ប្រភព៖ RFI   (http://www.khmer.rfi.fr/)

លោក David Cameron នាយករដ្ឋមន្រ្តី​អង់គ្លេស​ បាន​​ជំទាស់​នឹង​សំណើ​របស់​បារាំង និង​អាល្លឺម៉ង់ ដែល​ចង់​​កែប្រែ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល។ ការជំទាស់នេះ​បាន​ជំរុញ​ឲ្យ​បារាំង និង​អាល្លឺម៉ង់​ងាកទៅបង្កើត​​សន្ធិសញ្ញា​ដាច់ដោយឡែក​មួយ ជាមួយ​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​ផ្សេងទៀត ដោយ​ទុក​ឲ្យ​អង់គ្លេស​នៅ​ឯកោ​ម្នាក់ឯង។ ហេតុអ្វី​បាន​ជាលោក David Cameron ជ្រើសរើស​ផ្លូវ​ដើរ​ដ៏​ឯកោ​បែបនេះ?

នៅ​ក្នុង​អំឡុង​ជំនួបកំពូល​អឺរ៉ុប កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុននេះ លោក David Cameron បាន​ពន្យល់ថា លោក​ជំទាស់​នឹង​ការ​កែប្រែ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប ព្រោះ វា​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​អង់គ្លេស។

គួរ​បញ្ជាក់ថា តាំង​ពីដើម​មក អង់គ្លេស​តែងតែ​ជំទាស់​នឹង​ការទាមទារ​របស់​សហភាព​អឺរ៉ុប ដែល​ចង់​រឹតបន្តឹង​ការ​គ្រប់គ្រង​សកម្មភាព​ទីផ្សារ​មូលត្រ និង​​បង្កើត​ពន្ធ​លើ​ការ​ទិញដូរ​មូលបត្រធ្វើ​ឡើង​ដោយ​ធនាគារ។ អង់គ្លេស​យល់ថា ការធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​ទីផ្សារ​មូលបត្រ​អង់គ្លេស ដែល​ជា​ទីផ្សារមូលបត្រ​ធំបំផុត នៅ​អឺរ៉ុប។

នៅ​ក្នុង​ជំនួបកំពូល កាលពីថ្ងៃ​សុក្រ លោក Cameron បាន​ទាមទារ​ឲ្យ​មាន​ពិធីសារ​ពិសេស​មួយ ដើម្បី​​ការពារ​ទីផ្សារ​មូលបត្រ​អង់គ្លេស ទើប​​អង់គ្លេស​យល់​ព្រម​ឲ្យ​មាន​ការកែប្រែ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ បារាំង និង​អាល្លឺម៉ង់​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​​មិន​ឲ្យ​បង្កើត​ករណី​ពិសេស សម្រាប់​អង់គ្លេស​តែ​ម្នាក់​ឯង​ដូច្នេះ​ទេ។ ដោយ​មិន​អាច​កែប្រែ​សន្ធិសញ្ញាសហភាព​អឺរ៉ុប​បាន បារាំង និង​អាល្លឺម៉ង់​ក៏​ងាក​ទៅ​ចរចា​បង្កើតវិធាន​សារពើពន្ធ​ថ្មី ក្នុង​ក្របខ័ណ្ឌ​សន្ធិសញ្ញា​ដាច់ដោយ​ឡែកមួយ ដែល​ចុះ​​រវាង​ប្រទេស​ចាយលុយ​អឺរ៉ូ (១៧​ប្រទេស) ដោយ​បើក​ផ្លូវ​ឲ្យ​ប្រទេស​ផ្សេងទៀត​ចូលរួម តាម​គោលការណ៍​ស្ម័គ្រចិត្ត។

ថ្វីដ្បិត​តែ​លោក David Cameron លើក​ឡើង​អំពី​​ការការពារ​ទីផ្សារ​មូលបត្រ​អង់គ្លេស ក៏ប៉ុន្តែ ហេតុផល​សំខាន់​បំផុត ដែល​អង់គ្លេស​មិន​​ទទួល​យក​វិធាន​សារពើពន្ធ​របស់​អឺរ៉ុប គឺ​មក​ពី​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​អង់គ្លេស។ លោក David Cameron និង​គណបក្ស​​របស់​លោក (គណបក្ស​អភិរក្ស​និយម​) តែងតែ​ប្រកាន់​ជំហរ​​មិន​ចង់​ឲ្យ​អង់គ្លេស​​ធ្វើ​សមាហរ័ណកម្ម​ស៊ីជម្រៅ​ជាមួយ​សហភាព​អឺរ៉ុប។

នៅ​មុន​ជំនួបកំពូល​អឺរ៉ុប សមាជិកសភា​មក​ពី​គណបក្ស​អភិរក្ស​និយម​បាន​ព្រមាន​​ថា ប្រសិន​បើ​លោក David Cameron ចុះហត្ថលេខា​យល់ព្រម​ឲ្យ​កែប្រែ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប ពួកគេ​នឹង​ទាមទារ​ឲ្យ​យក​សន្ធិសញ្ញា​ថ្មី ទៅ​ឆ្លងកាត់​ការបោះឆ្នោត​ប្រជាមតិ។ លោក David Cameron ដឹង​ថា ពលរដ្ឋ​អង់គ្លេស​ភាគច្រើន​ប្រាកដ​ជា​មិន​​ទទួល​យក​សន្ធិសញ្ញា​ថ្មី​នេះ​ទេ។ ដូច្នេះ បើ​សិន​ជា​មាន​ការ​បោះឆ្នោត​ប្រជាមតិ គាត់​ប្រាកដ​ជា​ត្រូវ​ទទួល​បរាជ័យ ហើយ​អាច​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង។

ក៏ប៉ុន្តែ ការបដិសេធ​មិន​ទទួល​យក​វិធានសារពើពន្ធ​របស់​អឺរ៉ុប​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​លោក David Cameron ត្រូវ​​ប្រឈមមុខ​នឹង​វិបត្តិ​នយោបាយ​ដែរ។ ក្រៅ​ពី​គណបក្ស​ប្រឆាំង គណបក្ស​ជាដៃ​គូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ (Liberal Democrats) ក៏​​រិះគន់​សេចក្តីសម្រេច​​របស់​លោក David Cameron នេះដែរ។ លោក Nick Clegg ឧបនាយករដ្ឋមន្រ្តី និង​ជា​មេដឹកនាំ​គណបក្ស Liberal Democrats បាន​លើកឡើង​ថា ការ​បដិសេធ​មិនទទួល​យក​វិធានសារពើពន្ធ​ថ្មី​របស់​អឺរ៉ុប​មិនមែន​ជា​​រឿង​ល្អ​ទេ ព្រោះ​វា​​កំពុង​តែ​ធ្វើ​ឲ្យ​អង់គ្លេស​ស្ថិត​ក្នុង​ភាព​ឯកោ។

គួរ​បញ្ជាក់ថា ក្នុង​ចំណោម​ប្រទេស​ក្រៅ​តំបន់​ចាយលុយអឺរ៉ូទាំង ១០​ មាន​ ៩ប្រទេស​ ដែល​បាន​សុខចិត្ត​ទទួល​យក​សន្ធិសញ្ញា​ ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​ក្នុង​តំបន់​​ចាយលុយ​អឺរ៉ូ។ គិត​ជា​សរុប ប្រសិន​បើ​មិនមាន​ការ​ជំទាស់​ពី​សភា​ជាតិ​ទេនោះ ប្រទេស​ចំនួន ២៦ នឹង​អនុវត្ត​សន្ធិសញ្ញា​ថ្មី​របស់​អឺរ៉ុប។ អង់គ្លេស​គឺ​ជា​ប្រទេស​តែមួយ​គត់ ដែល​ស្ថិត​នៅ​ក្រៅ​សន្ធិសញ្ញា​ថ្មី​នេះ។

សេចក្តីសម្រេច​របស់​លោក David Cameron បាន​ទទួល​នូវការ​អបអរ​សាទរ​យ៉ាងខ្លាំងក្លា​ពី​សំណាក់​មន្រ្តី​គណបក្ស​អភិរក្ស​និយម។ អ្នក​ខ្លះ​បាន​លើកឡើង​ថា ការ​សម្រេច​​នៅក្រៅ​សន្ធិសញ្ញា​ថ្មី​របស់​អឺរ៉ុប ដែល​កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​ប្រាក់​បំណុល គឺ​​ប្រៀបបាន​នឹង​ការ​មិន​ឡើង​​លើ​នាវា Titanic ដែល​កំពុង​តែ​ប្រឈមមុខ​នឹង​ការ​លិចលង់។

ក៏ប៉ុន្តែ ប្រសិន​បើ​សេដ្ឋកិច្ច​អឺរ៉ុប​ពិត​ជា​ត្រូវ​លិចលង់​មែន ការស្ថិត​នៅ​ក្រៅ​សន្ធិសញ្ញា​ថ្មី​របស់​អឺរ៉ុប មិន​ប្រាកដ​ថា​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​អង់គ្លេស​ចៀស​រួច​ពី​វិបត្តិ​នោះទេ ព្រោះ​ការនាំចេញ​ភាគច្រើន​របស់​អង់គ្លេស គឺ​នាំចេញ​ទៅ​កាន់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​​សន្ធិសញ្ញា​ថ្មី​ចូល​ជាធរមាន ហើយ​​អឺរ៉ុប​ទាំង ២៦​ប្រទេស នាំគ្នា​ជជែក​​អំពី​ការ​បង្កើត​ច្បាប់ ដើម្បី​រឹតបន្តឹង​ការ​គ្រប់គ្រង​សកម្មភាព​ទីផ្សារ​មូលបត្រ ឬ​បង្កើត​ពន្ធ​លើ​ការទិញដូរ​មូលបត្រ អង់គ្លេស​ប្រាកដ​ជា​មិន​​អាច​ចូល​រួម ដើម្បី​តវ៉ា​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​បានទេ។

នៅ​ថ្ងៃ​ចន្ទ ១២ ធ្នូ នេះ លោក​នីកូឡា សាកូហ្ស៊ី ប្រធានាធិបតីបារាំង បាន​ថ្លែង​ថា “នៅពេលនេះ អឺរ៉ុប​ថ្មីមួយ​បាន​ចាប់កំណើត​ហើយ”។ ក៏ប៉ុន្តែ អឺរ៉ុប​​ថ្មីនេះ គឺ​ជា​អឺរ៉ុប​ដែល​គ្មាន​រាជាណាចក្រ​អង់គ្លេស៕

Posted on ខែធ្នូ 29, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ ហេតុអ្វី​បានជា​អង់គ្លេស​មិនព្រម​ទទួលយក​សន្ធិសញ្ញា​ថ្មី​របស់​អឺរ៉ុប?.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។