​អ្នកមាន​​ត្រូវបាន​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទម្លាក់​ចុះ​ជា​បន្តបន្ទាប់។ ចំណែក​​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​​វិញ ថ្វីដ្បិត​តែ​នៅទាប​ជាង​ប្រទេស​អ្នកមាន ក៏ប៉ុន្តែ បន្ត​កើនឡើង​ជាប់ជានិច្ច។ ក្នុងរយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លងទៅនេះ គេ​សង្កេតឃើញ​ថា ចំណាត់ថ្នាក់​ឥណទាន​របស់​ ប្រេស៊ីល ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ហ្វ៊ីលីពីន ជាដើម សុទ្ធតែ​បានកើនឡើង។

ម្យ៉ាងវិញ​ទៀត ការវិនិយោគលើ​មូលបត្រ​បំណុល​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​​ផ្តល់​នូវ​ផល​ចំណេញ​ គិតជាមធ្យម ៦% ពោលគឺ ប្រមាណ​ជា ៣ដង ច្រើន​ជាង​ផលចំណេញ​ពី​ការ​វិនិយោគ​លើ​មូលបត្រ​បំណុល​​ប្រទេស​មហាអំណាច​ឧស្សាហកម្ម។ មូលបត្រ​បំណុល​របស់​ប្រេស៊ីលវិញ អាច​ផ្តល់​ផលចំណេញ​រហូតដល់​ទៅ​ប្រមាណ ១២%៕

ប្រភព៖ RFI   (http://www.khmer.rfi.fr/why-rating-agency-is-so-powerful)

ចាប់តាំង​ពី​មាន​វិបត្តិ​ប្រាក់​បំណុល​នៅ​អឺរ៉ុប និង​អាមេរិក គេ​តែង​ឮ​​ស្ទើរតែ​រៀងរាល់​ថ្ងៃ​​​នូវ​ព័ត៌មាន​ ស្តីពី​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​។ សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​​ច្រួលច្របល់ ឬ​អាច​ធូរ​ស្រាលមកវិញ។ សូម្បីតែ​រដ្ឋាភិបាល​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ក៏​ព្យាយាម​ធ្វើ​តម្រូវចិត្ត​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ដែរ។

បទវិភាគ​របស់ សេង ឌីណា

ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល (Credit Rating Agency) មាន​ចំនួន​ច្រើន ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​មាន​ទីភ្នាក់ងារ​​តែ​៣​ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ចំណែក​ទីផ្សារ​ពិភពលោក​ច្រើន​ជាងគេ គឺ Standard and Poor’s, Moody’s និង Fitch។ ទីភ្នាក់ងារ​ទាំងនេះ គឺ​ជា​ស្ថាប័ន​ឯកជន ដែល​មាន​មុខងារ​វាយតម្លៃមើលថា​ តើ​​ការ​​វិនិយោគ​លើ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន​មួយ ឬ​ប្រទេស​មួយ មាន​ហានិភ័យ​កម្រិតណា?

ចំណាត់ថ្នាក់​ឥណទាន​របស់​រដ្ឋ​ត្រូវ​គេ​កំណត់​ដោយ​ពិនិត្យ​ទៅលើ​ហានិភ័យ​​ក្នុង​វិស័យ​ចំនួនបី៖ នយោបាយ សេដ្ឋកិច្ច និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ចំណាត់ថ្នាក់​នេះ ត្រូវ​គេ​កំណត់​​ដោយ​​អក្សរ ចាប់ពី AAA (ចំណាត់ថ្នាក់​ល្អ​ជាងគេ មានន័យថា ហានិភ័យ​បំណុល​មាន​ទាប​បំផុត) រហូតដល់ D (ក្ស័យធន)។

ចំណាត់ថ្នាក់​ឥណទាន គឺ​ជា​ព័ត៌មាន​ដ៏​សំខាន់​មួយ សម្រាប់​ជា​ជំនួយ​ដល់​អ្នកវិនិយោគ​ ក្នុងការ​សម្រេច​ធ្វើ​វិនិយោគ។ ដូច្នេះ ប្រសិន​បើ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ទម្លាក់​ចំណាត់ថ្នាក់​​ឥណទាន​របស់​ប្រទេសណាមួយ វា​នឹង​​អាច​ធ្វើ​ឲ្យ​មូលបត្រ​បំណុល​របស់​ប្រទេសនោះ​​​ធ្លាក់ថ្លៃ មានន័យថា អ្នកវិនិយោគ​មិន​សូវ​ចង់​ឲ្យ​លុយ​ប្រទេស​នោះ​ខ្ចី ហើយ​អត្រា​ការប្រាក់​កម្ចី​នោះ មាន​កម្រិត​ខ្ពស់។

ដូចនេះ​ហើយ​បាន​ជា​ប្រទេស​នីមួយៗ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ចំណាត់ថ្នាក់​ឥណទាន​ឲ្យ​បាន​ខ្ពស់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន។

ក៏ប៉ុន្តែ អ្នកខ្លះ​បាន​រិះគន់​​ថា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​​​​ជា​អ្នក​ធ្វើ​ឲ្យ​វិបត្តិ​បំណុល​កាន់តែ​ធ្លាក់​ចុះ​ដុនដាប។ នៅពេល​​ដែល​​ចំណាត់ថ្នាក់​ឥណទាន​របស់​ប្រទេស​មួយ​ត្រូវ​គេ​បញ្ចុះ មូលបត្រ​បំណុល​របស់​ប្រទេស​នោះ​នឹង​ត្រូវ​ធ្លាក់​ថ្លៃ ហើយ​អត្រាការប្រាក់​នឹង​ត្រូវ​កើនឡើង។ នៅពេលនោះ អ្នក​វិនិយោគ​ដែល​មាន​មូលបត្រ​នេះ​ក្នុង​ដៃ​ក៏​នឹង​នាំគ្នា​លក់ចេញ។ អ្នក​លក់​មាន​ច្រើន ចំណែក​អ្នក​ទិញ​មិនសូវ​មាន វា​នឹង​ធ្វើ​ឲ្យ​​អត្រាការប្រាក់​​កាន់តែ​កើនឡើង​ថែមទៀត។ ប្រទេស​ដែល​ត្រូវ​គេ​ទម្លាក់​ចំណាត់ថ្នាក់ ក៏​​ត្រូវ​ប្រឈមមុខ​នឹង​​វិបត្តិ​ប្រាក់​បំណុល​កាន់តែ​​ធ្ងន់ធ្ងរ​ជាងមុន​​ទៀត។

អ្នក​នយោបាយ​មួយ​ចំនួន​ នៅ​ក្នុង​តំបន់​អឺរ៉ូ មាន​ការ​សង្ស័យថា ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ធំៗ​ទាំងបី គឺ Standard and Poor’s, Moody’s និង Fitch (ដែល​សុទ្ធសឹង​ជា​ទីភ្នាក់ងារ​បង្កើតឡើង​ នៅ​សហរដ្ឋ​អាមេរិក) មាន​ចេតនា​បង្ក​ចលាចល​នៅ​អឺរ៉ុប ដើម្បី​បង្វែរ​​ចំណាប់​អារម្មណ៍​ពី​អាមេរិក ដែល​កំពុង​ជួប​នឹង​វិបត្តិ​បំណុល​ដែរ។

ម្យ៉ាងវិញ​ទៀត ការធ្វេសប្រហែស​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​អចលនទ្រព្យ​នៅអាមេរិក (Subprime) ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០០៨ ក៏​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​គេ​រិះគន់​​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល៕

ប្រភព៖ RFI (http://www.khmer.rfi.fr/euro-10th-anniversary-under-crisis )

ថ្ងៃ​ទី១ មករា ២០១២​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​ ១០​ឆ្នាំ នៃ​លុយ​អឺរ៉ូ។ ក៏ប៉ុន្តែ ទាំង​ស្ថាប័ន​សហភាព​អឺរ៉ុប ទាំង​ប្រទេស​ជា​សមាជិក គេ​មិនឃើញ​មាន​ការ​រៀបចំ​អបអរ​សាទរ​ខួប​១០​ឆ្នាំ​នេះទេ។ លុយអឺរ៉ូ​​ ដែល​កាលពី​១០​ឆ្នាំមុន ត្រូវបាន​គេ​រំពឹង​ថា​នឹង​ជា​ចំណង​នៃ​ការរួបរួម​រវាង​ប្រទេស​នៅអឺរ៉ុប នៅពេលនេះ កំពុងតែ​ឆ្លងកាត់​វិបត្តិ​ដ៏ធ្ងន់ធ្ងរមួយ ហើយ​កំពុងតែ​ក្លាយជា​បញ្ហា​​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​គ្នា។

សេចក្តីរាយការណ៍​របស់ សេង ឌីណា

លុយអឺរ៉ូ​ត្រូវបាន​បង្កើត​ឡើង តាំង​ពី​ឆ្នាំ​១៩៩៩​ ក៏ប៉ុន្តែ រហូតដល់​ឆ្នាំ​២០០២ ទើប​ក្រដាសប្រាក់​អឺរ៉ូ​ត្រូវបាន​គេ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍ នៅ​ក្នុង​ប្រទេស​ជា​សមាជិក។ នៅពេល​​លុយ​អឺរ៉ូ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​​ថ្ងៃ​ទី១ មករា ២០០២ ប្រទេស​ជាសមាជិក​តំបន់​អឺរ៉ូ បាន​នាំគ្នា​ប្រារព្ធ​ពិធី​យ៉ាង​ឱឡារិក ដើម្បី​អបអរ​សាទរ​រូបិយប័ណ្ណ​រួមគ្នា​នេះ។

នៅពេលនេះ លុយអឺរ៉ូ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​​ចំនួន​ ៣៣២លាន​នាក់ នៅ​ក្នុង​​ប្រទេស​ចំនួន ១៧។ នៅថ្ងៃទី១ មករា​នេះ លុយ​អឺរ៉ូ​មាន​អាយុ ១០​ឆ្នាំ​គត់។ ក៏ប៉ុន្តែ អឺរ៉ូ​គ្មាន​ភ័ព្វសំណាង​ឃើញ​ពិធី​អបអរ​សាទរ​ខួប​គ្រប់​១០​ឆ្នាំ​នេះ​ទេ។ កុំថាឡើយ​ដល់​ទៅ​ពិធី​បុណ្យ​ឱឡារិក ត្រឹមតែ​សន្និសីទ​សារព័ត៌មាន​ក៏​គេ​មិនឃើញ​មាន​ធ្វើដែរ។​

នៅពេល​បង្កើតឡើង កាលពី​១០​ឆ្នាំ​មុន លុយ​អឺរ៉ូ ត្រូវបាន​គេ​មើលឃើញ​ថា ជា​ជោគជ័យ​ដ៏ធំធេង​មួយ នៃ​ការ​ធ្វើ​សមាហរ័ណកម្ម​ក្នុង​សហភាព​អឺរ៉ុប។ ចាប់តាំង​ពី​​មាន​លុយ​អឺរ៉ូ ក្រុមហ៊ុន សហគ្រាស នៅ​ក្នុង​តំបន់​អឺរ៉ូ លែង​ត្រូវ​បារម្ភ​ អំពី​ហានិភ័យ​ទាក់ទង​នឹង​អត្រា​ប្តូរ​ប្រាក់​ទៀតហើយ។ លំហូរ​មូលធន​ និង​ចរន្ត​ឥណទាន​រវាង​ធនាគារ​ឯកជន​ក្នុង​តំបន់​អឺរ៉ូ​ក៏​​​លែង​មាន​ឧបសគ្គ ហើយ​អត្រាការប្រាក់ និង​អត្រា​អតិផរណា​ក៏​មាន​កម្រិត​ទាប។

ក៏ប៉ុន្តែ ១០ឆ្នាំ​ក្រោយ​មក នៅពេលនេះ ពាក្យថា “អឺរ៉ូ” ត្រូវបាន​គេ​ប្រើ​ភ្ជាប់​នឹង​ពាក្យ​មួយ​ទៀត គឺ “វិបត្តិ”។ វិបត្តិ​ដែល​បាន​ផ្ទុះឡើង​ចាប់តាំង​ពី​ឆ្នាំ​២០១០ ជាមួយ​នឹង​វិបត្តិ​បំណុល​ក្រិក ហើយ​ដែល​កំពុង​តែ​រាលដាល​ទៅ​ជាវិបត្តិ​ក្នុង​តំបន់​អឺរ៉ូ​ទាំងមូល។ វិបត្តិ​ដែល​កំពុង​តែក្លាយ​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប។ វិបត្តិ​ដែល​កំពុងតែ​ធ្វើ​​ឲ្យ​អត្ថិភាព​របស់​តំបន់​អឺរ៉ូ​ត្រូវ​ប្រឈមមុខ​នឹង​ការដួលរលំ។

វិបត្តិ​អឺរ៉ូ កំពុងតែ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ស្តាំនិយម​ជ្រុល​ នៅ​អឺរ៉ុប មានកម្លាំង​កាន់តែ​ខ្លាំង។ នៅបារាំង គណបក្ស​ស្តាំនិយម​ជ្រុល​​ ដែល​កំពុង​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​មេសា​ខាងមុខនេះ បាន​សន្យាថា បើសិន​ជា​ពួក​គេ​ឈ្នះ​ឆ្នោត ពួកគេ​នឹង​​ដកខ្លួន​ចេញ​ពី​តំបន់​អឺរ៉ូ ហើយ​ឲ្យ​បារាំងត្រឡប់​មក​ចាយលុយ​ហ្វ្រង់​ដូចមុនវិញ៕

កាលពីថ្ងៃសុក្រ ៦មករា កន្លងទៅនេះ លោកនីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារាំង បាន​ប្រកាស​ថា បារាំង​នឹង​បង្កើត​ពន្ធ​លើ​ការ​ជួញដូរ​ផលិតផល​ហិរញ្ញវត្ថុ​តែ​ម្នាក់ឯង ទោះបី​ប្រទេស​ផ្សេងទៀត ក្នុង​សហភាព​អឺរ៉ុប​មិន​ឯកភាពគ្នា​ក៏ដោយ។ការ​បង្កើត​ពន្ធ​នេះ​អាចនឹង​ជា​សំណុំរឿង​ចម្បង​មួយ ក្នុង​ជំនួប​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ។ តើ​ពន្ធ​លើ​ផលិតផល​ហិរញ្ញវត្ថុ​គឺ​ជា​អ្វី? បង្កើត​ដើម្បី​អ្វី?

បទវិភាគ​របស់ សេង ឌីណា

គំនិតបង្កើតពន្ធលើការជួញដូរផលិតផលហិរញ្ញវត្ថុបានចាប់កំណើតឡើង កាលពីឆ្នាំ១៩៧២ ពី​សេដ្ឋវិទូអាមេរិកម្នាក់ គឺលោកជេមស៍ តូប៊ីន (James Tobin) សាស្រ្តាចារ្យសេដ្ឋកិច្ច នៅ​សកលវិទ្យាល័យ Yale និងសកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និង​ជា​ជ័យលាភី​ពានរង្វាន់​ណូបែលសេដ្ឋកិច្ច នៅឆ្នាំ១៩៨១។ ហេតុដូច្នេះហើយទើបគេនាំគ្នាប្រសិទ្ធិនាមថា “ពន្ធតូប៊ីន”។

តាមគំនិតពីដំបូង លោកតូប៊ីន ចង់ឲ្យបង្កើតពន្ធនេះ ទៅលើតែទីផ្សាររូបិយវត្ថុតែប៉ុណ្ណោះ។ គោលដៅចម្បង គឺដើម្បីកម្រិតសកម្មភាពជួញដូរបែប Speculative ដែលជាដើមចម បង្ក​ឲ្យ​មានអស្ថិរភាពនៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ ចំណែកលុយដែលបានពីការប្រមូលពន្ធនេះ គេអាចយកទៅប្រើប្រាស់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ។ ក្រោយមក គំនិត​របស់​លោក​តូប៊ីន ត្រូវបានគេយកទៅពង្រីកបន្តទៅលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដូចជា ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវេទីវ (Derivatives) ជាដើម។

ការយកពន្ធលើផលិតផលហិរញ្ញវត្ថុ មានន័យថា នៅពេលដែល​មាន​ការទិញលក់​ផលិតផល​ហិរញ្ញវត្ថុ (រូបិយវត្ថុបរទេស ភាគហ៊ុន មូលបត្របំណុល និងផលិតផលដេរីវាទីវ ជាដើម) គេត្រូវ​បង់ពន្ធតាមអត្រាមួយកំណត់ (០,១% ០,៥% ឬ១% នៃតម្លៃផលិតផល) ដូចក្នុងករណី​ទិញលក់​ផលិតផល នៅលើទីផ្សារធម្មតាដែរ។

ជាទូទៅ គេសង្កេតឃើញថា ការទិញដូរស្ទើតែគ្រប់មុខទំនិញតែងតែមានពន្ធ។ សូម្បីតែ​ការទិញ​ចំណីអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបង់ពន្ធដែរ គឺពន្ធលើតម្លៃបន្ថែម។ ចំណែកការទិញដូរផលិតផលហិរញ្ញវត្ថុវិញ មិនត្រូវបានគេយកពន្ធនោះទេ ដែលជាហេតុ​ធ្វើឲ្យ​មានការរិះគន់ថា ជារឿងមិនយុត្តិធម៌។ អ្នកក្រីក្រតូចតាចគ្រាន់តែទិញម្ហូបអាហារ​ក៏ត្រូវ​បង់​ពន្ធ។ ចំណែកឯអ្នកជួញដូរផលិតផលហិរញ្ញវត្ថុ ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ បែរជាមិនបង់ពន្ធទៅវិញ។

វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិប្រាក់បំណុលអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ បានធ្វើឲ្យចលនា​គាំទ្រ​ពន្ធលើផលិតផលហិរញ្ញវត្ថុកើតមានកាន់តែខ្លាំងឡើងថែមទៀត។ អ្នកដែលគាំទ្រ ដូចជានៅបារាំង ជាដើម យល់ថា ពន្ធនេះមិនត្រឹមតែអាចជួយរក្សាស្ថិរភាពហិរញ្ញវត្ថុនោះទេ ប៉ុន្តែ លុយដែលបានពីការប្រមូលពន្ធនេះអាចនឹងជួយកាត់បន្ថយឧនភាពថវិការបស់រដ្ឋ​ទៀតផង។

គណៈកម្មការអឺរ៉ុបបានស្នើឲ្យបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ នៅក្នុងក្របខ័ណ្ឌសហភាព​អឺរ៉ុប​ទាំងមូល។ សំណើនេះបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសអាល្លឺម៉ង់ បារាំង និង​អ៊ីតាលី។ ក៏ប៉ុន្តែ អង់គ្លេស ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យហិរញ្ញវត្ថុ បានជំទាស់​យ៉ាង​ដាច់អហង្ការ។

កាលពីថ្ងៃសុក្រ លោកនីកូឡា សាកូហ្ស៊ី បានប្រកាសថា បារាំងនឹងបង្កើតពន្ធលើ​ផលិតផល​ហិរញ្ញវត្ថុ​តែម្នាក់ឯង ទោះបីគ្មានការឯកភាពគ្នាក្នុងសហភាពអឺរ៉ុបក៏ដោយ។ ក៏ប៉ុន្តែ អាល្លឺម៉ង់ និងអ៊ីតាលីវិញហាក់ដូចជាមិនចង់ដើរតាមផ្លូវរបស់លោកសាកូហ្ស៊ីនេះទេ ដោយនៅ​ទទូច​ទាមទារ​ឲ្យមានពន្ធ ក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប ឬយ៉ាងហោចណាស់ ក្នុងក្របខ័ណ្ឌប្រទេស​ចាយ​លុយអឺរ៉ូ (១៧ប្រទេស)។

គេបារម្ភថា ប្រសិនបើពន្ធលើផលិតផលហិរញ្ញវត្ថុមិនត្រូវបង្កើតនៅគ្រប់ប្រទេសទេនោះ អ្នក​ជួញដូរ​ផលិតផលហិរញ្ញវត្ថុនឹងរត់ចេញពីប្រទេសមានពន្ធ ទៅរកស៊ីនៅក្នុង​ប្រទេស​ដែល​អត់​ពន្ធ។ ក្នុងករណីនេះ ប្រទេសដែលបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុនឹងត្រូវ​ទទួលរង​នូវ​ការ​ខូចខាត​ខ្លាំង។ ប្រាក់ចំណូលមកពីការប្រមូលពន្ធក៏បានតិច។ មូលធនក៏ត្រូវហូរចេញទៅកាន់​ប្រទេស​ផ្សេង។ ការបិទទ្វារឈប់រកស៊ីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក៏អាចបណ្តាលឲ្យ​ប្រជាជន​បាត់បង់ការងារធ្វើ។ ស្ថិរភាពហិរញ្ញវត្ថុក៏មិនប្រាកដថាអាចធានាបាន ព្រោះ បើ​វិបត្តិ​ហិរញ្ញវត្ថុកើតឡើងនៅប្រទេសផ្សេង វានៅតែអាចរាលដាលមកដល់វិញជាដដែល។

បទពិសោធន៍ជូរចត់នេះ ប្រទេសស៊ុយអែតធ្លាប់បានឆ្លងកាត់រួចមកហើយ។ កាលពីឆ្នាំ១៩៨៤ ស៊ុយអែតបានសម្រេចបង្កើតពន្ធលើការជួញដូរភាគហ៊ុន ដោយកំណត់អត្រា ០,៥%។ ក៏ប៉ុន្តែ គ្រាន់តែប៉ុន្មានសប្តាហ៍ក្រោយការបង្កើតពន្ធនេះ សកម្មភាពជួញដូរមូលបត្រនៅស៊ុយអែត​បាន​ធ្លាក់ចុះរហូតដល់ទៅ ៨៥%។ លុយដែលបានពីការប្រមូលពន្ធនេះ ដែលពីដំបូង​គេ​ប៉ាន់ប្រមាណ​ថានឹងអាចបាន ១ ៥០០លាន ក្នុងមួយឆ្នាំ ទីបំផុត បានត្រឹមតែ ៥០លាន​ប៉ុណ្ណោះ។ រដ្ឋាភិបាលស៊ុយអែតក៏បានសម្រេចលុបពន្ធនេះចោលវិញ នៅឆ្នាំ១៩៩១។

នៅពេលនេះ ប្រទេសធំៗមួយចំនួន ដូចជា អាមេរិក អង់គ្លេស កាណាដា ចិន និងឥណ្ឌា ជាដើម សុទ្ធតែប្រឆាំងនឹងការបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ៕