ប្រភព៖ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី”

ព្រះរាជាណាចក្រកម្ពុជា

  ជាតិ សាសនា ព្រះមហាក្សត្រ

ទីស្តីការគណៈរដ្ឋមន្រ្តី​​

សុន្ទរកថា​  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់​សម្តេច

អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ថ្លែងក្នុងពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី”​ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១

–   ឯកឧត្តម អង្គ វង្ស ​វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

–    ឯកឧត្តម Masafumi KUROKI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

–   ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា

–   ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី” ដែលបានប្រកាសឲ្យប្រើ​ចាប់​តាំង​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧​ កន្លងមក។ ខ្ញុំសូមចាត់ទុកថា នេះគឺ​ជា​​ថ្ងៃប្រវត្តិសាស្រ្តគតិយុត្តិ និងជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយ ក្នុងដំណើរការកសាងក្របខណ្ឌច្បាប់ជាមូលដ្ឋានសម្រាប់ព្រះរាជាណាចក្រ​កម្ពុជា ដែលឆ្លុះបញ្ចាំងនូវ​ឆន្ទៈរបស់​រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងនីតិរដ្ឋ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង​ប្រែងរបស់ថ្នាក់​​ដឹកនាំ និងមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដែលបានសហ​ការ​​​យ៉ាងជិតស្និទ្ធជាមួយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​នៃ​ប្រទេសជប៉ុន (JICA) ក្នុងការរៀបចំតាក់​តែង​សេច​ក្តី​​​ព្រាងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដែលជា ក្រមជាមូលដ្ឋានក្នុងការ​បម្រើដល់សុខដុមនីយកម្មនៃការ​រស់នៅប្រ​ចាំថ្ងៃរបស់​ប្រជាពលរដ្ឋគ្រប់រូប និងបម្រើ​ដល់វិស័យយុត្តិធម៌សង្គម។

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ យើងត្រូវកសាងប្រទេសពីបាតដៃទទេ បន្ទាប់ពីទទួលរងការ​បំផ្លិច​បំផ្លាញយ៉ាងខ្ទេចខ្ទាំក្នុងរបបប៉ុល ពត ។ អ្វីៗទាំងអស់ត្រូវរៀបចំកសាងឡើងវិញ ក្នុងនោះក្របខ័ណ្ឌ​ គតិយុត្ត​សម្រាប់បម្រើ​សង្គមទាំងមូលគឺជាកិច្ចការដ៏ចំបងមួយ ។ តាំងពីឆ្នាំ១៩៧៩មក បទប្បញ្ញត្តិដែល​ពាក់ព័ន្ធ​​​​នឹងរឿងរដ្ឋប្ប​វេណី ត្រូវបានចងក្រងនៅក្នុងច្បាប់ផ្សេងៗដាច់ដោយឡែកពីគ្នា ដូចជា​ក្រឹត្យច្បាប់​លេខ​៣៨​ស្តី​ពី​កិច្ចសន្យា និងការ​ទទួល​​ខុស​ត្រូវក្រៅកិច្ចសន្យា ដែលត្រូវបានប្រកាសឲ្យប្រើឆ្នាំ១៩៨៨ ច្បាប់ស្តីពី​អាពាហ៍​ពិពាហ៍ និងគ្រួសារ ដែលត្រូវបានប្រកាសឲ្យប្រើនៅឆ្នាំ១៩៨៩ និងច្បាប់ភូមិបាល ដែល​ត្រូវ​បាន​ប្រកាស​ឲ្យប្រើនៅឆ្នាំ២០០១​ជាដើម។ ហេតុ​ដូច្នេះ ការចងក្រងនូវ​ ក្រម​រដ្ឋប្ប​វេណី​ នេះឡើង គឺជាលើកទី​មួយ​ហើយ​ចាប់តាំងពីឆ្នាំ១៩៧៩មក ដែលបទប្បញ្ញត្តិ​ទាក់​ទងនឹងរឿងរដ្ឋប្បវេណី​ត្រូវបាន​ប្រមូលផ្តុំឲ្យមកនៅ​ក្នុង​ក្រម​តែមួយ ដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែងយល់ និងប្រើប្រាស់​ទៅ​តាម​ជំនាញផ្សេងៗ។

ចាប់ពីឆ្នាំ ១៩៩៨មក ដោយមានជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន សម្រាប់ការជួយរៀបចំក្រម​រដ្ឋប្បវេណីនិងក្រមនី​តិវិធីរដ្ឋ​ប្បវេណីនិងជំនួយបច្ចេកទេសពីរដ្ឋាភិបាលបារាំង សម្រាប់ការជួយរៀបចំ ក្រមព្រហ្មទណ្ឌ និងក្រម​នីតិវិធីព្រហ្មទណ្ឌក្រសួងយុត្តិធម៌សម្រេចបានលទ្ធផលជាវិជ្ជមានលើការងាររៀបចំក្រមទាំងនោះ។ មកដល់ពេលនេះ ក្រមមូលដ្ឋានចំនួន០៣ ក្នុងចំណោមក្រមមូលដ្ឋានទាំង០៤ ដែលជាសរសរស្តម្ភនៃនីតិរដ្ឋត្រូវ​​បានអនុម័ត ​ប្រកាសឱ្យប្រើ និងដាក់ឲ្យអនុវត្ត​រួចហើយ ពោលគឺ៖ក្រមនីតិវិធីរដ្ឋប្បវេណី ប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៦ និងដាក់ឱ្យអនុវត្តនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ក្រមនីតិវិធីព្រហ្មទណ្ឌ ប្រកាសឱ្យប្រើនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ក្រមព្រហ្មទណ្ឌ ប្រកាសឱ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ និងដាក់ឱ្យអនុវត្តនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០។ ដោយឡែក ក្រមរដ្ឋប្បវេណី ដែលប្រកាសឱ្យប្រើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ គឺត្រូវដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នេះតទៅ ។ ក្រៅពីការរៀបចំជាក្រមក្នុងវិស័យរដ្ឋប្បវេណី និងវិស័យព្រហ្មទណ្ឌនេះ រាជរដ្ឋា​ភិបាល​ក៏មានបំណង​រៀបចំក្រម ក្នុងវិស័យ​​​រដ្ឋបាល និងពាណិជ្ជកម្មផងដែរ ដើម្បីចូលរួមពង្រឹងអភិបាលកិច្ចល្អ ព្រមទាំងធានា និងជំរុញប្រតិបត្តិការ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការរៀបចំបានជោគជ័យ និងដោយប្រុងប្រយ័ត្ននៃក្រមទាំងនេះគឺជាស្នាដៃដ៏ធំក្នុងប្រព័ន្ធយុត្តិធម៌​ដែល​រាជ​រដ្ឋាភិបាល​សម្រេចបាន និងជា​មោទនភាពរបស់ប្រទេស និងប្រជាជនកម្ពុជាទាំងមូលផងដែរ ដោយហេតុថាប្រទេសមួយ​ចំនួនមិនទាន់​មានលទ្ធភាព​រៀបចំបានជាក្រមដូចនេះទេ។ ការចងក្រងជាក្រមបែបនេះ គឺជាការបង្ហាញឱ្យឃើញនូវឯកភាពនៃ​ច្បាប់ ឯកភាពនៃការបកស្រាយច្បាប់ និងឯកភាពនៃការអនុវត្តច្បាប់ ដោយអនុវត្តនៅទូទាំងប្រទេស នូវច្បាប់តែមួយ ដែលជាកត្តាជំរុញឱ្យមានឯកភាពនៃស្មារតីប្រជាជាតិ សមភាព និងយុត្តិធម៌។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ខ្ញុំសូមរំលឹកថា មានកត្តាពីរយ៉ាងដែលតម្រូវឱ្យមានការដ្ឋានដ៏ធំនៃការរៀបចំក្រមទាំងនេះឡើង ៖ ទី១ គឺ បរិបទ​ប្រវត្តិ​សាស្ត្រ និង ទី២ គឺ ឆន្ទៈនយោបាយ។

តាមបរិបទប្រវត្តិសាស្ត្រកម្ពុជា នីតិសរសេរ(Droit écrit) ជាផ្នែកមួយ​នៃ​ប្រពៃណីច្បាប់កម្ពុជា។ ការរៀបចំជាក្រម​បែប​បារាំង គឺ​ជាមរតកប្រវត្តិសាស្ត្រនៃសម័យអាណាព្យាបាលបារាំងនៅកម្ពុជា។ នៅទសវត្សរ៍ទី៥០ ប្រទេសកម្ពុជាបាន​សម្រេចនូវការងាររៀបចំជាក្រម ក្នុងវិស័យព្រហ្មទណ្ឌ វិស័យរដ្ឋប្បវេណី និងវិស័យពាណិជ្ជកម្ម។ ត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាកំពុងបង្កើតវប្បធម៌​ គតិយុត្ត​របស់ខ្លួនផ្ទាល់ ដោយធ្វើ​ការ​សម្រប​សម្រួល​រវាងប្រពៃណីច្បាប់ជាតិ និងបច្ចេកទេសនៃប្រព័ន្ធផ្សេង ដែលអាច​ធ្វើឱ្យប្រសើរឡើង​នូវប្រព័ន្ធ​ច្បាប់​កម្ពុជា​ទាំងមូល។

ចំណែកឯឆន្ទៈនយោបាយវិញ គឺកើតចេញជាបឋមពីការយល់ឃើញថា ភាពផ្សេងៗ និងពហុភាពនៃអត្ថបទគតិយុត្ត បានកាត់បន្ថយនូវការទទួលបានយុត្តិធម៌ និងប៉ះពាល់ដល់លក្ខណៈសមធម៌នៃដំណើការរឿង​ក្តី និងប្រព័ន្ធយុត្តិធម៌។ ការអនុវត្តច្បាប់ដោយចៅក្រម បានជួបការលំបាក និងមិនទាន់មានលក្ខណៈ​  ឯកភាពនៅឡើយ។ កង្វះភាពច្បាស់លាស់ និងកង្វះឯកភាពនៃនីតិ ធ្វើឱ្យប្រព័ន្ធយុត្តិធម៌ផុយស្រួយ និងធ្វើឱ្យធ្លាក់ចុះនូវទំនុកចិត្តរបស់​ប្រជាពលរដ្ឋចំ​ពោះស្ថាប័នតុលាការ និងស្ថាប័នរដ្ឋ។ ជាមួយ​គ្នា​នេះ​ដែរ​ រាជរដ្ឋាភិបាល​ ក៏​បាន​​​ចាត់ទុកច្បាប់​ជាឧបករណ៍​​នៃអភិបាលកិច្ចល្អ ការកសាងនីតិរដ្ឋ និងសិទ្ធិទទួលបានយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកឡើងត្រួសៗអំពីសារៈសំខាន់ និងមូលហេតុនៃការកសាងក្រម​រដ្ឋប្បវេណីនេះ​ ។ កន្លងមក អត្ថបទគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីមានលក្ខណៈរាយប៉ាយ និងខ្វះចន្លោះ ។ យើង​ចាំបាច់ត្រូវប្រមូលផ្តុំនូវអត្ថបទទាំងនេះ ដើម្បីធ្វើឱ្យមានសង្គតិភាព លក្ខណៈឯកភាព ស៊ីសង្វាក់ និងងាយស្រួល​ក្នុងការ​ស្វែងយល់ ព្រមទាំងបំពេញបន្ថែមនូវអ្វីដែលជាកង្វះខាត ទើបបានជាមានការរៀបចំបង្កើតជា​ក្រមរដ្ឋប្បវេណីនេះឡើង។ ក្រមរដ្ឋប្បវេណី គឺជាកម្រងច្បាប់គោលមួយ ដែលមានតួនាទីសម្រប​សម្រួលចំណង​ទាក់ទងអំពីទ្រព្យ​សម្បត្តិដែលមានតំលៃប្រើប្រាស់ ផ្សារភ្ជាប់ទៅនឹងរូបវ័ន្តបុគ្គល ឬនីតិបុគ្គល ព្រមទាំង​សម្រប​សម្រួល​ចំណង​ទាក់ទងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រវាងរូបវ័ន្តបុគ្គលនិងនីតិបុគ្គល ឬ រវាងនីតិបុគ្គល​​និងនីតិបុគ្គល ដែលរួមមានទំនាក់ទំនងអំពីកម្មសិទ្ធិ អំពីការដោះដូរ អំពីការធ្វើសំណង និងទំនាក់ទំនងអំពី​គ្រួសារ និងមរតក។ ក្រមរដ្ឋប្បវេណី ក៏ជាច្បាប់មូលដ្ឋានមួយដែលអនុវត្តចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលមាន​សេរីភាព​ក្នុងការ​ធ្វើជាប្រ​ធាននៃ​ការដោះដូរទំនិញក្នុងសង្គមមួយ ដែលមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ចំពោះ​​ទំនាក់ទំនងគតិ​យុត្តដែល​ប្រជាជនធម្មតាមានការពាក់ព័ន្ធនោះ គឺមានទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងគ្រួសារ ដែលក្នុងទំ​នាក់ទំនង​ទ្រ​ព្យសម្បត្តិ មានការមានកម្មសិទ្ធិលើទ្រព្យសម្បត្តិ (សិទ្ធិប្រត្យ័ក្ស) និងការជួញដូរជាមួយប្រជា​ពលរដ្ឋដទៃទៀត (កិច្ចសន្យា)។ រីឯទំនាក់ទំនងគ្រួសារវិញ មានទំនាក់ទំនងឋានៈជាញាតិ ដូចជា អាពាហ៍ពិពាហ៍ ឬ ឪពុកម្តាយនិងកូន និងសន្តតិកម្ម។

ជាងនេះទៅទៀត បទប្បញ្ញត្តិមួយចំនួនធំនៃក្រមរដ្ឋប្បវេណី គឺជាបទប្បញ្ញត្តិថ្មីដែលពុំធ្លាប់មាននៅឡើយ​នៅក្នុងក្រប​ខ័ណ្ឌគតិ​យុត្តរបស់ប្រទេសកម្ពុជានារយៈពេលកន្លងមក ជាអាទិ៍ បទប្បញ្ញត្តិស្តីពីសន្តតិកម្ម (Succession) ដែលចែង​អំពីសន្ត​តិជន ដោយចាត់ទុកថា សហព័ន្ធ (Epoux) គឺជា សន្តតិជនជានិច្ច ព្រមទាំងបានកំណត់នូវភាគបម្រុង (Réserve héréditaire) សម្រាប់សន្តតិជនប្រភេទខ្លះ រួមមាន បច្ឆា​ញាតិ​ផ្ទាល់ (Descendant) សហព័ន្ធ ឳពុកម្តាយ ជីដូនជីតា ។ ក្រៅពីនេះ បទប្បញ្ញតិ្តទាក់ទងនឹងបុគ្គល (Personne) ដែលបានកំណត់អំពីរូបវន្តបុគ្គល នីតិបុគ្គល បទប្បញ្ញត្តិអំពីអាហារកាតព្វកិច្ច (Obligation alimentaire) រវាងញាតិផ្សេងៗ ដូចជាអាហារ​កាតព្វ​កិច្ចរវាង​កូនជានីតិ​ជននិង​ឳពុកម្តាយ ឬក៏រវាងបងប្អូន​បង្កើត​ជាដើម ក៏ជាបទប្បញ្ញតិ្តថ្មី ដែលពុំធ្លាប់​មាននៅ​ឡើយនៅក្នុងច្បាប់​របស់​ប្រទេស​​កម្ពុជា​ ក្រោយ​ឆ្នាំ​១៩៧៩ ​។ មិនតែប៉ុណ្ណោះទៀតសោត បទប្បញ្ញត្តិ​ជាច្រើន​នៃក្រមរដ្ឋប្បវេណី​មិនមានខ្លឹម​សារ​ដូចគ្នា​ជាមួយ​នឹង​​ច្បាប់​មុនៗទេ ពោលគឺ គោលការណ៍ដែលត្រូវបានអនុវត្តនាពេលកន្លងមក ក៏នឹងត្រូវមានការផ្លាស់ប្តូរ​ដោយសារ​​តែការដាក់ឲ្យអនុវត្តក្រមរដ្ឋប្បវេណី ដូចជាគោលការណ៍នៃការធានាដោយសាមគ្គីភាព (Principe du cautionement solidaire) ជាដើម។ ត្រង់ចំណុចនេះហើយដែលជា​លក្ខណៈ​ពិសេស​គួរឲ្យកត់សម្គាល់​នៃ​ក្រម​រដ្ឋប្បវេណី ហើយដែលអ្នកអនុវត្តច្បាប់គ្រប់ជំនាញត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​ជៀស​វាង​​នូវ​ការ​អនុវ​ត្ត​ខុស​​ ឬ ការ​ភាន់​ច្រឡំ​ពី​អត្ថន័យ​ពិត​ប្រាដក​ និង​ពី​ស្មារតី​នៃ​ក្រម​រដ្ឋ​ប្បវេណី​ ដែល​ជា​កត្តាធ្វើ​ឲ្យ​ប្រាស​ចាក​ ​​​និង​ប៉ះ​ពាល់​​ដល់​ប្រសិទ្ធភាព​​នៃ​ការ​អនុវត្ត​ច្បាប់​ ក៏ដូច​ជា ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យន្ត​ការ​ពង្រឹង​នីតិ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ក្រៅពី​នេះ​ ច្បាប់​ស្តីពី​​ការអនុវត្ត​ក្រម​រដ្ឋប្បវេណី​បាន​ចែងជា​បន្ថែម​​​​ទៀត​​នូវ​បទប្បញ្ញត្តិ​​មួយ​ចំនួន​ ដើម្បី​បំពេញ​នូវ​ការ​ខ្វះ​ចន្លោះ​នៃ​ក្រម​រដ្ឋប្ប​វេណី​ ដូច​ជា ការ​កំណត់​ពីអត្ថន័យ​​នៃលិខិត​យថាភូត​(Acte authentique) ​ព្រម​ជាមួយ​នឹង​ការ​​​បញ្ជាក់​ពី​សមត្ថកិច្ច​របស់​​រដ្ឋមន្រ្តី​​ក្រសួង​យុត្តិធម៌​ ក្នុង​ការ​កំណត់​អំពី​​អត្រា​ការប្រាក់​ (ប្រាក់​កម្ចី)​ ដែល​ត្រូវ​បាន​​កម្រិត​ជាដើម​ ព្រម​ទាំង​បាន​កំណត់​នូវ​បទ​ប្បញ្ញត្តិ​សម្រប​សម្រួល​​ផ្សេងៗ​ជាលក្ខណៈ​អន្តរ​ប្បញ្ញត្តិ​​​ ក្នុង​គោល​ដៅ​​ដោះ​ស្រាយ​​ទំនាក់​ទំនង​ដែល​បាន​កើត​ឡើង​នៅក្នុង​​ច្បាប់​ចាស់ និងបន្ត​អនុភាព​អនុវត្ត​នៅ​ខណៈ​ពេល​​ដែល​​ច្បាប់​​ថ្មី​​​ ពោល​គឺ​ក្រម​រដ្ឋ​ប្បវេណី​ត្រូវ​​បាន​​យក​​​មក​​អនុវត្ត​ ។ លើស​ពី​នេះ​​ទៅ​ទៀត​ ច្បាប់​នីតិ​វិធី​ពិសេស​ រួម​មាន ​ច្បាប់​ស្តី​ពីនី​តិវិធី​នៃ​បណ្តឹង​ទាក់​ទង​នឹង​ឋានៈបុគ្គល​ និង​ច្បាប់​ស្តី​ពី​នីតិ​វិធី​នៃ​រឿង​ក្តី​រដ្ឋ​ប្បវេណី​ ដែល​មិន​មែន​ជា​បណ្តឹង​ ក៏​មិន​អាច​មើល​រំលង​បាន​ដែរ​ ពី​ព្រោះ​ថា​ ច្បាប់​ទាំង​ពីរនេះ​​ នឹង​ត្រូវ​បំពេញ​បន្ថែម​លើ​​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​ដែល​បាន​​ចាប់​ផ្តើម​អនុវត្ត​​រួច​​ទៅ​​ហើយ​​​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ​​ ហើយច្បាប់​ទាំង​ពីរ​នេះ​ គឺជា​​គ្រឹះ​​ដ៏​ចាំ​បាច់​ដែល​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ខាន​មិន​បាន​ ដើម្បី​ដោះស្រាយ​​បញ្ហា​ និង​វិវាទ​មួយ​ចំនួន​ធំ​ ដែល​មាន​ចែង​ក្នុង​ក្រម​រដ្ឋ​ប្បវេណី​។​

ក្រម​រដ្ឋប្បវេណី​បាន​បញ្ចូល​បន្ថែម​ទៀត​ និង​យ៉ាង​សម​ស្រប​នូវ​គោលការណ៍​សំខាន់​ៗ​ក្នុង​វិស័យ​រដ្ឋប្បវេណី​ ដែល​គោល​ការណ៍ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​​លើ​សកលលោក​ រួមមាន​គោលការណ៍​ស្វ័យ​ភាព​នៃ​បុគ្គល​ឯកជន ការហាម​ឃាត់​ការ​ប្រើប្រាស់​សិទ្ធិ​ដោយ​បំពាន​ និង​គោលការណ៍​​​​នៃ​ភាព​សុចរិត​ និង​ភាព​ស្មោះ​ត្រង់​ ជាដើម។ និយាយ​ជា​រួម​ ក្រម​រដ្ឋប្ប​វេណី​បាន​ផ្តល់​នូវ​វិធាន​គតិយុត្ត​​​ប្រកប​ដោយ​​ភាព​យុត្តិ​ធម៌​ និង​ច្បាស់លាស់​ សម្រាប់​ដោះ​ស្រាយ​នូវ​​រាល់​ទំនាក់​ទំនង​គតិយុត្ត​រវាង​បុគ្គល​​ឯកជន ។​ ក្នុងន័យ​​នេះ​ ក្រម​រដ្ឋប្បវេណី​​ដែល​ជា​ច្បាប់​ទូទៅ​ក្នុង​វិស័យ​ឯកជន​ នឹង​ក្លាយជា​ឧបករណ៍​គតិយុត្ត​ដ៏​មាន​សារប្រយោជន៍​​​​បំផុត​សម្រាប់​តុលាការ​ នៅ​ក្នុង​ការសម្រេច​រឿង​ក្តី​ឲ្យ​មាន​ការ​ឯកភាព ​ និង​ភាព​ត្រឹម​ត្រូវ​ប្រកប​​ដោយ​ទស្សន​តក្ក​វិជ្ជា​គតិយុត្ត។​

ក្រមរដ្ឋប្បវេណី គឺជាច្បាប់មូលដ្ឋានសម្រាប់អនុវត្តទូទៅ រីឯច្បាប់ពាណិជ្ជកម្មវិញ គឺជាច្បាប់អនុវត្តចំពោះសកម្មភាព ឬប្រធានពិសេស ដែលគេហៅថា ច្បាប់ពិសេស។ ជាគោលការណ៍ ច្បាប់ឯកជនពិសេសផ្សេងទៀត​ត្រូវបង្កើត​ទ្បើងដោយ​ស្របទៅតាមគោលការណ៍សំខាន់ៗនៃក្រមរដ្ឋប្បវេណី។

ក្រមរដ្ឋប្បវេណី ជាក្រមមូលដ្ឋាន និងជាអាទិភាពមួយនៃផែនការកសាងច្បាប់របស់ក្រសួងយុត្តិធម៌ សម្រាប់អនុវត្តយុទ្ធ​សាស្ត្រកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ របស់រាជ  រដ្ឋាភិបាល។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

គោលបំណងនៃពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី” នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងក្រប​ខ័ណ្ឌនៃការ​ផ្សព្វផ្សាយ​ច្បាប់ដល់ស្ថាប័នពាក់ព័ន្ធ សាធារណៈជន និងដល់អ្នកវិជ្ជាជីវៈច្បាប់ និងតុលាការ មានជា អាទិ៍ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវី ដើម្បីចូលរួមចំណែកលើក​កំពស់ការយល់ដឹងអំពីច្បាប់ និងធានា​ប្រសិទ្ធិ​ភាពនៃការអនុវត្ត។ ដោយហេតុថា គ្រប់សង្គមក្នុង​សម័យទំនើប​ទាំងអស់​សុទ្ធតែ​ត​ម្រូវ​ឱ្យមាន​ការយល់ដឹងអំពីច្បាប់ ដើម្បីគ្រប់គ្រងនិង​​ធានាឱ្យមានសន្តិភាព ធ្វើឱ្យមានសុវត្ថិភាពសង្គម និងសកម្មភាព   ធុរកិច្ចប្រចាំថ្ងៃ ទើបការអប់រំផ្សព្វផ្សាយជាទៀងទាត់អំពីអត្ថបទគតិយុត្តនៅគ្រប់ពេលដែលត្រូវបានអនុម័ត និង​​ការដាក់ឱ្យអនុវត្ត គឺជាតំណាក់កាលមួយចាំបាច់ ដើម្បីកសាង​នូវនីតិរដ្ឋ និងប្រព័ន្ធប្រជាធិបតេយ្យមួយ ស្រប​តាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសឱ្យអនុវត្តជាផ្លូវការនូវក្រមរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធនាថ្ងៃនេះ នឹងបង្ហាញដល់គ្រប់  ស្ថាប័ន ទាំងផ្នែក​សាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ មន្ត្រីតុលាការ មន្ត្រីអនុវត្តច្បាប់ អ្នកប្រកបវិជ្ជាជីវៈច្បាប់ អ្នកពាក់ព័ន្ធទាំងឡាយ និងសាធារណជន អំពីការវិវត្តជាវិជ្ជមានមួយចំនួន ដូចខាងក្រោមៈ

–   មានការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ តាមរយៈការបង្កើត និងដាក់ចេញនូវ​បទបញ្ជាទាក់ទង​នឹងការដាក់​បញ្ចាំ​ និងការធានា។

–   ក្រមរដ្ឋប្បវេណីនឹងចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅព្រះរា​ជាណាចក្រ​កម្ពុជា។

–   ក្រមរដ្ឋប្បវេណីត្រូវបានរៀបចំឡើង ដោយគោរពតាមទំនៀមទំលាប់កម្ពុជា ដោយផ្តោតទៅលើចំណុចរួម​ដែលសកល​លោកទាំងមូលបានពិភាក្សា និងគិតគូរយ៉ាងយកចិត្តទុកដាក់នូវសភាពការណ៍ និងនិន្នាការអភិវឌ្ឍន៍​សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

–   ក្រមរដ្ឋប្បវេណី បានបំពេញបន្ថែម និងធ្វើទំនើបកម្ម ជាអាទិ៍ ចំពោះទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ អាពាហ៍ពិពាហ៍ គ្រួសារ និងមរតក គោលការណ៍មូលដ្ឋានដែលធានា សេចក្តីថ្លៃថ្នូរនៃបុគ្គល ភាពស្មើគ្នារបស់បុរស-នារី និងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានកំណត់​​នៅក្នុងរដ្ឋធម្មនុញ្ញ ឆ្លើយតបទៅនឹងការវិវត្តរបស់សង្គម។

–   ពង្រឹងនីតិរដ្ឋ  ប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។

–   ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។

–   ចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមានឯកភាព​​​ទូទៅ ក្នុងចំណងទាក់ទងនៃកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់មនុស្ស និងសង្គម។

–   ពង្រឹងស្ថាប័នយុត្តិធម៌ ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់យុត្តិធម៌ផ្នែករដ្ឋប្បវេណីជូនប្រជាពលរដ្ឋ និង​ធានានូវ​វឌ្ឍនភាពសង្គម។

–   ធានាភាពងាយស្រួលនៃការទទួលព័ត៌មានអំពីច្បាប់ និងតុលាការ ព្រមទាំងផ្តល់សុវត្ថិភាព  គតិយុត្ត​ដល់​ប្រជា​ពល​រដ្ឋ។

–   ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ដល់សង្គតិភាព និងភាពផ្សារភ្ជាប់ទៅនឹងក្រម    រដ្ឋប្បវេណី នៅពេលដែលរៀបចំសេចក្តីព្រាងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសផ្សេងៗ។

ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី !

ការកសាងបានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ មិនមានន័យថា បេសកកម្ម​ត្រូវបានបញ្ចប់នោះទេ គឺយើងមានភារកិច្ចច្រើនទៀត មានជាអាទិ៍ ការបណ្តុះបណ្តាល​សមត្ថកិច្ចដែល​ជាអ្នកអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងជំរុញបន្ថែមទៀតនូវផែនការកំណែទម្រង់រដ្ឋ ដែលជាកត្តារួមចំណែក ធ្វើឱ្យសង្គមមានសុខដុមភាព និងវឌ្ឍនភាព។

ក្នុងន័យនេះ បន្ទាប់ពីពេលដែលក្រមរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធទាំងនេះត្រូវបានដាក់​ឲ្យ​អនុវត្ត និងដើម្បីចូល​រួមចំណែកធ្វើឱ្យបានសម្រេចនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធី សកម្មភាសម្រាប់​អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្ត​ការងារសំខាន់ៗ​​មួយចំនួនដូចតទៅ ៖

–   រៀបចំបទដ្ឋានគតិយុត្ត និងយន្តការ ដែលចាំបាច់សម្រាប់អនុវត្ត ក្រមរដ្ឋប្បវេណី ឱ្យមានភាពរលូន  និង​មានប្រសិទ្ធភាព។

–   បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងស្ថាប័ននៃវិស័យយុត្តិធម៌ និងជំរុញការអនុម័តច្បាប់ជាមូលដ្ឋានផ្សេងៗទៀត ជាអាទិ៍ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា ច្បាប់ស្តីពីការចាត់តាំងអង្គការតុលាការ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លក្ខន្តិកៈនៃក្រឡាបញ្ជី លក្ខន្តិកៈនៃអាជ្ញាសាលា។

–   បន្តរួម​​ចំណែក​​​ក្នុងការបណ្តុះបណ្តាលដល់អ្នកវិជ្ជាជីវៈច្បាប់ និងតុលាការ ឱ្យស្របទៅតាមការ​វិវត្តនៃច្បាប់កម្ពុជា និងបច្ចេកវិទ្យាថ្មីៗដែលមានប្រយោជន៍ដល់វិស័យតុលាការ។

–   បន្តពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយច្បាប់ឱ្យកាន់តែមានទ្រង់ទ្រាយទូលំទូលាយដល់​​ស្ថាប័ន​​​អនុវត្តច្បាប់ និងសាធារណៈជន។

ខ្ញុំសង្ឃឹមថា ពិធីប្រកាសការអនុវត្តក្រមរដ្ឋប្បវេណីនៅថ្ងៃនេះ នឹងបង្ហាញឱ្យប្រជាពលរដ្ឋទាំងអស់បានយល់​ដឹង​ច្បាស់ពីយន្តការនៃការរៀបចំក្រមនៅកម្ពុជា ទស្សនទានទូទៅ និងគោលការណ៍សំខាន់ៗនៃក្រមរដ្ឋប្បវេណី និងការទទួលព័ត៌មានជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តនៃ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល​ និងច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីមិនមែនជាបណ្តឹង ។ ដូច្នេះ ប្រជាពលរដ្ឋទាំង​អស់​ត្រូវចូលរួម និងទទួលអនុវត្តតាមក្រមនិងច្បាប់ទាំងនេះ ហើយយើង​មិន​អាចនិយាយថា យើងមិនបានដឹងអំពីការចូលជាធរមាននៃក្រមនិងច្បាប់ទាំងនេះនោះទេ។ ខ្ញុំក៏ស្នើសុំផងដែរ ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ដែលជាអ្នកមានតួនាទីសំខាន់ក្នុងការផ្តល់យុត្តិធម៌​ជូនប្រជាពលរដ្ឋ ត្រូវ​ខិតខំប្រឹងប្រែង​ស្វែងយល់ឱ្យបាន​កាន់តែច្បាស់លាស់ថែម​ទៀត អំពីក្រមរដ្ឋប្បវេណី និងច្បាប់ពាក់ព័ន្ធទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព​ ភាពត្រឹមត្រូវ និងទំនុកចិត្តក្នុងការសម្រេច​​សេចក្តី​​​​ក្នុងរឿងរដ្ឋប្បវេណី ។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរ​ជូនឯកឧត្តម លោកជំទាវ អស់​លោក​ លោក​ស្រី​ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ​​​ទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់​ភារកិច្ច​។

សូមអរគុណ!

 

 

 

សុន្ទរកថាស្វាគមន៍ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ថ្លែងក្នុងវិធី «ប្រកាសការអនុវត្តក្រមរដ្ឋបវេណី»

 

Posted on ខែធ្នូ 23, 2011, in ព័ត៌មានទាក់ទងវិស័យច្បាប់. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធី “ប្រកាសការអនុវត្តក្រមរដ្ឋប្បវេណី”.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។