ប្រភព៖ RFI (http://www.khmer.rfi.fr/khmer-rouge-after-1970-coup)
ចាប់តាំងពីបានសម្រេចចិត្តបើកការតស៊ូដោយប្រដាប់អាវុធ នៅឆ្នាំ១៩៦៧ រហូតមកទល់នឹងឆ្នាំ១៩៧០ ពួកខ្មែរក្រហមមានទាហានតិចតួចបំផុត។ ទាហានទាំងនោះសោតក៏មិនបានទទួលការហ្វឹកហ្វឺន និងបំពាក់អាវុធយុទ្ធភ័ណ្ឌអ្វីធំដុំដែរ។ ក៏ប៉ុន្តែ ក្រោយពេលដែលពួកខ្មែរក្រហម ទៅចូលរួមក្នុង រណសិរ្សរួបរួមជាតិកម្ពុជា ដែលបង្កើតឡើងដោយសម្តេច នរោត្តម សីហនុ ក្រោយពីព្រះអង្គត្រូវបានគេទម្លាក់ពីអំណាចមក កងទ័ពខ្មែរក្រហមបានទទួលការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជាផង និងពីសំណាក់ប្រទេសចិន និងវៀតណាមផង។
ពីសត្រូវក្លាយមកជាមិត្ត
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលសម្តេច នរោត្តម សីហនុ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាពសូវៀត លន់ នល់ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំឲ្យរដ្ឋសភាជាតិធ្វើការបោះឆ្នោតទម្លាក់ព្រះអង្គចេញពីតំណែងជាប្រមុខរដ្ឋ។
ចាកចេញពីម៉ូស្គូ សម្តេច នរោត្តម សីហនុ បានធ្វើដំណើរឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងអំឡុងពេលនោះ គណៈប្រតិភូមួយក្រុមរបស់បក្សកុម្មុយនិស្តកម្ពុជា ដឹកនាំដោយ សាឡុត ស ដែលទើបតែបញ្ចប់ទស្សនកិច្ចនៅទីក្រុងហាណូយ ក៏កំពុងស្ថិតនៅក្រុងប៉េកាំងដែរ។
ដោយមានការគាំទ្រពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង សម្តេច នរោត្តម សីហនុ បានប្រកាសបង្កើត រណសិរ្សរួបរួមជាតិកម្ពុជាមួយ ហើយព្រះអង្គបានអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបប លន់ នល់។ ខ្មែរក្រហម ដែលជាអតីតគូសត្រូវរបស់ព្រះអង្គក៏បានចូលរួមក្នុងរណសិរ្សរួបរួមជាតិនេះដែរ។
ចិន ជើងមួយចង់ជាន់ទូកពីរ
បើយោងតាមសៀវភៅរបស់លោកស្រី Elizabeth Beckerដែលមានចំណងជើងថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិនបានសម្តែងការគាំទ្រដល់សម្តេច នរោត្តម សីហនុ និងពួកខ្មែរក្រហម ប៉ុន្តែ ក្នុងពេលជាមួយគ្នា បែរជាបានបញ្ជូនតំណាងពិសេសរបស់ខ្លួនឲ្យមកចរចាជាមួយ លន់ នល់ទៅវិញ។ ក្នុងការចរចានោះ ចិនបានសន្យាថានឹងទទួលស្គាល់រដ្ឋាភិបាល លន់ នល់ ប្រសិនបើគាត់យល់ព្រមតាមលក្ខខណ្ឌចំនួនបី។ ទីមួយ អនុញ្ញាតឲ្យចិនដឹកជញ្ជូនសព្វាវុធឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅឲ្យវៀតណាម។ ទីពីរ អនុញ្ញាតឲ្យវៀតណាមតាំងទ័ពនៅលើទឹកដីកម្ពុជា។ ទីបី ចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រជាផ្លូវការដល់ពួកកុម្មុយនិស្តវៀតណាម។
ឥរិយាបថរបស់ចិននេះបង្ហាញថា អាទិភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនោះគឺបដិវត្តន៍របស់ពួកកុម្មុយនិស្តវៀតណាម មិនមែនកុម្មុយនិស្តខ្មែរនោះទេ។ ក្រុងប៉េកាំងនឹងសុខចិត្តបោះបង់ចោលរណសិរ្សរួបរួមជាតិកម្ពុជា ហើយមកគាំទ្ររដ្ឋាភិបាល លន់ នល់ វិញ ប្រសិនបើរដ្ឋាភិបាលនេះយល់ព្រមគាំទ្របដិវត្តន៍វៀតណាម។ នេះក៏ព្រោះតែចិនយល់ថា ពួកកុម្មុយនិស្តវៀតណាមមានកម្លាំងមាំមួនជាងពួកកុម្មុយនិស្តខ្មែរ ក្នុងការទប់ទល់ជាមួយអាមេរិក។
ក៏ប៉ុន្តែ ដោយ លន់ នល់ បដិសេធមិនទទួលយកលក្ខខណ្ឌទាំងបីខាងលើនេះ ក្រុងប៉េកាំងក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាល លន់ នល់ ហើយប្រកាសទទួលស្គាល់រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា របស់សម្តេច នរោត្តម សីហនុ ដែលបានបង្កើត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០។
ប្រជាប្រិយភាពសម្តេច នរោត្តម សីហនុ ចំណេញដល់ពួកខ្មែរក្រហម
ការចូលរួមក្នុង រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ធ្វើឲ្យពួកខ្មែរក្រហមទទួលបាននូវផលចំណេញពីរ។
ទីមួយ ក្រោមឈ្មោះរដ្ឋាភិបាលរួបរួមជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ពួកខ្មែរក្រហមទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលគាំទ្រព្រះអង្គ។ សាឡុត ស ដែលធ្លាប់តែជាជនបះបោរមួយរូបលាក់ខ្លួនពីការតាមប្រមាញ់ពីសំណាក់រដ្ឋាភិបាលនោះ បានក្លាយទៅជាមេបញ្ជាការកងទ័ពនៃរដ្ឋាភិបាលរួបរួមជាតិដ៏មានប្រជាប្រិយភាពនេះ។
ទីពីរ ចលនាខ្មែរក្រហមបានទទួលនូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង។ គួរំឭកថា កាលពីមុន វៀតណាមជួយដល់ពួកខ្មែរក្រហមត្រឹមតែផ្តល់កន្លែងលាក់ខ្លួនពីការតាមប្រមាញ់ពីសំណាក់ទាហានរដ្ឋាភិបាលសង្គមរាស្រ្តនិយមប៉ុណ្ណោះ។ តែចាប់ពីពេលខ្មែរក្រហមបានចូលរួមជាមួយរដ្ឋាភិបាលរួបរួមជាតិកម្ពុជា កងទ័ពវៀតណាម ដែលកាលណោះត្រូវបានគេទទួលស្គាល់ថា ជាកងទ័ពខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នោះ ថែមទាំងបានជួយច្បាំងនឹងទាហានលន់ នល់ ជំនួសពួកខ្មែរក្រហមទៀតផង។
ក្រោយពេលត្រឡប់ពីប៉េកាំងមកដល់រតនគិរីវិញ សាឡុត ស បានសម្រេចប្តូរស្នាក់ការកណ្តាលបក្សទៅកាន់ស្រុកសន្ទុក ខេត្តកំពង់ធំវិញ។ ចាប់តាំងពីពេលចាប់ផ្តើមធ្វើបដិវត្តន៍មក ទើបតែពេលនោះទេ ដែល សាឡុត ស សម្លឹងឃើញនូវឱកាសដែលខ្លួនអាចដណ្តើមកាន់អំណាចនៅកម្ពុជាបាន។
នៅចុងឆ្នាំ១៩៧០ ក្រុមខ្មែរកុម្មុយនិស្តដែលបានភៀសខ្លួនទៅវៀតណាមកាលពីឆ្នាំ១៩៥៤ ក៏បានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមធ្វើបដិវត្តន៍ជាមួយនឹងខ្មែរកុម្មុយនិស្តក្នុងស្រុក។ ប៉ុន្តែ ក្រុមខ្មែរហាណូយនៅពេលនោះមិនត្រូវបានគេផ្តល់តំណែងក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជានោះទេ។ តំណែងសំខាន់ៗនៅតែស្ថិតក្នុងកណ្តាប់ដៃក្រុមខ្មែរក្រហមស្និទ្ធនឹង សាឡុត ស ដដែល។
ទាហានវៀតណាមច្បាំងជំនួសខ្មែរក្រហម
ចាប់តាំងពីរដ្ឋាភិបាលរួបរួមជាតិត្រូវបានបង្កើតឡើង នៅក្រុងប៉េកាំងមក កងទ័ពវៀតណាមបានជួយរដ្ឋាភិបាលនេះយ៉ាងពេញទំហឹង។ យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” នៅរវាងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ នៅក្នុងសមរភូមិភាគច្រើនគឺជាការច្បាំងគ្នារវាងកងទ័ពវៀតណាម និងទាហានលន់ នល់។ បើទោះជាមានទាហានខ្មែរក្រហមខ្លះនៅក្នុងនោះក៏ដោយ ក៏ទាហានទាំងនោះស្ថិតក្រោមបញ្ជារបស់មេបញ្ជាការវៀតណាមដែរ។
ទាហានលន់ នល់ បានបើកប្រតិបត្តិការយោធាធំៗចំនួនពីរលើក ក្នុងគោលដៅវាយបំបែកសំបុកខ្មែរក្រហម។ លើកទីមួយនៅចុងឆ្នាំ១៩៧០ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី១” និងលើកទីពីរនៅខែសីហា ឆ្នាំ១៩៧១ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី២”។ ប្រតិបត្តិការទាំងពីរនេះត្រូវទទួលបរាជ័យ ហើយទាហានលន់ នល់ ក៏បញ្ឈប់យុទ្ធសាស្រ្តវាយលុក មកជាយុទ្ធសាស្រ្តការពារវិញម្តង។ បរាជ័យនៃប្រតិបត្តិការទាំងពីរលើកនេះសុទ្ធតែដោយសារតែខ្មែរក្រហមមានជំនួយពីទាហានវៀតណាម ដែលគេទទួលស្គាល់ថាជាទាហានខ្លាំងជាងគេបំផុតក្នុងតំបន់ នៅពេលនោះ។
ដោយមានកងទ័ពវៀតណាមជួយច្បាំងជំនួសខ្លួនបែបនេះ ខ្មែរក្រហមក៏មានឱកាសពង្រឹងបក្សរបស់ខ្លួន ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពតែប្រមាណមិនដល់៣ពាន់នាក់ផង។ ប៉ុន្តែ មិនដល់បីឆ្នាំផង ចំនួននេះបានកើនឡើងរហូតដល់ប្រមាណ៤ម៉ឺននាក់។
ទោះជាយ៉ាងនេះក៏ដោយ ពួកខ្មែរក្រហមនៅតែបន្តធ្វើការឃោសនាថា បដិវត្តន៍របស់ពួកគេ គឺជាបដិវត្តន៍ឯករាជ ម្ចាស់ការ និងមិនពឹងបរទេស។ សូម្បីតែនៅក្នុងឯកសារស្តីពីប្រវត្តិបក្ស ក៏ពួកខ្មែរក្រហមមិនបានរំឭកអំពីជំនួយរបស់វៀតណាមដែរ។ តែធាតុពិត ពួកខ្មែរក្រហមពឹងផ្អែកយ៉ាងខ្លាំងលើវៀតណាម។
មិត្តក្លាយជាសត្រូវ
នៅដើមឆ្នាំ១៩៧៣ សញ្ញានៃការបែកបាក់រវាងខ្មែរក្រហម និងខ្មែរហាណូយក៏បានលេចចេញជារូបរាងច្បាស់ឡើងៗ។ ខ្មែរហាណូយពីររូបគឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួមជាមួយមនុស្សមួយចំនួនទៀត ដែលធ្វើការឲ្យវិទ្យុបក្សបានលាលែងចេញពីតំណែង។ យោងតាមលោក Raoul Jennar ប៉ែន សុវណ្ណ មានបំណងទៅបង្កើតបក្សថ្មីជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាមបានជំទាស់នឹងផែនការណ្ណecker,ងដល់នាំ១៩៧២នេះ។
ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានចុះនៅទីក្រុងប៉ារីស រវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង ស្តីពីបញ្ហាសង្រ្គាមនៅឥណ្ឌូចិន។ កិច្ចព្រមព្រៀងនេះក៏តម្រូវផងដែរឲ្យវៀតណាមដកកងទ័ពទាំងអស់ចេញពីប្រទេសកម្ពុជា។ វៀតណាមបានស្នើសុំឲ្យ សាឡុត ស ទទួលយកបទឈប់បាញ់នេះ តែ សាឡុត ស បានបដិសេធ។ សាឡុត ស យល់ថា ការណ៍ដែលវៀតណាមចុះកិច្ចព្រមព្រៀងជាមួយអាមេរិកបែបនេះ គឺជាអំពើក្បត់នឹងខ្មែរក្រហម។ សម្រាប់ខ្មែរក្រហម វៀតណាមបានក្លាយពីមិត្ត ទៅជាសត្រូវវិញម្តង។ សូម្បីតែពួកខ្មែរហាណូយក៏ត្រូវបានបក្សពួករបស់ សាឡុត ស ចាប់ផ្តើមសង្ស័យថា ជាភ្នាក់ងាររបស់វៀតណាមដែរ។ ពួកខ្មែរហាណូយមួយចំនួន ដែលទើបតែបានចូលមកកម្ពុជាវិញប៉ុន្មានឆ្នាំមុននេះ ក៏បានលួចចាកចេញពីកម្ពុជាវិញ ដោយបន្លំខ្លួនជាមួយទាហានវៀតណាម។ មួយចំនួនទៀត ដែលនៅសេសសល់ស្ថិតក្រោមការតាមដានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ពួក សាឡុត ស។
ខ្មែរក្រហមទល់នឹងកងទ័ពអាមេរិក
នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបើកការវាយលុកលើទីតាំងរដ្ឋាភិបាលលន់ នល់ ដើម្បីពង្រីកតំបន់ដែលពួកគេកាន់កាប់។ កងទ័ពអាកាសអាមេរិកក៏បានចាប់បើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើទីតាំងខ្មែរក្រហម។ ក្នុងពេលដែលប្រតិបត្តិការសឹករបស់អាមេរិក នៅវៀតណាម និងឡាវបានបញ្ចប់អស់ទៅហើយនោះ ប្រទេសកម្ពុជាបានក្លាយទៅជាចំណុចស៊ីបតែមួយគត់របស់យន្តហោះអាមេរិក នៅឥណ្ឌូចិន។ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ១៩៧៣ គ្រាប់បែកប្រមាណជាង៥០ម៉ឺនតោន ត្រូវបានយន្តហោះអាមេរិកទម្លាក់លើទឹកដីកម្ពុជា។ ប៉ុន្តែ ការទម្លាក់គ្រាប់បែកនេះ ប៉ះលើជនស៊ីវិលស្លូតត្រង់ ច្រើនជាងលើទាហានខ្មែរក្រហម។
នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយទទួលរងនូវសម្ពាធពីសំណាក់សភា និងពីមតិសាធារណៈអាមេរិក ប្រធានាធិបតី Richard Nixonក៏បានសម្រេចបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា។
អាមេរិកដក ខ្មែរក្រហមចូល
ចាប់ពីពេលនោះមក សង្រ្គាមនៅកម្ពុជា គឺជាសង្រ្គាមរវាងទាហានខ្មែរក្រហម និងទាហានលន់ នល់សុទ្ធសាធ ដោយគ្មានទ័ពអាមេរិកមកចូលឡូកឡំទៀតទេ។
មកទល់នឹងពេលនោះ កងទ័ពខ្មែរក្រហមបានកាន់កាប់ទឹកដីកម្ពុជាមួយភាគធំទៅហើយ។ សូម្បីតែ ក្រុងភ្នំពេញក៏ត្រូវទាហានខ្មែរក្រហមព័ទ្ធជិតដែរ។ នៅតាមតំបន់ដែលពួកគេកាន់កាប់ ដែលគេឲ្យឈ្មោះថា “តំបន់រំដោះ” ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តនយោបាយបដិវត្តន៍របស់ពួកគេ ដូចជាការបង្កើតសហករណ៍ ការលុបបំបាត់លុយកាក់ និងកម្មសិទ្ធិឯកជន ជាដើម។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃ ទាហានខ្មែរក្រហម៕