កូនអើយកូនម៉ែ កូនត្រូវតែខំសិក្សា !

បទជាប់ទង

ដំបូកខ្ពស់ ព្រោះកណ្តៀរ វាពូនដី
កកើតថ្មី បីកន្លែង កែងផ្ទះចាស់
អែបសសរ តកន្ទុយ រុយសុំខ្មាស
មីរដេរដាស់ ប៉ះជញ្ជាំង ផ្ទាំងសិលា។

ទឹកស្រក់តត់ ដក់ពេញព្រៀប ជ្រាបបំពង់
ក្ងោកឆោមយង់ លង់សម្ផស្ស គាស់ចិន្តា
ស្រមោចពាំ នាំអង្ករ ចរយាត្រា
មិនសង្កា ថាមិនអត់ ខ្សត់ទ្រព្យា ។

បុត្រប្រុសស្រី ខ្មីឃ្មាតខំ ដំលត់ខ្លួន
កុំលាក់ពួន ស្ងួនម៉ែសុំ កុំរេរា
ខំរៀនសូត្រ ស្មូតអានចាប់ ស្តាប់គ្រប់គ្នា
រាល់វេលា ជាឱកាស ច្បាស់មិនសូន្យ ។

ពៅមាសម៉ុម សុំតែគិត ស្និទ្ធសិក្សា
ត្រូវឧស្សាហ៍ ចារត្រងត្រាប់ ស្តាប់ណាកូន
វិជ្ជាទ្រព្យ គាប់ផងគ្នា វាជាក្បូន
ដាក់សណ្តូន ប្អូនចំលង ចងជាស្ពាន ។

ចាប់ចំណេះ ចេះនិយាយ ទាយឱ្យច្បាស់
ភ្លឺស្រឡះ ដាស់អារម្មណ៍ ខំខិតរៀន
យកពុទ្ធិ រិះគិតស្តាប់ ប្រាប់ជាទាន
កើនវាល់លាន មានជាទ្រព្យ គាប់ជានិច្ច ។

ចូរកូនអើយ កើយស្នាលស្និទ្ធ ជិតស្រមោច
ទ្រព្យមិនដោច ហោចកណ្តៀរ វារមិនគេច
កុំជាន់ស្នាម តាមសត្វរៃ ព្រៃកើតលិច
ការណ៍រំលេច ពេជ្រពន្លឺ ភ្លឺចែងចាំង ។

ការណ៍ = ទង្វើ ខិតខំ ព្យាយាម រៀនសូត្រ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពhttp://www.inspirefusion.com/ants_macro_photography/

Posted on ខែវិច្ឆិកា 24, 2015, in កំណាព្យ. Bookmark the permalink. បាន​បិទ​ការ​បញ្ចេញ​មតិ នៅ កូនអើយកូនម៉ែ កូនត្រូវតែខំសិក្សា !.

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។