ឧទាហរណ៍ពីរបៀបសរសេរសេចក្តីសន្និដ្ឋាន សម្រាប់សារណា

សេក្តីសន្និដ្ឋាន

 

សេចក្តីសន្និដ្ឋានសារណា ត្រូវមាន៖

១. ឃ្លាភ្ជាប់សេចក្តី៖

ឧទាហរណ៍៖ ក្រោយពីបានបកស្រាយទៅលើប្រធានបទស្តីពី  “ …….. “

២. សង្ខេបតួសេចក្តី៖ ( មិនត្រូវវែងពេក យកតែគ្រោង ឆ្អឹង ចំណងជើងជំពូក ផ្នែក  ផ្នែករង កថាខណ្ឌ ទី១ ទី២​​​​   ក. ខ. គ. ….)

សារណានេះផ្តោតលើ………

៣. បង្ហាញពីបញ្ហាដែលកើតមានក្នុងសង្គមទាក់ទងនឹងប្រធានបទ៖

– (ឧទាហរណ៍ ការបង្ខូចថ្លៃ )…………………

-( ការបំពានសិទ្ធិនៃជីវិតឯកជន)……………

-………………………..

៤. ការផ្តល់អនុសាសន៍៖ ទៅលើបញ្ហាដែលកើតមានខាងលើ

ឧ. សហគ្រាស ក្រុមហ៊ុន ក្រសួង មន្ទីរ  គួរតែ ( រៀបចំគោលការណ៍ស្តីពី ……../ ពង្រឹងបទបញ្ជាផ្ទៃក្នុងអង្គភាព  /

ត្រួតពិនិត្យលើ…..។

៥. សេចក្តីសង្ឃឹម ( ប្រសិនជាអាចមាន)

ឧ. ការគោរព អនុវត្ត តាមបទដ្ឋាន គោលការណ៍ច្បាប់ខាងលើ នោះ វិវាទ ទំនាស់ អាចត្រូវបានកាត់បន្ថយ និងឈានទៅរកភាពសុខដុមរមនា ក្នុងសង្គម ផងដែរ ។

 

ជិន វណ្ណារ៉ា

របៀបសរសេរពីលទ្ធផលរំពឹងទុក (Learning outcomes )
ក្នុងមេរៀន បង្រៀនថ្នាក់រួម ឧទាហរណ៍ (នីតិសិទ្ធិមនុស្ស)

 

លទ្ធផលរំពឹងទុក (Learning outcomes )

 

កំណត់អត្តសញ្ញាណ(កិរិយាសព្ទសកម្ម) នៃសិទ្ធិមនុស្ស
ធ្វើចំណាត់ថ្នាក់(កិរិយាសព្ទសកម្ម) សិទ្ធិមនុស្ស៖ សិទ្ធិការពារបូរណភាពរូបកាយ សិទ្ធិបូរណភាពផ្លូវចិត្ត សិទ្ធិមានទ្រព្យសម្បត្តិ (ដីធ្លី) សិទ្ធិទទួលបានការអប់រំ សិទ្ធិបញ្ចេញមតិ សិទ្ធិប្រជុំ ឬ សិទ្ធិតាំងទីលំនៅ …
បកស្រាយពី (កិរិយាសព្ទសកម្ម) គោលការណ៍នៃសិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនភៀសខ្លួន ឬ សិទ្ធិជនពិការ (ដែលមានក្នុងផ្នែកណា១)

ការប្រើកិរិយាសព្ទ ៖ ត្រូវតែ ជាកិរិយាសព្ទអាចវាស់វែងបាន អាចគណនាបាន អាចកំណត់បាន ។

ហាមប្រើ៖ កិរិយាសព្ទមិនអាចវាស់បាន វាមាន ដូចជា ចេះ ដឹង យល់ ស្គាល់ ទទួលបានចំណេះដឹង អាចយល់ដឹង [ ពីព្រោះ វាជាកិរិយាសព្ទមិនអាចវាស់វែងបាន ( unlimitable verbs) ។ សម្រាប់ការសរសេរលទ្ធផលរំពឹងទុកនេះ គេត្រូវការ កិរិយាសព្ទអាចវាស់វែងបាន (limitable verbs) ] ។

 

ជិន វណ្ណារ៉ា

ឧទាហរណ៍ពីរបៀបសរសេរសេចក្តីផ្តើមសម្រាប់សារណា

 

សេចក្តីផ្តើម

ការសរសេរសេចក្តីផ្តើម ត្រូវមាន៖

១. លំនាំសេចក្តី

ត្រូវសរសេរឃ្លា ដែលមានន័យទូលាយ ហើយអាចទាក់ទងមកប្រធានបទរបស់យើង
( បាតសាជីមានរាងធំ )
ឧ. សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ត្រូវបានដើរតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ។ ប្រជាជនគ្រប់រូប មាន សិទ្ធិ សេរីភាពក្នុងការប្រកបរបររកស៊ី ចិញ្ចឹមជីវិត ។ អ្នកខ្លះធ្វើជា មន្ត្រីរាជការ ខ្លះទៀត ជា អាជីវករ ពាណិជ្ជករ តាមសេចក្តីប៉ង់ប្រាថ្នាចិត្តចង់របស់គេ។ ការរកស៊ី រៀបចំ ដំណើរការអាជីវកម្ម មានតាំង ពីការលក់បែបរដ្ឋប្បវេណី រហូតដល់បែបពាណិជ្ជកម្ម ។ យ៉ាងណាមិញ ការលក់អចលនវត្ថុសព្វថ្ងៃក៏មានសន្ទុះមួយកម្រិតផងដែរ ដូចជា យើងឃើញមានវត្តមាន ការសង់ផ្ទះ តាមបូរីនានា ។

២. ការបញ្ចូលប្រធានបទ

ជាការពិតណាស់ ក្រុមហ៊ុនប៉េង ហួត ក៏បានបណ្តាក់ទុនលើការអភិវឌ្ឍអចលនវត្ថុផងដែរ ។ សម្រាប់ការសរសេរសារណានេះ ប្រធាបទស្តីពី(ឧ. ការលក់អចលនវត្ថុនៅបូរី ប៉េង ហួត )ត្រូវបានលើកយកមកធ្វើការសិក្សា។

៣. ដែនកំណត់នៃសារណា

( តើយើងបកស្រាយ និយាយត្រឹមណា ? រឿងណាត្រូវនិយាយ រឿងណាមិននិយាយ )

៤. វិធីសាស្រ្តបកស្រាយ វិភាគ

វាមាន វិធីសាស្រ្ត២ យ៉ាង ។ វិធីសាស្រ្តទី១ ជា វិធីសាស្រ្ត បរិមាណវិស័យ ( quantitative method ) និងវិធីសាស្រ្តទី២ ជាវិធីសាស្រ្ត គុណភាពវិស័យ ( qualitative method ) ។  ស្មេរត្រូវបង្កើតកម្រងសំណួរ រួចចុះទៅសម្ភាសន៍ និងប្រមូលចំលើយ យកមកបញ្ជូល ធ្វើការវិភាគ ក្នុងកម្មវិធីវិភាគទិន្នន័យណាមួួយ( ឧទាហរណ៍ កម្មវិធី SPSS ) ។  ម៉្យាងវិញទៀត ស្មេរក៏អាចប្រើវិធីចម្រុះ ( វិធីសាស្រ្តទី ១ រួមនិងវិធីសាស្រ្តទី២ ) រួមគ្នាផងដែរ។

៥. ចំណោទបញ្ហា

អ្នកត្រូវសរសេរជាសំណួរ ។ ឧទាហរណ៍ តើកិច្ចសន្យាលក់ ត្រូវបានកំណត់ជាគោលការណ៍យ៉ាងណា?ប្រសិនបើជា ការស្រាវជ្រាវ ថ្នាក់ Master or PhD ចំណុចចំណោទបញ្ហានេះ រឹតតែ មានសារៈសំខាន់ ពីព្រោះគេចង់ដឹថា តើ សង្គមមានបញ្ហាអ្វី ដែលនាំអ្នកស្រាវជ្រាវ នឹកឃើញ សរសេរ និង រុករក ស្រាវជ្រាវ មូលហេតុដែលកើតមាន និងខិតខំ រកដំណោះស្រាយ តាមគោលកាណ៍ បែបណា ? បែបច្បាប់ គោលនយោបាយ សេដ្ឋកិច្ច ឬ បែប ចិត្តសាស្រ្ត សង្គម ជាដើម ?

៦. ប្រកាសប្លង់

ចំណុចនេះ តើសារណារបស់យើង ចង់ប្រាប់អ្នកអាន ថា ស្មេរសរសេរពីអ្វីខ្លះ ? ស្មេរគួរតែសរសេរជា ២ ជំពូក ជាការល្អ ! បើសិនជាមានរហូតដល់ ៣ជំពូក អាចទទួលយកបានដែរ  ប៉ុន្តែ វាមិនជាការប្រសើរនោះទេ !  ។ ស្មេរ មិនត្រូវសរសេរច្រើនជំពូកទេ ដូចជា រហូតដល់ទៅ ៤, ៥, ៦, ៧, …, ឬ១០ ជាដើម  ត្រូវជៀសវាង ) ។  ត្រង់ចំនុចនេះ ត្រូវសរសេរជា កថាខណ្ឌ ។ ឧទាហរណ៍៖ សារណានេះ ត្រូវបាន​​ បង្ហាញជា២ជំពូក ។ ការបង្កើតកិច្ចសន្យា ត្រូវបានបកស្រាយក្នុង(ជំពូក១) រីឯ អានុភាពនៃកិច្ចសន្យា ត្រូវបានរៀបរាប់ក្នុង(ជំពូក២)។

 

ជិន វណ្ណារ៉ា

ចូរអ្នកជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១. វត្ថុ ជា៖

ក. បុគ្គល

ខ. ទ្រព្យ

គ. របស់ជាសម្ភារៈ

២. វត្ថុរួម៖

ក. ជាវត្ថុដែលយើងទាំងអស់គ្នាជាម្ចាស់

ខ. ជាវត្ថុគ្មានម្ចាស់

គ. ជាវត្ថុដែលមានម្ចាស់ជានីតិបុគ្គល

៣. ទ្រព្យជា៖

ក. សិទ្ធិ

ខ. វត្ថុ

គ. បុគ្គល

៤. បេតិកភណ្ឌមានអត្តសញ្ញាណជា៖

ក. ទ្រព្យសកម្ម

ខ. ទ្រព្យអកម្ម

គ. ទ្រព្យ

៥. លក្ខណៈវិនិច្ឆ័យនៃអត្តសញ្ញាណកម្មលើទ្រព្យជា៖

ក. អត្ថប្រយោជន៍

ខ. តម្លៃ

គ. ថាមពល

ឃ. ភាពអាចរឹបអូសបាន

៦. ចលនទ្រព្យជា៖

ក. ទ្រព្យចល័ត

ខ. ទ្រព្យនឹងថ្កល់

គ. ទ្រព្យអចល័ត

៧. ត្រាក់ទ័រនៃកសិដ្ឋានមួយជា៖

ក. ចលនទ្រព្យពីកំណើត

ខ. អចលនទ្រព្យតាមភព្វវាសនា

គ. ចលនទ្រព្យតាមការកំណត់របស់ច្បាប់

 

រៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

រឿងក្តីអនុវត្ត

ផាណាផាត់ ជាអ្នកព័ត៌មានវិទ្យា និងជាកីឡាករល្បីខាងជិះសេះប្រណាំង មកជួបអ្នកដើម្បីរាប់រៀបពីបញ្ហាគតិយុត្តដែលគាត់ជាជនរងគ្រោះក្នុងជីវិតឯកជន និងជីវិតការងាររបស់គាត់។

ផាណាផាត់ បានចូលរួម ជាច្រើនឆ្នាំមកហើយ ក្នុងការប្រកួតជិះសេះប្រណាំង ហើយគាត់តែងតែទទួលបានជានិច្ចកាលនូវលទ្ធផលប្រសើរជាទីពេញចិត្ត។ គាត់មានបំណងទិញសេះមួយក្បាល គាត់បានទាក់ទងលោក ទីយ៉ារ៉ាក់ ដែលជាម្ចាស់សេះម្នាក់ បានផ្សព្វផ្សាយដំណឹងលក់សេះឈ្មោះ មហៈពលៈក្នុងក្លិបរបស់គាត់ ដោយសារតែសកម្មភាពមុខរបររបស់គាត់ មមាញឹក លែងមានពេលវេលាសម្រាប់កីឡាប្រណាំងសេះតទៅទៀតហើយ ។ ម៉្យាងទៀត សេះនោះជាសេះមានដើមកំណើតពីប្រទេសអាល្លឺម៉ង់​ហើយមានអាយុ១០ឆ្នាំ ។

          ម្ចាស់សេះ ទីយ៉ារ៉ាក់ បានប្រាប់ទៅ ផាណាផាត់ ថា សេះរបស់គាត់ជាសេះមានសមត្ថភាពឧត្តមប្រសើរកន្លង ងាយផ្សាំងណាស់ ប៉ុន្តែសេះនេះ វាមានចរឹតពិបាក។ ​នៅខណៈនោះ លោកផាណាផាត់ ក៏បានទិញសេះនោះក្នុងថ្លៃ ៥០០០ ដុល្លារ​ ដែលមើលទៅជាតម្លៃសមគួរផងដែរសម្រាប់សេះអាយុប៉ុណ្ណឹង ព្រមទាំង​ជាសេះមានប្រភពល្អពីអាល្លឺម៉ង់ និងងាយផ្សាំងបង្វឹក។

មហៈពលៈ បានបង្ហាញចរឹតមិនធម្មតាកាលពីដំបូង ប៉ុន្តែ ផាណាផាត់​ បានទទួលជោគជ័យ គ្រប់គ្រងមហៈពលៈ ហើយ ៦ខែក្រោយពីការទិញមក ផាណាផាត់ បានចូលរួមប្រកួតជិះសេះប្រណាំង។ ក៏ប៉ុន្តែ នៅខណៈពេលប្រកួតនោះ មហៈពលៈបានប្រែចរឹត ក្លាយជា កាចសាហាវ ហើយ ផាណាផាត់ មិនអាចបន្តប្រកួតបានទេ​។ ដូច្នេះ អាជ្ញាកណ្តាលនៃការប្រកួត បានប្រាប់ទៅ ផាណាផាត់ ថា មហៈពលៈមាន ទំលាប់កាចបែបហ្នឹង ហើយប្រសិនបើ វាត្រូវផ្សាំងបង្វឹកឱ្យមានចរឹតត្រឹមត្រូវ នោះមហៈពលៈ នៅតែជានិច្ចកាល មិនដូរចរឹត ហើយមិនអាចចូលរួមប្រកួតបានទេ។ ផាណាផាត់ ចាប់ផ្តើមមានការក្រេវក្រោធ ខឹង ពីព្រោះថាគាត់ទិញ មហៈពលៈមកក្នុងគោលបំណងចូលរួមប្រកួត។

​តើ ផាណាផាត់ អាចទទួលបាននូវការលុបចោលកិច្ចសន្យាលក់-ទិញដែរឬទេ?

          ម៉្យាងវិញទៀត ផាណាផាត់ ត្រូវបានក្រុមហ៊ុន ស៊ូម៉ាត្រាតិចណូ ទទួលយកមកធ្វើការ នៅខែមិនា ឆ្នាំ២០១២ ដោយធ្វើជាកិច្ចសន្យាការងារមានថិរវេលាកំណត់សម្រាប់រយៈពេលមួយឆ្នាំ ដោយទទួល ឋានៈជាវិស្វករផ្នែកព័ត៌មានវិទ្យា ដោយមានប្រាក់ខែ ៣៥០០ ដុល្លារក្នុងមួយខែ និងទទួលបានរថយន្តមួយគ្រឿងសម្រាប់មុខតំណែងនេះ។

ហេតុដូច្នេះហើយ លោក ផាណាផាត់ ប៉ាន់ស្មានបានថា ស្ថានភាពហិរញ្ញវត្ថុរបស់គាត់   អាចធានាបាន សម្រាប់​គាត់ ចុះកិច្ចសន្យាខ្ចីប្រាក់ពីធនាគារ ដើម្បីទិញផ្ទះមួយ ។

នៅខែមេសា ឆ្នាំ២០១៣ នៅពេលដែលកិច្ចសន្យាការងារដំបូងត្រូវបានផុតកំណត់ និយោជករបស់  ផាណាផាត់ បានផ្តល់ជាសំណើ ជាកិច្ចសន្យាថ្មី ដែលមានលក្ខខណ្ឌបាត់អត្ថប្រយោជន៍កាន់តែច្រើនៈ ប្រាក់ខែ ត្រូវបានបន្ថយ ១០០០ដុល្លារ ក្នុងមួយខែ ហើយកិច្ចការថ្មីនេះ ជាការងារភ្ជាប់ជាមួយបំលាស់ ប្តូរទីតាំង គឺមានការចុះតាមខេត្តនានា ក្នុងមួយខែ២ដងទៀតផង ចំណែកឯ រថយន្តសម្រាប់បំពេញមុខងារ  ក៏ត្រូវដកវិញដែ  រតាមកិច្ចសន្យាថ្មីនេះ។ ទោះបីមាន  ស្ថានភាពបាត់បង់         អត្ថប្រយោជន៍យ៉ាងច្រើនបែបនេះក៏ដោយ ដោយគិតថា ខ្លួនមានការជាប់បំណុលធនាគារផងនោះ ផាណាផាត់ ក៏យល់ព្រមសុខចិត្តទទួលយកកិច្ចសន្យាការងារថ្មីនោះផងដែរ។

          មកដល់សព្វថ្ងៃ ផាណាផាត់ ដឹងខ្លួនថាមានការភាន់ច្រឡំ ហើយថែមទាំងមាន ការខឹងថែមទៀត ដោយសារតែ ក្រុមហ៊ុន ស៊ូម៉ាត្រាតិចណូ ដឹងយ៉ាងច្បាស់ណាស់ថា ខ្លួនកំពុងជួបនឹងស្ថានភាពហិរញ្ញវត្ថុបែបនេះ នៅពេលដែលធ្វើ  កិច្ចសន្យាថ្មី ហើយក្រុមហ៊ុនបានឆ្លៀតឱកាសពីស្ថានភាពហ្នឹង។ តើ ផាណាផាត់អាចធ្វើដូចម្តេចទៅ?

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

ម្ភៃប្រាំបី ធ្នូ ទិវានក្ខត្តប្ញក្ស ញញឹមទាំងព្រឹក ថ្ងៃទទួលសញ្ញាបត្រ

បទពាក្យ ៨

មិគសិរ ជំនោរ ព្រឹកព្រលឹម
ភក្រ្តញញឹម ត្រេកអរ រីករាយក្រៃ
ម្ភៃប្រាំបី ខែធ្នូ ក្តីស្រមៃ
ដែលជាថ្ងៃ ទទួល សញ្ញាបត្រ។

យុវជន និស្សិត យុវតី
ទាំងប្រុសស្រី អបអរ មិនស្ងៀមស្ងាត់
នៅកោះពេជ្រ វាយោ បក់រសាត់
ពពកផាត់ នាំមក ជំនួបគ្នា។

ឆ្នាំពីរពាន់ ដប់ប្រាំ នក្ខត្តប្ញក្ស
នាពេលព្រឹក រំលឹក ថ្ងៃទិវា
សែនសាទរ អំណរ មិត្តមីងមា
ជាវេលា រំភើប ឥតឧបមា។

មួកអាវខោ សំពត់ តុបតែងកាយ
មិត្តទាំងឡាយ ជួបជុំ សាស្រ្តាចារ្យ
អ្នកខ្លះមក ជាមួយ មិត្តម៉ាក់ប៉ា
មានបាច់ផ្កា ក្រពុំ គួរស្នេហ៍ស្និទ្ធ។

ក្រោយពីពេល សម្តេច តេជោថ្លែង
ស្តីតាក់តែង ខ្លឹមសារ យ៉ាងជាប់ចិត្ត
ជ័យលាភី សប្បាយ ថតរូបផ្តិត
ខ្លះកៀកកិត ភឿនភក្រ្ត មិត្តភក្តី។

មួយឆ្នាំម្តង ជាថ្ងៃ ឱឡារិក
មិនជាញឹក ជុំជួប មិត្តប្រុសស្រី
គិតនាំគ្នា កំសាន្ត ស្តាប់តន្រ្តី
ដល់រាត្រី អាធ្រាត្រ គិតបែកគ្នា។

រូបភាពបន្ថែមប្រភពពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

សំណេរលើបណ្តាញសង្គម(Social Network)

បទពាក្យ ៧

ទ្វីបលោកទាំងប្រាំ ឃ្លាតសែនឆ្ងាយ
តែសារទាំងឡាយ ឆាប់រហ័ស
ពីជំនាន់មុន យូរថ្ងៃណាស់
តែឥលូវច្បាស់ លឿនយ៉ាងឆាប់។

ទ្វីបអាម៉េរិក ទ្វីបអាស៊ី
សារឆ្លងវក់វី ងាយឆក់ចាប់
ហើរចូលអ៊ឺរ៉ុប ពិតបានប្រាប់
សៀងសូរសណ្តាប់ សព្ទឆ្លើយឆ្លង។

ហ្វេសប៊ុក ( facebook) ទ្វីតធ័រ( twitter) ប្លក(blog) ព័ត៌មាន
អស់លោកស្មេរស្មៀន ប្រាថ្នាប៉ង់
ផ្សព្វផ្សាយដំណឹង ច្រើនកន្លង
សាសព្ទប្អូនបង រយពាន់លាន។

បណ្តាញសង្គម យើងសព្វថ្ងៃ
ពិតច្រើនក្រាស់ក្រៃ ដែលកើតមាន
អក្ខរាថ្លាថ្លែង សព្វកោះកៀន
មានខ្លះបំពាន សិទ្ធិមនុស្ស។

វាចាហោះហើរ ថ្លែងចរចា
មានផ្លែមានផ្កា រីករោយរុះ
ស្មេរខ្លះនិពន្ធ ចាក់ទម្លុះ
ឆ្កឹះឆ្កៀលវះពុះ ថ្លើមប្រមាត់។

មនុស្សមានសិទ្ធិ គ្រប់អាត្មា
ច្បាប់ក្បួនមាត្រា មិនបានបាត់
ផ្លូវកាយផ្លូវចិត្ត កុំចូលកាត់
យើងត្រូវប្រយ័ត្ន អ្នកដទៃ
កេរ្តិ៍ឈ្មោះកិត្តិយស តួនាទី
ត្រូវគិតសំភី ចេះលកលៃ
សំណៅសំណេរ គិតរំពៃ
រវៀសរវៃ គិតសឹមគូរ។

មិត្តអើយៗមិត្ត មិត្តទាំងឡាយ
ទោះបីនៅឆ្ងាយ មាមីងពូ
សៀងសព្ទ បញ្ជូន មិនជាយូរ
ទុកដាក់ក្នុងទូ តាមអនឡាញ។

សម័យហ្វេសប៊ុក សព្ទសៀងសូរ
មានខ្លះកកូរ ពិតស្មុគ្រស្មាញ
ខូមិន( comment) ផុស (post) ស្យែ (share) មានបណ្តាញ
រាយចាក់ចងត្បាញ គ្រប់កន្លែង។

ថ្លែងថ្លាដំណឹង បរិហារ
ឆ្លងឆ្លើយវាចា ដែលសម្តែង
មានក្រឹត្យក្រមច្បាប់ ពិតបានចែង
អ្នកត្រូវចេះក្រែង រអែងផង។

ទុក្ខទោសព្រហ្មទណ្ឌ រដ្ឋប្បវេណី
មានក្រមទាំងពីរ បានចងក្រង
សំណងជួសជុល ណាប្អូនបង
មាត្រាបានចង ជាស្រេចហើយ។

ប្រភពរូបភាពៈwww.faz.net

BBBBBfacebook-macht-die-anleger

រឿងក្តីអនុវត្ត (case study/ cas pratique)

       ពូសួនបានមកពិគ្រោះយោបល់ជាមួយអ្នកលើបញ្ហាសុពលភាពនៃកិច្ចមួយចំនួន(actes)ដែលគាត់បានបង្កើតកន្លងមកនេះ។

នៅខែមុនកន្លងមក  គាត់បានលក់ម៉ាស៊ីនថតមួយគ្រឿងឱ្យទៅមិត្តរួមការងារជាមួយម្នាក់  ក្នុងថ្លៃ៥០០ដុល្លារ ។ ​កិច្ចសន្យាបានបង្កើត នៅអាហារដ្ឋាន នៃសហគ្រាសធ្វើការរបស់អ្នកទាំងពីរ ប៉ុន្តែ មិនបានធ្វើជាលាយលក្ខណ៍អក្សរអ្វីទេ ។ អ្នកទិញបានព្រមព្រៀងដោយផ្ទាល់មាត់។ ប៉ុន្តែ មកដល់ពេលនេះ គាត់បានផ្លាស់ប្តូរចិត្ត។ លោកពូសួនមានការខឹងសម្បារ ពីព្រោះគាត់យល់ថា ការលក់បានធ្វើរួចរាល់ស្រេចហើយ ។

នៅឆ្នាំ២០១៣ កូនប្រុសរបស់ពូសួន ឈ្មោះ សាន​មានបំណង  ទិញផ្ទះមួយល្វែង ។ ដើម្បីជួយកូនគាត់ ពូសួន បានធ្វើប្រទានកម្មផ្ទាល់ដៃ នូវចំនួនទឹកប្រាក់៣ម៉ឺនដុល្លារ ។ ថែមលើសនេះទៅទៀត សាន ត្រូវខ្ចីលុយពីធនាគារ ចំនួន៨ម៉ឺនដុល្លារ ។ ពូសួនធ្វើជាអ្នកធានា ក្នុងរឿងកម្ចីនេះ បានធ្វើជា កិច្ចសន្យា ជាលាយលក្ខណ៍អក្សរ នូវចំនួនទឹកប្រាក់ធានា នៅទីស្នាក់ការធនាគារ។ ​លើសពីនេះទៅទៀត ធនាគារខ្លាចក្រែង ប្រាតិភោគនេះ មិនគ្រប់គ្រាន់បានទទួលពីសាន នូវការសន្យាហ៊ីប៉ូតែកលើផ្ទះត្រូវទិញ។ បច្ចុប្បន្ន សាន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ហើយឪពុករបស់គាត់ ក៏មានការភិតភ័យពី ការចូលខ្លួនទៅជំនួសកូនក្នុងរឿងសងជួសនូវប្រាក់កម្ចីរបស់កូន។

សំគាល់ៈ ​​ចំណោទដែលបានចោទជាសំណួរសម្រាប់លំហាត់នេះ ត្រូវបានផ្តោតទៅលើបញ្ហាទម្រង់ ឬបញ្ហាភស្តុតាង និងទ្រឹស្តីទូទៅនៃកិច្ចសន្យា។ វិធានទាំងឡាយដែលមានទំនាក់ទំនងនឹងភស្តុតាង ដែលបាន រៀននៅឆ្នាំទី១ ត្រូវបានសន្មតថា បានរៀនរួចហើយ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

សិទ្ធិមនុស្ស

បទពាក្យ ៨

ផ្កាក្រពុំ រីករោយ តាមរដូវ
តាមក្រមក្រឹត្យ តម្រូវ ពីធម្មជាតិ
មានក្លិនពណ៌ ចម្រុះ យ៉ាងព្រោងព្រាត
តាមសន្តាន ផៅញាតិ ដុះលើដី។

សត្វទាំងឡាយ ម្រឹគី និងម្រឹគា
មានបក្សា ជាគ្នា គូបក្សី
ឈ្លូសក្តាន់ប្រើស ទន្សោង ខ្លាដំរី
ក្នុងទឹកមច្ឆាត្រី មានជីវិត។

មនុស្សយើង គ្រប់រូប មានកំណើត
មាតាបានបង្កើត រូបយ៉ាងពិត
ប្រសូត្រពី ឧទរ មិនប្រឌិត
បាននាំមក នូវសិទ្ធិ គ្រប់អាត្មា។

សិទ្ធិស្រែកយំ ង៉ាៗ ទទួលខ្យល់
ពន្លឺត្រូវបានផ្តល់ ដល់រូបា
សិទ្ធិទារអឹម មឹមអេង ថ្នមជីវ៉ា
បៅសុដនមាតា នៅពេលឃ្លាន។

ដល់អាយុ ឈានចូល ប្រាំមួយឆ្នាំ
ឪពុកម្តាយត្រូវចាំ កុំបំពាន
យើងត្រូវនាំ កុមារ ឱ្យចូលរៀន
ព្រោះវិជ្ជាជាស្ពាន ផ្តល់ទ្រព្យា។

លុះដល់វ័យ ពេញរូប ដប់ប្រាំបី
ប្អូនៗទាំងប្រុសស្រី ពិតទាមទារ
អារម្មណ៍ប្លែក គេងគិត ប៉ងរកគ្នា
ចាប់ចូលដល់ វេលា រកស្នេហ៍ស្នង។

ចាប់ទំនាក់ ទាក់ទង ប្រតិព័ទ្ធ
បែរចែចង់ លូកមាត់ ចាប់សាសង
ហ៊ានប្រលែង កៀកកិត ហើយផ្តោះផ្តង
រឹតស្នាលស្និទ្ធ កន្លង ចងមេត្រី។

បងមានសិទ្ធិ លើអូន ជាភរិយា
អូនហៅបង ថាជា ប្តីស្វាមី
តាមអាពាហ៍ ពិពាហ៍ រៀបការស្រី
ជីវិតមាន  រស្មី  តរៀងទៅ។

ជីវិតពិត ក្រេបរស បឋមវ័យ
ផ្តេកផ្តិតស្និទ្ធ ប្រពៃ ស្នេហ៍ជ្រាលជ្រៅ
កល់ខ្នល់ខ្នើយ ប្រលោម ប្រលែងពៅ
មជ្ឈិមវ័យ  នែបនៅ មិនអឹមអៀន។

បច្ឆិមវ័យ ឈានចូល វ័យរោយរុះ
ធម្មជាតិ ផ្តើមជ្រុះ គិតសីលទាន
វ័យឈានចូល និវត្តន៍ ដែលជាស្ពាន
មិនបំពាន ប្រទាន ដោយច្បាប់រដ្ឋ ។

 

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈpoetrysync.blogspot.com www.stephaniedaily.com www.adhoc-cambodia.org www.moorematt.org www.bobcrespo.com www.thunderclap.it pixhder.com

សំណួរមេរៀន នីតិកាតព្វកិច្ច

១.ដូចមេ្តចដែលហៅថាកិច្ចសន្យាឱឡារិក?ចូរផ្តល់ឧទាហរណ៍។

២.ដូចមេ្តចដែលហៅថាកិច្ចសន្យាប្រត្យក្ស(ភណ្ឌិក) ? ចូរផ្តល់ឧទាហរណ៍។

៣.ចូរអ្នកពន្យល់ពីគោលការណ៍ព្រមព្រៀងនិយម?

៤.ចូរអ្នកបកស្រាយពីគោលការណ៍នៃទ្រឹស្ដីស្វ័យភាពនៃឆន្ទៈ?

៥.នៅពេលប្រលង ប្រធានបទមួយស្តីពីសេរីភាពក្នុងការចុះកិច្ចសន្យា

តើអ្នកបកស្រាយពីចំណុចអ្វីខ្លះ?

៦.តើការកំណត់ខ្លឹមសារ អត្ថន័យនៃកិច្ចសន្យាមានចែងក្នុងមាត្រាណានៃអត្ថបទគតិយុត្ត :
ក. ខ្មែរ
ខ. បារាំង

៧.ចូរអ្នកសូត្រមាត្រាទាំងនេះ(មាត្រាទាក់ទងសំណួរទី៦)។

តួសេចក្តីនៃសារណា

តួសេចក្តី ជាផ្នែកមួយកាន់តែមានសារសំខាន់ ព្រោះថាតូសេចក្តី ស្មេរត្រូវអធិប្បាយ ពន្យល់បំភ្លឺ ខ្លឹមសារ អត្ថន័យ រៀបរាប់សាច់រឿងលម្អិត ស៊ីជម្រៅ ។ នៅក្នុងតួសេចក្តីនេះ ស្មេរ លើកយក ទ្រឹស្តីដែលទាក់ទងនឹងប្រធានបទ មកបកស្រាយ ពន្យល់ លើកជាអំណះអំណាង មានទាំង ទស្សនកថា និង បដិទស្សនកថា រិះគន់ទស្សនៈ និងសំយោគទស្សនកថា   រួមទាំងវិធីសាស្រ្តអនុមានញែក អនុមានរួម ប្រកបដោយវិចារណកិច្ច និងតក្កវិជ្ជា។ លើសពីនេះទៅទៀត ស្មេរត្រូវដាក់បង្ហាញពីកិច្ចការស្រាវជ្រាវកើតចេញពីការធ្វើអង្កេត ធ្វើជាពិសោធន៍(ប្រសិនបើមាន) ដោយបង្ហាញលទ្ធផល​រួមទាំងការធ្វើវិភាគ ស្វែងរកមូលហេតុនៃបញ្ហា និងដំណោះស្រាយផងដែរ។

អាស្រ័យហេតុនេះ ការបកស្រាយ បំភ្លឺ យ៉ាងក្បោះក្បាយ ច្បាស់លាស់ ទាមទារស្មេរធ្វើប្លង់លម្អិតឱ្យមានភាពប្រទាក់ ស៊ីសង្វាក់គ្នា ព្រមទាំងតក្កវិជ្ជាផង ។ ការប្រើប្រាស់ចំណងជើងជំពូក ផ្នែក កថាខណ្ឌ ក៏មិនត្រូវ ប្រើប្រាស់ពាក្យច្រំដែល ជាន់គ្នាដដែលៗ ផងដែរ។ 

ការរៀបចំប្លង់លម្អិតក្នុងតួសេចក្តី

ទម្រង់ប្លង់អាចមានរបៀបផ្សេងៗ អាស្រ័យដោយស្មេរមានចំណូលចិត្ត។ នេះជាទម្រង់ប្លង់ខ្លះៗ ។

ទម្រង់ទី១ ជាទម្រង់ ប្រើអក្សរ និងលេខ ( ជំពូក១ ផ្នែក១ កថាខណ្ឌ១ ក ខ )  ដូច្នេះ វាមាន      លក្ខណៈល្អម៉្យាងដែលអនុញ្ញាតឱ្យស្មេរធ្វើការបកស្រាយមិនមានការច្រឡំ និង ផ្តល់ដល់មិត្តអ្នកអានងាយយល់ និងងាយចាប់បាននូវខ្លឹមសារដោយងាយស្រួល និងចងចាំបាន។ 

ជំពូក១……………………………

 ផ្នែក១……………………

 កថាខណ្ឌ១…………………………

ក……………………………

ខ……………………………

កថាខណ្ឌ២…………………………

ក……………………………

ខ……………………………

ផ្នែក២……………………

កថាខណ្ឌ១…………………………

ក………………………………

ខ………………………………

កថាខណ្ឌ២……………………………

ក………………………………

ខ………………………………

ជំពូក២……………………………

ផ្នែក១……………………

កថាខណ្ឌ១…………………………

ក……………………………

ខ……………………………

កថាខណ្ឌ២…………………………

ក……………………………

ខ……………………………

 ផ្នែក២……………………

កថាខណ្ឌ១…………………………

ក……………………………

ខ……………………………

កថាខណ្ឌ២…………………………

ក…………………………

ខ…………………………

ទម្រង់ប្លង់ទី២ ជាទម្រង់ប្លង់មួយដែលប្រើលេខសុទ្ធសាធ ( ១., ១. ១, ១. ២, …) ដែលមានស្មេរជាច្រើនតែងតែប្រើប្រាស់វា។ ដោយសារតែវាប្រើប្រាស់លេខសុទ្ធទាំងអស់ ដូច្នេះ ទម្រង់នេះនាំឱ្យ មានគុណវិបត្តិមួយចំនួន គឺ វាធ្វើឱ្យស្មេរ និងអ្នកអានមានការច្រឡំ ភាំងភាន់ ពិបាកអាន និងនាំឱ្យម្ចាស់សំណេរងាយភាន់ណាស់ ។

ជំពូក១………………………………

១ ១…………………………

១ ១ ១……………

១ ១ ១ ១ ………………

១ ១ ១ ២………………

១ ១ ២……………

២ ១ ១ ១ ………………

២ ១ ១ ២………………

 

១ ២…………………………

២ ១ ១……………

២ ១ ១ ១ ………………

២ ១ ១ ២………………

២ ១ ២……………

២ ១ ២ ១ ………………

២ ១ ២ ២………………

ជំពូក២………………………………

២ ១…………………………

២ ១ ១……………

២ ១ ១ ១ ………………

២ ១ ១ ២………………

២ ១ ២……………

២ ១ ២ ១ ………………

២ ១ ២ ២………………

២ ២…………………………

២ ២ ១……………

២ ២ ១ ១ ………………

២ ២ ១ ២………………

២ ២ ២……………

២ ២ ២ ១ ………………

២ ២ ២ ២………………

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

សេចក្តីផ្តើមនៃសារណា

សេចក្តីផ្តើម ជាទំព័រនាំមុខនៃតួសេចក្តី ។ សេចក្តីផ្តើមប្រៀបបាននឹងមុខផ្ទះ ឬក៏ប្រៀបនឹង វង់ភក្រ្តរបស់មនុស្សយើង ដែលអ្នកដទៃឆាប់ចាប់អារម្មណ៍។ ដូច្នេះ សេចក្តីផ្តើម វាក៏ជាទំព័រទាក់ទាញអ្នកអានឱ្យគេមានការជក់ចិត្តតាមដាននូវអំណានរបស់យើង។ នៅក្នុងសេចក្តីផ្តើមនេះ វាមាន៖

. លំនាំបញ្ហាៈប្រយោគប្រទាក់ (l’ accroche)  

លំនាំបញ្ហានេះ ជាប្រយោគសំដៅទាក់ទាញអ្នកអាន។  វាជាផ្លូវមួយនាំចូលទៅប្រធានបទនៃសារណា។  ស្មេរ អាចចាប់ផ្តើមសំណេរដោយ៖

  • អត្ថបទគតិយុត្ត (រដ្ឋធម្មនុញ្ញា ក្រម ច្បាប់…មាត្រា ណាមួយ)
  • យោងលើព្រឹត្តការណ៍បច្ចុប្បន្នភាពជាក់ស្តែងដែលមានសារៈសំខាន់
  • ឃ្លាប្រយោគជាសុភាសិត ពាក្យស្លោក ឃ្លាសំណេរឬសម្តីរបស់វីរជន ស្ថាប័ន អ្នកប្រាជ្ញ វិទូ អ្នកជំនាញឯកទេសពិសេសណាមួយ
  • ការសង្កេត ការធ្វើបទពិសោធន៍ ស្តិតិ ។ល។

២ ចំណូលបញ្ហាៈ

​          ចំណូលបញ្ហា ជាការបញ្ចូលប្រធានបទដែលស្មេរបានគិត និងជ្រើសរើសទុកសម្រាប់សរសេរ។ ស្មេរត្រូវបញ្ជាក់ពី កម្មវត្ថុនៃការសិក្សាស្រាវជ្រាវៈ (l’objet de l’étude) អ្នកអានអាចយល់ពីប្រធានដែលស្មេរបានកំណត់ជ្រើសរើស  រួមទាំង ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវៈ (l’intérêt de l’étude)  អ្នកអានអាចយល់ពីផលប្រយោជន៍ដែលស្មេរនឹងធ្វើការបកស្រាយលើប្រធានបទ។

. ចំណោទបញ្ហាៈ (la problématique)

ចំណោទបញ្ហា ជាសំណួរដែលស្មេរត្រូវចោទជាចំណោទទាក់ទងនឹងប្រធានបទ ហើយស្មេរត្រូវពន្យល់ បំភ្លឺ បកស្រាយ ដោយបង្ហាញបញ្ហា និងដំណោះស្រាយ។

តើអ្វីទៅជាចំណោទបញ្ហា?

ចំណោទបញ្ហា គឺជាសិល្បៈនៃការដាក់ជាសំណួរដ៏ប្រសើរ។ ចំណោទបញ្ហានាំមកនូវគំហើញនូវគំនិតលើប្រធានបទ ហើយផ្តល់ជាអ័ក្ស ​ជាមុខព្រួញនៃការស្រាវជ្រាវ ហើយវាអនុញ្ញាតដល់ការបំភ្លឺ បញ្ជាក់នូវអំណះអំណាងដែលបង្កើតជាផ្លែផ្កានៃការផលិត។

ក. ស្ថាបនាចំណោទបញ្ហា គឺចោទសួរទៅប្រធានបទ (គេត្រូវដាក់ជាសំណួរយ៉ាងណាឱ្យមានលក្ខណៈសមហេតុសមផលដែលបង្កើតជាការពិភាក្សា)

ខ. បង្កើតចំណោទបញ្ហា គឺបំប្លែងប្រធានបទជាសំណួរ  មានន័យថាៈ

  • បំប្លែង បញ្ចូលប្រធានបទចូលក្នុងការពិភាក្សាៈបង្កើតបញ្ជី កម្រងសំណួរដែលប្រធានបទបានលើកឡើង។ គេត្រូវចោទសួរថា តើអ្វីជាផលប្រយោជន៍នៃប្រធានបទ?
  • ស្មេរអាចបង្កើតចំណោទបញ្ហាជាប្រយោគមួយដែលប្រមូលផ្តុំនូវសំណួរទាំងឡាយដែលប្រធានបទបានលើកឡើង។​

. ប្រកាសប្លង់ៈ(l’annonce de plan)

ដើម្បីធ្វើការបកស្រាយ អធិប្បាយពីខ្លឹមសារនៃសាច់រឿង ស្មេរត្រូវដាក់បង្ហាញ ប្លង់មេ ជាជំពូកចំនួន​២ ឬ ៣ (២ជំពូកជាប្លង់ល្អប្រសើរជាង៣) ដល់មិត្តអ្នកអាន ដើម្បីដឹងជាមុនថាស្មេរ មានគោលគំនិតធំៗអ្វីខ្លះ? ( ការបង្កើតជំពូកកាន់តែច្រើន នោះសំណេររបស់ស្មេរ មិនគាប់ប្រសើរទេ។ ដូច្នេះស្មេរ គួរតែជៀសវាង)។

កំណត់សម្គាល់ៈ ស្មេរកុំភ្លេចប្រាប់អ្នកអាននៅក្នុងសេចក្តីផ្តើមនេះ ថា ស្មេរជ្រើសរើសយកវិធីសាស្រ្តណាខ្លះយកមកធ្វើការបកស្រាយ ដូចជា វិធីសាស្រ្តគុណភាពវិស័យ (qualitative) ឬ/និង វិធីសាស្រ្តបរិមាណវិស័យ(quantitative) និង/ឬ វិធីសាស្រ្តរងផ្សេងៗទៀត ។

លើសពីនេះទៅទៀត ស្មេរ កុំភ្លេច ការប្រើប្រាស់ ឃ្លាភ្ជាប់សេចក្តី ពីសេចក្តីផ្តើមទៅតួសេចក្តី ក៏ដូចពីតួសេចក្តីទៅសេចក្តីសន្និដ្ឋានផងដែរ។

 

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

 

ចំនុចសម្គាល់មួយចំនួនសម្រាប់សរសេរសារណា( Mémoire)

សារណា ជា ប្រភេទឯកសារមួយបែបជាកិច្ចការសំណេរដែលនិស្សិតបញ្ចប់ឆ្នាំសិក្សាចងក្រងរៀបរៀងតាក់តែងឡើង និងការពារ លើប្រធានបទមួយ ដើម្បីបញ្ជាក់ពីសមត្ថភាពចំណេះដឹងចំណេះធ្វើ ក្រោយពីពួកគេបានសិក្សាជាច្រើនឆ្នាំមក(បរិញ្ញាបត្រ ៤ឆ្នាំ បរិញ្ញាបត្រជាន់ខ្ពស់ ២ឆ្នាំ)  លើវិស័យណាមួយ ហើយត្រូវបានគណៈកម្មការពិនិត្យ វាយតម្លៃ ផ្តល់ជាពិន្ទុ និទ្ទេស សម្រាប់ផ្តល់សញ្ញាបត្រដល់និស្សិតដែលបានសិក្សាលើជំនាញ ឬកម្រិតណាមួយ។ សារណាមាន សារណាសម្រាប់កម្រិតបរិញ្ញាបត្រ និងសារណាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ។

.ប្រភេទសារណា

តើសារណាមានប្រភេទបែបណាខ្លះ?

. ១. គន្ថរចនាសារណា ( le mémoire-compilation)

និស្សិតជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវមួយ ដោយប្រមូលផ្តុំទៅលើចំនុចសំខាន់នៃទ្រឹស្តីដែលធ្វើការបកស្រាយទៅលើចំណោទបញ្ហា។ និស្សិតធ្វើការវិភាគនិងធ្វើការបង្ហាញបកស្រាយរិះគន់ ។ការខិតខំប្រឹងប្រែងរបស់និស្សិតផ្តោតទៅលើការបង្ហាញសមត្ថភាពយល់ដឹងពីការងារដែលពួកគេបានធ្វើ យល់ដឹងពីសញ្ញានីយការណ៍(ការដឹងដោយវិញ្ញាណ)នៃទស្សនៈផ្សេងៗ និងយល់ដឹងពីសិល្បៈនៃបទបង្ហាញពីស្ថានភាពលើការពិភាក្សាដោយបញ្ជាក់ពីឥរិយាបទផ្ទាល់ខ្លួន។

. ២. សារណាស្រាវជ្រាវ( le mémoire-recherche)

និស្សិត សិក្សា ស្រាវជ្រាវលើប្រធានបទថ្មីមួយ ឬ ប្រធានបទរុករកគំហើយខ្លះៗ ។ ប្រភេទសារណានេះ  តម្រូវឱ្យមានការដំណើរការធ្វើអង្កេតលក្ខណៈជាសារជាតិ ជានិច្ចកាល ជាការស្រាវជ្រាវសម្អាង   លើការពិសោធន៍ ។ និស្សិតត្រូវចុះទៅទីកន្លែងស្រាវជ្រាវផ្ទាល់ ។

. ៣. សារណាវិភាគលើបទពិសោធន៍( le mémoire-analyse d’éxpérences)

សារណាបែបនេះ វាស្ថិតនៅក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជាន់ខ្ពស់នៅពេលដែលនិស្សិត​បានប្រតិបត្តិនូវកម្មសិក្សា  ឬក៏និស្សិតធ្លាប់មានបទពិសោធន៍ក្នុងសកម្មភាពការងារណាមួយ ។     សារណាប្រភេទនេះ សង្កត់ធ្ងន់ទៅលើការបង្ហាញពីបទពិសោធន៍​ ការធ្វើការវិភាគ ជានិច្ចកាលទៅលើការធ្វើការប្រៀបធៀបជាមួយការងារដែលមានសកម្មភាពស្រដៀងគ្នា ។ ជាញឹកញាប់ សារណាទម្រង់នេះ បើកច្រកទៅរកការតាក់តែងជាសំណើដោយផ្តល់ទៅលើការតាមដាន អង្កេត ហើយថែមទាំង តម្រង់ទិសទៅលើសកម្មភាពការងារ។

.តើយើងត្រូវជ្រើសរើសប្រភេទប្លង់ណាមួយ?

ប្លង់សារណាអាចប្រែប្រួលទៅតាមប្រធានសារណា ទៅតាមវិស័យនីមួយៗ ។ ប្លង់រៀបចំយ៉ាងណាឱ្យមានទំនាក់ទំនងនឹងប្រធាន ចំណោទបញ្ហា ។ ​នេះជាប្រភេទប្លង់មួយចំនួនដែលយើងអាចយកមកប្រើប្រាស់ៈ

ប្រភេទប្លង់ វិធីសាស្រ្ត
ប្លង់កាលប្រវត្តិវិទ្យា ធ្វើការរៀបតាមកាលបរិច្ឆេទ តាមជំនាន់ សម័យកាលដោយរៀបចំឱ្យមានលក្ខណៈបញ្ជាក់យ៉ាងច្បាស់លាស់
ប្លង់តាមទិដ្ឋភាពនិងលក្ខណៈវិនិច្ឆ័យ ជម្រើសនៃជ្រុងមួយចំនួនដែលប្រធានបទខិតជិត នៅកៀកក្បែរ
ប្លង់បែបទស្សនៈ បង្ហាញរាល់ទស្សនៈ គំនិត យោបល់
ប្លង់ពណ៌នា ពណ៌នាតាមផ្នែកនីមួយៗ
ប្លង់ប្រៀបធៀប បង្ហាញភាពដូច និងភាពខុសគ្នា
ប្លង់ពិភាក្សា បញ្ជាក់ជា២ផ្នែកៈបញ្ជាក់ពី គំនិតស្រប និងគំនិតជំទាស់
ប្លង់វិចារវិទ្យា ពន្យល់ជា៣ផ្នែកៈទស្សនកថា បដិទស្សនកថា និង សំយោគទស្សនកថា
ប្លង់វិទ្យាសាស្រ្ត ហេតុការណ៍  សម្មតិកម្ម ការពិនិត្យផ្ទៀងផ្ទាត់សម្មតិកម្ម  ដំណោះស្រាយ
ប្លង់វេជ្ជវិនិច្ឆ័យ បញ្ហា វិភាគស្ថានភាព ស្រាវជ្រាវដំណោះស្រាយ និងធ្វើការសម្រេច
ប្លង់ (SOSRA) ស្ថានភាព សង្កេត អារម្មណ៍ ការគិតពិចារណា សកម្មភាព

ប្រភពៈEckenschwiller,M.,L’Ecrit universitaire,Les Editions d’Organisation, 1994,p47.

.ត្រូវជៀសវាងការប្រើប្រាស់ បុរិសសព្វនាមៈ  ខ្ញុំ   យើង   គេ

សំណេរ សារណា និក្ខេបទ ត្រូវតែ ប្រកាន់យក អបុគ្គលិកលក្ខណៈ មិនចំពោះនរណាម្នាក់ មិនមែនជារបស់នរណាម្នាក់ឡើយ

ការប្រើប្រាស់ បុរិសសព្វនាម ខ្ញុំ  វាហាក់ដូចជា ក្រអឺតក្រទម អំណួតអួតអាង និង មានលក្ខណៈ     មជ្ឈត្តិកៈ(ដែលគិត និយម ថា ខ្លួនជាអ្នកឆ្នើមក្នុងលោក)។ ម៉្យាងវិញទៀត  ការប្រើ ពាក្យ ខ្ញុំ នេះ វាពិតជាគ្រោះថ្នាក់ ពីព្រោះថា អ្នកសរសេរសារណា និក្ខេបទ ប្រឈមនឹងការបញ្ចូល ទាញយកគំនិត     ទស្សនៈ យោបល់របស់អ្នកដទៃដែលគំនិតទាំងនោះ វាមិនមែនជារបស់អ្នកសរសេរឡើយ វាជា សម្តី គំនិតដែលរៀមច្បង អ្នកសរសេរជំនាន់ចាស់ គេបានសរសេរទុក មុនអ្នកសរសេរទៅទៀត។

ការប្រើប្រាស់នូវ សព្វនាមបុរិសៈ យើង ក៍ត្រូវជៀសវាងផងដែរ ។

ពាក្យ គេ មានលក្ខណៈអបុគ្គលិកលក្ខណៈមែន តែវា ទូលំទូលាយណាស់ ​វាផ្តល់នូវចំណាប់អារម្មណ៍មួយដែលមានភាពមិនច្បាស់លាស់ ។

អាស្រ័យហេតុនេះ អ្នកសរសេរត្រូវជៀសវាង ការប្រើពាក្យ  ខ្ញុំ យើង គេ  ។

ឧទាហរណ៍ ឃ្លាត្រូវជៀសវាងៈ ខ្ញុំ​ (យើង) បានកំណត់ទំហំផ្ទៃដី៣ហិតា។

អ្នកត្រូវសរសេរៈ ទំហំផ្ទៃដីត្រូវបានកំណត់៣ហិតា។

 

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

 

បរមាធិប្បាយគតិយុត្ត

ប្រធានៈ ការទទួលខុសត្រូវតាមកិច្ចសន្យា និងការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

សេចក្តីផ្តើមៈ

ការទទួលខុសត្រូវតាមកិច្ចសន្យា ខុសពីការទទួលខុសត្រូវដោយអំពើអនីត្យានុកូល តាមគោលការណ៍របស់វានីមួយៗ ។    ចំពោះការទទួលខុសត្រូវ តាមកិច្ចសន្យា     ការជួសជុលសំណងការខូចខាតមានមូលហេតុកើតចេញពី ការមិនប្រតិបត្តិ​កាតព្វកិច្ចឬក៏ការប្រតិបត្តិមិនបានត្រឹមត្រូវនូវកាតព្វកិច្ចតាមកិច្ចសន្យា។ ចំណែកឯ ការទទួលខុសត្រូវដោយទង្វើនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)វិញ សំណងជួសជុលព្យសនកម្ម មានមូលហេតុកើតចេញពីអត្ថិភាពនៃទោសកម្ម ឬក៏ឧបទោសកម្មដែលអនុញ្ញាតឱ្យជនរងគ្រោះទទួលបានសំណងជួសជុលព្យសនកម្ម។

         តើភាពខុសគ្នានៃប្រភពលើការទទួលខុសត្រូវនេះ នាំមកនូវការអនុវត្តនូវរបបគតិយុត្តខុសគ្នាឬយ៉ាងណា?

ទាក់ទងនឹងរឿងនេះ វាមានការពិភាក្សាដែលកើតចេញពី  គំនិតពីរក្រុម​គឺ ក្រុមឯកនិយម និងក្រុមទ្វេកនិយមដែលបានជំទាស់នឹងទ្រឹស្តីនាចុងសតវត្សទី១៩ រហូតដល់ ទសវត្ស៣០។​ ទ្រឹស្តីវិទូនៃក្រុមឯកនិយម បានសង្កត់ទៅលើ កាតព្វកិច្ចនីត្យានុកូលសម្រាប់ធ្វើជាសំណងជួសជុល ។ រីឯក្រុមទ្វេកនិយម ផ្អែកលើការជំទាស់នៃប្រភព គឺ ច្បាប់​និងកិច្ចសន្យា។

នៅទសវត្ស៣០ មានអ្នកនិពន្ធជាច្រើនបានផ្តល់ជាគំនិតនៃការធ្វើសំយោគដែលមានទស្សនៈដូចប្រព័ន្ធបច្ចុប្បន្ន។​ ប្រព័ន្ធនេះត្រូវបានគ្របដណ្តប់ដោយ   ភាពខុសគ្នារវាងការទទួលខុសត្រូវតាម​កិច្ចសន្យា និងការទទួលខុសត្រូវដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)(ជំពូក១)។  ប៉ុន្តែ យើងមានការកត់សម្គាល់នូវភាពខុសគ្នាស្តួចស្តើងមួយចំនួន(ជំពូក២)។

តួសេចក្តី

ជំពូក១ៈ ការបញ្ជាក់ពីភាពខុសគ្នា

ផ្នែក១ៈ ខ្លឹមសារនៃភាពខុសគ្នា

កថាខណ្ឌ១ៈ ភាពខុសគ្នាក្នុងលក្ខខណ្ឌនៃការប្រតិបត្តិលើ  ការទទួលខុសត្រូវតាមកិច្ចសន្យានិងអំពើអនីត្យានុកូល

ក. ការដាក់កំហិតជាគោលការណ៍បង្ខំ ក្នុងរឿងកិច្ចសន្យា ប៉ុន្តែវាមិនចាំបាច់សម្រាប់រឿងនីតិបដិលោមការណ៍ទេ(អំពើអនីត្យានុកូល)។

ខ. ថិរវេលានៃអាជ្ញាយុកាល មិនដូចគ្នាជានិច្ចនោះទេ។

គ. ភស្តុតាង​មានលក្ខណៈងាយស្រួលក្នុងរឿងនីតិបដិលោមការណ៍(អំពើ​អនីត្យានុកូល)។ នីតិបដិលោមការណ៍( ​អំពើអនីត្យានុកូល) មានពស្តុតាងខុសពីរឿងកិច្ចសន្យា។ ​ភស្តុតាងសម្រាប់​នីតិបដិលោមការណ៍នេះ  ជាការបង្ហាញតាម គតិយុត្តការណ៍​ ដោយសេរី ។

ឃ. ច្បាប់កើតថ្មី ត្រូវយកមកអនុវត្តភ្លាម    សម្រាប់ការទទួលខុសត្រូវ   នីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។ ចំណែកឯ​ការទទួលខុសត្រូវ តាមកិច្ចសន្យា វិញ ជា គោលការណ៍ វាមិនទាក់ទងទេ ។ វាទាក់ទងតែនឹងច្បាប់ណាដែលកិច្ចសន្យាបានបង្កើតឡើងនាពេលនោះ ។

ង. លក្ខណៈវិនិច្ឆ័យនៃ  ការទទួលខុសត្រូវតាមកិច្ចសន្យា ឬដោយនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)​ អាចដើរតួនាទីនៅក្នុងការកំណត់នៃយុត្តាធិការ  សមត្ថភាពដោយនីតិជាតិ និងដោយនីតិអន្តរជាតិឯកជន។

លើសពីនេះទៅទៀត ចំពោះនីតិអន្តរជាតិឯកជននេះ វាត្រូវបានកំណត់ដោយច្បាប់អនុវត្តផងដែរ(loi applicable) ។

កថាខណ្ឌ២ៈភាពខុសគ្នាក្នុងអានុភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា និងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)

វាមានភាពខុសគ្នាបីដែលត្រូវគូសបញ្ជាក់ដោយឡែកពីគ្នាៈ

ក. អត្ថិភាពនៃទណ្ឌកម្មដោយឯកទេសកម្មកិច្ចសន្យា​( ការរំលាយកិច្ចសន្យាដោយការមិនប្រតិបត្តិកាតព្វកិច្ច (resolution pour inexécution) អញ្ញត្រកម្មនៃការមិនប្រតិបត្តិកាតព្វកិច្ច (exception d’inexécution ) ការកែ លស់កិច្ចសន្យា (réfaction du contrat ) ដោយចៅក្រម។

ខ. អលទ្ធភាពលើការជួសជុលព្យសនកម្មមិនបានដឹងជាមុន (le dommage imprévisible) ក្នុងរឿងកិច្ចសន្យា។

គ. អប្រសិទ្ធិភាពនៃប្រការ(ខ) ព្រមព្រៀង ឬ ប្រការ(ខ)កម្រិតលើការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ផ្នែក២ៈ ការដាក់ការប្រតិបត្តិនៃភាពខុសគ្នា

កថាខណ្ឌ១ៈ វិធាននៃការមិនត្រួតគ្នាលើការទទួលខុសត្រូវ

ក. វិធាននៃការមិនត្រួតគ្នា   លើការទទួលខុសត្រូវ មានន័យទី១គឺ  យើងមិនអាចប្រមូលផ្តុំ បញ្ចូលគ្នា នូវវិធានទាំងឡាយសម្រាប់ការទទួលខុសត្រូវទាំងពីរបានទេ។​ ដូច្នេះ ជាលក្ខណៈបញ្ជា យើងត្រូវជ្រើសរើស វិធានណាមួយ មកអនុវត្ត​ ឬមួយវិធាននៃការទទួលខុសត្រូវតាមកិច្ចសន្យា​ឬមួយវិធាននៃ

ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

ខ. ម៉្យាងវិញទៀត សាលាវិនិច្ឆ័យ បានធ្វើការសម្រេចថា វិធានមិនត្រួតគ្នាមានវិបាក(អានុភាព)សម្រាប់ការទទួលខុសត្រូវនីតិបដិលោមការណ៍(អំពើអនីត្យានុកូល) ដាច់ដោយឡែក ចេញពី កំហុសដែលត្រូវបានប្រពឹត្តក្នុងការប្រតិបត្តិកាតព្វកិច្ចដែលបានកើតចេញពីកិច្ចសន្យា។

កថាខណ្ឌ២ៈ វិបាក(អានុភាព)នៃវិធានៈ ភាពចាំបាច់នៃការកំណត់យ៉ាងច្បាស់លាស់ពីវិសាលភាពនៃការទទួលខុសត្រូវតាមកិច្ចសន្យា

ដើម្បីស្គាល់នូវដែនកំណត់នៃការអនុវត្តលើការទទួលខុសត្រូវតាមកិច្ចសន្យា ​យើងត្រូវផ្តល់ជាខ្លឹមសារនៃវិសាលភាពកិច្ចសន្យា។នៅក្នុងរឿងនេះ យើងត្រូវត្រួតពិនិត្យ យ៉ាងពិតជាដោយឡែកៈ

ក. កិច្ចសន្យាមួយត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវ( សំណួរនៃបុរេកិច្ចសន្យា)

ខ. យើងមានវត្តមាននៃកាតព្វកិច្ចតាមកិច្ចសន្យា(​យុត្តិសាស្រ្តបានបង្កើននូវចំនួនកាតព្វកិច្ចដែលជាបន្ទុករបស់អ្នកវិជ្ជាជីវៈ(អ្នកមានជំនាញ មុខរបរ) ។

គ. ការមិនប្រតិបត្តិកាតព្វកិច្ចមិនអាចដាក់ទោសលើកូនបំណុល​ ហើយ​ជាការដាក់ទណ្ឌកម្មដល់ម្ចាស់បំណុល( បញ្ហាលើអានុភាពមិនដាច់ខាតនៃកិច្ចសន្យា)។

ជំពូក២ៈ ភាពស្តួចស្តើងនៃការខុសគ្នា

ផ្នែក១ៈ ការដាក់ជាចំណោទលើភាពសមហេតុផលនៃការខុសគ្នា

កថាខណ្ឌ១ៈ ភាពដូចគ្នានៃលក្ខខណ្ឌប្រតិបត្តិ

ក. សរព័ន(បណ្តុំ)នៃកំហុស​ជាធម្មតា ត្រូវយកមកគិត ទោះបីមានកម្រិតនៃទំងន់របស់វាយ៉ាងណាក៏ដោយ។

ខ. សំណងជួសជុលលើព្យសនកម្មផ្លូវចិត្ត​ត្រូវបានទទួលយក​ក្នុងរឿងកិច្ចសន្យា​ក៏ដូចក្នុងរឿងនីតិបដិលោមការណ៍(អំពើអនីត្យានុកូល)។

គ. ចំណងហេតុផល​ត្រូវបានដឹង​ដោយវេទយិតភាព(ដោយងាយនឹងចាប់អារម្មណ៍)ដូចគ្នាសុទ្ធសាធ ក្នុងប្រភេទទាំងពីរនៃការទទួលខុសត្រូវ។

កថាខណ្ឌ២ៈ ភាពដូចគ្នាក្នុងអានុភាព

ជាបឋមយើងអាចធ្វើការកត់សម្គាល់ថា គោលការណ៍នៃសំណងជួសជុលទាំងស្រុងលើការខូចខាត  ត្រូវបានអនុវត្តលើប្រភេទណាមួយនៃការទទួលខុសត្រូវ។

ជាសរុប វាមានអត្ថិភាពនៃនីតិរួមនៃការទទួលខុសត្រូវរដ្ឋប្បវេណីដែលត្រូវពង្រឹង និងភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវ ស្ថិតជាអាថ៌កំបាំង មើលមិនឃើញ ងងឹតសូន្យ ។

ផ្នែក២ៈ ការផ្លាស់ប្តូរនៃភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ

បំលាស់ទីកន្លែងដែលត្រូវបានចោទប្រកាន់ តិចឬច្រើននៃភាពខុសគ្នារវាងការទទួលខុសត្រូវទាំងពីរ ជាលក្ខណៈរួមចំពោះរបបពិសេសនៃការទទួលខុសត្រូវ។​យើងអាចផ្តល់ជាឧទាហរណ៍ពីរៈ

កថាខណ្ឌ១ៈ. ច្បាប់បារាំងឆ្នាំ១៩៨៥ស្តីពីគ្រោះថ្នាក់ចរាចរណ៍

ច្បាប់ត្រូវយកមកអនុវត្ត គឺច្បាប់នេះ ទោះបី បុគ្គលត្រួវបានដឹកជញ្ជូនតាមរយៈកិច្ចសន្យាក៏ដោយ។

កថាខណ្ឌ២ៈបទបញ្ជាសហភាពអ៊ឺរ៉ុប ស្តីពីផលិតផលគ្រោះថ្នាក់

មាត្រា១​នៃបទបញ្ជាចុះថ្ងៃទី២៥ កក្កដាឆ្នាំ១៩៨៥ ទាក់ទងនឹងការទទួលខុសត្រូវនៃផលិតផលគ្រោះថ្នាក់បានបញ្ញត្តថាៈផលិករ​ត្រូវទទួលខុសត្រូវលើព្យសនកម្មដែលបានបង្កឡើងដោយផលិតផលរបស់គេ។

ដូច្នេះ ភាពខុសគ្នារវាងប្រភេទទាំងពីរនៃការទទួលខុសត្រូវ មិនត្រូវបានដឹង ធ្វើការកំណត់បែងចែកនោះទេ។

បទបញ្ជាសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ចូលទៅក្នុងនីតិជាតិផងដែរ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

កូនអើយកូនម៉ែ កូនត្រូវតែខំសិក្សា !

បទជាប់ទង

ដំបូកខ្ពស់ ព្រោះកណ្តៀរ វាពូនដី
កកើតថ្មី បីកន្លែង កែងផ្ទះចាស់
អែបសសរ តកន្ទុយ រុយសុំខ្មាស
មីរដេរដាស់ ប៉ះជញ្ជាំង ផ្ទាំងសិលា។

ទឹកស្រក់តត់ ដក់ពេញព្រៀប ជ្រាបបំពង់
ក្ងោកឆោមយង់ លង់សម្ផស្ស គាស់ចិន្តា
ស្រមោចពាំ នាំអង្ករ ចរយាត្រា
មិនសង្កា ថាមិនអត់ ខ្សត់ទ្រព្យា ។

បុត្រប្រុសស្រី ខ្មីឃ្មាតខំ ដំលត់ខ្លួន
កុំលាក់ពួន ស្ងួនម៉ែសុំ កុំរេរា
ខំរៀនសូត្រ ស្មូតអានចាប់ ស្តាប់គ្រប់គ្នា
រាល់វេលា ជាឱកាស ច្បាស់មិនសូន្យ ។

ពៅមាសម៉ុម សុំតែគិត ស្និទ្ធសិក្សា
ត្រូវឧស្សាហ៍ ចារត្រងត្រាប់ ស្តាប់ណាកូន
វិជ្ជាទ្រព្យ គាប់ផងគ្នា វាជាក្បូន
ដាក់សណ្តូន ប្អូនចំលង ចងជាស្ពាន ។

ចាប់ចំណេះ ចេះនិយាយ ទាយឱ្យច្បាស់
ភ្លឺស្រឡះ ដាស់អារម្មណ៍ ខំខិតរៀន
យកពុទ្ធិ រិះគិតស្តាប់ ប្រាប់ជាទាន
កើនវាល់លាន មានជាទ្រព្យ គាប់ជានិច្ច ។

ចូរកូនអើយ កើយស្នាលស្និទ្ធ ជិតស្រមោច
ទ្រព្យមិនដោច ហោចកណ្តៀរ វារមិនគេច
កុំជាន់ស្នាម តាមសត្វរៃ ព្រៃកើតលិច
ការណ៍រំលេច ពេជ្រពន្លឺ ភ្លឺចែងចាំង ។

ការណ៍ = ទង្វើ ខិតខំ ព្យាយាម រៀនសូត្រ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពhttp://www.inspirefusion.com/ants_macro_photography/

ចូរប្អូនជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវជាងគេហើយដែលត្រូវនឹងសំណួរខាងក្រោមនេះ ៖

 

. កំហុសកិច្ចសន្យា ជាកំហុសដែលប្រព្រឹត្តៈ

ក/ ដោយកូនបំណុលជាប់កិច្ចសន្យា​ ក្នុងការប្រតិបត្តិកាតព្វកិច្ច

ខ/ ដោយបុគ្គលម្នាក់​ ឬ ដោយតតិយជន ឬដោយភាគី ដែលមានទំនាក់ទំនងជាមួយកិច្ចសន្យា

គ/ ក្នុងពេលចុះកិច្ចសន្យា

 

. ការរលុបប្រតិសកម្ម ( l’effacement rétroactif) នៃកាតព្វកិច្ចដែលកើតចេញពីកិច្ចសន្យាមានសុពលភាព ហើយការរលុបនោះកើតមានដោយសារការមិនប្រតិបត្តិនៃតាវកាលិកដោយភាគីណាមួយ   វាទាក់ទងនឹងៈ

ក/ ការបដិសេធនៃកិច្ចសន្យា( la résiliation du contrat)

ខ/ ការរំលាយកិច្ចសន្យា( la résolution du contrat)

គ/ មោឃភាពនៃកិច្ចសន្យា( la nullité absolue du contrat)

ឃ/ ការលុបចោលនៃកិច្ចសន្យា( la nullité relative du contrat)

 

. លោកស្រី ភី ធានី ជាមេធាវី នៃក្រុមមេធាវី ចម្រើនសិទ្ធិ មិនបានប្រតិបត្តិនូវកិច្ចនីតិវិធីមួយដែលមានសារៈសំខាន់។ ក្រោយពីចាញ់ក្តីមក អតិថិជនរបស់លោកស្រី អាចទទួលបានជា សំណងព្យសនកម្ម ដែរឬទេ?

ក/ ពិតហើយ ទទួលបានសំណង

ខ/ មិនពិតទេ មិនទទួលបានសំណងទេ

 

. កំសត់ ជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ។ ចារីបង្កហេតុ និងជនរងគ្រោះបានធ្វើជា   កិច្ចសម្រុះសម្រួលមួយ ដោយកំសត់ព្រមទទួលយកនូវសំណងព្យសនកម្មយ៉ាងរហ័ស  ដោយទទួលយកនូវចំនួនទឹកប្រាក់ស្តួចស្តើង។ ពីរ បី ខែក្រោយមក កំសត់ ធ្វើការតវ៉ាបដិសេធៈ

 

ក/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ា ដោយមូលហេតុការភាន់ច្រឡំនីតិ ឬដោយមូលហេតុហិតវិបរិត

ខ/ កិច្ចសម្រុះសម្រួលអាចត្រូវបានតវ៉ាដោយមូលហេតុ ការបន្លំបោកប្រាស់ ឬដោយមូលហេតុនៃ

ការភាន់ច្រឡំលើកម្មវត្ថុនៃបណ្តឹង។

គ/ កិច្ចសម្រុះសម្រួលមិនអាចតវ៉ាបានទេ

ឃ/ កិច្ចសម្រុះសម្រួលមិនមានតម្លៃគតិយុត្តទេ

 

សំណួររៀបរៀងដោយៈ លោក ជិន វណ្ណារ៉ា

សាទរខួបទី៦២ ទិវាបុណ្យឯករាជ្យជាតិ

បទពាក្យ ៨

ថ្ងៃប្រាំបួន វិច្ឆិកា ថ្ងៃបុណ្យជាតិ

ញាតិព្រោងព្រាត ចូលរួម យ៉ាងកុះករ

ខួបហុកពីរ រីករាយ និងអបអរ

ថ្ងៃបវរ  សុខសាន្ត ជូនប្រជា។

ក្រោមមេឃខៀវ ជំនោរ ពពកផាត់

នាំរសាត់ រសាយ ជ័យទិវា

មហាជន មន្រ្តី  ជួបជុំគ្នា

មិត្តមីងមា ញញឹម សែនសប្បាយ។

ឮសម្លេង សូរសៀង ក្រុមត្រែទ័ព

ផ្លុំយ៉ាងជាប់ រន្ទឺ ឮសព្វសាយ

ពង្សាវតា ចម្រៀង    ខ្មែរបរិយាយ

ជនទាំងឡាយ ចងចាំ ជាប់ចិន្តា។

ព៌ណប៉េងប៉ោង ចម្រុះ ក្រហមស

ក្រងលម្អ    មានទាំង កម្រងផ្កា

បក្សាព្រាប  ឈ្មោលញី ក្នុងហត្ថា

ប៉ងប្រាថ្នា សុំសុខ សាន្តសួស្តី។

ព្រះមហា ក្សត្រយាង   អុជទៀនជ័យ

ថ្ងៃប្រពៃ ឧត្តម នាំសេរី

ចូលមានដល់ ប្រជា ទាំងប្រុសស្រី

ផ្តល់រស្មី ចាំងចែង ភ្លឺពណ្ណរាយ។

ក្រោមសម្លេង ពីរោះ សូរសំនៀង

រងំសៀង វង់ភ័ក្រ្ត ស្រស់ពព្រាយ

សំណុំផ្តុំ  ប៉េងប៉ោង  សត្វព្រាបលាយ

ចាប់ពង្រាយ បង្ហោះ លើវេហា។

ក្រោមជំនោរ ខ្យល់បក់ ពីខាងជើង

ទៀនជ័យភ្លើង ភ្លឺជះ  រន្ទាលផ្កា

ប៉ោងប៉េងហោះ ត្រដែត នាំអក្ខរា

ដែលបានចារ ខ្លឹមសារ ជ័យមង្គល។

០៩ វិច្ឆិកា ២០១៥

IMG_0286

ជើងទំព័រ ( footnote / base de page )

បទពាក្យ ៩

មើលជើងមេឃ រែងរលឹក នឹករំពៃ
ដើរជើងព្រៃ រៃវាយំ ឃ្មុំក្រេបផ្កា
មើលជើងភ្នំ នឹកស្រណោះ វង់ភក្រ្តា
ស្រស់ជីវ៉ា ផ្កាព្រឹក្សព្រៃ បណ្តូលចិត្ត។

គន់ជើងសក់ ដក់អារម្មណ៍ គយជើងធ្មេញ
រត់រមេញ ពេញផូរផង់ ចង់ផ្តេកផ្តិត
មើលទៅជើង សែនស្រឡូន ប៉ងស្នេហ៍ស្និទ្ធ
ចង់ប្រកិត ប្រកៀកប្រាណ ក្សាន្តចិន្តា។

ទោះបីជើង ស្រស់នឹមនួន ពៅជើងកែក
បងមិនបែក បែរហប្ញទ័យ ណាកនិដ្ឋា
ជើងស្តាំអូន ជាជើងខើច យ៉ាងម្តេចម្តា
បងសន្យា ស្មោះស្ម័គ្រពិត ឥតកែប្រែ។
បងស្រមៃ កាលថ្ងៃមួយ ត្រួយពន្លក
ចំឆ្នាំវក ពៅខឹងបង ចិត្តមិនល្ហែ
ពៅចាប់ទាញ ហោជើងខែក បងអៀនបែរ
ឱ!មាសស្នេហ៍ ម្ចាស់ចិត្តបង មួយជីវិត។

នឹកអាឡោះ សែនអាល័យ កាលជួបជុំ
អំពិលទុំ និងទឹកត្រី ឈ្ងុយឆ្ងាញ់ពិត
ឆីជើងមាន់ ទាជើងជ្រូក ដាក់នៅជិត
ស្រស់មាសមិត្ត យើងស្នាលស្និទ្ធ រួមភក្តី។

ខ្យល់ពីជើង ទ្រើងននោង យោងផ្លែផ្កា
កែវជីវ៉ា ស្រែកប្រាប់បង កាលរាត្រី
ជើងមុងផើត ជំនោរធ្លាក់ លាក់ប្រាណស្រី
ឆោមពិសី ផ្តើមផ្តោះផ្តង ផ្តួចប្តូរផ្តាច់។

ពិតមែនណាស់ ច្បាស់យ៉ាងជាក់ ទាក់គំនិត
មិនប្រឌិត ពិតពេកពន់ ចងជាបាច់
ផ្តើមសរសេរ ស្មេរកុំស្មុគ្រ កុំកែកាច់
ត្បាញជាសាច់ បញ្ចូលន័យ ក្លែបខ្លឹមសារ។

ចារចាប់ចង ជាសំណេរ ដេរសំណៅ
កំណត់ដៅ ជាអត្ថបទ គ្រប់ប្រការ
ការស្រាវជ្រាវ និក្ខេបទ ឬសារណា
ពិតប្រាថ្នា ជើងទំព័រ (footnote/ pied de page ) ជាមិនខាន។

ដាក់ហ្វូតណត (footnote/ pied de page ) ថតប្រភព ឆ្នាំនិពន្ធ
ឈ្មោះប្រាជ្ញជន ម្ចាស់សំណេរ ត្រូវប្រមាណ
ថែមពន្យល់ គូសបញ្ជាក់ ន័យឱ្យបាន
ទើបក្សេមក្សាន្ត តាមក្រមក្រឹត្យ ន័យសេចក្តី ។

មិត្តអើយមិត្ត ចូរមិត្តចាំ មិត្តទាំងឡាយ
ពេលអធិប្បាយ ពិភាក្សា បញ្ហាអ្វី
អ្នកកុំភ្លេច ជើងទំព័រ ចែងសម្តី
ជារស្មី ពិតប្រពៃ យ៉ាងប្រត្យក្ស។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈ

http://www.technicalcommunicationcenter.com/

ការវិភាគ

បទពាក្យ ៩

ស្តៅម្កាក់ខ្វិត ល្វីងជូរចត់ ជារសជាតិ
ខ្ទឹមរមៀត ធាតុផ្សំគ្រឿង រសសម្ល
ចិត្តមនុស្ស ពិតខុសគ្នា មានខ្មៅស
អាក្រក់ល្អ ខ្លះស្មោះស ខ្លះវៀចវេរ។

ខ្លាដំរី កាចនិងស្លូត ពស់មានពិស
ជ្រៃចាក់ប្ញស ជ្រែករុក្ខា ដើមជាមេ
សុនកឈ្មោល សុនខីញី ម្ចាស់កុំជេរ
ភ្នែកវារេ ខំសម្លឹង ចាំយាមផ្ទះ។

ខែចេត្រក្តៅ ក្រៅហួតហែង ស្តែងយ៉ាងជាក់
កត្តិកធ្លាក់ ញាក់រងា ទល់ថ្ងៃរះ
វស្សាផ្គរ លាន់គគ្រឹក រន្ទះជះ
ចាប់ពន្លះ មេឃងងឹត ធ្លាក់ទឹកភ្លៀង។

ម្លិះចំប៉ា គន្ធក្រអូប គួរចាប់ចិត្ត
មិនស្នេហ៍ស្និទ្ធ ដិតវលិ៍្លផោម ចោមត្រួយល្ងៀង
ព្រលឹតទង គងរំចង់ ជ្រៀតកណ្តៀង
ចិត្តមានល្អៀង ផ្អៀងទេរទន់ ស្អប់ស្រលាញ់។

យ៉ាងណាមិញ ការវិភាគ ញែកខ្លឹមសារ
ចារអក្ខរា គិតចាប់ចង ដេញប្រមាញ់
មើលឱ្យជាក់ វគ្គសេចក្តី កុំគ្នាន់ក្នាញ់
ចង់ឈ្នះចាញ់ មិត្តឯងអញ រេទេរចិត្ត។

ការកំណត់ ចែកអត្ថន័យ សឬខ្មៅ
គូសចាប់ដៅ ក្រៅឬក្នុង ធូរឬស្អិត
គុណសម្បត្តិ ចរិយា ចិន្តាស្និទ្ធ
កុំកៀកកិត យកអារម្មណ៍ ជាមូលដ្ឋាន។

គុណវិបត្តិ ពិតខ្វះខាត ប្រាកដមាន
អ្នកស្មេរស្មៀន ចេះលៃលក កុំគិតស្មាន
ត្រូវគិតគូរ លើកសម្អាង បង្ហាញដាន
កុំឱ្យខាន គិតឱ្យសព្វ គ្រប់ទិសទី។

ធ្វើវិភាគ លើបញ្ហា គ្រប់ចំណោទ
ត្រូវពិសោធន៍ ផ្ចង់ពិនិត្យ គិតសំភី
ក្រុមវិភាគ ពិតជាមាន ទម្រង់ពីរ
វិភាគី អាចចាប់យក បែបគុណភាព ( qualitative) ។

ទម្រង់នេះ ( qualitative) ដែលសំដៅ ដៅជាគ្នា
ការពណ៌នា ធ្វើសម្ភាសន៍ គិតប្រៀបធៀប
ចាប់អង្កេត ដំណើររឿង ធំខ្ពស់ទាប
យើងត្រូវជ្រាប គិតថ្លឹងថ្លែង ឱ្យហ្មត់ហ្មង។

ទិន្នន័យ ដែលប្រមូល វាស់មិនបាន
គិតប្រមាណ ជាលទ្ធផល បានចងក្រង
គិតគុណគូរ គណនា វិភាគផង
ធ្វើកម្រង វាយតម្លៃ ជាផ្លែផ្កា។

ពហិភាព ក្លិនសម្ផស្ស ពណ៌រសជាតិ
ជាសារធាតុ ត្រូវវែកញែក ន័យខ្លឹមសារ
ប្រុងប្រយ័ត្ន មិនប្រហែស ខំសិក្សា
ពិចារណា រាល់កិច្ចការ យ៉ាងជឿជាក់។
ចំណែកឯ បែបបរិមាណ ( quantitative) ផ្តោតទៅលើ
រាល់ទង្វើ រាប់ចំនួន បូកប្រទាក់
ដកគុណចែក ធៀបផ្គូរផ្គង គងជាវគ្គ
ធ្វើជាធ្នាក់ គិតត្រិះរិះ បរិយាយ។
ទិន្នន័យ អាចវាស់បាន មានប្រវែង
ចារចងចែង ល្បឿនទម្ងន់ អធិប្បាយ
កម្ពស់ថ្លៃ អាយុពេល អភិប្រាយ
ផ្ទៃទាំងឡាយ សញ្ជឹងគិត ឱ្យហ្មត់ចត់។

ការសន្និដ្ឋាន យើងកុំស្មាន ត្រូវសំអាង
ជាពស្តុតាង ពិតតឹកតាង ជាកំណត់
ដាក់ហ្វូតណត (footnote) នៅខាងក្រោម ជាបែបបទ
វាជាផ្នត់ ចន្ទល់ផ្អែក ទប់មាំពិត។

ទីអវសាន មិនត្រូវភ្លេច ត្រូវចងចាំ
ជាចំណាំ គន្ថនិទ្ទេស ( references)ណាមាសមិត្ត
ដាក់ជានិច្ច ភ្ជាប់ជាមួយ ចងរួមរឹត
កុំប្រឌិត នាំហ្មងសៅ ដល់សំណេរ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ប្រភពរូបភាពៈ https://pixabay.com/

រីករាយ ទិវាសិទ្ធិកុមារ

បទពាក្យ ៨

ស្លឹកឈើទុំ រុះរោយ តាមធម្មជាតិ
ចាកចោលឃ្លាត រាត់រាយ ធ្លាក់ពាសដី
ប្រួលប្រែពណ៌ សម្បុរ ចាស់ផ្លាស់ថ្មី
អាប់រស្មី លែងខ្ចី ដល់វេលា ។

ឬស្សីងាប់ ទំពាំង ដុះជំនួស
ចូលមកជួស បន្ត ដើមជរា
ប្អូនប្រុសស្រី កុមារ ស្នងគ្រប់គ្នា
ជាតិទាមទារ ពង្រឹង ខ្លឹមឱ្យបាន ។

ពិតមែនហើយ យើងជា យុវជន
ចេះទន់ភ្លន់ រាបសារ លំឱនប្រាណ
រួមសាមគ្គី ពួតដៃ រស់សុខសាន្ត
ញាតិសន្តាន រាប់អាន ចងជាមិត្ត។

ក្រឡេកមើល ប្អូនៗ ជាកុមារ
មានវាសនា រស់រាន និងមានសិទ្ធិ
ច្បាប់មាត្រា ចងចារ មិនប្រឌិត
ថ្លែងគំនិត មតិ តាមឆន្ទៈ។

ដល់អាយុ ប្រាំមួយ ឆ្នាំចូលរៀន
ច្បាប់ប្រទាន ថ្លៃថ្លា យ៉ាងជឿជាក់
ចូលសិក្សា មិនបង់ ថ្លៃជាធ្នាក់
ទីពំនាក់ ចំណេះ ជាមូលដ្ឋាន ។

សិទ្ធិទទួល បាននូវ ការអប់រំ
មានទ្រនំ ជម្រក សុខក្សេមក្សាន្ត
សិទ្ធិការពារ ទង្វើ ទាំងប៉ុន្មាន
ច្បាប់មិនស្មាន ដាក់ទោស ទណ្ឌឡើយណា ។

ក្មេងអាយុ តិចជាង ដប់បួនឆ្នាំ
ត្រូវចងចាំ ទង្វើ គ្រប់អាត្មា
បក្កភាព មិនបាន ចែងមាត្រា
សន្មតថា កុមារ គ្មានទោសឡើយ ។

រាល់ទង្វើ កើតចេញ ពីក្មេងក្មាង
មានភស្តុតាង បង្អែក ជាខ្នល់ខ្នើយ
ឳពុកម្តាយ ជាអ្នក ចាំឆ្លងឆ្លើយ
ចំលងត្រើយ ជួសជុល ជាសំណង ។

ពីដប់បួន តិចជាង ដប់ប្រាំបី
ប្អូនប្រុសស្រី ចំនង ចាប់ជាប់ចង
មានសាមគ្គី ជាមួយ ម៉ែឪផង
ចូលរួមសង រួមគ្នា ជំងឺចិត្ត។

បើមានទោស ព្រហ្មទណ្ឌ ជាប់ជាមួយ
រឿងភ័យព្រួយ ដាក់គុក ចូលកៀកកិត
ពន្ធនាគារ មិនមាន ដាក់ទោសក្រិត
អប់រំស្និទ្ធ កែប្រែ ក្នុងមណ្ឌល ។

សូមចូលរួម អបអរ សាទរក្រៃ
ប្អូនថ្លើមថ្លៃ កុមារ ស្រស់និមល
មិថុនា ទីមួយ មិនរវល់
បាត់អំពល់ មិនខ្វល់ សែនរីករាយ ។

Childrens-Day-celebration -4pendulo.org

ប្រភពរូបភាពៈ pendulo.org